មិត្ដភក្ដិរបស់នាងខ្ញុំម្នាក់ប្រាប់នាងខ្ញុំថា គាត់មានរោគផ្សិតនៅក្នុងទ្វារមាស។ នាងខ្ញុំស្រៀវខ្លួនណាស់ ពេលឮជម្ងឺនេះ។ នាងខ្ញុំមិនចង់កើតជម្ងឺប្រភេទនេះទេសូមលោកវេជ្ជបណ្ឌិតយើងជួយផ្ដល់ជាវិធីបង្ការជម្ងឺ ឬរោគផ្សិតនៅក្នុងទ្វារមាសដល់នាងខ្ញុំផង។ សូមអរគុណទុកជាមុន។
អ្នកនាង ស.ព.ស អាយុ២៥ឆ្នាំ ខេត្ដកំពង់ចាម
វេជ្ជបណ្ឌិតយើង ៖ រោគផ្សិតនៅក្នុងទ្វារមាសច្រើនតែបណ្ដាលមកពីការខ្វះអនាម័យមិនមានការសម្អាតស្អាតល្អត្រឹមត្រូវ ជួនបណ្ដាលមកពីសំណើមសើមយូរពេក។ ប៉ុន្ដែជួនកាលសម្អាតបានស្អាតដល់កម្រិតណាក៏ដោយ ក៏នៅតែអាចកើតរោគផ្សិតនេះដដែលព្រោះរោគផ្សិតនេះអាចឆ្លងតាមការរួមភេទផងដែរ។
ចំពោះស្ដ្រីមានប្ដីឬមានដៃគូរួមភេទ ពិតជាពិបាកគេចផុតពីជម្ងឺនេះណាស់។ មេរោគផ្សិតដែលបង្កជម្ងឺញឹកញាប់ជាងគេមានឈ្មោះថា កង់ឌីដា អាល់ប៊ីកង់ (Candida albicans). រោគផ្សិតមានរោគសញ្ញា ធ្លាក់សយ៉ាងច្រើន រមាស់ឬក្រហាយនៅត្រង់ទ្វារមាសជួនអាចមានការហើមទ្វារមាសទៀតផង។
ដើម្បីជាជំនួយដល់ប្អូនស្រី វេជ្ជបណ្ឌិតយើងសូមផ្ដល់វិធីខ្លះសម្រាប់ជាការបង្ការខ្លួនពីរោគនេះ។ សូមប្អូនស្រីឧស្សាហ៍លាងសម្អាតអវយវៈភេទឱ្យបានស្អាតប៉ុន្ដែមិនត្រូវលូកលាងទៅកន្លែងខាងក្នុងជ្រៅនៃទ្វារមាសឡើយ លាងត្រឹមផ្នែកខាងក្រៅជាការគ្រប់ គ្រាន់ហើយ។ ការលាងសម្អាតអាចប្រើត្រឹមតែសាប៊ូធម្មតាជាការត្រឹមត្រូវហើយ។ ដោយសារស្ដ្រីពេលមករដូវត្រូវប្រើក្រណាត់ ឬសំឡីទ្រាប់ តែសូមប្ដូរវាឱ្យបាន២ឬ៣ដងក្នុង១ថ្ងៃ ឬរៀងរាល់៣ឬ៤ម៉ោងម្ដងដើម្បីចៀសវាងសំណើមយូរ។ មិនគួរប្រើសំឡី អនាម័យត្រៀមមុនថ្ងៃមករដូវយូរពេកនោះឡើយ។ ម្យ៉ាងទៀតរៀងរាល់ពេលងូតទឹកសម្អាតខ្លួនហើយ គួរជូតបរិវេនទ្វារមាសឱ្យស្ងួត។ ការជ្រើសរើសខោស្លៀកក៏សំខាន់ផងដែរ គួរជ្រើសរើសខោស្លីបណាដែលផលិតពីសំឡីកប្បាសនិងមិនត្រូវចង្អៀតពេកទេ។
បើប្អូនស្រីនៅតែមានចម្ងល់ទៀត អាចសាកសួរគ្រូពេទ្យផ្នែករោគស្ដ្រី ដែលនៅជិតផ្ទះប្អូនស្រី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply