បរិស្ថានស្អាត សុខភាពល្អ។ ការរស់នៅក្នុងមជ្ឈដ្ឋានសង្គម ប្រសិនបើបរិយាកាសជុំវិញ មានភាពអាប់អួរ នោះគឺមិនមានផលល្អទេ សម្រាប់សុខភាពផ្លូវដង្ហើម។ ខ្យល់អាកាសល្អ ក៏ជាកត្តាសំខាន់ដ៏ល្អមួយ សម្រាប់សុខភាពបន្ទាប់ពី កត្តាអនាម័យចំពោះចំណីអាហារ។ បើកាលណាបរិស្ថានជុំវិញផ្ទះរបស់លោកអ្នក មានផាសុកភាព នោះសុខភាពផ្លូវដង្ហើម និងជីវិតសុខភាពរបស់លោកអ្នកក៏ទទួលបានផាសុកភាពផងដែរ។ ហេតុដូច្នេះហើយ ទើបអាជ្ញាធរគ្រប់ក្រុង ខណ្ឌបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
![យុទ្ធនាការកែលម្អ និងសម្អាតទីក្រុង](http://www.healthcambodia.com/wp-content/uploads/2012/04/DSC07305-300x242.jpg)
សួនច្បារសាធារណៈមួយចំនួន ត្រូវបានសម្អាតក្នុងផែនការប្រកួតប្រជែងទីក្រុងស្អាត។ ផែនការប្រកួតប្រជែងទីក្រុងស្អាតនៅរាជធានីភ្នំពេញ គឺតម្រូវឲ្យអាជ្ញាធរខណ្ឌទាំង៩ យកចិត្តទុកដាក់ លើការកែលម្អប្រព័ន្ធលូទឹកស្អុយ ការកែលម្អផ្លូវថ្នល់ សម្អាតសួនច្បារសាធារណៈ និងធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរយៈពេល ៣ឆ្នាំ តាមផែនការដែលបានគ្រោងទុក។
សាលាក្រុងភ្នំពេញ កំពុងតែអនុវត្តផែនការ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ក្នុងការកែលម្អ និងសម្អាតទីក្រុង ដើម្បីត្រៀមធ្វើការប្រឡងប្រណាំងទីក្រុងស្អាតនៅប្រទេសកម្ពុជា។ ទីក្រុងនានានៅប្រទេសកម្ពុជា ដែលត្រូវចូលរួមអនុវត្តតាមផែនការទីក្រុងស្អាតនោះ មានដូចជាទីក្រុងភ្នំពេញ ក្រុងបាវិត ខេត្តស្វាយរៀង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងសួង ខេត្តកំពង់ចាម និងទីក្រុងមួយចំនួនផ្សេងទៀត។ ផែនការនេះត្រូវបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអនុវត្ត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។
វិធានការណ៍នានា ដើម្បីធ្វើឲ្យទីក្រុងស្អាតនោះគឺរាប់បញ្ជូលទាំងការមិនឲ្យមានថង់ប្លាស្ទិក និងក្រដាសសម្រាមនៅតាមទីសាធារណៈ។ ការបញ្ឈប់មិនឲ្យមានការធ្វើអាជីវកម្មដុតគោ ដាក់លក់តាមដងផ្លូវសាធារណៈជាដើម។ ជាពិសេសរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតឲ្យមានគណៈកម្មាធិការជាតិមួយ ដើម្បីវាយតម្លៃការប្រលងប្រណាំងទីក្រុងស្អាតនេះផងដែរ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ការប្រលងប្រណាំងទីក្រុងស្អាតនេះ គឺជាផ្នែកមួយនៃផែនការភូមិឃុំមានសុវត្ថិភាពផងដែរ។ ពីព្រោះវាមានការពាក់ព័ន្ធគ្នាជុំវិញការថែរក្សា និងការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានមិនឲ្យមានអំពើចោរកម្ម លួច ឆក់ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរគ្រឿងញៀនជាដើម។
សូមគូសបញ្ជាក់ផងដែរថា សម្រាមនៅទីក្រុងភ្នំពេញទាំងមូលមានប្រមាណ ១៦០០តោន ដែលត្រូវបានប្រមូលទៅចាក់ចោលជារៀងរាល់ថ្ងៃ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២៦ មេសា ឆ្នាំ ២០១២
Leave a Reply