លិង្គ​ខ្សោយ

សូម​គោរព​ជូនលោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ កម្ម​វត្ថុ ៖ សូម​លោក​វេជ្ជបណ្ឌិត​ជួយ​ណែនាំ​អំពី​លិង្គខ្សោយ។ តប​តាម កម្មវត្ថុ​ខាងលើ ដោយ​ខ្ញុំបាទ​ឈ្មោះ ភ.ភ.រ ភេទ​ប្រុស អាយុ​៣៦ឆ្នាំ កម្ពស់​១,៦២ស.ម ទម្ងន់​៥៥​គីឡូក្រាម នៅ​លីវ រស់នៅ​ខេត្ដបាត់ដំបង។ ខ្ញុំ​មានជម្ងឺ​ឆាប់ចេញ​ទឹកកាម គឺ​នៅពេល​ស៊កបញ្ចូល​លិង្គ​បាន​តែ២​ទៅ៣ដង​ក៏ចេញ​ទឹកកាម​មក ទោះជា​ខំប្រឹង​ទប់​អារម្មណ៍​ក៏ដោយ ព្រោះ​នៅពេល​ស៊កលិង្គ​បញ្ចូល ផ្នែក​ខាងចុង​លិង្គ​ស្រៀវ​រហូត​មិនអាច​ឱ្យខ្ញុំ​ទប់បាន។ ខ្ញុំមាន​ជម្ងឺនេះ​ជាង១០ឆ្នាំ​មកហើយ។ កាលពី​មុននេះ​បន្ដិច​ខ្ញុំបាន​ទៅព្យាបាល​នៅពេទ្យ​ឯកជន​មួយដោយ​ព្យាបាល​៥ខែ ប៉ុន្ដែ​ពុំ​ទទួលបាន​លទ្ធផល បាន​ត្រឹមតែ​ធ្វើឱ្យ​ខ្ញុំងងុយ​គេង មាន​អារម្មណ៍​ស្ងប់។ ខ្ញុំ​ពុំស្គាល់​គ្រូពេទ្យ​ជំនាញ​ទេ។ តើអាច​ព្យាបាល​បានទេ? ខ្ញុំឮគេ​ផ្សាយថ្នាំ​សម្រាប់​ព្យាបាល​ដែរ តែ​ពុំហ៊ាន​សាកល្បង តើ​ខ្ញុំគួរ​ប្រើថ្នាំ​អ្វី? អាស្រ័យ​ហេតុនេះ សូម​លោក​វេជ្ជបណ្ឌិត​ជួយ​ណែនាំ​ដោយ​អនុគ្រោះ។ សូមមេត្ដា​ទទួល​នូវក្ដី​គោរព​ពីខ្ញុំ។     លោក ភ.ភ.រ អាយុ​៣៦ឆ្នាំ ខេត្ដ​បាត់ដំបង

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជា​ដំបូង សូម​អរគុណ​ប្អូនប្រុស​ដែលបាន​សរសេរ​សំបុត្រ​មកខ្ញុំបាទ។ គួរឱ្យ​អាណិត​អាសូរ​ប្អូនណាស់ ។ អាណិត​បំផុត​ត្រង់​ប្អូនពោល​ពាក្យថា “ខ្ញុំមាន​ជម្ងឺ​ឆាប់ចេញ​ទឹកកាម​ជាង១០​ឆ្នាំមក​ហើយ”។ ខ្ញុំសូម​ជម្រាប​ប្រាប់ប្អូន​វិញថា ឆាប់ចេញ​ទឹកកាម​នេះ​មិនមែន​ជាជម្ងឺ​ទេ វា​គ្រាន់តែ​ជាអាការ​មិន​ប្រក្រតី​មួយតែ​ប៉ុណ្ណោះ។ បើតាម​ការ​រៀបរាប់​បានបញ្ជាក់​ថា ប្អូន​មាន​អាការ​នេះកាល​ពី១០ឆ្នាំ​មកហើយ គឺ​ប្រហែល​ជាចាប់ពី​អាយុ​២៦ឆ្នាំ។ ខ្ញុំ​មិនមាន​ព័ត៌មាន​ខ្លះថា តើ​ប្អូនបាន​រួមភេទ​ដំបូងៗ​នៅអាយុ​ប៉ុន្មាន? ហើយ​ដំណើរ​ប្រព្រឹត្ដជាពិសេស​ទាក់ទង​នឹងការ​ចេញ​ទឹកកាម​លើកដំបូង តើយ៉ាង​ណាដែរ? និង​ព័ត៌មាន​ថា តើ​រាល់ការ​រួមភេទ​របស់ប្អូន​ប្រុស​ជាមួយ​ស្ដ្រី​បែបណា? ហើយ​មាន​ប្រើប្រាស់​ស្រោម​អនាម័យ​ដែរឬទេ?

ទោះបីជា​យ៉ាងនេះ​ក្ដីខ្ញុំ​សូម​ធ្វើការ​ឆ្លើយតប​ដល់​ប្អូនប្រុស ដើម្បី​ជាប្រទីប​ខ្លះឈាន​ទៅបំភ្លឺ​បញ្ហា ប្រយោជន៍​មើលឃើញ​ផ្លូវ​ដោះស្រាយ។ ខ្ញុំសូម​សន្និដ្ឋាន​ថា ករណី​ប្អូន​ប្រហែល​ជាប្រភេទ​ឆាប់ចេញ​ទឹកកាម​ទី២។ បើប្អូន​ធ្លាប់អាន​ទស្សនាវដ្ដី សុខភាព​យើង ដែលស្ដី​ពីការ​ឆាប់ចេញ​ទឹកកាម លេខ០០៤ លេខ០០៥ និង​លេខ០០៦ ប្រចាំខែ​ឧសភា មិថុនា និង​ខែកក្កដា ឆ្នាំ២០០៦ ប្រហែល​ជាប្អូន​បានដឹង​ច្បាស់​អំពីប្រភេទ​អាការ​នេះ វិធី​ទប់ស្កាត់ និង​វិធី​ព្យាបាល។ ការពិត​ការព្យាបាល​ឆាប់ចេញ​ទឹកកាម​ដោយថ្នាំ​ត្រូវ​ព្យាបាល ដោយ​គ្រូពេទ្យ​ជំនាញ។ ប៉ុន្ដែ​ជាដំបូង​អ្នកជម្ងឺ​ត្រូវរក​វិធី​ទប់ស្កាត់​តាម​បែប​អប់រំកាយ​សិន មុននឹង​ឈាន​ទៅព្យាបាល​ដោយ​ឱសថ​ទំនើប។ វិធី​ទប់ស្កាត់​ការឆាប់​ចេញទឹកកាម មានជា​អាទិវិធី​ប្រឆាំង​មូលហេតុ វិធី​ផ្អាកសម្រុក វិធី​ច្របាច់ក្បាល​លិង្គ វិធី​ប្រើប្រាស់ ស្រោម​អនាម័យ​ជាដើម។ រីឯវិធី​ព្យាបាល​ការឆាប់ចេញ​ទឹកកាម​វិញ ត្រូវធ្វើ​ឡើង​ទៅតាម​ប្រភេទ និង​មូលហេតុ ជួន​តម្រូវឱ្យ​ប្រើ​ឱសថ​ព្យាបាល​ជាដើម។

ទាក់ទង​នឹង​គ្រូពេទ្យ​ជំនាញ​ខាងផ្លូវភេទ​នៅ​ប្រទេសកម្ពុជា តាម​ខ្ញុំដឹង​រហូត​មកដល់​ខែសីហា ឆ្នាំ២០០៨​នេះ ដូចជា​មិនទាន់​មាន​គ្រូពេទ្យ​ខ្មែរ​ជំនាញ​ឯកទេស​ខាងផ្លូវភេទ​នៅឡើយ​ទេ។ បើ​នៅមាន​ចម្ងល់​ប្អូនប្រុស​អាច​សរសេរ​សំបុត្រ​មក​ខ្ញុំបាទ​ជាថ្មីទៀត។ បើ​ចង់ជួប​ពិគ្រោះ​ជាមួយ​ខ្ញុំបាទ ប្អូនប្រុស​អាច​ទូរស័ព្ទមក​លេខ ០១២ ៨៨៩ ៥៥៦ សម្រាប់​ការណាត់​ជួប។ សូម​ប្អូនប្រុស​មាន​សំណាង​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *