សិក្ខាសាលាផ្សាព្វផ្សាយអនុក្រឹត្យស្ដីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ដែលសហការរៀបចំឡើងដោយក្រសួងព័ត៌មាន អង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជានៅទីស្ដីការក្រសួងកាល ពីថ្ងៃទី៤ខែមីនា ក្រោមអធិបតីភាពលោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន។
រូបភាពទស្សនាវដ្តីសុខភាពយើង
នៅក្នុងឱកាសនោះលោក ថាច់ ផែន បានថ្លែងថា ផលិតផលថ្នាំជក់បានធ្វើឱ្យមានអ្នកស្លាប់៥.៤លាននាក់ក្នុង១ឆ្នាំនៅលើពិភពលោកយើងនេះ តាមរយៈជម្ងឺផ្សេងៗដែលកើតឡើងចំពោះអ្នកជក់បារី និងអ្នកស្រូបផ្សែងបារីពីគេជាពិសេសស្ដ្រី និងកុមារ។ ថ្នាំជក់មិនត្រឹមតែបង្កមហន្ដរាយចំពោះសុខភាពតែប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិ និងថវិកាគ្រួសារថែម ទៀតផង។ ជាក់ស្ដែងក្នុង១ឆ្នាំៗ ប្រជាពលរដ្ឋកម្ពុជាបានចំណាយថវិកាគ្រួសារចំនួន៦៩.៥លានដុល្លារទៅលើការទិញបារីជក់។
ប្រឈមមុខនឹងមហន្ដរាយនេះ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រទេសចំនួន១៦៨លើសកលលោកបានផ្ដល់សច្ចាប័ន ចូលជាសមាជិកនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ដោយការចូលជាសមាជិកនេះ ភាគីនីមួយៗត្រូវមានកាតព្វកិច្ចក្រោមមាត្រា១៣ ហាមឃាត់ទាំងស្រុងនូវរាល់ទម្រង់នៃការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ផលិត ផលថ្នាំជក់ និងការឧបត្ថម្ភកម្មវិធីរបស់ក្រុមហ៊ុនថ្នាំជក់ឱ្យបានក្នុងរយៈពេល៥ឆ្នាំបន្ទាប់ពីប្រទេសនោះចូលជាសមាជិកអនុសញ្ញា។
ការអនុម័តឱ្យមានវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់រូបភាព របស់ព្រះរាជាណាចក្រកម្ពុជា គឺជាការឆ្លើយតបទៅនឹងកាតព្វកិច្ចក្រោមមាត្រា១៣ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដើម្បីបង្ហាញសកលលោកទាំងមូលថា កម្ពុជារួមចំណែកការពារមនុស្សជំនាន់ក្រោយពីមហន្ដរាយនៃការប្រើប្រាស់ថ្នាំជក់ ដោយឡែកការពារកុមារ យុវជន និងស្ដ្រីពីអន្ទាក់ ទីផ្សារដែលទាក់ទាញឱ្យធ្លាក់ទៅក្នុងការញៀននីកូទីនក្នុងផលិតផលថ្នាំជក់អស់មួយជីវិត។
អនុក្រឹត្យស្ដីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ បានហាមឃាត់គ្រប់រូបភាព និងគ្រប់ មធ្យោបាយនៃការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងទោសទណ្ឌក្នុងករណីបំពាន មិនត្រឹមតែបានដាក់បន្ទុកមិនត្រឹមត្រូវចំពោះ ក្រុមហ៊ុនថ្នាំជក់ប៉ុណ្ណោះទេ ប៉ុន្ដែចំពោះស្ថាប័នដែលពាក់ព័ន្ធទៀតផង។

Leave a Reply