យុទ្ធនា​ការ​កែលម្អ និង​សម្អាត​ទីក្រុង

បរិស្ថាន​ស្អាត សុខភាព​ល្អ។ ការរស់​នៅក្នុង​មជ្ឈដ្ឋាន​សង្គម ប្រសិន​បើ​បរិយាកាស​ជុំវិញ មានភាព​អាប់​អួរ នោះគឺមិន​មានផល​ល្អ​ទេ សម្រាប់​សុខភាព​ផ្លូវ​ដង្ហើម។ ខ្យល់​អាកាស​ល្អ ក៏ជា​កត្តា​សំខាន់​ដ៏ល្អ​មួយ សម្រាប់​សុខភាព​បន្ទាប់​ពី កត្តា​អនាម័យ​ចំពោះ​ចំណី​អាហារ។ បើ​កាល​ណា​បរិស្ថាន​ជុំវិញ​ផ្ទះ​របស់​លោក​អ្នក មាន​ផាសុកភាព នោះសុខភាព​ផ្លូវ​ដង្ហើម និង​ជីវិត​សុខភាព​របស់​លោក​អ្នក​ក៏ទទួល​បាន​ផាសុកភាព​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​គ្រប់​ក្រុង ខណ្ឌ​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​នេះ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

សួន​ច្បារ​សាធារណៈ​មួយ​ចំនួន ​ត្រូវ​បាន​សម្អាត​ក្នុង​ផែនការ​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត។ ផែនការ​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​នៅ​រាជធានី​ភ្នំពេញ គឺ​តម្រូវឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង៩​ យកចិត្ត​ទុកដាក់ លើ​ការ​កែលម្អ​ប្រព័ន្ធ​លូ​ទឹក​ស្អុយ ការ​កែ​លម្អ​ផ្លូវ​ថ្នល់ សម្អាត​សួន​ច្បារ​សាធារណៈ និង​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​រយៈ​ពេល ៣ឆ្នាំ តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

សាលា​ក្រុង​ភ្នំពេញ ​កំពុង​តែ​អនុវត្ត​ផែនការ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​រយៈពេល ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ២០១៥ ក្នុងការ​កែលម្អ និង​សម្អាត​ទីក្រុង ដើម្បី​ត្រៀម​ធ្វើការ​ប្រឡង​ប្រណាំង​ទីក្រុងស្អាត​នៅប្រទេស​កម្ពុជា។ ទីក្រុង​នានា​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​ចូលរួម​អនុវត្ត​តាម​ផែនការ​ទីក្រុង​ស្អាត​នោះ មាន​ដូចជា​ទីក្រុង​ភ្នំពេញ ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ និង​ក្រុង​សួង ខេត្ត​កំពង់ចាម និង​ទីក្រុង​មួយ​ចំនួនផ្សេង​ទៀត។ ផែនការ​នេះ​ត្រូវ​បាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​អនុវត្ត នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លងទៅ​នេះ។

វិធាន​ការណ៍​នានា ដើម្បី​ធ្វើឲ្យ​ទីក្រុង​ស្អាត​នោះ​គឺ​រាប់បញ្ជូល​ទាំង​ការមិន​ឲ្យ​មាន​ថង់​ប្លាស្ទិក និង​ក្រដាស​សម្រាម​នៅ​តាម​ទី​សាធារណៈ។ ការ​បញ្ឈប់​មិន​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ដុត​គោ ដាក់​លក់​តាម​ដង​ផ្លូវ​សាធារណៈជាដើម។ ជា​ពិសេស​រដ្ឋាភិបាល​កម្ពុជាក៏​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​មួយ ដើម្បី​វាយ​តម្លៃ​ការ​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​នេះផង​ដែរ។

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ការ​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ។ ពីព្រោះ​វា​មាន​ការ​ពាក់ព័ន្ធ​គ្នា​ជុំវិញ​ការ​ថែរក្សា និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​មិន​ឲ្យ​មាន​អំពើ​ចោរកម្ម លួច ឆក់ប្លន់ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ជួញដូរ​គ្រឿង​ញៀន​ជាដើម។

សូម​គូស​បញ្ជាក់​ផងដែរ​ថា សម្រាម​នៅ​ទីក្រុង​ភ្នំពេញ​ទាំងមូល​មាន​ប្រមាណ ១៦០០តោន ដែល​ត្រូវ​បាន​ប្រមូល​ទៅ​ចាក់​ចោល​ជា​រៀង​រាល់ថ្ងៃ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៦ មេសា ឆ្នាំ​ ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *