លោកអ្នកបានជ្រាបរួចមកហើយអំពីការវិវត្ដន៍នៃទារកចាប់ពីពេលបង្កកំណើតរហូតដល់អាយុ៤ខែ។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង បន្ដជម្រាបជូនដល់លោកអ្នកអំពីការវិវត្ដន៍របស់ទារកក្នុងផ្ទៃចាប់ពី៥ខែរហូតដល់ប្រសូត។ សូមលោកស្រីអ្នកនាងតាមដាននូវព័ត៌មានរបស់ទារកលោកអ្នក ដើម្បីអនាគតរបស់ពួកគេ។
ទារកអាយុ៥ខែ ៖ ទារកចាប់ទទួលយកការបបោសអង្អែលរបស់លោកអ្នក
ពិតជាមានសេចក្ដីសុខខ្លាំងណាស់ នៅពេលដែលលោកស្រីអ្នកនាងចាប់ទទួលអារម្មណ៍ថាទារកក្នុងផ្ទៃទធាក់ជើង។ ទារក ដែលនៅក្នុងផ្ទៃនោះក៏អាចទទួលបាននូវការស្ទាបអង្អែលដោយភាពទន់ភ្លន់របស់លោកស្រីអ្នកនាងផងដែរ។ ការប៉ះ ឬកាយវិញ្ញាណជាវិញ្ញាណដំបូងគេ ដែលទទួលបានរកឃើញ និងស្គាល់មុនគេ។
ទារកចាប់មានកម្លាំងខ្លះហើយ
នៅអាយុកាលប៉ុណ្ណេះទារកអាចឆ្លៀតឱកាសជួយលោកស្រីអ្នកនាងបាន ជាពិសេសពេលលោកស្រីអ្នកនាងសម្រាកកាយ។ ទារកពត់ពេនខ្លួន និងរមួលខ្លួននៅគ្រប់ទិសទាំងអស់ ទារកគឺចូលចិត្ដបែបនេះឯង។ នៅក្នុងស្បោងសម្បុកដែលពោរពេញទៅដោយទឹកភ្លោះ អ្នកហែលទឹកដ៏តូចមួយនេះមានទីតាំងយ៉ាងទូលំទូលាយនៅជុំវិញខ្លួន។ នៅប្រទេសកម្ពុជាយើងមានជំនឿថា កូនដែលទធាក់ ឬពង្រាក់ខ្លាំងថា រំខានម្ដាយ ឬជាកូនកាច រីឯកូនដែលមិនមានចលនាជាកូនស្លូតជាដើម។ បើតាមលក្ខណៈវិទ្យាសាស្ដ្របានបង្ហាញថា ជីវិតរបស់ទារកនៅក្នុងស្បូនដែលធ្វើចលនា មិនពាក់ព័ន្ធទៅនឹងអនាគតអត្ដចរិតរបស់ទារកឬកូននោះឡើយ។
ទារកចេះឆ្លុះកញ្ចក់មើលខ្លួនឯង
ពេលនេះទារកហាក់ដូចជាពេញចិត្ដពេញថ្លើម ដោយស្បែករបស់ខ្លួនឡើងរលោង មិនសូវស្ដើង និងមិនសូវក្រហមដូចមុន។ ម្រាមដៃរបស់គេចាប់ផ្ដើមមានរូបរាង និងក្រយៅដៃ រីឯសក់ក៏ចាប់ដុះបានល្អផងដែរ។ តើទារកអាចត្អើកម្ដងម្កាលដែរទេ? នេះជារោគសញ្ញាដ៏ល្អប្រពៃមួយ ដែលប្រាប់ថា ប្រអប់ទ្រូងរបស់ទារកចាប់មានចលនាដកដង្ហើមបានហើយ។ នៅអាយុ៥ខែនេះ ទារកមានកម្ពស់កម្ព និងទំហំខ្លួនស្មើនឹងពាក់កណ្ដាលនៃទម្ងន់ខ្លួននៅពេលដែលកើតហើយ។ បើតាមការប៉ាន់ប្រមាណ ទារកមានទម្ងន់ខ្លួន ប្រហាក់ប្រហែលជា១គីឡូក្រាមហើយ។
ទារកអាយុ៦ខែ ៖ ខែដែលទារកភ្ញាក់ពីដំណេក
នៅខែទី៦នៃគភ៌នេះ ទារកអាចកម្រើកបាន២០ដងក្នុង១ម៉ោង ជួនកាលអាចលើសពីនេះ ជាពិសេសនៅពេលវាខឹង។ ស្ថិតនៅក្នុងស្ថានភាពដៃទាំងពីរបត់ឱបលើដើមទ្រូង រីឯក្បាលជង្គង់ទាំងពីរបត់ផ្ទឹមនឹងក្បាលពោះ ទារកអាចមានឥរិយាបថឬកាយវិការ ទៅតាមចំណង់របស់ខ្លួន។ ទារកក៏អាចដេកដូចមនុស្សធំដែរ ជាមធ្យមវាអាចដេកពី១៦ទៅ២០ម៉ោងក្នុង១ថ្ងៃ។
ទារកស្ដាប់ឮសម្លេង
ទារកមានក្បាលដែលមានខួរក្បាលអាចដំណើរការបាន។ នៅពេលជាមួយគ្នានេះ វិញ្ញាណទាំងឡាយរបស់គេចាប់ផ្ដើមកើតមាន និងវិវឌ្ឍន៍លូតលាស់។ ជាពិសេសសោតវិញ្ញាណរបស់ទារកចាប់ផ្ដើមប្រតិកម្មតបតទៅនឹងសម្លេងដែលនៅជុំវិញខ្លួន។ តើទារកឮសម្លេងអ្វីខ្លះទៅ? គាត់អាចស្ដាប់ឮសម្លេងម្ដាយ និងសម្លេងរបស់ឪពុកដែលនិយាយគ្នា ទាំងសម្លេងខ្លាំង ទាំងសម្លេងឆ្ងាយពីគេ។ ត្រចៀកទាំងពីររបស់គេដែលថ្មីស្រឡាងចាប់យកសម្លេងភ្លេងតូរ្យតន្ដ្រី និងសម្លេងចម្រៀងយ៉ាងល្អ ទោះបីជាគេមិនអាចស្ដាប់ឮសម្លេង ដើមទាំងស្រុងក្ដី។ ព្រោះថាសម្លេងទាំងឡាយមុនឮទៅដល់ទារកត្រូវឆ្លងស្បែកពោះរបស់ម្ដាយ និងស្បូន ជាហេតុនាំឱ្យសម្លេង ត្រូវកាត់បន្ថយដោយជញ្ជាំងស្បូន និងរលកសម្លេងផ្សេងៗទៀត។ នៅក្នុងពោះរបស់ម្ដាយមានរលកសម្លេងផ្សេងៗជាច្រើន ដូចជាសម្លេងរំលាយអាហារក្រូកក្រាកជាដើម សម្លេងដកដង្ហើម និងសម្លេងចង្វាក់បេះដូង។
សរុបមកទោះបីជាទារកមិនទាន់កើតមកក្ដី ក៏គេអាចមានសមត្ថភាពសម្ដែងកាយវិការ និងអារម្មណ៍បានដែរ។ ទារកអាចបញ្ជូនចេញជាសារ និងអាចទទួលយកនូវការភ្ញោចឬបបោសអង្អែលពីឪពុកម្ដាយឬអ្នកដែលនៅជុំវិញខ្លួន។ បើសិនជាមានការរៀបចំផ្លូវចិត្ដឬចិត្ដសាស្ដ្របានល្អ ឪពុកម្ដាយអាចបង្កើតកិច្ចទំនាក់ទំនងជាមួយកូនតូចក្នុងផ្ទៃនេះយ៉ាងល្អបាន ព្រោះថាគេអាចជាសភាវៈមនុស្សមួយរូបបានដែរហើយ។
ទារកចេះទទួលអារម្មណ៍
នៅអាយុ៦ខែ ទារកក្លាយទៅជាមនុស្សម្នាក់តូចដែលមានសមត្ថភាពទទួលអារម្មណ៍។ ទៅតាមរបៀបផ្ទាល់ខ្លួន ទារកចាប់ផ្ដើមទំនាក់ទំនងជាមួយឪពុកម្ដាយនិងបរិស្ថានខាងក្រៅ។ នៅអាយុប៉ុណ្ណេះប្រសិនបើកើតប្រសូតចេញមក ទារកអាចរស់រានមានជីវិត ដូចគេដូចឯងបាន។ ទារកអាចមានកម្ពស់ដល់ទៅ៣១សង់ទីម៉ែត្រ និងឡើងទម្ងន់យ៉ាងរហ័សលើសពី១គីឡូក្រាម។
ទារកអាយុ៧ខែ ៖ ជីវិតគឺជាទស្សនីយភាព
ព័ត៌មានសំខាន់នៅខែនេះគឺទារកចាប់ផ្ដើមចេះបើកភ្នែក។ ទារកអាចឃើញទម្រង់រូបភាពជាស្រមោលៗ ភ្លើងពន្លឺពណ៌ជាក្រហម តាមរយៈជាលិកាស្បូនរបស់លោកស្រីអ្នកនាង។ សន្ទះត្រចៀកឬក្រដាសត្រចៀកបានដុះពេញរូបរាង។ នៅពេលនេះទារក មានទម្ងន់ដល់ទៅ១៨០០ក្រាម(១គីឡូ៨ខាំ) និងមានកម្ពស់ដល់ទៅ៤០សង់ទីម៉ែត្រ។ ដោយសារការរីកលូតលាស់លឿនទារកហាក់ដូចជាមានទីតាំងចង្អៀតជាងមុន។ ការហាត់ប្រាណរបស់គាត់ហាក់ដូចត្រូវកាត់បន្ថយស្ទើរតែទាំងស្រុងនៅពេលនេះ។ ទោះបីជាយ៉ាងនេះក្ដី ទារកនៅតែអាចសម្របសម្រួលចលនារបស់ខ្លួនបានយ៉ាងប្រសើរ និងបង្ហាត់បង្រៀនប្រព័ន្ធប្រសាទរបស់ខ្លួន។ នៅពេលនេះ ទារកចាប់ផ្ដើមមានស្រោមស្រទាប់ពណ៌ស ដែលជួយការពារស្បែកពីទឹកភ្លោះ។
ទារកអាយុ៨ខែ
ពេលដែលលោកស្រីអ្នកនាងទទួលទានសារជាតិផ្អែមឬជាតិស្ករច្រើន ទារកចាប់ភ្លក់យ៉ាងលឿន។ ជាភស្ដុតាង ទារកក៏ផ្ដល់តម្លៃទៅលើភាពផ្អែមល្ហែម និងការថ្នាក់ថ្នមផងដែរ។ ពេលនេះទារកក៏ចាប់ស្គាល់នូវក្លិន និងរសជាតិនៃចំណីអាហាររបស់លោកស្រីអ្នកនាងផងដែរ ដែលជាលទ្ធផលគឺជាអ្នកស្នងពូជធាត់ ឬពូជស្គម។ ស្បែករបស់ទារកចាប់បំពេញទៅដោយជាតិខ្លាញ់ លែងមានសភាព ទក់ និងចាប់មានពណ៌ផ្កាកូលាបយ៉ាងស្អាត។
សរីរៈសំខាន់ឈានដល់ដំណាក់កាលពេញលេញល្អ។ ដោយឡែកបេះដូងមានរឿងតិចតួចដែលត្រូវបំពេញបន្ថែម។ ផ្នែកខាងឆ្វេង និងខាងស្ដាំ អាចបិទជិតនៅពេលកើតប្រសូតមកខាងក្រៅខ្លួនម្ដាយ។ ទោះបីជាទារកកើតមកមុនខែក្ដី ក៏កូនរបស់លោកស្រីអ្នកនាងអាចមានសមត្ថភាពក្នុងការដកដង្ហើមដោយខ្យល់ធម្មតារួចស្រេចទៅហើយ។ សារធាតុខ្លាញ់ជួយពង្រឹងសមត្ថភាពរបស់សួត។ ពេលនេះទារកបានត្រៀមខ្លួនសម្រាប់ការប្រសូតរួចជាស្រេចទៅហើយ ដោយរៀបចំខ្លួនយ៉ាងល្អ ក្បាលសំយ៉ុងចុះក្រោមទៅរកមាត់ស្បូន។
ទារកអាយុ៩ខែ ៖ ត្រៀមប្រសូត
ពេលនេះរោមកែវរបស់ទារកជាស្រោមស្រទាប់ពណ៌សបានជ្រុះបាត់ស្ទើរតែទាំងអស់ ជាហេតុនាំឱ្យទារកកើតចេញមកមានរូបរាងស្អាតបាត។ ទារកបន្ដពង្រីកខ្លួនយ៉ាងខ្លាំង អាចមានទម្ងន់ពី២០ទៅ៣០ក្រាមឯណោះក្នុង១ថ្ងៃ គឺជាការត្រៀមខ្លួនពេលប្រសូត។ នៅអាយុ៣៨សប្ដាហ៍នេះទារកត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេងពេលប្រសូត។
បណ្ដាំផ្ញើ ៖ លោកស្រីអ្នកនាងបានជ្រាបអស់ហើយអំពីការវិវត្ដន៍របស់ទារក ចាប់តាំងពីពេលបង្កកំណើតរហូតដល់ប្រសូត គឺពិតជាការលូតលាស់ដ៏អស្ចារ្យមួយ។ ទាំងនេះជាដើមទុនសម្រាប់ការថែរក្សាគភ៌ដែលមិនអាចមើលរំលងបាន។ នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខបន្ដបន្ទាប់ទៅនេះ លោកអ្នកនឹងបានបន្ដជ្រាបជាមួយការវិវត្ដន៍របស់ម្ដាយ និងការថែទាំសុខភាពពេលមានគភ៌។ (សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply