បទពិសោធន៍​អ្នកជម្ងឺ​ទាចទឹក

វត្ដមាន​ទឹកដក់​នៅក្នុង​ស្រោមពោះ មិនមាន​ឈាម នោះគេ​ឱ្យឈ្មោះថា​ទាចទឹក។ ជម្ងឺទាចទឹក​គឺជា​ជម្ងឺ​មួយ​ប្រភេទ​ដែល​មិនមែន​ជាជម្ងឺ​តំណពូជ ហើយ​វាអាច​កើតមាន​លើមនុស្ស​គ្រប់វ័យ​ដែល​បណ្ដាល​មកពី​ជម្ងឺ​ផ្សេងៗ។ ម្យ៉ាងវិញ​ទៀត​ជម្ងឺមួយ​ប្រភេទ នេះ​មិនមែន​កើតមាន​ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃ​ឬមួយខែ​នោះទេ មេរោគ​អាច​សម្ងំ​នៅក្នុង​ខ្លួន​មនុស្ស​ចាប់ពី​៥ទៅ១០ឆ្នាំ ទើប​ស្ដែងចេញ​ជារោគ​សញ្ញា។ ជម្ងឺនេះ​អាចធ្វើ​ឱ្យអ្នក​ជម្ងឺ​ពោះធំ ដែល​មើលទៅ​ហាក់បី​ដូចជា​មាន​ផ្ទៃពោះ ឬ​មនុស្ស​ដែលមាន​ក្បាលពោះ​ធំ​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​នាងកញ្ញា​បានជ្រាប​អំពី​បទពិសោធន៍​របស់​អ្នកជម្ងឺ​ជាច្រើន​បន្ដបន្ទាប់​រួចមក​ហើយ។ ជាមួយ​គ្នានេះ ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក រ ន អាយុ​៥៦ឆ្នាំ រស់នៅ​ខេត្ដស្វាយរៀង។ លោកបាន​រៀបរាប់​អំពី​ផល​លំបាក​នៃជម្ងឺ​ទាចទឹក ដើម្បី​ឱ្យមិត្ដ​អ្នកអាន​បានជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។

លោក រ ន បាន​រៀបរាប់​ឱ្យដឹង​ថា លោក​មិនដឹង​ថាលោក​កើតមាន​ជម្ងឺនេះ​តាំងពី​ពេលណាមក​ទេ។ ជាងបី​ឆ្នាំមក​នេះ លោក​បាន​សង្កេត​ឃើញថា​ក្បាលពោះ​របស់​លោក​ដុះធំ​ជាងមុន។ ចំណែក​ឯរូប​រាងកាយ​របស់​លោក​ចេះតែ​ចុះស្គម​ជាងមុន​ខុសពី​ធម្មតា ចម្លែក​តែក្បាល​ពោះវិញ​គឺមិន​ស្រកឡើយ រឹតតែ​រីកធំ​ឡើងៗ ដូចជា​មនុស្ស​មាន​ផ្ទៃពោះ។ ឃើញ​ដូចនេះ​ប្រពន្ធ​របស់លោក​បាននាំ​លោក​ទៅជួប​ជាមួយ​គ្រូខ្មែរ ដើម្បី​មើល​អំពី​បញ្ហា​នេះ។ គ្រូខ្មែរ​បានពិនិត្យ​ហើយ​និយាយ​ថា លោក​កើតមាន​ជម្ងឺ​ទាចទឹក បន្ទាប់មក​ក៏ឱ្យ​ថ្នាំ​លោក​យកមក​ដាំទឹក​ផឹក និង​បានប្រាប់​លោក​ឱ្យយក​អណ្ដើក​មក​ទទួលទាន។ បញ្ហា​យកសត្វ​អណ្ដើក​មក​ទទួលទាន​នេះ គឺលោក​មិនបាន​ធ្វើនោះ​ទេ ព្រោះ​លោក​ជាអ្នក​សុំសីល។ រយៈពេល​ដែល​លោកទ​ទួកទាន​ថ្នាំនេះ គឺមាន​រយៈពេល​កន្លះឆ្នាំ តែ​លទ្ធផល​មិនបាន​សមប្រកប​ឡើយ។ បន្ទាប់មក​លោក​ក៏បាន​ពិភាក្សា​ជាមួយ​ប្រពន្ធ​របស់​លោក ហើយ​លោក​ក៏សម្រេច​ចិត្ដមក​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ​តែម្ដង។ នៅពេល​លទ្ធផល​ចេញមក គឺលោក​មានជម្ងឺ​ទាចទឹក​កម្រិត​ធ្ងន់ធ្ងរ ដែល​ពិបាក​នៅក្នុង​ការ​ព្យាបាល។ ប្រពន្ធ​របស់​លោក និង​កូនៗ មានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់លោក​ខ្លាំង​ណាស់ ជាពិសេស​គឺរូបលោក​ផ្ទាល់តែម្ដ​ង។

លោក រ ន បាន​បញ្ជាក់​បន្ថែម​ទៀតថា កាលពីមុន​លោក​ជាមនុស្ស​ដែល​ញៀនបារី និងស្រា​បំផុត ឱ្យតែ​មានពេល​ទំនេរ លោក​តែងតែ​ទទួលទាន​ស្រាផង និង​បារីផង។ លោក​មានជម្ងឺ​នេះក៏ព្រោះ​តែបារី និង​ស្រាដែរ ដូចនេះ​លោកបាន​សំណូមពរ​ឱ្យអ្នក​ដែល​ញៀនបារី​ឬក៏​ស្រា គួរតែ​កាត់បន្ថយ បើសិន​ជាអាច​គួរតែ​ផ្ដាច់ចោល​តែម្ដង​ទៅ ទើបជាការ​ប្រសើរ។

យោបល់​របស់​អ្នក​ជំនាញ

លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេស​ផ្នែក​វះកាត់​ទ្រូងពោះ នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា ចំពោះ​ជម្ងឺ​ទាចទឹក​គឺជា​ជម្ងឺមួយ​ដែល​មិនអាច​ព្យាបាល​ដោយ​ស្រួល​នោះទេ ទោះបីជា​វិទ្យាសាស្ដ្រ​បច្ចុប្បន្ន​នេះមាន​ការ​រីកចម្រើន​ក៏ពិបាក​នៅក្នុងការ​ព្យាបាល​ជម្ងឺ​នេះដែរ។ បើសិន​ជាជម្ងឺ​ទាចទឹក​នេះ​កើតឡើង​ដោយសារ​តែមាន​ការ​រលាកស្រោម​ពោះ ឬ​រលាក​ពោះវៀន ដែល​ធ្វើឱ្យ​មានជ្រាប​ទឹក​នៅក្នុង​ពោះ​នោះ ការ​ព្យាបាល​អាច​ជា​មួយរយ​ភាគរយ។ ផ្ទុយ​ទៅវិញ បើសិនជា​ទឹក​ដែលនៅ​ក្នុងពោះ​ជ្រាបចេញ​មកពី​ថ្លើម ដូចជា​ក្រិនថ្លើម អាចនឹង​មានការ​ពិបាក​នៅក្នុង​ការព្យាបាល គឺ​ព្យាបាល​មិនជា​នោះទេ។ ដូចនេះ បើ​សិនជា​លោកអ្នក​មិនទាន់​កើត​ទាចទឹក លោកអ្នក​ត្រូវ​ការពារ​កុំឱ្យ​កើតជម្ងឺ​នេះ ដូចជា​មិនត្រូវ​ទទួលទាន​សុរា​ច្រើន​លើស​កម្រិត (ទទួលទាន​បានតែ​ក្នុង​កម្រិត​មួយដែល​សមស្រប និង​ទៅតាម​ក្បួនខ្នាត​ដែល​ត្រឹមត្រូវ)។ ព្រោះ​កាលណា​បើ​ទទួលទាន​គ្រឿង​ស្រវឹង ច្រើន​លើសពី​ធម្មតា អាច​បណ្ដាល​ឱ្យកើត​ជម្ងឺ​ក្រិនថ្លើម ហើយ​ក្រិនថ្លើម​នេះ​មិនត្រឹម​តែធ្វើ​ឱ្យកើត​មានជម្ងឺ​ទាចទឹក​នោះទេ អាច​បណ្ដាល​ឱ្យ​សរសៃ​ឈាម​រីក ហើយ​នៅគូទ​ក៏អាច​កើតមាន​ជម្ងឺ​ឫសដូងបាត​បានដែរ។ ដូចនេះ​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺ​ក្រិនថ្លើម។ ចំពោះ​អ្នកជក់បារី​ក៏អាច​កើតមាន​ជម្ងឺ​ទាចទឹក​បានដែរ។ ជម្ងឺនេះ​អាចកើត​មាន​គ្រប់វ័យ ជាពិសេស​នៅវ័យ ៣០ឆ្នាំ​ឡើងទៅ។ ចំពោះ​រោគសញ្ញា​អាចស្ដែង​ឱ្យចេញ​នោះមាន​ពោះធំ អ្នកជម្ងឺ​ចុះស្គម ហើយ​បើមាន​រលាក​ស្រោមពោះ​អា​ច​បណ្ដាល ឱ្យមាន​ការ​ឈឺចុកចាប់ និង​ក្ដៅខ្លួន។ បើសិន​ជាចង់​ដឹង​កាន់តែ​ច្បាស់នោះ គឺ​ត្រូវទៅ​ពិនិត្យ​អេកូ​ទើបអាច​ដឹងច្បាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *