ទស្សនាវដ្ដី សុខភាពយើង បានចេញផ្សាយជាច្រើនលេខរួចមកហើយទាក់ទិនទៅនឹងជម្ងឺទឹកនោមផ្អែមដែលជាប្រភេទ ជម្ងឺរ៉ាំរ៉ៃមួយ។ អ្នកជម្ងឺទឹកនោមផ្អែមត្រូវតែប្រតិបត្ដិខ្លួនឱ្យបានខ្ជាប់ខ្ជួននូវការថែរក្សាសុខភាពរាងកាយ ដោយធ្វើយ៉ាងណាសំដៅមិន ឱ្យមានកើនឡើងនូវបរិមាណជាតិស្ករជាដាច់ខាត។ ដោយសារទាមទារការយល់ដឹងនេះហើយ ទើបទស្សនាវដ្ដី សុខភាពយើង បានសហការណ៍ជាមួយគ្លីនិកទឹកនោមផ្អែម អាយ អឹម អាយ ដើម្បីបកស្រាយអំពីចម្ងល់មួយចំនួនដែលលោកអ្នកមិនទាន់បានជ្រាបច្បាស់ តាមរយៈលោកវេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែម សុខ ប៊ុណ្ណា។
សំណួរទី១ ៖ តើជាការពិតដែរឬទេ ដែលថាជម្ងឺទឹកនោមផ្អែមកើតមានឡើងតែនៅតាមបណ្ដាប្រទេសដែលរីកចម្រើននោះ?
ចម្លើយ ៖ ជម្ងឺទឹកនោមផ្អែមបានកំពុងកើតមានឡើងជាប្រចាំទៅលើមនុស្សគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ពណ៌ សម្បុរទេ។ បើយោងតាមឯកសារដែលផ្ដល់ដោយមូលនិធិជម្ងឺទឹកនោមផ្អែមពិភពលោកបានបញ្ជាក់ថា មនុស្សប្រមាណជាជាង ២៤០លាននាក់លើពិភពលោកកើតជម្ងឺទឹកនោមផ្អែម។ ចំនួននេះនឹងកើនឡើងរហូតដល់៣៨០លាននាក់នៅឆ្នាំ២០២៥។
សំណួរទី២ ៖ តើវ័យណាមួយដែលប្រឈមមុខជាមួយនឹងជម្ងឺទឹកនោមផ្អែមច្រើនជាងគេ?
ចម្លើយ ៖ ជម្ងឺទឹកនោមផ្អែមកើតលើមនុស្សគ្រប់វ័យទាំងអស់ មិនថាក្មេងឬចាស់នោះទេ។ មានការសន្និដ្ឋានថាមនុស្សប្រហែល ២៤៦លាននាក់ដែលមានអាយុចន្លោះពី២០ទៅ៧៩ឆ្នាំអាចនឹងកើតជម្ងឺទឹកនោមផ្អែម។ ចំណែកឯនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍវិញ ជម្ងឺទឹកនោមផ្អែមកើតលើមនុស្សយ៉ាងតិចណាស់ក៏ប្រហែល៨០លាននាក់ដែរ ដែលស្ថិតនៅអាយុចន្លោះពី៤០ទៅ៥៩ឆ្នាំ។
សំណួរទី៣ ៖ តើជម្ងឺទឹកនោមផ្អែមកើតលើតែអ្នកដែលមានរាងកាយធាត់មែនឬទេ?
ចម្លើយ ៖ ប្រហែល១៥ភាគរយនៃមនុស្សដែលកើតជម្ងឺទឹកនោមផ្អែមប្រភេទ២ គឺជាក្មេងជំទង់ៗ ដែលមិនលើសទម្ងន់ ឬមិនធាត់ ហួសទម្ងន់។ ដូចនេះគេអាចនិយាយបានថា ជម្ងឺទឹកនោមផ្អែមមិនមែនកើតលើតែអ្នកដែលធាត់ៗតែប៉ុណ្ណោះទេ គឺអាចកើតលើអ្នក ដែលមានទម្ងន់ធម្មតាផងដែរ ។
សំណួរទី៤ ៖ តើគេអាចការពារកុំឱ្យមានជម្ងឺទឹកនោមផ្អែមបានទេ?
ចម្លើយ ៖ ជម្ងឺទឹកនោមផ្អែមប្រភេទ១គឺមិនអាចការពារបានទេ តែជម្ងឺទឹកនោមផ្អែមប្រភេទ២អាចការពារបានរហូតទៅដល់ ៨០ភាគរយ តាមរយៈការបរិភោគអាហារដែលមានប្រយោជន៍សម្រាប់សុខភាព ការបង្កើននូវសកម្មភាពរាងកាយ(ការធ្វើលំហាត់ប្រាណ) និងការប្ដូរទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អ។
សំណួរទី៥ ៖ តើអ្នកជម្ងឺទឹកនោមផ្អែមអាចមានគភ៌បានដែរឬទេ?
ចម្លើយ ៖ ការមានគភ៌ទាមទារឱ្យមានការយកចិត្ដទុកដាក់ចំពោះសុខភាពជាខ្លាំង ហេតុនេះស្ដ្រីគ្រប់រូបចាំបាច់ត្រូវពិនិត្យសុខភាព ជាប្រចាំ ដើម្បីតាមដានពីស្ថានភាពកូនក្នុងផ្ទៃក៏ដូចជាសុខភាពរបស់មាតាផ្ទាល់។ ចំពោះអ្នកជម្ងឺទឹកនោមផ្អែមវិញក៏ទាមទារឱ្យមាន ការតាមដានសុខភាពកាន់តែចាំបាច់ទៅទៀត។ ក្នុងករណីដែលមិនអាចចៀសវាងបានស្ដ្រីអាចមានគភ៌បាន ប៉ុន្ដែត្រូវតែមានការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសឱ្យបានត្រឹមត្រូវជាមុនសិន ព្រោះអាចមានគ្រោះថ្នាក់នៅពេលសម្រាល។
សំណួរទី៦ ៖ តើជម្ងឺទឹកនោមផ្អែមជាជម្ងឺតំណពូជមែនទេ?
ចម្លើយ ៖ ជាការពិត កត្ដាតំណពូជជាកត្ដាមួយក្នុងចំណោមកត្ដាផ្សេងៗទៀត ដែលអាចឱ្យបុគ្គលម្នាក់កើតជម្ងឺទឹកនោមផ្អែមបាន។ ប៉ុន្ដែវាមិនមែនប្រាកដមួយរយភាគរយថាឱ្យតែនៅក្នុងគ្រួសារមួយមានឪពុក ឬម្ដាយកើតជម្ងឺទឹកនោមផ្អែម កូនៗរបស់គាត់កើតជម្ងឺ ទឹកនោមផ្អែមដែរនោះទេ។ ករណីដែលកូនៗអាចកើតជម្ងឺទឹកនោមេផ្អែមតាមរយៈកត្ដាសេនេទិចពីកំណើត គឺមានប្រហែលតែពី ២០ទៅ៣០ភាគរយប៉ុណ្ណោះ។ ប្រសិនបើពួកគេស្ថិតនៅក្នុងគ្រួសារដែលឪពុកឬម្ដាយកើតជម្ងឺទឹកនោមផ្អែមគាត់អាចការពារខ្លួនរបស់គាត់កុំឱ្យវិវឌ្ឍន៍ទៅរកជម្ងឺទឹកនោមផ្អែម តាមរយៈការប្ដូរបែបបទនៃការរស់នៅ ពីការទម្លាប់រស់នៅស្រណុកសុខស្រួលមិនចូលចិត្ដ បញ្ចេញកម្លាំងកាយ ទៅទម្លាប់ធ្វើលំហាត់ប្រាណ ការចូលចិត្ដបរិភោគអាហារដែលមានជាតិខ្លាញ់ឬស្ករខ្ពស់ ទៅបរិភោគអាហារណាដែលល្អសម្រាប់សុខភាពជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply