ក្បាច់គុន​បុរាណខ្មែរ

មរតក​ជាច្រើន​ដែលខ្មែរ​ជំនាន់​មុនបាន​បន្សល់ទុក​សម្រាប់​កូនចៅ​ជំនាន់ក្រោយ ជាកេរ្ដិ៍​ដំណែល​ដ៏មានតម្លៃ​មិនអាច​កាត់ថ្លៃ បាន។ សំណង់​ប្រាសាទ​រាប់ពាន់​ស្ទើរតែ​ពាសពេញ​ប្រទេស អក្សរ​សិល្ប៍ និង​សិល្បៈ សុទ្ធតែ​ជាខឿន​ដ៏ល្អ​វិសេសវិសាល​នៃអរិយធម៌​ខ្មែរ ក្នុងនោះ​ដែរកីឡា​ជាច្រើន​ប្រភេទ ដូចជា​កីឡា​ប្រដាល់​ក្បាច់គុន​បុរាណខ្មែរ​ជាដើម ក៏ជា​មរតក​មួយដ៏សំខាន់​ដែលបុព្វ​បុរសខ្មែរ​បាន បន្សល់​ទុកសម្រាប់​កូនចៅ​ជំនាន់​ក្រោយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ទ្រឿង សុសសាយ ជា​គ្រូបង្ហាត់​ប្រដាល់​នៃក្លឹប​ប្រដាល់​អគ្គបញ្ជា​ការលើ​ផ្ទៃ​ប្រទេស បាន​រៀបរាប់​ជូនមិត្ដ​អ្នកអាន តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង អំពី​ក្បាច់គុន​បុរាណ​ខ្មែរ។

ប្រវត្ដិក្បាច់គុនបុរាណខ្មែរ

ក្បាច់គុន​បុរាណ​ខ្មែរជាក្បាច់​គុនមួយ​ដែលបាន​បន្សល់​ទុកមក​ជាយូរយារ​ណាស់​មកហើយ ហើយ​ក៏ពុំមាន​កាលបរិច្ឆេទ​ច្បាស់ លាស់​អំពីកំណរ​កំណើត​ឡើយ ប៉ុន្ដែ​គ្រាន់តែដឹង​ថាវា​មាន​កំណើត​តាំងពី​មុនស​ម័យអង្គរ​មកម្ល៉េះ ជាក់​ស្ដែង​ដូចជា​មានគំនូរ​ដែល​បុព្វបុរសខ្មែរ​បាន​ចារឹកទុក​នៅលើ​ប្រាសាទអង្គរ​ធំជា​ដើម។ ក្បាច់គុន​បុរាណ​ខ្មែរ គឺ​ជាក្បាច់​គុនខ្មែរពិតៗ​ដែលបាន​បង្កើត​ឡើងដោយ​ពុំមាន ការចម្លង ឬ​យកលំនាំ​តាម​បរទេស​ឡើយ។ ដើម​ឡើយ​ក្បាច់​គុនបុរាណខ្មែរ​ត្រូវបាន​គេរៀបចំ និង​មានការ​ប្រកួត​សម្រាប់​កម្សាន្ដ​នៅ ក្នុង​ពិធីបុណ្យជាតិ ឬ​ពិធីបុណ្យធំៗ​តែ​ប៉ុណ្ណោះ។ ជា​ប្រពៃណី​រៀបចំ​ប្រកួត​ថ្វាយ​មហាក្សត្រ​ទត ដូចជា​នៅក្នុង​ពិធីបុណ្យ​ជាតិ បុណ្យ ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ជាដើម។

ប្រភេទក្បាច់គុនបុរាណខ្មែរ

ក្បាច់គុន​បុរាណខ្មែរ​មានច្រើន​ប្រភេទ ដូចជា​ក្បាច់​ល្បុក្កតោ ក្បាច់ទ្វារ​ប្រាំបី ក្បាច់​ប្រឡែងកែវ ក្បាច់​ខ្លាក្រាប ក្បាច់​គ្រុឌឆក់ នាគ ក្បាច់​ស្វាញាក់ ក្បាច់​ប្រដាល់​ជាដើម។ ដោយឡែក​ក្បាច់គុន​ដំបង ក្បាច់គុនដាវ និង​ក្បាច់គុន​លំពែងវិញ មាន​នៅក្នុង​ក្បួនទ័ព សម្រាប់​ធ្វើសង្គ្រាម ឬ​មានប្រើ​ចំពោះ​តែកងទ័ព​នៅសម័យ​បុរាណ​តែប៉ុណ្ណោះ។

ត្រូវចាប់​ផ្ដើមហាត់​នៅអាយុ​ប៉ុន្មាន?

ជាចាំបាច់​អ្នកហាត់​ត្រូវមាន​គុណសម្បត្ដិ​គ្រប់គ្រាន់ ដើម្បី​ឱ្យការហាត់​ទទួលបាន​នូវភាព​ជោគជ័យ និង​ខ្លាំងក្លា។ អ្នកដែល អាច​ចូលមក​ហ្វឹកហាត់​ក្បាច់គុន​បុរាណខ្មែរ​បាន គួរតែ​ជាអ្នក​ដែលមាន​សុខភាពល្អ រាងកាយ​មាំមួន និង​ស្មារតី​ចងចាំ​បានល្អ។ ព្រោះអ្នក ហាត់​ត្រូវចង​ចាំរាល់​ការណែនាំ​របស់គ្រូថា​គួរធ្វើ​យ៉ាង​ណាល្អ យ៉ាង​ណាមិនល្អ ជាពិសេស​អ្នកហាត់​ត្រូវមាន​ភាពអំណត់ តស៊ូ និង​ព្យាយាម។ ម្យ៉ាងទៀត​អ្នកហាត់​ត្រូវបរិភោគ​ឱ្យបាន​គ្រប់គ្រាន់ និង​ជ្រើសរើស​អាហារណា​ដែលមាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព ជាពិសេស​ជាជំនួយ​ថាមពល។ ការហ្វឹកហាត់​អាចមាន​ផលប៉ះពាល់​ទៅលើ​បញ្ហា​សុខភាព ជួនកាល​អាចផ្ដល់​ជាគុណវិបត្ដិ​សម្រាប់​រាងកាយ សុខភាព និង ការលូតលាស់​សរីរាង្គ។ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ គួរចាប់​ផ្ដើមហាត់​នៅអាយុ​១៤ឆ្នាំ ព្រោះ​ថាក្នុង​វ័យ១៤ឆ្នាំនេះ កំពុង​មាន​កម្លាំង ថាមពល​រឹងមាំ និង​មាំមួន​ល្អ។ ឯការ​ប្រើប្រាស់​ប្រាជ្ញា និង​ការទទួល​យកនូវ​ការពន្យល់​ណែនាំពី​សំណាក់​លោកគ្រូ​ក៏មាន​លក្ខណៈ​រហ័ស រហួន ឆាប់ទទួល​យកបាន មាន​អារម្មណ៍ និង​ស្មារតីចងចាំ​បានល្អ។ ម្យ៉ាងវិញ​ទៀត​វ័យជំទង់​ជាវ័យ​មួយដែល​កំពុងតែ​មានការលូត លាស់​ទាំងផ្នែក​ខួរក្បាល និង​រូបរាង​កាយ។ ប្រសិនបើ​ចាប់ផ្ដើម​ហាត់នៅ​អាយុក្រោម​១៤ឆ្នាំនេះ វាអាច​ធ្វើឱ្យប៉ះ​ពាល់ដល់​សុខភាព និង​ការលូត​លាស់។ ព្រោះការប្រឹង​ហាត់ទាំង​បង្ខំអាច​ធ្វើឱ្យបាក់​កម្លាំង ពុំមាន​ការរីក​ចម្រើន បែរជា​ថយចុះ​ផ្នែកសុខភាព​រាងកាយទៅ វិញ។ ដូចនេះ​អ្នកហាត់​គួរតែ​មានអាយុចាប់​ពី១៤ឆ្នាំឡើង ទើបទទួល​បានលទ្ធ​ផលល្អ។

របៀបហាត់​ក្បាច់ប្រដាល់​បុរាណខ្មែរ

  • ដំណាក់​កាលដំបូង ឬ​មូលដ្ឋាន ៖ ជាដំណាក់​កាលចូល​ហាត់ក្បាច់​គុនបុរាណខ្មែរ​(ក្បាច់ប្រដាល់) ដែលអ្នក​ហាត់ត្រូវ​តែយក ចិត្ដទុក​ដាក់ឱ្យ​បានខ្ពស់។ នេះជា​ដំណាក់កាល​កម្ដៅ​សាច់ដុំ អ្នកហាត់​ត្រូវរៀបចំ​ចលនា​នៃរាង​កាយ ដូចជា​ការហាត់​ពីរបៀប​ឈរ វាយ ខ្យល់ បច្ចេកទេស​ជំហរប្រយុទ្ធ យុទ្ធសាស្ដ្រ​ការពារ ឬ​ការដក​ថយ។
  • ដំណាក់​កាលហ្វឹក​ហាត់ ៖ នៅពេល​ឆ្លងកាត់​ដំណាក់​កាលដំបូង​បាន​ជោគជ័យ​ហើយ ត្រូវឈាន​ចូលដល់​ដំណាក់​កាលមួយ ទៀត​ជាការហ្វឹក​ហាត់ ឬ​ដំណាក់កាល​បន្ដឹង​ទៅលើ​បច្ចេកទេស ហាត់​របៀបវ៉ៃ បច្ចេកទេស​វាយលុក ឬ​ការពារ បច្ចេកទេស​ធ្វើឱ្យមាន ថាមពល​ខ្លាំង និង​បច្ចេកទេស​ធ្វើឱ្យមាន​ស្មារតីល្អ។ និយាយរួម​ជាដំណាក់​កាល​នៃការហាត់​យ៉ាងខ្លាំង​ក្លា។

ការប្រកួតក្បាច់ប្រដាល់បុរាណខ្មែរ

ការប្រកួត​ក្បាច់គុន​បុរាណខ្មែរ​មានលក្ខណៈ​ខុសគ្នា​រវាងសម័យ​បច្ចុប្បន្ន និង​សម័យ​បុរាណ។ ក្នុង​សម័យ​បុរាណ ការ​ប្រកួត ក្បាច់​គុននេះ​រៀបចំ​នៅលើ​វាលស្មៅ ឬ​ទីវាល​ណាមួយ​តែប៉ុណ្ណោះ ដោយ​ពុំមាន​ការរៀបចំ​ជាសង្វៀន​ខ្ពស់ដូច​សម័យ​បច្ចុប្បន្ន​ឡើយ។ ប៉ុន្ដែ​ពេលខ្លះ​ក៏ឃើញ​មានធ្វើ​ជាសង្វៀន ដោយ​គ្រាន់តែ​ជីកដាំ​ជាបង្គោល​ព័ទ្ធជុំវិញ និង​ព័ទ្ធដោយ​ខ្សែជា​របៀបសីមា។ ចំពោះ​សម្លៀក បំពាក់​ក្នុងការ​ប្រកួត កីឡាករ​ត្រូវស្លៀក​ខោក្បិន គ្មានអាវ និង​មានស្រាក់​អំបោះឆៅ​ជារាង​គូទខ្ចៅ ដែល​លាយ​បាយកក និង​ទឹក បប​រសម្រាប់​ពាក់​នៅដៃ ពេលខ្លះ​ក៏ឃើញ​មានរុំ​នៅនឹង​ដើមដៃ និង​មានចង​នឹងក្បាល​ផងដែរ។ ការ​ប្រកួត​មានប្រើ​មន្ដអាគម​ផងដែរ រហូត​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​របួសធ្ងន់ ឬ​បាត់បង់​ជីវិត​ក៏មាន។ បច្ចុប្បន្ន​នេះ ដោយ​មានការរីក​ចម្រើន​ខាងផ្នែក​សម្ភារៈ ធ្វើឱ្យ​លក្ខណៈ​នៃការ​ប្រកួត​មានការ​ប្រែប្រួល។ ការប្រកួត​ត្រូវបាន រៀបចំ​ឱ្យមាន​ជាការ​ប្រកួត​នៅលើឆាក ឬ​សង្វៀន​ខ្ពស់ មាន​ស្លៀក​ខោជើងខ្លី មានពាក់​ហ្គង់​នៅដៃ និង​មានពាក់​ស្នាប់​នៅដើម​ដៃផង​ដែរ ជាពិសេស​គឺមិន​មានប្រើ​មន្ដអាគម​ដូចសម័យ​បុរាណទេ គឺ​ប្រកួត​ដោយ​ប្រើកម្លាំង និង​ថាមពល​ខ្លួនឯង​ផ្ទាល់។

ការប្រកួត​មិនអាច​ធ្វើដោយ​ពុំមាន​ការរៀបចំ​ទុកជា​មុននោះឡើយ។ ពោល​ត្រូវរៀប​ចំឱ្យបាន​ត្រឹមត្រូវ​ជាមុនសិន ដូចជា ការរៀបចំ​តម្រូវ​គូប្រកួត ទម្ងន់​របស់កីឡា​ករជា​ដើម។ ព្រោះបើ​ទម្ងន់​របស់កីឡាករ​ខុសគ្នា​ខ្លាំងពេក មិន​អាច​អនុញ្ញាត​ឱ្យធ្វើការ​ប្រកួត បានទេ។ កីឡាករ​ប្រកួត​ត្រូវតែ​មានទម្ងន់​ប្រហាក់​ប្រហែលគ្នា មិនត្រូវ​លើសគ្នា​ឆ្ងាយពេក យ៉ាង​ច្រើន​ត្រឹមកន្លះ​គីឡូក្រាម​ប៉ុណ្ណោះ។

គុណប្រយោជន៍ និងគុណវិបត្ដិ​របស់ក្បាច់គុន​បុរាណខ្មែរ

ក្រៅពីហាត់​ដើម្បីការ​ប្រកួត និង​កេរ្ដិ៍ឈ្មោះ​ក្នុងវិស័យ​កីឡា ការហាត់​ក្បាច់គុន​បុរាណ​ខ្មែរអាច​ជួយឱ្យ​មានសុខភាព​ល្អ រាង កាយរឹងមាំ និង​មានកម្លាំង​ខ្លាំងក្លា។ ចំណេះក្បាច់​គុន​នេះអាច​ជាមធ្យោ​បាយសម្រាប់​ការពារ​ខ្លួន។ ដើម្បីឱ្យ​មានសុខភាពល្អ មនុស្សគួរ តែ​បញ្ចេញ​ញើស​មួយថ្ងៃ​ឱ្យបាន​ពីរដង ហើយត្រូវ​ហាត់​ប្រាណ​ជាប្រចាំ។ អ្នកហាត់​មិនសម្រាប់​ប្រកួត ក៏ត្រូវ​តែមាន​ការហ្វឹក​ហាត់ជា​ប្រចាំដែរ។ ប្រសិនបើ​មិនធ្វើ​ដូច្នោះ​ទេ អាចធ្វើ​ឱ្យចុះថយ​កម្លាំង និង​អាចបណ្ដាល​ឱ្យទៅជា​ឈឺក៏សឹង​មាន។

ពុំមាន​គុណវិបត្ដិណា​មួយកើត​ឡើងចំពោះ​អ្នកហាត់​ក្បាច់គុន​បុរាណខ្មែរ​នេះទេ ប្រសិនបើ​ធ្វើការហាត់​បានត្រឹមត្រូវ និង ទៀតទាត់។ ប៉ុន្ដែ​វាអាចធ្វើ​ឱ្យប៉ះពាល់​ដល់សុខភាព និង​រូបរាងកាយ ប្រសិនបើ​ធ្វើការ​ហាត់ច្រើន​ពេកហួស​កម្លាំង ឬ​ក៏ហ្វឹក​ហាត់មិន ទៀតទាត់​ពេលវេលា ទទួលទាន និង​សម្រាក​មិនបាន​គ្រប់គ្រាន់។ ម្យ៉ាងទៀត​ក៏មិនធ្វើ​ឱ្យមាន​ផលប៉ះពាល់​អ្វីដែរ ប្រសិនបើ​អ្នកហាត់ មិនប្រើ​ប្រាស់​គ្រឿងញៀន និង​គ្រឿងស្រវឹង។

ដំបូន្មានអ្នកប្រឹក្សា

សូម​សំណូមពរ​ដល់ប្រជាពលរដ្ឋ និង​អ្នកហាត់​ទាំងឡាយ គួរគប្បី​កុំប្រព្រឹត្ដ​នូវអំពើ​អបាយមុខ​ទាំងឡាយ​គ្រប់ប្រភេទ ពិសេស​គ្រឿងញៀន។ សូមឱ្យ​ចៀសវាង​ដើម្បី​អនាគត​ខ្លួនផ្ទាល់ និង​ក្លាយ​ជាពលរដ្ឋ​ដ៏ល្អម្នាក់។ សូមឱ្យ​កីឡាករ​ទាំងអស់​ខិតខំហាត់ រៀន​ដោយយកចិត្ដ​ទុកដាក់​រាល់ចំណុច​ល្អៗទាំងឡាយ និង​ថែរក្សា​សុខភាព​ឱ្យបាន​មាំមួន​ជានិច្ច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *