មិនថាទីក្រុងឬជនបទឡើយ ជារឿយៗគេតែងសង្កេតឃើញថា មានករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋគួរឱ្យភ័យខ្លាច។ នៅពីក្រោយវិនាសកម្មនេះ គឺមានមូលហេតុផ្សេងៗគ្នា ក្នុងនោះភាគច្រើនក៏មានបង្កឡើងពីការធ្វេសប្រហែសកិច្ចការក្នុងចង្ក្រានបាយផងដែរ។ ករណីផ្ទុះធុងហ្គាស ឬឆេះដោយកន្ទុយអុស គ្រោះថ្នាក់ធ្ងន់មិនត្រឹមតែធ្លាក់លើសាមីម្ចាស់ផ្ទះប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ផ្ទះអ្នកជិតខាងផ្សេងទៀត។ ប៉ុន្ដែគ្រោះថ្នាក់ផ្ទះបាយមិនមែនទាល់តែមានកើតអគ្គិភ័យនោះទេ គឺរាប់បញ្ចូលនូវបញ្ហាអាក្រក់ផ្សេងទៀត។ មហន្ដរាយនេះអាចកើតឡើងបានគ្រប់ពេល ទោះមានមនុស្សនៅក៏ដោយ។
ទស្សនាវដ្ដី សុខភាពយើង លេខនេះបានជួបសម្ភាសជាមួយលោក អង់ សុគន្ថា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនម៉ូបាល់ប៉ា បកស្រាយអំពីគ្រោះថ្នាក់នៅក្នុងផ្ទះបាយជូនប្រិយមិត្ដស្វែងយល់ដើម្បីមានបម្រុងប្រយ័ត្ន។
ផ្ទះបាយ
ផ្ទះបាយសម្គាល់ទៅលើផ្នែកមួយដែលមនុស្សប្រើប្រាស់សម្រាប់ដាក់ចានឆ្នាំង ចង្ក្រាន គ្រឿងដណ្ដាំស្ល និយាយរួមគឺជា កន្លែងចុងភៅធ្វើម្ហូបអាហារ។ លើសពីនេះប្រជាពលរដ្ឋខ្មែរយើងក៏និយមហៅផ្ទះបាយថា ចង្ក្រានបាយ ឬបន្ទប់បាយ។ ពលរដ្ឋខ្មែរមិនសូវឱ្យតម្លៃទៅលើចង្ក្រានបាយទេ កន្លែងដណ្ដាំស្លច្រើនមានលក្ខណៈតូចចង្អៀត មិនសូវស្អាតបាតទេ។ តែបើជាបន្ទប់បាយឬកន្លែងទទួលទានវិញ ច្រើនធំទូលាយ ស្អាតបាត មានរបៀបរៀបរយ ឬអាចនិយាយបានថាពិសេសជាងចង្ក្រានបាយ ព្រោះអាចជាកន្លែងទទួលទានអាហារ ជួបមិត្ដភក្ដិស្និទ្ធស្នាលនិងជជែកលេងនៅទីនោះបានផងដែរ។
គ្រោះថ្នាក់ក្នុងផ្ទះបាយ
ការងារក្នុងផ្ទះបាយអាចកើតឡើងនូវគ្រោះថ្នាក់ជាយថាហេតុ ទោះលោកអ្នកកំពុងធ្វើជាចុងភៅក្ដី ឬមិននៅទីនោះក្ដី។ គ្រោះថ្នាក់តិចតួច ឬធំដុំអាចកើតឡើងបានដូចគ្នា។
- ការខូចបាក់បែកដោយរអិលធ្លាក់កម្រចៀសផុតណាស់ ថ្វីត្បិតតែមិនមានគ្រោះថ្នាក់ដល់មនុស្ស ប៉ុន្ដែការបែកបាក់ខូចខាត មិនមែនជារឿងប្រសើរសម្រាប់លោកអ្នកទេ
- ការមុតក៏អាចកើតឡើងចំពោះលោកអ្នកដែរ ប្រសិនបើធ្វេសប្រហែសពេលចិតបន្លែ ហាន់សាច់ជាដើម
- ការរលាកផ្សេងៗក៏អាចកើតមានដែរនៅពេលភ្លេច មិនប្រយ័ត្ន ចាប់ឬលើកឆ្នាំង ខ្ទះដែលក្ដៅ។ ហើយកន្លងមកក៏មាន ករណីក្មេងរលាកភ្លើង ទឹកក្ដៅជាដើម ដោយសារតែការធ្វេសប្រហែសរបស់អាណាព្យាបាល
- យូរៗម្ដងគេក៏តែងជួបប្រទះការផ្ទុះធុងហ្គាសដែរ ដោយសារមិនបានត្រួតពិនិត្យកំហូចធុងហ្គាស និងកត្ដាធ្វេសប្រហែស ផ្សេងទៀត
- ការឆាបឆេះដោយភ្លើងចង្ក្រានច្រើនកើតឡើងនៅរដូវរំហើយ មានខ្យល់ និងអាកាសធាតុក្ដៅ។
ផលប៉ះពាល់ពីគ្រោះថ្នាក់ផ្ទះបាយ
ពាក្យថាគ្រោះថ្នាក់មិនដែលនាំមកនូវផលល្អដល់លោកអ្នកឡើយ។ គ្រោះថ្នាក់ក្នុងផ្ទះបាយទោះតូចតាចក្ដី ធំដុំក្ដីសុទ្ធតែកើតឡើងដោយការធ្វេសប្រហែស ការដែលមិនទាន់ស្គាល់ច្បាស់ពីរបៀបប្រើរបស់របរក្នុងផ្ទះបាយ ពិសេសចំពោះឧបករណ៍បច្ចេកវិជ្ជាទំនើបៗ។ ការមុត រលាក ការបាក់បែករបស់របរ វាជាបញ្ហាមួយដែលនាំមកនូវភាពអពមង្គលរួចស្រេចទៅហើយ។ ត្រូវទិញរបស់ថ្មី ត្រូវព្យាបាល និងខាតបង់ថវិកា ប្រសិនបើករណីនោះកើតឡើងធ្ងន់ធ្ងរ ពិសេសទៅលើកូនក្មេង។ លើសពីនេះការផ្ទុះឆាបឆេះដល់គេហដ្ឋាន ជាវិនាសកម្មមួយដែលប្រជាពលរដ្ឋគ្រប់រូបខ្លាចរអាបំផុត។ ពេលមានករណីឆេះផ្ទះម្ដងៗ ជនរងគ្រោះមិនត្រឹមតែបាត់បង់ ទ្រព្យសម្បត្ដិប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានជម្ងឺផ្លូវចិត្ដថែមទៀត។ ព្រោះអ្វីៗដែលខំរកនិងខំសន្សំជាយូរមក ត្រូវរបេះបាត់ទៅមួយ រំពេចគ្មានសល់។ ករណីឆេះផ្ទះនេះជារឿយៗក៏មានគ្រោះថ្នាក់ដល់ជីវិតមនុស្សដែរ។ ដើម្បីជាការដាស់តឿនដល់មនុស្សគ្រប់រូប បុព្វបុរសខ្មែរយើងបានចងក្រងទុកនូវសុភាសិតមួយឃ្លាថា“សូវស្លាប់បាកុំឱ្យស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំឱ្យភ្លើងឆេះផ្ទះ”។
បម្រុងប្រយ័ត្នក្នុងផ្ទះបាយ
ដោយសារនៅក្នុងផ្ទះបាយមានវត្ថុ និងឧបករណ៍ប្រើប្រាស់ច្រើនប្រភេទ ដែលរបស់របរទាំងនោះអាចបង្កនូវគ្រោះថ្នាក់បានគ្រប់ពេល ខណៈលោកអ្នកធ្វេសប្រហែស។ ដូច្នេះលោកអ្នកគួរចេះប្រុងប្រយ័ត្ន។
- ពេលធ្វើម្ហូបមិនគួរឱ្យក្មេងតូចចូលទៅជាមួយទេ
- គួរស្គាល់ ចេះប្រើប្រាស់ឧបករណ៍ផ្សេងៗរបស់ចុងភៅឱ្យបានច្បាស់លាស់មុននឹងប្រើវា ជាពិសេសឧបករណ៍ទំនើបៗដែល ប្រើប្រព័ន្ធអគ្គិសនី
- ពេលប្រើប្រាស់ គួរប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួន ព្រោះរបស់ខ្លះបើមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើក៏អាចធ្វើឱ្យខូច ខាតបានផងដែរ
- មិនគួរភ្លេចភ្លាំងក្នុងការដាក់កម្ដៅចោលនូវម្ហូបអាហារផ្សេងៗឡើយ ពិសេសមុនពេលចាកចេញពីផ្ទះ
- គួរឧស្សាហ៍ពិនិត្យទុយោហ្គាស ធុងហ្គាសឱ្យស្ថិតក្នុងសុវត្ថិភាពល្អជានិច្ច ចំពោះទុយោហ្គាសអាចប្រេះ ឬដាច់ដោយប្រការណាមួយបាន ឬដោយសត្វល្អិតចង្រៃកកេរខាំ
- ចំពោះចង្ក្រានហ្គាស គួរទុកដាក់ឱ្យផុតពីដៃក្មេង និងគួរមួលបិទឱ្យជិតក្រោយពេលឈប់ប្រើប្រាស់ ព្រោះការធ្វេសប្រហែសទៅលើចង្ក្រានហ្គាសអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ
- រីឯលោកអ្នកដែលនៅប្រើចង្ក្រានធ្យូង ឬអុស ក៏គួរពន្លត់ភ្លើងឱ្យបានរៀបរយក្រោយពេលឈប់ធ្វើម្ហូប ពិសេសរដូវ រំហើយ ដែលមានខ្យល់បក់ខ្លាំង។
ដំបូន្មានអ្នកប្រឹក្សា
គ្រោះថ្នាក់ក្នុងផ្ទះបាយទោះតូចតាចក្ដី ធំដុំក្ដីសុទ្ធតែជាបញ្ហាដែលនាំមកនូវផលលំបាក។ ដូច្នេះសូមលោកអ្នកបំពេញភារកិច្ចដោយប្រុងប្រយ័ត្នបំផុត។ កត្ដាដែលគួរចៀសវាងដោយខានតែបាន គឺកុំយកក្មេងមិនទាន់ដឹងក្ដីឱ្យចូលផ្ទះបាយពេលបំពេញការងារ និងមិនត្រូវដើរចេញពីផ្ទះបាយពេលកំពុងដាំស្លនោះទេ។ បើមានប្រើឧបករណ៍ទំនើប គួរចេះប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកវិជ្ជា និងតាមការណែនាំរបស់អ្នកផលិត។ ជាពិសេសត្រូវទុកដាក់នូវរបស់ដែលងាយបង្កគ្រោះថ្នាក់ ឱ្យផុតពីដៃក្មេងដែលមិនទាន់ចេះប្រើប្រាស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply