មរតកជាច្រើនដែលខ្មែរជំនាន់មុនបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ជាកេរ្ដិ៍ដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃ បាន។ សំណង់ប្រាសាទរាប់ពាន់ស្ទើរតែពាសពេញប្រទេស អក្សរសិល្ប៍ និងសិល្បៈ សុទ្ធតែជាខឿនដ៏ល្អវិសេសវិសាលនៃអរិយធម៌ខ្មែរ ក្នុងនោះដែរកីឡាជាច្រើនប្រភេទ ដូចជាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជាដើម ក៏ជាមរតកមួយដ៏សំខាន់ដែលបុព្វបុរសខ្មែរបាន បន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
លោក ទ្រឿង សុសសាយ ជាគ្រូបង្ហាត់ប្រដាល់នៃក្លឹបប្រដាល់អគ្គបញ្ជាការលើផ្ទៃប្រទេស បានរៀបរាប់ជូនមិត្ដអ្នកអាន តាមរយៈទស្សនាវដ្ដី សុខភាពយើង អំពីក្បាច់គុនបុរាណខ្មែរ។
ប្រវត្ដិក្បាច់គុនបុរាណខ្មែរ
ក្បាច់គុនបុរាណខ្មែរជាក្បាច់គុនមួយដែលបានបន្សល់ទុកមកជាយូរយារណាស់មកហើយ ហើយក៏ពុំមានកាលបរិច្ឆេទច្បាស់ លាស់អំពីកំណរកំណើតឡើយ ប៉ុន្ដែគ្រាន់តែដឹងថាវាមានកំណើតតាំងពីមុនសម័យអង្គរមកម្ល៉េះ ជាក់ស្ដែងដូចជាមានគំនូរដែលបុព្វបុរសខ្មែរបានចារឹកទុកនៅលើប្រាសាទអង្គរធំជាដើម។ ក្បាច់គុនបុរាណខ្មែរ គឺជាក្បាច់គុនខ្មែរពិតៗដែលបានបង្កើតឡើងដោយពុំមាន ការចម្លង ឬយកលំនាំតាមបរទេសឡើយ។ ដើមឡើយក្បាច់គុនបុរាណខ្មែរត្រូវបានគេរៀបចំ និងមានការប្រកួតសម្រាប់កម្សាន្ដនៅ ក្នុងពិធីបុណ្យជាតិ ឬពិធីបុណ្យធំៗតែប៉ុណ្ណោះ។ ជាប្រពៃណីរៀបចំប្រកួតថ្វាយមហាក្សត្រទត ដូចជានៅក្នុងពិធីបុណ្យជាតិ បុណ្យ ចម្រើនព្រះជន្មព្រះមហាក្សត្រជាដើម។
ប្រភេទក្បាច់គុនបុរាណខ្មែរ
ក្បាច់គុនបុរាណខ្មែរមានច្រើនប្រភេទ ដូចជាក្បាច់ល្បុក្កតោ ក្បាច់ទ្វារប្រាំបី ក្បាច់ប្រឡែងកែវ ក្បាច់ខ្លាក្រាប ក្បាច់គ្រុឌឆក់ នាគ ក្បាច់ស្វាញាក់ ក្បាច់ប្រដាល់ជាដើម។ ដោយឡែកក្បាច់គុនដំបង ក្បាច់គុនដាវ និងក្បាច់គុនលំពែងវិញ មាននៅក្នុងក្បួនទ័ព សម្រាប់ធ្វើសង្គ្រាម ឬមានប្រើចំពោះតែកងទ័ពនៅសម័យបុរាណតែប៉ុណ្ណោះ។
ត្រូវចាប់ផ្ដើមហាត់នៅអាយុប៉ុន្មាន?
ជាចាំបាច់អ្នកហាត់ត្រូវមានគុណសម្បត្ដិគ្រប់គ្រាន់ ដើម្បីឱ្យការហាត់ទទួលបាននូវភាពជោគជ័យ និងខ្លាំងក្លា។ អ្នកដែល អាចចូលមកហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរបាន គួរតែជាអ្នកដែលមានសុខភាពល្អ រាងកាយមាំមួន និងស្មារតីចងចាំបានល្អ។ ព្រោះអ្នក ហាត់ត្រូវចងចាំរាល់ការណែនាំរបស់គ្រូថាគួរធ្វើយ៉ាងណាល្អ យ៉ាងណាមិនល្អ ជាពិសេសអ្នកហាត់ត្រូវមានភាពអំណត់ តស៊ូ និងព្យាយាម។ ម្យ៉ាងទៀតអ្នកហាត់ត្រូវបរិភោគឱ្យបានគ្រប់គ្រាន់ និងជ្រើសរើសអាហារណាដែលមានគុណប្រយោជន៍សម្រាប់សុខភាព ជាពិសេសជាជំនួយថាមពល។ ការហ្វឹកហាត់អាចមានផលប៉ះពាល់ទៅលើបញ្ហាសុខភាព ជួនកាលអាចផ្ដល់ជាគុណវិបត្ដិសម្រាប់រាងកាយ សុខភាព និង ការលូតលាស់សរីរាង្គ។ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ គួរចាប់ផ្ដើមហាត់នៅអាយុ១៤ឆ្នាំ ព្រោះថាក្នុងវ័យ១៤ឆ្នាំនេះ កំពុងមានកម្លាំង ថាមពលរឹងមាំ និងមាំមួនល្អ។ ឯការប្រើប្រាស់ប្រាជ្ញា និងការទទួលយកនូវការពន្យល់ណែនាំពីសំណាក់លោកគ្រូក៏មានលក្ខណៈរហ័ស រហួន ឆាប់ទទួលយកបាន មានអារម្មណ៍ និងស្មារតីចងចាំបានល្អ។ ម្យ៉ាងវិញទៀតវ័យជំទង់ជាវ័យមួយដែលកំពុងតែមានការលូត លាស់ទាំងផ្នែកខួរក្បាល និងរូបរាងកាយ។ ប្រសិនបើចាប់ផ្ដើមហាត់នៅអាយុក្រោម១៤ឆ្នាំនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការលូតលាស់។ ព្រោះការប្រឹងហាត់ទាំងបង្ខំអាចធ្វើឱ្យបាក់កម្លាំង ពុំមានការរីកចម្រើន បែរជាថយចុះផ្នែកសុខភាពរាងកាយទៅ វិញ។ ដូចនេះអ្នកហាត់គួរតែមានអាយុចាប់ពី១៤ឆ្នាំឡើង ទើបទទួលបានលទ្ធផលល្អ។
របៀបហាត់ក្បាច់ប្រដាល់បុរាណខ្មែរ
- ដំណាក់កាលដំបូង ឬមូលដ្ឋាន ៖ ជាដំណាក់កាលចូលហាត់ក្បាច់គុនបុរាណខ្មែរ(ក្បាច់ប្រដាល់) ដែលអ្នកហាត់ត្រូវតែយក ចិត្ដទុកដាក់ឱ្យបានខ្ពស់។ នេះជាដំណាក់កាលកម្ដៅសាច់ដុំ អ្នកហាត់ត្រូវរៀបចំចលនានៃរាងកាយ ដូចជាការហាត់ពីរបៀបឈរ វាយ ខ្យល់ បច្ចេកទេសជំហរប្រយុទ្ធ យុទ្ធសាស្ដ្រការពារ ឬការដកថយ។
- ដំណាក់កាលហ្វឹកហាត់ ៖ នៅពេលឆ្លងកាត់ដំណាក់កាលដំបូងបានជោគជ័យហើយ ត្រូវឈានចូលដល់ដំណាក់កាលមួយ ទៀតជាការហ្វឹកហាត់ ឬដំណាក់កាលបន្ដឹងទៅលើបច្ចេកទេស ហាត់របៀបវ៉ៃ បច្ចេកទេសវាយលុក ឬការពារ បច្ចេកទេសធ្វើឱ្យមាន ថាមពលខ្លាំង និងបច្ចេកទេសធ្វើឱ្យមានស្មារតីល្អ។ និយាយរួមជាដំណាក់កាលនៃការហាត់យ៉ាងខ្លាំងក្លា។
ការប្រកួតក្បាច់ប្រដាល់បុរាណខ្មែរ
ការប្រកួតក្បាច់គុនបុរាណខ្មែរមានលក្ខណៈខុសគ្នារវាងសម័យបច្ចុប្បន្ន និងសម័យបុរាណ។ ក្នុងសម័យបុរាណ ការប្រកួត ក្បាច់គុននេះរៀបចំនៅលើវាលស្មៅ ឬទីវាលណាមួយតែប៉ុណ្ណោះ ដោយពុំមានការរៀបចំជាសង្វៀនខ្ពស់ដូចសម័យបច្ចុប្បន្នឡើយ។ ប៉ុន្ដែពេលខ្លះក៏ឃើញមានធ្វើជាសង្វៀន ដោយគ្រាន់តែជីកដាំជាបង្គោលព័ទ្ធជុំវិញ និងព័ទ្ធដោយខ្សែជារបៀបសីមា។ ចំពោះសម្លៀក បំពាក់ក្នុងការប្រកួត កីឡាករត្រូវស្លៀកខោក្បិន គ្មានអាវ និងមានស្រាក់អំបោះឆៅជារាងគូទខ្ចៅ ដែលលាយបាយកក និងទឹក បបរសម្រាប់ពាក់នៅដៃ ពេលខ្លះក៏ឃើញមានរុំនៅនឹងដើមដៃ និងមានចងនឹងក្បាលផងដែរ។ ការប្រកួតមានប្រើមន្ដអាគមផងដែរ រហូតធ្វើឱ្យមានគ្រោះថ្នាក់ដល់របួសធ្ងន់ ឬបាត់បង់ជីវិតក៏មាន។ បច្ចុប្បន្ននេះ ដោយមានការរីកចម្រើនខាងផ្នែកសម្ភារៈ ធ្វើឱ្យលក្ខណៈនៃការប្រកួតមានការប្រែប្រួល។ ការប្រកួតត្រូវបាន រៀបចំឱ្យមានជាការប្រកួតនៅលើឆាក ឬសង្វៀនខ្ពស់ មានស្លៀកខោជើងខ្លី មានពាក់ហ្គង់នៅដៃ និងមានពាក់ស្នាប់នៅដើមដៃផងដែរ ជាពិសេសគឺមិនមានប្រើមន្ដអាគមដូចសម័យបុរាណទេ គឺប្រកួតដោយប្រើកម្លាំង និងថាមពលខ្លួនឯងផ្ទាល់។
ការប្រកួតមិនអាចធ្វើដោយពុំមានការរៀបចំទុកជាមុននោះឡើយ។ ពោលត្រូវរៀបចំឱ្យបានត្រឹមត្រូវជាមុនសិន ដូចជា ការរៀបចំតម្រូវគូប្រកួត ទម្ងន់របស់កីឡាករជាដើម។ ព្រោះបើទម្ងន់របស់កីឡាករខុសគ្នាខ្លាំងពេក មិនអាចអនុញ្ញាតឱ្យធ្វើការប្រកួត បានទេ។ កីឡាករប្រកួតត្រូវតែមានទម្ងន់ប្រហាក់ប្រហែលគ្នា មិនត្រូវលើសគ្នាឆ្ងាយពេក យ៉ាងច្រើនត្រឹមកន្លះគីឡូក្រាមប៉ុណ្ណោះ។
គុណប្រយោជន៍ និងគុណវិបត្ដិរបស់ក្បាច់គុនបុរាណខ្មែរ
ក្រៅពីហាត់ដើម្បីការប្រកួត និងកេរ្ដិ៍ឈ្មោះក្នុងវិស័យកីឡា ការហាត់ក្បាច់គុនបុរាណខ្មែរអាចជួយឱ្យមានសុខភាពល្អ រាង កាយរឹងមាំ និងមានកម្លាំងខ្លាំងក្លា។ ចំណេះក្បាច់គុននេះអាចជាមធ្យោបាយសម្រាប់ការពារខ្លួន។ ដើម្បីឱ្យមានសុខភាពល្អ មនុស្សគួរ តែបញ្ចេញញើសមួយថ្ងៃឱ្យបានពីរដង ហើយត្រូវហាត់ប្រាណជាប្រចាំ។ អ្នកហាត់មិនសម្រាប់ប្រកួត ក៏ត្រូវតែមានការហ្វឹកហាត់ជាប្រចាំដែរ។ ប្រសិនបើមិនធ្វើដូច្នោះទេ អាចធ្វើឱ្យចុះថយកម្លាំង និងអាចបណ្ដាលឱ្យទៅជាឈឺក៏សឹងមាន។
ពុំមានគុណវិបត្ដិណាមួយកើតឡើងចំពោះអ្នកហាត់ក្បាច់គុនបុរាណខ្មែរនេះទេ ប្រសិនបើធ្វើការហាត់បានត្រឹមត្រូវ និង ទៀតទាត់។ ប៉ុន្ដែវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងរូបរាងកាយ ប្រសិនបើធ្វើការហាត់ច្រើនពេកហួសកម្លាំង ឬក៏ហ្វឹកហាត់មិន ទៀតទាត់ពេលវេលា ទទួលទាន និងសម្រាកមិនបានគ្រប់គ្រាន់។ ម្យ៉ាងទៀតក៏មិនធ្វើឱ្យមានផលប៉ះពាល់អ្វីដែរ ប្រសិនបើអ្នកហាត់ មិនប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង។
ដំបូន្មានអ្នកប្រឹក្សា
សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកហាត់ទាំងឡាយ គួរគប្បីកុំប្រព្រឹត្ដនូវអំពើអបាយមុខទាំងឡាយគ្រប់ប្រភេទ ពិសេសគ្រឿងញៀន។ សូមឱ្យចៀសវាងដើម្បីអនាគតខ្លួនផ្ទាល់ និងក្លាយជាពលរដ្ឋដ៏ល្អម្នាក់។ សូមឱ្យកីឡាករទាំងអស់ខិតខំហាត់ រៀនដោយយកចិត្ដទុកដាក់រាល់ចំណុចល្អៗទាំងឡាយ និងថែរក្សាសុខភាពឱ្យបានមាំមួនជានិច្ច។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply