ទឹកថ្នាំខ្ពុរមាត់មានសារៈប្រយោជន៍ច្រើនណាស់នៅក្នុងការថែរក្សាសុខភាពមាត់ធ្មេញ ដែលជួយឱ្យធ្មេញមានសុខភាពល្អ បំបាត់នូវក្លិនស្អុយនៅក្នុងមាត់ និងជួយការពារអញ្ចាញធ្មេញជាដើម។ ប៉ុន្ដែទឹកថ្នាំខ្ពុរមាត់ក៏បានផ្ដល់នូវផលវិបាកវិញដែរ បើសិនជាលោកអ្នកប្រើខុស ឬមិនត្រូវទៅតាមការណែនាំរបស់អ្នកជំនាញនោះ។
នៅក្នុងទស្សនាវដ្ដី សុខភាពយើង លោកទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធានក្រុមគ្រូពេទ្យ នៃមន្ទីរព្យាបាលធ្មេញបស្ចិម និងបកស្រាយជូនមិត្ដអ្នកអានទាំងអស់ឱ្យបានយល់អំពីរបៀបប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ឱ្យបានត្រឹមត្រូវ។
ទឹកថ្នាំខ្ពុរមាត់គឺជាអ្វី?
ទឹកថ្នាំខ្ពុរមាត់គឺជាសូល្យុងម្យ៉ាង ដែលមានលាយនូវសារធាតុជាច្រើន រួមមានទាំងជាតិអាល់កុលផងដែរ ដោយមានទៅតាមប្រភេទទឹកថ្នាំខ្ពុរមាត់។ ចំពោះទឹកថ្នាំខ្ពុរមាត់ខ្លះមានជាតិអាល់កុលទៅដល់២៦.៦ភាគរយ ហើយទឹកថ្នាំមួយចំនួនទៀតមានត្រឹមតែ១៨,៩ភាគរយ និង១៤.៥ភាគរយទៅតាមប្រភេទថ្នាំ ប៉ុន្ដែចំពោះទឹកថ្នាំខ្ពុរមាត់ខ្លះក៏មិនមានជាតិអាល់កុលដែរ។ ដូចនេះចំពោះ ទឹកថ្នាំខ្ពុរមាត់គឺមានច្រើនប្រភេទ ទៅតាមក្លិន និងទៅតាមតម្រូវការរបស់មនុស្សម្នាក់ៗ។
សារៈប្រយោជន៍នៃទឹកថ្នាំខ្ពុរមាត់
ជាការពិតណាស់ទឹកថ្នាំខ្ពុរមាត់បានផ្ដល់នូវសារៈប្រយោជន៍ជាច្រើនដូចជា ៖
អាចសម្លាប់មេរោគដែលនៅជុំវិញជាលិកាធ្មេញ។
- ទឹកថ្នាំខ្ពុរមាត់អាចជួយការពារធ្មេញ និងជួយការពារអញ្ចាញធ្មេញឱ្យបានល្អ។
- ចំពោះធ្មេញពុកដែលមានប្រហោងតូចៗ បើសិនជាទុកយូរៗទៅអាចក្លាយទៅជាប្រហោងធំ រហូតទៅដល់បណ្ដូលធ្មេញ។ ដូចនេះបើសិនជាលោកអ្នកប្រើទឹកថ្នាំខ្ពុរមាត់ កាវិវត្ដន៍ដែលធ្វើឱ្យធ្មេញខូចនោះ វាអាចទៅជាយឺតយ៉ាវ ព្រោះនៅពេលដែលលោកអ្នកប្រើប្រាស់ទឹកថ្នាំខ្ពុរអាចធ្វើឱ្យមេរោគងាប់ជាបន្ដបន្ទាប់បន្ដិចម្ដងៗ ដែលអាចធ្វើឱ្យធ្មេញមានសុខភាពល្អឡើងវិញ។
- ចំពោះជាលិកាខ្លះដូចជាអញ្ចាញធ្មេញដែលកើតទៅជាអាប់ធ្មេញឬកើតបញ្ហាមួយចំនួន កាលណាប្រើទឹកថ្នាំខ្ពុរមាត់អាចធ្វើឱ្យជាលិកានៅជុំវិញមាត់មានសុខភាពល្អ និងធ្វើឱ្យមានក្លិនល្អថែមទៀតផង។
- ការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ក៏អាចជួយឱ្យធ្មេញមិនមានបញ្ហាដូចជារង្គោះរង្គើនោះទេ។
- ចំពោះស្ដ្រីមានផ្ទៃពោះវិញ អាចធ្វើឱ្យធ្មេញមានសុខភាពល្អមិនមានបញ្ហា ព្រោះនៅពេលមានផ្ទៃពោះសុខភាពមាត់ធ្មេញ វាសំខាន់ណាស់សម្រាប់ស្ដ្រីដែលជាមាតា។
របៀបប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ឱ្យបានត្រឹមត្រូវ
ដើម្បីប្រើប្រាស់ទឹកថ្នាំខ្ពុរឱ្យបានត្រឹមត្រូវ ដែលមិនអាចបង្កឱ្យកើតមានបញ្ហានោះ លោកអ្នកត្រូវអនុវត្ដទៅតាមការណែនាំរបស់អ្នកជំនាញមួយចំនួនដូចជា ៖
- លោកអ្នកត្រូវយល់ដឹងថាទឹកថ្នាំខ្ពុរមានសារជាតិអ្វីខ្លះ មានការទទួលស្គាល់ត្រឹមត្រូវដែរឬអត់? មានកាលបរិច្ឆេទដែរឬអត់ និងមានកម្រិតជាតិអាកុលខ្ពស់ដែរឬទេ
- ចំពោះទឹកថ្នាំខ្ពុរមាត់ដែលមានជាតិអាកុលច្រើន លោកអ្នកមិនអាចខ្ពុរមាត់បានយូរនោះទេ គឺត្រូវតែមានកម្រិតសម្រាប់ប្រើប្រាស់។ តើត្រូវដាក់ទឹកថ្នាំខ្ពុរមាត់ប៉ុន្មាន ឬត្រូវលាយជាមួយទឹកបរិសុទ្ធដែរឬទេ?
- សម្រាប់វិធីដែលល្អបំផុតនៅក្នុងការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ ជាដំបូងលោកអ្នកត្រូវតែប្រើប្រាស់ទឹកបរិសុទ្ធសម្រាប់លាយជាមួយទឹកថ្នាំខ្ពុរមាត់ ដើម្បីខ្ពុរមាត់ឱ្យបានយូរ និងអាចការពារកុំឱ្យវាក្រហាយ ឬរលាកមាត់ខ្លាំងពេក។ ឧទាហរណ៍បើសិនជាលោកអ្នកខ្ពុរមាត់ដោយប្រើទឹកថ្នាំខ្ពុរមាត់សុទ្ធដែលមានជាតិអាល់កុល លោកអ្នកត្រូវខ្ពុរពី១៥វិនាទីទៅ២០វិនាទីដោយត្រូវក្រលែង ឱ្យសព្វគ្រប់កន្លែងនៃកោសិកាធ្មេញនៅក្នុងមាត់។ បើសិនជាទឹកថ្នាំដែលមានជាតិអាល់កុល ហើយលាយជាមួយទឹកបរិសុទ្ធនោះ លោកអ្នកអាចខ្ពុរបានពី៣នាទីទៅ៥នាទីជាការស្រេច។
ផលប៉ះពាល់នៃទឹកថ្នាំខ្ពុរមាត់
ជាធម្មតាទឹកថ្នាំខ្ពុរមាត់បានផ្ដល់នូវសារៈប្រយោជន៍ជាច្រើន ប៉ុន្ដែវាក៏បានផ្ដល់នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ បើសិនជាលោកអ្នកជ្រើសរើសនូវប្រភេទទឹកថ្នាំខ្ពុរមិនល្អ ជាពិសេសមិនបានអនុវត្ដទៅតាមការណែនាំរបស់អ្នកជំនាញនោះ។ ចំពោះផលប៉ះពាល់ទាំងនោះមានដូចជា បើសិនជាទឹកថ្នាំខ្ពុរមាត់មានលាយជាតិអាល់កុលច្រើន អាចធ្វើឱ្យរលាកអញ្ចាញធ្មេញ ក្រហាយមាត់ ហើមអញ្ចាញធ្មេញជាដើម។ ការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ក៏អាចបង្កឱ្យកើតមានជម្ងឺមហារីកក្រពេញទឹកមាត់បានដែរ តែអាចកើតបានចំពោះលោកអ្នកដែលប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់មានជាតិអាល់កុលខ្ពស់ ហើយទទួលទានគ្រឿងស្រវឹងច្រើន និងជក់បាករីច្រើនតែប៉ុណ្ណោះ ប៉ុន្ដែករណីនេះមានតិចតួចណាស់។
វិធីការពារដើម្បីកុំឱ្យមានបញ្ហានៅពេលប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់
ដើម្បីការពារកុំឱ្យកើតមានបញ្ហានៅពេលប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ លោកអ្នកត្រូវតែជ្រើសរើសប្រភេទទឹកថ្នាំខ្ពុរមាត់ ដែលមិនមានជាតិអាល់កុលច្រើនពេក ព្រោះជាតិអាល់កុលអាចធ្វើឱ្យលោកអ្នកក្រហាយមាត់ ហើមអញ្ចាញធ្មេញជាដើម។ អំបិល ក៏ប្រើប្រាស់ជំនួសទឹកថ្នាំខ្ពុរមាត់បានដែរ ព្រោះអំបិលអាចធ្វើឱ្យជាលិកាជុំវិញធ្មេញណែនហាប់ល្អ ហើយមិនធ្វើឱ្យមានឈាមនៅតាមអញ្ចាញធ្មេញថែមទៀតផង។ ដោយគ្រាន់តែយកអំបិលដាក់លាយជាមួយទឹកក្ដៅឧណ្ហៗដាក់អំបិលឡែមៗ ហើយខ្ពុរត្រឹមតែពី២នាទីទៅ៥នាទីជាការស្រេច។
ដំបូន្មានអ្នកជំនាញ
មុននឹងជ្រើសរើសប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ លោកអ្នកគួរតែយល់ដឹងអំពីទឹកថ្នាំខ្ពុរមាត់ឱ្យបានច្រើន ជាពិសេសមិនត្រូវជ្រើសរើសទឹកថ្នាំខ្ពុរមាត់ដែលមានជាអាល់កុលច្រើនពេកនោះទេ។ លោកអ្នកត្រូវយល់ដឹងថាការទទួលទានគ្រឿងស្រវឹងច្រើន និងការទទួលទានបារីច្រើន ហើយស្របពេលដែលកំពុងតែប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ដែលមានជាតិអាល់កុលច្រើនផងនោះ ក៏ជាកត្ដាមួយដែលអាចធ្វើឱ្យលោកអ្នកកើតមានមជម្ងឺមហារីកក្រពេញទឹកមាត់បានដែរ។ ដូចនេះលោកអ្នកគួរតែកាត់បន្ថយចំពោះទឹកថ្នាំខ្ពុរមាត់ ដែលមានជាតិអាល់កុលច្រើន និងកាត់បន្ថយចំពោះការទទួលទានគ្រឿងស្រវឹង ដើម្បីចៀសវាងកើតមានបញ្ហាដែលស្មានមិនដល់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply