ម៉ូត​ក្រចក​១០យ៉ាង

ជា​ការ​ពិត​ណាស់​ក្រចក​គឺជា​ផ្នែក​មួយ​នៃ​សម្រស់​របស់​ម្រាមដៃ។ ស្ដ្រី​គ្រប់​រូប​គួរតែ​យល់ថា​ការ​រចនា​ម៉ូត​ក្រចក​អាច​ជួយឱ្យ ក្រចករួមទាំង​ម្រាម​ដៃស្រស់​ស្អាត​បាន។ ការ​រចនាម៉ូត​ក្រចក​មិនមែន​ជារឿង​មួយ​ដែល​លំបាក​នោះទេ ហើយ​ក៏មិន​ធ្វើឱ្យ​មាន​បញ្ហា ចំពោះ​ក្រចក​នោះ​ដែរ បើសិន​ជា​លោកអ្នក​អនុវត្ដ​ទៅតាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកនាង បូភ័ណ ម្ចាស់ហាង​កែសម្ផស្ស បូភ័ណ ធ្វើការ​ពន្យល់ អំពី​ការរចនា​ម៉ូត​ក្រចក ដើម្បី​ឱ្យ​ស្ដ្រី​គ្រប់រូប​បានយល់ និង​ជ្រាប​ឱ្យកាន់​តែ​ច្បាស់​បន្ថែម​អំពី​ម៉ូត​ក្រចក។

ម៉ូត​ក្រចក​ពេញ​និយម

ម៉ូត​ក្រចក​សម្រាប់​រចនា​មាន​ច្រើន​ម៉ូត​ណាស់​ទៅតាម​ការ​ច្នៃប្រឌិត នៅពេល​នេះ​ទស្សនាវដ្ដី សុខភាព​យើង ចាប់ផ្ដើម​លើក យកមក​បង្ហាញ​ជូន​ដូច​តទៅ។

1. ម៉ូត​ក្រចក​ផ្កា​ផុស​ស្លឹកប្រាំ ៖ ចំពោះ​ម៉ូត​ក្រចក​ផ្កា​ផុស​ស្លឹក​ប្រាំនេះ បើ​ធ្វើ​នៅ​លើ​ក្រចក​ផ្ទាល់​មិន​សូវជា​ស្រស់​ស្អាត ហើយ​ទុក​មិនបាន​យូរ​ដូចជា​ការ​រចនា​នៅលើ​ក្រចក​ជ័រ​ហើយ​យក​មក​បិទ​នៅលើ​ក្រចក​នោះទេ។ មុននឹង​ចាបផ្ដើម​រចនា​ម៉ូត​ក្រចក​ផ្កា ផុសនេះជា​ដំបូង​មិត្ដ​នារី​ទាំងអស់​គួរតែ​សម្អាត​ក្រចក និង​កាត់សាច់​ក្រចក​ឱ្យ​បាន​ស្អាត​ជាមុន​សិន។ បន្ទាប់​មក​ត្រូវ​លាប​ពណ៌​ទៅតាមចំណង់​ចំណូល​ចិត្ដ និង​តម្រូវ​ការ​របស់​លោកស្រី​អ្នកនាង​កញ្ញា ប៉ុន្ដែ​គួរតែ​ប្រើ​ពណ៌​ខ្ចីៗទើប​ស្រស់​ស្អាត បើ​សិន​ជាចង់​បាន​ក្រចក​ដែលស្រស់ស្អាត​ជាង​នេះសុភាព​នារី​អាច​ដាក់​បារត​រោយពី​លើ​ក៏បាន។ បន្ទាប់​មក​ត្រូវរចនា​ផ្កាលើ​ក្រចក​ដែលលាប ដោយ​ប្រើម្សៅ​ចាក់ផ្កាផុស។ សម្រាប់​ផ្កា​ផុស​នេះអាច​ប្រើបាន​គ្រប់ពណ៌ ប៉ុន្ដែ​ជាពណ៌​ខ្ចីៗ ដូចជា​ពណ៌ទឹក​ក្រូចខ្ចី ឬពណ៌​ផ្ទៃមេឃ​លាយ​សជាពណ៌ពេញនិយម។ បន្ទាប់​មក​ទើប​រចនា​ស្លឹក​ដោយ​ម្សៅចាក់​ផ្កាផុស​ដដែល​ពណ៌​បៃតង។ ចំពោះ​ម៉ូតក្រចក​នេះអាច​ចូល​រួម​បាន​គ្រប់កម្មវិធី​ទាំងអស់ ជាពិសេស​ពិធីមង្គលការ ហើយ​ម៉ូតក្រចក​នេះអាច​ប្រើបាន​ចំពោះ​តែយុវវ័យ​ប៉ុណ្ណោះ។

2. ម៉ូត​ក្រចក​ទឹក​ផ្លែ​ស្ដ័រ​ប៊ឺរី ៖ សម្រាប់​ម៉ូតក្រចក​ទឹកផ្លែស្ដ័រ​ប៊ឺរី​មុននឹង​ចាប់ផ្ដើម​រចនា មិត្ដនារី​គ្រប់រូប​ត្រូវ​សម្អាត និង​កាត់ សាច់​ក្រចក​ឱ្យបាន​ស្អាត​ជាមុន​សិន ដើម្បី​ឱ្យ​ការ​រចនា​នេះ​មើលទៅ​មាន​ភាព​ស្រស់​ស្អាត។ ចំពោះ​ម៉ូតក្រចក​ប្រភេទ​នេះ​បើសិន​ជាអ្នកនាង​កញ្ញាមាន​ក្រចក​ដៃវែង​ស្រាប់ វាជា​ការប្រ​សើរបំ​ផុត ព្រោះ​ក្រចក​ដៃវែង​អាចរចនា​បានស្អាត​ជាងក្រចក​ខ្លី។ ជា​ដំបូង​ត្រូវ​លាបថ្នាំ​ក្រចក​ទៅតាម​ពណ៌​ដែល​ស្រឡាញ់ ហើយ​ទុកឱ្យ​ស្ងួត​បន្ដិច បន្ទាប់មក​ត្រូវ​គូស​ផ្លែស្ដ័រ​ប៊ឺរី ដោយ​ប្រើពណ៌​ក្រហម ហើយ​ត្រូវ​គូសទងស្លឹក​ស្ដ័រប៊ឺរីលក្ខណៈ​ជាវល្លិ។ ចំណែក​ឯផ្កាទឹក​វិញ​ត្រូវប្រើថ្នាំ​គូស​ក្រចក (ទឹកថ្នាំ​សម្រាប់​គូស​ក្រចក) ទៅតាម​ពណ៌​ដែល​ចូលចិត្ដ ហើយស៊ីគ្នា​ជាមួយ​នឹងថ្នាំ​លាប​ក្រចក តែ​បើសិន​ជា​ក្រចក​ខ្លីវិញ​មិនបាច់​គូសផ្កា​នោះទេ គ្រាន់តែ​គូស​ផ្លែស្ដ័រប៊ឺរី និង​ទង​ឬ​ក៏គូស​ជាវល្លិជា​ការ​ស្រេច។ ចំពោះ​ម៉ូត​ក្រចក​ប្រភេទ​នេះអាច​ចូលរួម​បាន​គ្រប់​កម្មវិធី អាច​ប្រើបាន​ចំពោះ​យុវវ័យ និង​ស្ដ្រីវ័យ​កណ្ដាល។

3. ម៉ូត​ក្រចក​កាំ​ជណ្ដើរ ៖ ចំណែក​ឯម៉ូត​ក្រចក​ប្រភេទ​នេះ​មុន​ចាប់​ផ្ដើម​រចនា​ម៉ូតត្រូវតែ​សម្អាត និង​កាត់សាច់​ក្រចកឱ្យ បានស្អាត​ជា​មុនសិន ដើម្បី​ឱ្យការ​រចនា​នេះ​មើលទៅ​មាន​ភាព​ស្រស់​ស្អាត។ ជា​ដំបូង​ត្រូវលាប​ពណ៌​ដែល​ចូលចិត្ដ ភាគ​ច្រើន​យុវវ័យ ចូលចិត្ដ​ប្រើពណ៌​ខ្មៅ​សម្រាប់​គូស និង​ពណ៌​សសម្រាប់​លាប ព្រោះ​មើលទៅ​មាន​ភាព​ស្រស់ស្អាត​សក្ដិសម​ទាំង​ស្បែក​ស និង​ស្បែក​ខ្មៅ។ បន្ទាប់​ពីលាប​ក្រចក​ហើយ ត្រូវ​ទុកឱ្យ​ស្ងួត​ទើប​គូស​ក្រឡា​បញ្ឆិតៗ​ដូចជា​កាំ​ជណ្ដើរ និង​ត្រូវ​យក​ទឹក​ថ្នាំពណ៌​ខ្មៅ​មក​បន្ដក់​ពី​លើក្រឡា​ឱ្យដូច​ជា​កាំ​ជណ្ដើរ ទុក​ឱ្យស្ងួត បន្ទាប់​មក​ត្រូវ​លាប​ទឹក​រលោង​ជាការ​ស្រេច។ ចំពោះ​ម៉ូតក្រចក​ប្រភេទ​នេះអាច​រចនា​បានចូលរួមគ្រប់​កម្មវិធី។
(សូមអាន​បន្ដនៅ​លេខក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *