ការបង្ក្រាបអំពើជួញដូរមនុស្ស ទៅលើប្រជាជនកម្ពុជាស្លូតត្រង់ គឺវិធានការមួយដ៏ម៉ឺងម៉ាត់បំផុតដែលរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអង្គការជាតិ និងអន្តរជាតិត្រូវយកចិត្តទុកដាក់ជាការចាំបាច់។ ហេតុដូចនេះ ការចូលរួមពីគ្រប់មជ្ឈដ្ឋានសង្គម ក៏ជារឿងត្រឹមត្រូវមួយផងដែរ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវតែសហការជាមួយកម្លាំងមានសមត្ថកិច្ចក្នុងការចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស។
សាលារាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលារៀបចំផែនការថ្នាក់រាជធានីភ្នំពេញ ក្នុងការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវ-កម្មពលកម្ម និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ២០១២-២០១៣ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២។
លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ចាប់ផ្តើមបើកអង្គសិក្ខាសាលាថា សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងប្រមូលផ្តុំនូវគំនិតល្អៗ ដើម្បីរៀបចំផែនការថ្នាក់រាជធានីភ្នំពេញក្នុងការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្ម និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ឆ្នាំ២០១២-២០១៣និងស្នើសុំអោយលេខាធិការដ្ឋានថ្នាក់រាជធានីបង្កើតក្រុមការងារឱ្យស្របតាមខ្លឹមសារអនុក្រឹត្យលេខ១៦២ អនក្រ បក. ចុះថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ អង្គសិក្ខាសាលាបានធ្វើការពិភាក្សានិងស្តាប់ពីលទ្ធផលនៃការពិភាក្សាលើប្រធានបទចំនួន៤ គឺការពង្រឹងការអនុវត្តគោលនយោបាយ និងកិច្ចសហប្រតិបត្តិការ ការងារបង្កាទប់ស្កាត់ ការងារអនុវត្តច្បាប់ និងយុត្តិធម៌ព្រហ្មទណ្ឌ និងការផ្តល់កិច្ចការពារជនរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័ររាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៍បានជម្រាបអង្គប្រជុំជ្រាបថាឆមាសទី១ ឆ្នាំ២០១២នេះ គណៈកម្មាធិការដឹកនាំការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារបានបង្ក្រាបករណីល្មើសចំនួន២៨ករណី និងចាប់តាមដីកាចំនួន០១លើក ឃាត់ខ្លួនជនល្មើសចំនួន៣១នាក់ ក្នុងនោះមានស្រី០៨នាក់ (ជនជាតិខ្មែរ ០៥នាក់ វៀតណាម០៣នាក់ )។ លោកបានបញ្ជាក់ជូនសិក្ខាសាលាថា ការទទួលជោគជ័យនេះដោយសារយើងមានមូលដ្ឋានច្បាប់ មានកិច្ចសហការល្អរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការគ្រប់គ្រងហ្មត់ចត់តាមបណ្តាទីតាំងអាជីវកម្ម និងមានការសហការគ្នាល្អជាមួយបណ្តាអង្គការជាដៃគូ។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជាពុំទាន់ចាប់ខ្លួនជនល្មើស និងមុខសញ្ញាប្រព្រឹត្តិល្មើស ដែលមានដីកាចាប់ខ្លួនយកទៅ ផ្តន្ទាទោសអស់នៅឡើយ ហើយការរំលោភសេពសន្ថវៈនៅតែកើតមានជាបន្តបន្ទាប់ ព្រោះការអនុវត្តច្បាប់នៅមានកម្រិត។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៏ស្វាគមន៍និងបានកោតសរសើរចំពោះកងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែល បានខិតខំពុះពារការងារដោយពុំគិតពីការនឿយហត់ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តម ក៏បានសង្ឃឹមយ៉ាងមុខមាំថា មន្ត្រីអនុវត្តច្បាប់ទាំងអស់ច្បាស់ជាយកចិត្តទុកដាក់ និងខិតខំអនុវត្តផែនការដែលនឹងប្រសូត្រចេញនាពេលខាងមុខដោយការខិតខំរបស់អស់ លោក លោកស្រីដែលជាសិក្ខាកាម ដើម្បីធ្វើឱ្យរាជធានីភ្នំពេញរបស់យើងក្លាយជាទីក្រុង ដែលមានប្រពៃណីវប្បធម៌ល្អរុងរឿង ប្រជាពលរដ្ឋគ្រប់គ្នានឹងមានសុជីវធម៌ ចេះគោរពរាប់អានគ្នា មិនប្រើអំពើហិង្សាគំនុំគុំគួន ជារាជធានីនីតិរដ្ឋ ជារាជធានីដែលមានសន្តិសុខសុវត្ថិភាពពេញលេញ មានសកម្មភាព ទេសចរណ៍រស់រវើក មានការវិនិយោគទុនគ្រប់វិស័យ និងមានវឌ្ឈន៍ភាពប្រកបដោយចីរភាព។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្តមានប្រសាសន៍មុននឹងបិទអង្គសិក្ខាសាលា ដោយបានផ្តល់អនុសាសន៍ដូចខាងក្រោម៖
1. លេខាធិការដ្ឋានរាជធានីភ្នំពេញត្រូវធ្វើការបូកសរុប ដើម្បីរៀបចំផែនការ ថ្នាក់រាជធានីភ្នំពេញក្នុងការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មនិងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ២០១២-២០១៣ ហើយផ្អែកលើផែនការនេះគ្រប់ជំនាញពាក់ព័ន្ធ អាចអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ការជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្ម និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ។
2. ជំនាញពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញដើម្បីងាយ ស្រួលដល់ការគ្រប់គ្រង និងធ្វើផែនការអភិវឌ្ឈន៍ ។
3. សូមថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបអំពើជួញដូរគ្រប់ប្រភេទ និងរក្សាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីយើងក្លាយ ជាទីក្រុងដែលមានសុវត្ថិភាពល្អ៕
អត្ថបទដោយ ៖ សៀង វីរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២
Leave a Reply