សូមគោរពជូនលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ កម្មវត្ថុ ៖ សូមលោកវេជ្ជបណ្ឌិតជួយណែនាំអំពីលិង្គខ្សោយ។ តបតាម កម្មវត្ថុខាងលើ ដោយខ្ញុំបាទឈ្មោះ ភ.ភ.រ ភេទប្រុស អាយុ៣៦ឆ្នាំ កម្ពស់១,៦២ស.ម ទម្ងន់៥៥គីឡូក្រាម នៅលីវ រស់នៅខេត្ដបាត់ដំបង។ ខ្ញុំមានជម្ងឺឆាប់ចេញទឹកកាម គឺនៅពេលស៊កបញ្ចូលលិង្គបានតែ២ទៅ៣ដងក៏ចេញទឹកកាមមក ទោះជាខំប្រឹងទប់អារម្មណ៍ក៏ដោយ ព្រោះនៅពេលស៊កលិង្គបញ្ចូល ផ្នែកខាងចុងលិង្គស្រៀវរហូតមិនអាចឱ្យខ្ញុំទប់បាន។ ខ្ញុំមានជម្ងឺនេះជាង១០ឆ្នាំមកហើយ។ កាលពីមុននេះបន្ដិចខ្ញុំបានទៅព្យាបាលនៅពេទ្យឯកជនមួយដោយព្យាបាល៥ខែ ប៉ុន្ដែពុំទទួលបានលទ្ធផល បានត្រឹមតែធ្វើឱ្យខ្ញុំងងុយគេង មានអារម្មណ៍ស្ងប់។ ខ្ញុំពុំស្គាល់គ្រូពេទ្យជំនាញទេ។ តើអាចព្យាបាលបានទេ? ខ្ញុំឮគេផ្សាយថ្នាំសម្រាប់ព្យាបាលដែរ តែពុំហ៊ានសាកល្បង តើខ្ញុំគួរប្រើថ្នាំអ្វី? អាស្រ័យហេតុនេះ សូមលោកវេជ្ជបណ្ឌិតជួយណែនាំដោយអនុគ្រោះ។ សូមមេត្ដាទទួលនូវក្ដីគោរពពីខ្ញុំ។ លោក ភ.ភ.រ អាយុ៣៦ឆ្នាំ ខេត្ដបាត់ដំបង
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាដំបូង សូមអរគុណប្អូនប្រុសដែលបានសរសេរសំបុត្រមកខ្ញុំបាទ។ គួរឱ្យអាណិតអាសូរប្អូនណាស់ ។ អាណិតបំផុតត្រង់ប្អូនពោលពាក្យថា “ខ្ញុំមានជម្ងឺឆាប់ចេញទឹកកាមជាង១០ឆ្នាំមកហើយ”។ ខ្ញុំសូមជម្រាបប្រាប់ប្អូនវិញថា ឆាប់ចេញទឹកកាមនេះមិនមែនជាជម្ងឺទេ វាគ្រាន់តែជាអាការមិនប្រក្រតីមួយតែប៉ុណ្ណោះ។ បើតាមការរៀបរាប់បានបញ្ជាក់ថា ប្អូនមានអាការនេះកាលពី១០ឆ្នាំមកហើយ គឺប្រហែលជាចាប់ពីអាយុ២៦ឆ្នាំ។ ខ្ញុំមិនមានព័ត៌មានខ្លះថា តើប្អូនបានរួមភេទដំបូងៗនៅអាយុប៉ុន្មាន? ហើយដំណើរប្រព្រឹត្ដជាពិសេសទាក់ទងនឹងការចេញទឹកកាមលើកដំបូង តើយ៉ាងណាដែរ? និងព័ត៌មានថា តើរាល់ការរួមភេទរបស់ប្អូនប្រុសជាមួយស្ដ្រីបែបណា? ហើយមានប្រើប្រាស់ស្រោមអនាម័យដែរឬទេ?
ទោះបីជាយ៉ាងនេះក្ដីខ្ញុំសូមធ្វើការឆ្លើយតបដល់ប្អូនប្រុស ដើម្បីជាប្រទីបខ្លះឈានទៅបំភ្លឺបញ្ហា ប្រយោជន៍មើលឃើញផ្លូវដោះស្រាយ។ ខ្ញុំសូមសន្និដ្ឋានថា ករណីប្អូនប្រហែលជាប្រភេទឆាប់ចេញទឹកកាមទី២។ បើប្អូនធ្លាប់អានទស្សនាវដ្ដី សុខភាពយើង ដែលស្ដីពីការឆាប់ចេញទឹកកាម លេខ០០៤ លេខ០០៥ និងលេខ០០៦ ប្រចាំខែឧសភា មិថុនា និងខែកក្កដា ឆ្នាំ២០០៦ ប្រហែលជាប្អូនបានដឹងច្បាស់អំពីប្រភេទអាការនេះ វិធីទប់ស្កាត់ និងវិធីព្យាបាល។ ការពិតការព្យាបាលឆាប់ចេញទឹកកាមដោយថ្នាំត្រូវព្យាបាល ដោយគ្រូពេទ្យជំនាញ។ ប៉ុន្ដែជាដំបូងអ្នកជម្ងឺត្រូវរកវិធីទប់ស្កាត់តាមបែបអប់រំកាយសិន មុននឹងឈានទៅព្យាបាលដោយឱសថទំនើប។ វិធីទប់ស្កាត់ការឆាប់ចេញទឹកកាម មានជាអាទិវិធីប្រឆាំងមូលហេតុ វិធីផ្អាកសម្រុក វិធីច្របាច់ក្បាលលិង្គ វិធីប្រើប្រាស់ ស្រោមអនាម័យជាដើម។ រីឯវិធីព្យាបាលការឆាប់ចេញទឹកកាមវិញ ត្រូវធ្វើឡើងទៅតាមប្រភេទ និងមូលហេតុ ជួនតម្រូវឱ្យប្រើឱសថព្យាបាលជាដើម។
ទាក់ទងនឹងគ្រូពេទ្យជំនាញខាងផ្លូវភេទនៅប្រទេសកម្ពុជា តាមខ្ញុំដឹងរហូតមកដល់ខែសីហា ឆ្នាំ២០០៨នេះ ដូចជាមិនទាន់មានគ្រូពេទ្យខ្មែរជំនាញឯកទេសខាងផ្លូវភេទនៅឡើយទេ។ បើនៅមានចម្ងល់ប្អូនប្រុសអាចសរសេរសំបុត្រមកខ្ញុំបាទជាថ្មីទៀត។ បើចង់ជួបពិគ្រោះជាមួយខ្ញុំបាទ ប្អូនប្រុសអាចទូរស័ព្ទមកលេខ ០១២ ៨៨៩ ៥៥៦ សម្រាប់ការណាត់ជួប។ សូមប្អូនប្រុសមានសំណាងល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply