គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៤ មិថុនា ឆ្នាំ ២០១២ បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣។ គណបក្សចំនួន៧ ក្នុងចំណោមគណបក្សចំនួន១០ បានទទួលអាសនៈក្នុងការបោះឆ្នោតនេះ។ ប៉ុន្តែ គណបក្សដែលទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់នោះ មានតែ ៤ គណបក្សទេ គឺគណបក្សប្រជាជន គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សហ៊្វុនស៊ិនប៉ិច។ ស្របពេលជាមួយគ្នានេះ ប្រទេសកម្ពុជា និងវៀតណាមក៏ធ្វើការសម្ភោធបង្គោលព្រំដែនលេខ៣១៤នៅខេត្តកំពតផងដែរ។
លទ្ធផលបោះឆ្នោតជាផ្លូវការបង្ហាញថា មានគណបក្សចំនួន៧ បានទទួលអាសនៈ នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាបានទទួល ៨,២៩២ អាសនៈ គណបក្សសម រង្ស៊ី ២,១៥៥ អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៥១ អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ៥២ អាសនៈ គណបក្ស សិទ្ធិមនុស្ស៨០០ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ៨ អាសនៈ និងគណបក្សសញ្ជាតិកម្ពុជា ១ អាសនៈ។ នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. លោក ទេព នីថា នៅថ្ងៃទី ២៤ មិថុនា មានប្រសាសន៍ថា លទ្ធផលបោះឆ្នោត បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយជាតិ មានទូរទស្សន៍ជាតិ និងវិទ្យុជាតិ។ លោកបន្តថា គណបក្សកាន់អំណាចមានជោគជ័យច្រើនក្នុងការបោះឆ្នោតនេះ៖ «គណបក្សប្រជាជនកម្ពុជា ទទួលបាន ១.៥៩២ មេឃុំ-ចៅសង្កាត់ គណបក្ស សម រង្ស៊ី២២ មេឃុំ-ចៅសង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ១ មេឃុំ -ចៅសង្កាត់ និងគណបក្ស សិទ្ធិមនុស្ស ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន ១៨ មេឃុំ -ចៅសង្កាត់។ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានការប្រែប្រួលខ្លះ តែមិនបានធ្វើឲ្យប៉ះពាល់ដល់ការបែងចែកអាសនៈនោះទេ បើប្រៀបធៀបទៅនឹងលទ្ធផលបណ្ដោះអាសន្ន »។ លទ្ធផលបោះឆ្នោតបង្ហាញថា បក្សប្រឆាំងសម រង្ស៊ី នឹងបានដំណែងមេឃុំ ២២ សង្កាត់ទូទាំងប្រទេស នៅខេត្តស្ទឹងត្រែង១ ឃុំ សៀមរាប២ឃុំ នៅរតនៈគីរី១ឃុំ ព្រៃវែង២ឃុំ ព្រះវិហារ៧ឃុំ កំពង់ធំ២ឃុំ កំពង់ស្ពឺ១ឃុំ កំពង់ឆ្នាំង១ឃុំ និងកំពង់ចាម ៥ ឃុំ។
រីឯគណបក្ស ហ្វ៊ុនស៊ុនប៉ិច បានដំណែង១ឃុំ។ គណបក្ស សិទ្ធិមនុស្ស ទទួលបានដំណែងមេឃុំចំនួន១៨ នៅទូទាំង ប្រទេសដូចជា នៅខេត្តព្រៃវែងទទួលបាន១០ឃុំ កំពង់ចាម៧ឃុំ និងខេត្តកំពត១ឃុំ។ ដោយឡែក គណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាច ទទួលបានតំណែងជាមេឃុំ និងចៅសង្កាត់ នៅគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស គឺមានចំនួន ១.៥៩២ ឃុំសង្កាត់។ ទន្ទឹមគ្នានេះដែរ ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្សទទួលស្គាល់នូវលទ្ធផលផ្លូវការនៃការបោះឆ្នោត ដែលគណបក្សលោកទទួលបាននេះ។ តែទោះជាយ៉ាងណាក្ដី គណបក្សសិទ្ធិមនុស្ស នៅតែស្នើឲ្យដូរសមាសភាពគណកម្មាជាតិរៀបចំការបោះឆ្នោត។ លោក កឹម សុខា៖ «យើងប្រកាសទទួលយកលទ្ធផលដែលរាស្ត្របោះឲ្យយើង។ លទ្ធផលដែលគណបក្សកាន់អំណាចទទួលបាន ដោយការបោះឆ្នោតមួយមិនថ្លៃថ្នូរ និងទាមទារសម្រាប់ការបោះឆ្នោតទៅមុខទៀត»។
គណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា អង្គការខុមហ្រ្វែល (Comfrel) បានចេញរបាយការណ៍សង្កេតដំណើរការបោះឆ្នោតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ ដោយបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។ ប៉ុន្តែ មន្ត្រីការិយាល័យបោះឆ្នោតមួយចំនួន មានបញ្ហាបច្ចេកទេសខ្លះៗ ដែលរាំងស្ទះដល់ដំណើរការបោះឆ្នោតនៅតាមការិយាល័យទាំងនោះ។ បើតាមច្បាប់បោះឆ្នោតកម្ពុជាបង្ហាញថា បេក្ខជនដែលជាប់ជាក្រុមប្រឹក្សាឃុំ សង្កាត់មកពីគ្រប់គណបក្សនឹងចូលកាន់ការងារថ្មីរបស់ខ្លួន នៅក្នុងអំឡុងពេល ១៥ ថ្ងៃក្រោយពីការប្រកាសលទ្ធផលជាផ្លូវការរបស់ គ.ជ.ប។
ស្របពេលជាមួយគ្នានេះ នៅថ្ងៃទី២៤ ខែមិថុនាដដែលនេះ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមបានចូលរួមពីធីសម្ភោធបង្គោលព្រំដែនលេខ៣១៤ នៅខេត្តកំពតផងដែរ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងថា ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាការបញ្ចប់នូវបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយវានឹងនាំមកនូវភាពសុខសាន្ត និងការអភិវឌ្ឍន៍នៅតាមបណ្ដោយព្រំដែន។ ចំណែកឯនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក ង្វៀន តាន់ យ៉ុង ក៏បានថ្លែងសុន្ទរកថាស្ដីអំពីសារសំខាន់នៃការបោះបង្គោលកំណត់ព្រំដែនរវាងប្រទេសទាំងពីរដែរ។
ទោះយ៉ាងណាក្ដី ការម្ភោធនេះ មានប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានទទួលការសាទរ ហើយក៏មានប្រជាពលរដ្ឋមួយចំនួនសម្តែងការមិនពេញចិត្តផងដែរ ដោយហេតុថា កម្ពុជាត្រូវបាត់បង់ទឹកដីទៅឲ្យប្រទេសវៀតណាម។ ប្រធានគណបក្សសិទ្ធិមនុស្ស ជាគណបក្សប្រឆាំងមួយដែលកំពុងតែកើនប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា លោក កឹម សុខា បានឲ្យដឹងថា លោកមិនគាំទ្រចំពោះការបោះបង្គោលព្រំដែនជាលក្ខណៈទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនេះឡើយ។
សូមបញ្ជាក់ថា បង្គោលព្រំដែនលេខ៣១៤នេះ គ្រាន់តែជាបង្គោលចុងក្រោយនៃការចែកខណ្ឌសីមាដែនគោករវាងប្រទេសកម្ពុជា និងវៀតណាមប៉ុណ្ណោះ។ ប្រទេសទាំងពីរ នៅបន្តការកំណត់ព្រំដែនទឹកជាមួយគ្នាតទៅទៀត ដែលមិនទាន់បញ្ចប់នៅឡើយទេ។ ពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ គឺធ្វើឡើងចំពេលនៃខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២
Leave a Reply