ក្រសួងសុខាភិបាលបានចាប់ផ្ដើមយុទ្ធនាការផ្ដល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹលជំហានទី២ ដែលមានរយៈពេល១២ថ្ងៃសម្រាប់ខេត្ដចំនួន៩នៅទូទាំងប្រទេស ដោយរំពឹងថានឹងមានកុមារច្រើនជាង៥សែននាក់បន្ថែមទៀតត្រូវបានគ្របដណ្ដប់។
លោក សាន់ ច័ន្ទសឿន អគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល និងជានាយកកម្មវិធីជាតិផ្ដល់ថ្នាំបង្ការបានប្រាប់ ទស្សនាវដ្ដី សុខភាពយើង ថាយុទ្ធនាការផ្ដល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹលជំហានទី២ត្រូវបានចាប់ផ្ដើមធ្វើក្នុងខេត្ដទាំង៩នៅទូទាំងប្រទេស ដែលខេត្ដទាំងនោះ មានខេត្ដកណ្ដាល ព្រៃវែង កំពង់ចាម សៀមរាប ក្រចេះ និងខេត្ដមួយចំនួនទៀតជាដើម។ លោកបន្ដថា បើតាមផែនការយុទ្ធនាការលើកទី២នេះ នឹងត្រូវធ្វើការគ្របដណ្ដប់ក្មេងអាយុក្រោម៥ឆ្នាំចំនួន៥សែននាក់ សម្រាប់ក្មេងដែលធ្លាប់បាន ទទួលវ៉ាក់សាំងម្ដងហើយ និងក្មេងដែលមិនធ្លាប់ទទួលសោះ។ លោកថ្លែងថា ៖ “យុទ្ធនាការនេះត្រូវចាប់ផ្ដើមធ្វើនៅថ្ងៃទី២ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ដោយការអនុវត្ដគឺត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់មន្ដ្រីស្រុកប្រតិបត្ដិ និងក្រសួងសុខាភិបាលផងដែរ”។
កុមារច្រើនជាង៥សែននាក់បានទទួលវ៉ាក់សាំងបន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹលជំហានទី១
នៅក្នុងឆ្នាំ២០១០ មានកុមារឆ្លងជម្ងឺកញ្ជ្រឹលចំនួន៤០០នាក់ ក្នុងនោះករណីស្លាប់បានកើតឡើងតិចតួចទេ។ លោក សាន់ ច័ន្ទសឿន និយាយថា ៖ “យុទ្ធនាការលើកទី១បានធ្វើការគ្របដណ្ដប់ក្មេងលើសពី៩៥ភាគរយ ដែលអាចស្នើនឹងកុមារច្រើនជាង៥សែន នាក់ ដោយឡែកករណីស្លាប់មានចំនួនតិចតួចអាចបញ្ជាក់បានថា កម្ពុជាជិតអស់ជម្ងឺកញ្ជ្រឹលហើយ”។ លោកថា កម្ពុជានឹងអាចចាប់ ផ្ដើមយុទ្ធនាការជាលើកទី៣បន្ថែមទៀត នៅពេលដែលយុទ្ធនាការលើកទី២ត្រូវបានបញ្ចប់។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីបានថ្លែងប្រាប់អំពីផលប៉ះពាល់នៃការឆ្លងជម្ងឺកញ្ជ្រឹលថា ប្រសិនបើករណីកុមារដែលឆ្លងជម្ងឺកញ្ជ្រឹលមានសុខភាពខ្សោយ វានឹងបណ្ដាលឱ្យកុមារនេះកើតមាននូវជម្ងឺផ្សេងៗទៀត ដូចជាជម្ងឺរលាកសួត រលាកខួរក្បាល ខ្វាក់ភ្នែក និងអាចវិវឌ្ឍន៍ធ្វើឱ្យកុមារស្លាប់ក៏មានដែរ។ លោកថ្លែងថា ៖ “តាមរយៈលទ្ធផលនៃយុទ្ធនាការនេះកម្ពុជា អាចនឹងសម្រេចគោលដៅបំបាត់ជម្ងឺកញ្ជ្រឹលនៅឆ្នាំ២០១២”។
ខេត្ដសៀមរាបបានចាប់ផ្ដើមយុទ្ធនាការបន្ថែមជម្ងឺកញ្ជ្រឹលលើកទី២
លោក ឌី ប៊ុនឆែម ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាបបានមានប្រសាសន៍ថា ឥឡូវនេះខេត្ដរបស់លោកកំពុងចាប់ផ្ដើម យុទ្ធនាការផ្ដល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹលតាំងពីថ្ងៃទី២ ខែមីនាម្ល៉េះ។ លោកបន្ដថា យុទ្ធនាការនេះត្រូវបានធ្វើឡើងដោយសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះផ្សពផ្សាយដល់អាណាព្យាបាលគ្រប់ស្រុក ភូមិ ឃុំ ឱ្យយកកូនរបស់ពួកគេមកទទួលថ្នាំបង្ការនៅ ប៉ុស្ដិ៍ទីតាំងដែលបានកំណត់។ លោកថ្លែងថា ៖ “យើងមានផែនការគ្របដណ្ដប់កុមារឱ្យបានចំនួន១០ម៉ឺននាក់ក្នុងយុទ្ធនាការលើកទី២នេះ”។
Leave a Reply