ក្រសួងសុខាភិបាល រួមនឹងជាមួយដៃគូអភិវឌ្ឈន៍បានរួមគ្នាធ្វើឲ្យសម្រេចជោគជ័យ នូវការលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់។
![កម្ពុជាលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដោយជោគជ័យ](http://www.healthcambodia.com/wp-content/uploads/2012/10/កម្ពុជាលុបបំបាត់ឳសថក្លែងក្លាយ-និងសេវាសុខាភិបាល-300x225.jpg)
លោកវេជ្ជបណ្ឌិត ហង ប៊ុនគៀត ប្រធាននាយកដ្ឋានឳសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពិនិត្យទ្បើងវិញផែនការយុទ្ឋសាស្រ្តឳសថសម្រាប់ឆ្នាំ២០១៣ ២០១៨ខាងមុខថានេះជាលើកទី២ហើយដែលយើងបានរៀបចំនូវផែនការយុទ្ឋសាស្រ្តឳសថ។ ផែនការលើកទី១ បានចាប់ផ្តើមពីឆ្នាំ២០០៥ ២០១០កន្លងមក។ ការអនុវត្តន៍ផែនការយុទ្ឋសាស្រ្តលើកទី១ យើងសម្រេចបានជោគជ័យ ក្នុងការលុបបំបាត់ផ្ទះលក់ឳសថ និងសេវាសុខាភិបាលខុសច្បាប់។
លោកបន្តថា “ជោគជ័យកន្លងមកគឺអាស្រ័យដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងសម្តេចប្រមុខរដ្ឋាភិបាល និងការមានគំរោងផែនការដាក់ចេញច្បាស់លាស់ ”។ លោកបន្ថែមថា “យើងបាននិងកំពុងដាក់ទិសដៅលើកទី២ ដើម្បីគោលដៅនៃផែនការឆ្នាំ២០១៣ ២០១៨បានទទួលជោគជ័យបន្តទៀត ”។
លោក ភីតធើ វ៉ាន់ម៉ារិន(Pieter Van Maaren)ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានជួយគាំទ្រ និងឧបត្ថម្ភការងារនេះបានមានប្រសាសន៍ថា “ការដាក់ចេញនូវគោលនយោបាយស្តីពីឳសថល្អ វាគ្មានសារៈសំខាន់ទេ ប្រសិនបើមានតែផែនការ ប៉ុន្តែគ្មានការអនុវត្តន៍ជាក់ស្តែង”។
លោកបន្តថា ហេតុនេះទាមទារឲ្យមានការចូលរួមពីក្រសួងពាក់ព័ន្ឋ ដើម្បីធ្វើការងារនេះឲ្យបានទទួលជោគជ័យ ដែលក្រសួងទាំងនោះរួមមានក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីវិស័យឯកជន ព្រោះវិស័យឯកជនមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តន៍នូវផែនការនេះ។
![កម្ពុជាលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដោយជោគជ័យ](http://www.healthcambodia.com/wp-content/uploads/2012/10/កម្ពុជាលុបបំបាត់ឳសថក្លែងក្លាយ-និងសេវាសុខាភិបាល.-300x225.jpg)
លោកឳសថបណ្ឌិត ជូ យ៉ិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា តាមរយៈផែនការយុទ្ឋសាស្រ្តជំហ៊ានទី១ឆ្នាំ២០០៥ ២០១០យើង ទទួលបានជោគជ័យគួរឲ្យមោទនៈ ដោយយើងបានលុបបំបាត់ឳសថក្លែងក្លាយស្ទើរ១០០ភាគរយ។ តួលេខចុងក្រោយនេះបង្ហាញថា ឳសថខុសច្បាប់បានធ្លាក់ចុះមកនៅត្រឹម០.១៨ភាគរយ។ លោកបន្តថា សម្រាប់ផែនការលើកទី២ឆ្នាំ២០១៣ ២០១៨ យើងធ្វើយ៉ាងណាឲ្យអនុវត្តន៍បានងាយស្រួល ដោយផ្អែកលើច្បាប់ស្តីពីការគ្រប់គ្រងឳសថ ច្បាប់ស្តីពីវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្ត គោលនយោបាយ ជាតិស្តីពីឳសថ និងផែនការយុទ្ឋសាស្រ្តរបស់ក្រសួងសុខាភិបាល។
លោកបន្តថា “យើងបាននិងកំពុងធ្វើយ៉ាងណាធានាឲ្យការគ្រប់គ្រងឳសថប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ឋិភាពខ្ពស់សម្រាប់បំរើប្រជាពលរដ្ឋ ហើយដើម្បីធានាបាននូវទិសដៅនេះ ទាមទារឲ្យមានកាដឹកជញ្ជូន និងការស្តុកទុកក្នុងឃ្លាំងឳសថបានល្អ ”។
អត្ថដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២
Leave a Reply