ផែនការ​គ្មាន​ផ្សែងបារី និង​សេវាកម្ម​សុខាភិបាល​សាធារណៈ​របស់​ក្រសួង​សុខាភិបាល​ត្រូវបាន​ពង្រឹង

ទោះបីជា​មានការ​យកចិត្ដ​ទុកដាក់​ទៅលើ​ផែនការ​សេវាកម្ម​សុខាភិបាល​សាធារណៈ​ព្រមទាំង​ការ​អនុវត្ដ​ន៍​យ៉ាងណា​ក្ដី ក៏​បញ្ហានេះ​នៅតែ​ជួប​ប្រទះ​នូវការ​រាំងស្ទះ​មួយចំនួន​ផងដែរ។ ខណៈពេល​នេះ​មន្ដ្រី​សុខាភិបាល​ជាច្រើន​បាន​បញ្ជ្រាប​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ឱ្យ​កាន់តែ​ច្បាស់​ទៅលើ​ការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​របស់​ផ្សែង​បារី​ចំពោះ​សុខភាព​សាធារណៈ តែការ​អនុវត្ដន៍​នៅមាន​កម្រិត​ដដែល មិនទាន់​ទទួល​បាននូវ​ផ្លែផ្កា​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​ពេលថ្មីៗ​នេះ ក្រសួង​សុខាភិបាល​បានបើក​យុទ្ធនាការ​អនុវត្ដន៍​គោល​នយោបាយ​គ្មានផ្សែង​បារី និង​សេវាកម្ម សុខាភិបាល​សាធារណៈ​ដើម្បី​ផ្សព្វផ្សាយ​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការ​យល់ដឹង​អំពី​ផ្សែងបារី និងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ សុខភាព​សាធារណៈជាថ្មី​ម្ដងទៀត​សម្រាប់​គោលការណ៍​ឆ្នាំ២០១០​-២០១៤។ ការដាក់​ចេញឡើង​នេះក្នុង​គោលដៅពិសេស​គឺ​លុបបំបាត់​ទីកន្លែង​មួយចំនួន​កុំឱ្យ​មាន​ផ្សែងបារី និង​បោសសម្អាត​សេវាកម្ម​សុខាភិបាល​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅតាម​ទីវត្ដអារាម សាលារៀន និង​មន្ទីរពេទ្យ។ល។និង។ល។ គោលការណ៍​ទាំងនេះ​មាន​ប្រយោជន៍​ដើម្បី​កាត់​បន្ថយការ​ស្រូបយក​ផ្សែងបារី និង​ក្លិន​មិនល្អ​ពីទីតាំង​សាធារណៈ​មួយចំនួន ព្រោះវា​អាចផ្ដល់​ចេតនា​មិនល្អ​មួយ​សម្រាប់​អ្នកមិន​បានដឹង​ជាមុន​ហើយ​ទទួល​ដោយ​ប្រយោល។

លោកស្រី​វេជ្ជបណ្ឌិត តាន់ វួចឆេង អនុរដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា ក្រសួង​សុខាភិបាល​បាន​យកចិត្ដ​ទុកដាក់​អនុវត្ដ​គោល​នយោបាល​គ្មាន​ផ្សែងបារីនៅគ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស ប្រយោជន៍​ដើម្បី​កាត់បន្ថយ​ដល់​សុខភាព​សាធារណៈ​ និង​ចៀសផល​ប៉ះពាល់​មួយចំនួន​ដែលបាន​កើតចេញ​ពីការ​ស្រូបយក​ផ្សែងបារី ជាពិសេស​កុមារ​ដែល​ងាយនឹង​រងគ្រោះ​យ៉ាងខ្លាំង​ទៅលើ​ជម្ងឺ​ផ្លូវដង្ហើម រលាក​ទងសួត និង​ប៉ះពាល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀតផង។ លោកស្រី​បាន​បន្ដថា ការ​ទប់ស្កាត់​មិនឱ្យ​មាន​ផ្សែងបារី និង​រៀបចំ​សេវាកម្ម​សុខាភិបាល​សាធារណៈ​នេះគឺ​អាច​រួមចំណែក​កាត់បន្ថយ​ហានិភ័យ ដូចជា​ជម្ងឺ​មហារីក​សួត ជម្ងឺរលាក​ប្រព័ន្ធ​រំលាយ​អាហារ និង​ជម្ងឺ​ផ្សេងៗ​មួយចំនួន​ទៀត ចំពោះ​អ្នក​អនុវត្ដ​ផ្ទាល់ អ្នក​ស្រូបយក​ក្លិន​មិនល្អ​ពី​ផ្សែងបារី​ជាដើម។

លោកស្រី​វេជ្ជបណ្ឌិត តាន់ វួចឆេង បានបន្ដ​ទៀតថា ក្រៅពី​ផែនការ​លុបបំបាត់​ផ្សែងបារី និង​សេវាកម្ម​សុខាភិបាល សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផងនោះ ក្រសួង​សុខាភិបាល​កំពុងតែ​ពិភាក្សា​គ្នា​លើការ​ទប់ស្កាត់​ការ​ផលិត​គ្រឿង​ស្រវឹង​មួយចំនួន​ទៀត​ផងដែរ។ ព្រោះ​ថាគ្រឿង​ស្រវឹង​គឺអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផងដែរ ដូចជា​មាន​ជម្ងឺបេះដូង ជម្ងឺ​ដាច់សរសៃ​ឈាម ជម្ងឺ​ទឹកនោម​ផ្អែម​ជាដើម។ មិនតែ​ប៉ុណ្ណោះ​គ្រឿងស្រវឹង​ក៏ជាកត្ដា​ចម្បង​ដែលអាច​ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្នុងការ​ធ្វើ​ចរាចរណ៍​ផ្សេងៗទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាមួយ​គ្នានេះ​ដែរ​លោក ច័ន្ទ សំអាន អភិបាលរង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​រៀបចំ​ផែនការ​ជំរុញ ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ និង​យកចិត្ដ​ទុកដាក់​ជាទី​បំផុត ជាពិសេស​អ្នកធ្វើ​អាជីវកម្ម​ប្រកប​របរ​លក់ដូរ​តាម​ហាង និង​ភោជនីយដ្ឋាន​នានា ដោយ​ធ្វើការ​សម្អាត​ឱ្យបាន​ត្រឹមត្រូវ​ទាំង​ទីកន្លែង​ហូបចុក និង​ទីកន្លែង​ធ្វើ​ម្ហូបអាហារ​គ្រប់ប្រភេទ។ ព្រោះបើ​គ្មានការ​អនាម័យ​ល្អនោះ មេរោគ​អាចឆ្លង​តាម​ចំណី​អាហារ​ដល់អ្នក​ទទួលទាន​គ្រប់រូប​ដែលបាន​ចូលមក​ទទួលទាន​នៅក្នុង​ហាង ឬ ភោជនីយដ្ឋាន​របស់​ខ្លួន។

រីឯ​លោកណាស៊ា ហាសាវ (Nasir Hassaw) តំណាង​អង្គការ​សុខភាព​ពិភពលោក​បានមាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​មុខ របស់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​គឺការ​រក្សាកាក​សំណល់ សម្រាម និង​ជាតិពុល​មិនបាន​ត្រឹមត្រូវ ធ្វើឱ្យ​មានផល​ប៉ះពាល់​ជាប្រយោល​ចំពោះអ្នក​ធ្វើដំណើរ ឬអ្នក​ដែល​នៅជុំវិញ​នេះតែ​ម្ដង។ លោកបាន​បន្ដថា កាក​សំណល់​ត្រូវតែ​វេចខ្ចប់ឱ្យ​បានល្អ​និង​ត្រឹមត្រូវ ឬដាក់​ក្នុងធុង​ឱ្យបាន​ជិតល្អ​កុំឱ្យ​មានខ្យល់​ចេញចូល​ឬ​សាយភាយ​មកខាង​ក្រៅ ព្រោះ​ឥទ្ធិពល​នៃក្លិន​ទាំងនោះ​អាចបង្ក​ឱ្យអ្នក​ដែល​ស្រូបយក​នោះមាន​ជម្ងឺ​ឈឺ​ថ្កាត់​នានា​ដោយមិន​ដឹងខ្លួន។
ទាក់ទិន​ទៅនឹង​ក្រសួង​សុខាភិបាល​បង្ហាញ​ពីយុទ្ធនាការ​លុបបំបាត់​គ្មានផ្សែង​បារី​នេះ លោក មុំ គង់ នាយក​ប្រតិបត្ដិ​អង្គការ ចលនា​ដើម្បី​សុខភាព​កម្ពុជា​ធ្លាប់បាន​បង្កើត​កម្មវិធី​លើក​ទឹកចិត្ដ​ដល់អ្នក​ឈប់​ជក់បារី ដោយ​ផ្ដល់នូវ​រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ដល់​ប្រជាពលរដ្ឋ​ដែលផ្ដាច់​បារី​ទៀតផង។

លោក មុំ គង់ បានមាន​ប្រសាសន៍​ថា ការ​បង្កើត​កម្មវិធី​ឱ្យឈប់​ជក់បារី​ដើម្បី​ឈ្នះ​រង្វាន់នេះ គឺជា​វិធីសាស្ដ្រ​មួយជួយ​ដល់អ្នក​ជក់បារី​ឱ្យផ្ដាច់​ចេញពី​ការជក់​បារី​បន្ដទៀត។ កម្មវិធី​នេះចាប់ផ្ដើម​មុនគេ​បង្អស់​នោះ​ធ្វើចេញ​មកពី​ប្រទេស​ហ្វាំងឡង់​នៅឆ្នាំ​១៩៩៤ ហើយ​រហូតមក​ទល់នឹង​ពេលនេះ​មាន​ប្រទេស​ចំនួន​៥០ហើយ​ដែលបាន​ចូលរួម ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ។ លោក មុំ គង់ បាន​បន្ដថា គោល​បំណង​នៃយុទ្ធនាការ​នេះ​ដើម្បី​អប់រំ​សាធារណៈជន​ឱ្យយល់​ពី​គ្រោះថ្នាក់​នៃការ​ជក់បារី ហើយ​ឈានទៅ​រកការ​ផ្ដាច់​ជាស្ថាពរ ហើយ​ផ្ដល់​ឱកាស​ឱ្យអ្នក​មិនជក់​បារី​ជួយ​ជំរុញ​ដល់អ្នក​ជក់បារី​ឱ្យកាត់​ផ្ដាច់​បារី​តែម្ដង។ លោកបាន​បន្ដ​ទៀតថា ជារៀង​រាល់ខែ លោក​បាន​រៀបចំ​លើក​ទឹកចិត្ដ​ដល់អ្នក​ផ្ដាច់​បារី​ជារង្វាន់​ទូរទស្សន៍ និង​ម៉ូតូ ហើយ​លោក​ក៏បាន​រកឃើញ​អ្នក​ផ្ដាច់​បារី​បានយ៉ាង​ពិតប្រាកដ គឺមាន​រយៈពេល​កំណត់​ត្រឹមត្រូវ។ បន្ទាប់​ពីមាន​ការ​អំពាវនាវ​ឱ្យមក​ចុះឈ្មោះ​ដើម្បី​ទទួល​បាន​រង្វាន់​នោះ នៅក្នុង​ឆ្នាំ២០០៩​មាន ប្រជាពលរដ្ឋ​ចំនួន១.១៧៦​នាក់ ក្នុងនោះ​មាន​ស្ដ្រី​ចំនួន​១២នាក់ ហើយ​ការ​ប្រឡង​នោះគឺ​ត្រូវ​ធ្វើតេស្ដ និង​ត្រួតពិនិត្យ​ត្រឹមត្រូវ​តាម បច្ចេកទេស ទើប​ប្រគល់​រង្វាន់ពី​កម្មវិធី​ខាងលើ។

ប្រជាពលរដ្ឋ​ទូទាំង​ប្រទេសសង្ឃឹម​ថា ការអនុវត្ដន៍​គោលន​យោបាយ​គ្មាន​ផ្សែងបារី និង​សេវាកម្ម​សុខាភិបាល​សាធារណៈ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា អនុវត្ដ​បានយ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​បងប្អូន​ប្រជាជនខ្មែរ​ទូទៅ ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ជម្ងឺ​ឈឺថ្កាត់​ផ្សេងៗ​ដែលមាន​ផល​ប៉ះពាល់​ពី​ផ្សែងបារី និង​សេវាកម្ម​សុខាភិបាល​សាធារណៈ ដែលបាន​ជះឥទ្ធិពល​មិនល្អ​មកលើ​សុខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *