របៀប​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​ឱ្យបាន​ត្រឹមត្រូវ

ទឹកថ្នាំ​ខ្ពុរមាត់​មានសារៈ​ប្រយោជន៍​ច្រើន​ណាស់​នៅក្នុង​ការ​ថែរក្សា​សុខភាព​មាត់ធ្មេញ ដែល​ជួយឱ្យ​ធ្មេញមាន​សុខភាព​ល្អ បំបាត់​នូវក្លិន​ស្អុយ​នៅក្នុង​មាត់ និងជួយ​ការពារ​អញ្ចាញ​ធ្មេញ​ជាដើម។ ប៉ុន្ដែ​ទឹកថ្នាំ​ខ្ពុរមាត់​ក៏បាន​ផ្ដល់នូវ​ផលវិបាក​វិញដែរ បើសិនជា​លោកអ្នក​ប្រើ​ខុស ឬ​មិនត្រូវ​ទៅតាម​ការណែនាំ​របស់អ្នក​ជំនាញ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទស្សនាវដ្ដី សុខភាព​យើង លោក​ទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធាន​ក្រុម​គ្រូពេទ្យ នៃមន្ទីរព្យាបាល​ធ្មេញ​បស្ចិម និង​បកស្រាយ​ជូនមិត្ដ​អ្នកអាន​ទាំងអស់​ឱ្យបាន​យល់អំពី​របៀប​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​ឱ្យបាន​ត្រឹមត្រូវ។

ទឹកថ្នាំ​ខ្ពុរមាត់​គឺជា​អ្វី?

ទឹកថ្នាំ​ខ្ពុរមាត់​គឺជា​សូល្យុង​ម្យ៉ាង ដែលមាន​លាយនូវ​សារធាតុ​ជាច្រើន រួមមាន​ទាំង​ជាតិអាល់កុល​ផងដែរ ដោយមាន​ទៅតាម​ប្រភេទ​ទឹកថ្នាំ​ខ្ពុរមាត់។ ចំពោះ​ទឹកថ្នាំ​ខ្ពុរមាត់​ខ្លះមាន​ជាតិអាល់កុល​ទៅដល់​២៦.៦​ភាគរយ ហើយ​ទឹកថ្នាំ​មួយចំនួន​ទៀត​មាន​ត្រឹមតែ​១៨,៩​ភាគរយ និង​១៤.៥ភាគរយ​ទៅតាម​ប្រភេទ​ថ្នាំ ប៉ុន្ដែ​ចំពោះ​ទឹកថ្នាំ​ខ្ពុរមាត់​ខ្លះក៏​មិនមាន​ជាតិអាល់កុល​ដែរ។ ដូចនេះ​ចំពោះ ទឹកថ្នាំ​ខ្ពុរមាត់​គឺមាន​ច្រើន​ប្រភេទ ទៅតាម​ក្លិន និង​ទៅតាម​តម្រូវការ​របស់​មនុស្សម្នាក់ៗ។

សារៈ​ប្រយោជន៍​នៃទឹកថ្នាំ​ខ្ពុរមាត់

ជាការ​ពិតណាស់​ទឹកថ្នាំ​ខ្ពុរមាត់​បានផ្ដល់​នូវសារៈ​ប្រយោជន៍​ជាច្រើន​ដូចជា ៖

អាច​សម្លាប់​មេរោគ​ដែលនៅ​ជុំវិញ​ជាលិកា​ធ្មេញ។

  • ទឹកថ្នាំ​ខ្ពុរមាត់​អាចជួយ​ការពារ​ធ្មេញ និង​ជួយ​ការពារ​អញ្ចាញ​ធ្មេញ​ឱ្យបាន​ល្អ។
  • ចំពោះ​ធ្មេញពុក​ដែលមាន​ប្រហោង​តូចៗ បើសិនជា​ទុកយូរៗ​ទៅអាច​ក្លាយទៅជា​ប្រហោង​ធំ រហូត​ទៅដល់​បណ្ដូល​ធ្មេញ។ ដូចនេះ​បើសិនជា​លោកអ្នក​ប្រើទឹកថ្នាំ​ខ្ពុរមាត់ កាវិវត្ដន៍​ដែលធ្វើឱ្យ​ធ្មេញ​ខូចនោះ វាអាច​ទៅជា​យឺតយ៉ាវ ព្រោះ​នៅពេល​ដែល​លោកអ្នក​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរអាច​ធ្វើឱ្យ​មេរោគ​ងាប់ជា​បន្ដបន្ទាប់​បន្ដិច​ម្ដងៗ ដែលអាច​ធ្វើឱ្យ​ធ្មេញ​មាន​សុខភាព​ល្អឡើង​វិញ។
  • ចំពោះ​ជាលិកា​ខ្លះដូចជា​អញ្ចាញ​ធ្មេញ​ដែល​កើតទៅជា​អាប់ធ្មេញ​ឬកើត​បញ្ហា​មួយចំនួន កាលណា​ប្រើទឹកថ្នាំ​ខ្ពុរមាត់​អាចធ្វើឱ្យ​ជាលិកា​នៅជុំវិញ​មាត់មាន​សុខភាព​ល្អ និង​ធ្វើឱ្យ​មានក្លិន​ល្អថែមទៀត​ផង។
  • ការ​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​ក៏អាច​ជួយឱ្យ​ធ្មេញ​មិនមាន​បញ្ហា​ដូចជា​រង្គោះ​រង្គើ​នោះទេ។
  • ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ​វិញ អាចធ្វើ​ឱ្យធ្មេញ​មាន​សុខភាពល្អ​មិនមាន​បញ្ហា ព្រោះ​នៅពេល​មានផ្ទៃពោះ​សុខភាព​មាត់ធ្មេញ វាសំខាន់​ណាស់​សម្រាប់​ស្ដ្រី​ដែលជា​មាតា។

របៀប​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​ឱ្យបាន​ត្រឹមត្រូវ

ដើម្បី​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរ​ឱ្យបាន​ត្រឹមត្រូវ ដែល​មិនអាច​បង្កឱ្យ​កើតមាន​បញ្ហា​នោះ លោកអ្នក​ត្រូវ​អនុវត្ដ​ទៅតាម​ការ​ណែនាំ​របស់​អ្នកជំនាញ​មួយចំនួន​ដូចជា ៖

  • លោកអ្នក​ត្រូវយល់​ដឹងថា​ទឹកថ្នាំ​ខ្ពុរមាន​សារជាតិ​អ្វីខ្លះ មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ដែរឬ​អត់? មានកាល​បរិច្ឆេទ​ដែរឬ​អត់ និងមាន​កម្រិត​ជាតិអាកុល​ខ្ពស់​ដែរឬទេ
  • ចំពោះ​ទឹកថ្នាំ​ខ្ពុរមាត់​ដែលមាន​ជាតិអាកុល​ច្រើន លោកអ្នក​មិនអាច​ខ្ពុរមាត់​បានយូរ​នោះទេ គឺ​ត្រូវតែ​មានកម្រិត​សម្រាប់​ប្រើប្រាស់។ តើ​ត្រូវដាក់​ទឹកថ្នាំ​ខ្ពុរមាត់​ប៉ុន្មាន ឬ​ត្រូវលាយ​ជាមួយ​ទឹកបរិសុទ្ធ​ដែរឬទេ?
  • សម្រាប់​វិធី​ដែលល្អ​បំផុត​នៅក្នុងការ​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់ ជាដំបូង​លោកអ្នក​ត្រូវតែ​ប្រើប្រាស់​ទឹកបរិសុទ្ធ​សម្រាប់​លាយ​ជាមួយ​ទឹកថ្នាំ​ខ្ពុរមាត់ ដើម្បី​ខ្ពុរមាត់​ឱ្យបាន​យូរ និងអាច​ការពារ​កុំឱ្យ​វាក្រហាយ ឬ​រលាក​មាត់​ខ្លាំងពេក។ ឧទាហរណ៍​បើសិនជា​លោកអ្នក​ខ្ពុរមាត់​ដោយ​ប្រើទឹកថ្នាំ​ខ្ពុរមាត់​សុទ្ធដែល​មានជាតិ​អាល់កុល លោកអ្នក​ត្រូវខ្ពុរ​ពី១៥វិនាទី​ទៅ២០​វិនាទី​ដោយត្រូវ​ក្រលែង ឱ្យ​សព្វគ្រប់​កន្លែង​នៃកោសិកា​ធ្មេញ​នៅក្នុង​មាត់។ បើសិនជា​ទឹកថ្នាំ​ដែលមាន​ជាតិអាល់កុល ហើយ​លាយ​ជាមួយ​ទឹកបរិសុទ្ធ​នោះ លោកអ្នក​អាចខ្ពុរ​បានពី​៣នាទី​ទៅ៥នាទី​ជាការស្រេច។

ផល​ប៉ះពាល់​នៃទឹកថ្នាំ​ខ្ពុរមាត់

ជាធម្មតា​ទឹកថ្នាំ​ខ្ពុរមាត់​បានផ្ដល់​នូវសារៈ​ប្រយោជន៍​ជាច្រើន ប៉ុន្ដែ​វាក៏បាន​ផ្ដល់នូវ​ផល​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដែរ បើសិនជា​លោកអ្នក​ជ្រើសរើស​នូវ​ប្រភេទ​ទឹកថ្នាំ​ខ្ពុរមិនល្អ ជាពិសេស​មិនបាន​អនុវត្ដ​ទៅតាម​ការណែនាំ​របស់​អ្នកជំនាញ​នោះ។ ចំពោះ​ផល​ប៉ះពាល់​ទាំងនោះ​មាន​ដូចជា បើសិនជា​ទឹកថ្នាំ​ខ្ពុរមាត់​មានលាយ​ជាតិ​អាល់កុល​ច្រើន អាចធ្វើ​ឱ្យរលាក​អញ្ចាញ​ធ្មេញ ក្រហាយ​មាត់ ហើម​អញ្ចាញ​ធ្មេញ​ជាដើម។ ការ​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​ក៏អាច​បង្កឱ្យ​កើតមាន​ជម្ងឺ​មហារីក​ក្រពេញ​ទឹកមាត់​បានដែរ តែអាច​កើតបាន​ចំពោះ​លោកអ្នក​ដែល​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​មានជាតិ​អាល់កុល​ខ្ពស់ ហើយ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន និង​ជក់បាករី​ច្រើនតែ​ប៉ុណ្ណោះ ប៉ុន្ដែករណី​នេះមាន​តិចតួច​ណាស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ការពារ​ដើម្បី​កុំឱ្យ​មានបញ្ហា​នៅពេល​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់

ដើម្បី​ការពារ​កុំឱ្យ​កើតមាន​បញ្ហា​នៅពេល​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់ លោកអ្នក​ត្រូវតែ​ជ្រើសរើស​ប្រភេទ​ទឹកថ្នាំ​ខ្ពុរមាត់ ដែល​មិនមាន​ជាតិអាល់កុល​ច្រើន​ពេក ព្រោះ​ជាតិអាល់កុល​អាចធ្វើឱ្យ​លោកអ្នក​ក្រហាយ​មាត់ ហើម​អញ្ចាញ​ធ្មេញ​ជាដើម។ អំបិល ក៏​ប្រើប្រាស់​ជំនួស​ទឹកថ្នាំ​ខ្ពុរមាត់​បានដែរ ព្រោះ​អំបិល​អាចធ្វើ​ឱ្យ​ជាលិកា​ជុំវិញ​ធ្មេញ​ណែនហាប់​ល្អ ហើយ​មិនធ្វើ​ឱ្យមាន​ឈាម​នៅតាម​អញ្ចាញ​ធ្មេញ​ថែមទៀត​ផង។ ដោយ​គ្រាន់តែ​យក​អំបិល​ដាក់លាយ​ជាមួយ​ទឹកក្ដៅឧណ្ហៗ​ដាក់អំបិល​ឡែមៗ ហើយ​ខ្ពុរ​ត្រឹមតែ​ពី២នាទី​ទៅ៥នាទី​ជាការ​ស្រេច។

ដំបូន្មាន​អ្នក​ជំនាញ

មុននឹង​ជ្រើសរើស​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់ លោកអ្នក​គួរតែ​យល់ដឹង​អំពី​ទឹកថ្នាំ​ខ្ពុរមាត់​ឱ្យបាន​ច្រើន ជាពិសេស​មិនត្រូវ​ជ្រើសរើស​ទឹកថ្នាំ​ខ្ពុរមាត់​ដែលមាន​ជាអាល់កុល​ច្រើន​ពេកនោះ​ទេ។ លោកអ្នក​ត្រូវ​យល់ដឹង​ថាការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន និងការ​ទទួលទាន​បារី​ច្រើន ហើយ​ស្របពេល​ដែល​កំពុងតែ​ប្រើប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់​ដែលមាន​ជាតិអាល់កុល​ច្រើន​ផងនោះ ក៏ជា​កត្ដាមួយ​ដែលអាច​ធ្វើឱ្យ​លោកអ្នក​កើតមាន​មជម្ងឺ​មហារីក​ក្រពេញ​ទឹកមាត់​បានដែរ។ ដូចនេះ​លោកអ្នក​គួរតែ​កាត់បន្ថយ​ចំពោះ​ទឹកថ្នាំ​ខ្ពុរមាត់ ដែលមាន​ជាតិអាល់កុល​ច្រើន និង​កាត់បន្ថយ​ចំពោះការ​ទទួលទាន​គ្រឿង​ស្រវឹង ដើម្បី​ចៀសវាង​កើតមាន​បញ្ហា​ដែលស្មា​ន​មិនដល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *