កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០០៨ កន្លងទៅថ្មីៗនេះ គេបានរកឃើញមេរោគផ្ដាសាយបក្សី (H5N1) មាននៅលើយុវជនម្នាក់ដែលមានទីលំនៅស្ថិតនៅក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោកបានឱ្យដឹងថា នេះគឺជាករណីទី៨ហើយដែលជម្ងឺផ្ដាសាយបក្សីមានកើតចំពោះមនុស្សក្នុងប្រទេសកម្ពុជា។ស្ថានភាពរាលដាលថ្មី
ជម្ងឺគ្រុនផ្ដាសាយបក្សីបានផ្ទុះឡើងចាប់តាំងពីឆ្នាំ២០០៣ ដែលបង្កឡើងដោយមេរោគH5N1 កើតមានលើពពួកបសុបក្សី ហើយចម្លងមកមនុស្សដែលអាចធ្វើឱ្យបាត់បង់ជីវិតយ៉ាងឆាប់រហ័ស។ ចាប់តាំងពីឆ្នាំ២០០៥រហូតមកដល់ចុងឆ្នាំ២០០៧ ក្រសួង សុខាភិបាលបានធ្វើការស្រាវជ្រាវ និងរកឃើញអ្នកផ្ទុកមេរោគ H5N1 ដែលសង្ស័យថាបានកើតជម្ងឺគ្រុនផ្ដាសាយបក្សីចំនួន៧ករណី។
ដោយឡែកនៅឆ្នាំ២០០៨ នាពាក់កណ្ដាលខែធ្នូកន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាលបានរកឃើញមេរោគប្រភេទH5N1 មានកើតនៅលើយុវជនម្នាក់ ស្ថិតនៅក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាលដែលសង្ស័យថាជាជម្ងឺគ្រុនផ្ដាសាយបក្សី។ នេះ គឺជាករណីទី១នៃជម្ងឺគ្រុនផ្ដាសាយបក្សីហើយ ដែលរកឃើញនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០០៨។ ចាប់តាំងពីបានរកឃើញប្រភេទ មេរោគH5N1 រហូតមកដល់ពេលនេះក្រុមអ្នកអង្កេតស្រាវជ្រាវដែលដឹកនាំដោយក្រសួងសុខាភិបាលបានកំពុងស្ថិតនៅកន្លែងកើតហេតុដើម្បីកំណត់អ្នកដែលបានប៉ះពាល់ជាមួយនឹងអ្នកជម្ងឺ ហើយចាប់ផ្ដើមធ្វើការព្យាបាល និងការពារ។ សរុបមកទល់នឹងពេលនេះ មានមនុស្សប្រមាណជាជាង១០០នាក់ ត្រូវបានផ្ដល់ថ្នាំឱ្យលេបការពារ និងបង្ការមេរោគH5N1 ដោយក្នុងនោះមួយចំនួនបានយក កំហាកទៅពិនិត្យផងដែរ ដើម្បីធ្វើការតាមដាន ហើយនឹងកំពុងបន្ដការតាមដានចំនួន៩ភូមិជុំវិញតំបន់កើតហេតុខាងលើ។
អ្នកដែលប្រឈមមុខ
ជម្ងឺគ្រុនផ្ដាសាយបក្សី អាចចម្លងមកមនុស្សបានតាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ឬកាកសំណល់មាន់ ទា ដែលមានផ្ទុកមេរោគផ្ដាសាយបក្សី។ អ្នកដែលប្រឈមមុខ និងមានអត្រាខ្ពស់ក្នុងការឆ្លងជម្ងឺនេះខ្លាំងជាងគេ គឺអ្នកចិញ្ចឹម អ្នកលក់ អ្នកសម្លាប់ និងអ្នកចម្អិនមាន់ទា។
រោគសញ្ញាគ្រុនផ្ដាសាយបក្សី
រោគសញ្ញានៃជម្ងឺគ្រុនផ្ដាសាយបក្សីមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងជម្ងឺផ្ដាសាយធម្មតាដែរ។ រោគសញ្ញាដែល តែងតែកើតមានដូចជាគ្រុនក្ដៅលើសពី៣៨អង្សា ពិបាកដកដង្ហើម ក្អក ថប់ដង្ហើម ឬហត់ ឈឺខ្នង ចង្កេះ ឈឺបំពង់ក និងឈឺសាច់ដុំ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺអ្នកជម្ងឺធ្លាប់បានប៉ះពាល់សត្វមាន់ទាឈឺ ឬស្លាប់ក្នុងកំឡុងពេលមួយសប្ដាហ៍មុន។ លោកអ្នកត្រូវចងចាំថា ប្រសិនបើមានអាការៈដូចខាងលើនេះ គប្បីប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ដើម្បីទទួលការពិនិត្យ និងព្យាបាលជាបន្ទាន់។
ប្រការត្រូវធ្វើ
ដើម្បីចៀសវាងពីជម្ងឺគ្រុនផ្ដាសាយបក្សី យើងត្រូវអនុវត្ដសកម្មភាពដូចខាងក្រោម ៖
បណ្ដាំអ្នកជំនាញ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានការពារជម្ងឺឆ្លងក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នចំពោះពពួកបក្សីដែលឈឺ ឬស្លាប់ ជាពិសេសនៅពេលមានការសង្ស័យ ថាមានកើតជម្ងឺផ្ដាសាយបក្សី ត្រូវរាយការណ៍ ឬផ្ដល់ព័ត៌មានដល់ក្រុមអ្នកជំនាញជាបន្ទាន់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply