នៅប៉ុន្មានសប្តាហ៍កន្លងមកនេះ គេសង្កេតឃើញថា អាកាសធាតុនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន មានភ្លៀងធ្លាក់មិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមការប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីពេលថ្មីៗនេះបានឲ្យដឹងថា អាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងរងសម្ពាធពីខ្យល់ព្យុះវីសិនតេ ដែលអាចបង្កជាភ្លៀង និងខ្យល់កន្ទ្រាក់បក់បោកខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខនេះនៅតាមបណ្តាខេត្តក្រុងមួយចំនួន។
ពីសេចក្តីជូនប្រកាសជូនដំណឹងនេះបានឲ្យដឹងបន្តថា ព្យុះវីសិនតេ នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១២ដោយបង្កឲ្យខេត្តក្រុងមួយចំនួនរងនូវឥទ្ធិពលនៃព្យុះនេះដូចតទៅ៖
1. តំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាន៖
នៅតំបន់នេះ មានភ្លៀងធ្លាក់ច្រើន ហើយមានល្បឿនខ្យល់ខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរី។
2. តំបន់មាត់សមុទ្រ៖
បណ្តាខេត្តនៅតាមបណ្តាមាត់សមុទ្រមួយចំនួន ដូចជាខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប នឹងមានភ្លៀងធ្លាក់ច្រើន ព្រមទាំងមានខ្យល់កន្រ្ទាក់បក់បោកខ្លាំង។ រីឯទឹកសមុទ្រមានរលកកម្ពស់ខ្ពស់ៗចាប់ពី១,០០m ទៅ២,៥០m។
គួរបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះវីសិនតេនេះ ក៏នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅតាមអាងទន្លេមេគង្គខាងលើដូចជាប្រទេសឡាវ និងប្រទេសថៃ ដែលធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ។ យោងតាមសភាពការណ៍អាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ព្រមទាំងប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដូចបានជម្រាបជូនខាងលើនេះ ពិសេសបងប្អូនប្រជានេសាទនៅតំបន់សមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២
Leave a Reply