សូមគោរពជូនលោកអគ្គនាយកទស្សនាវដ្ដី សុខភាពយើង។ ខ្ញុំបាទជាប្រិយមិត្ដរបស់ទស្សនាវដ្ដី សុខភាពយើង។ ខ្ញុំតែងតែតាមដានគ្រប់លេខទាំងអស់របស់ទស្សនាវដ្ដីនេះ។ នៅពេលនេះខ្ញុំមានបញ្ហាមួយចំនួនសូមទស្សនាវដ្ដី សុខភាពយើង ជួយផ្ដល់ជាមតិ ៖
ខ្ញុំនិងភរិយាខ្ញុំទើបនឹងរៀបការ។ ប្ដីប្រពន្ធខ្ញុំមានសេចក្ដីសុខណាស់ក្នុងការរស់នៅជាមួយគ្នា ហើយពួកខ្ញុំទាំងពីរនាក់ក៏យល់ចិត្ដគ្នាទៅវិញទៅមកដែរ ជាពិសេសគឺរឿងលើគ្រែ។ ក៏ប៉ុន្ដែមានរឿងមួយដែលធ្វើឱ្យយើងទាំងពីរនាក់ពិបាករកវិធីដោះស្រាយនោះ គឺជារឿងដែលខ្ញុំជាប្ដីឆាប់ចេញទឹកកាមពេកពេលរួមរ័ក ហើយវាធ្វើឱ្យយើងទាំងពីរនាក់មានអារម្មណ៍មួយថាមិនអស់ចិត្ដ ព្រោះយើងមិនអាចដល់ចំណុចមួយដែលយើងទាំងពីរនាក់ត្រូវការ។ ពេលខ្លះគ្រាន់តែប្រពន្ធខ្ញុំបបោសអង្អែល ឬក៏ប្រើមាត់ជាមួយប្រដាប់របស់ខ្ញុំ ខ្ញុំក៏ចេញទឹកកាមបាត់ទៅហើយ។ ក្រោយពីបានពិភាក្សាគ្នា ខ្ញុំក៏បានសម្រេចចិត្ដសរសេរមកខាងទស្សនាវដ្ដី ដើម្បីចង់បានដំបូន្មានខ្លះ។ យើងមានសំណួរដូចខាងក្រោម ៖
1 . តើមានវិធីដើម្បីកុំឱ្យឆាប់ចេញទឹកកាមដែរឬទេ? ព្រោះយើងបានអានសៀវភៅខ្លះថា ចំពោះអ្នកខ្លះអាចរួមរ័កបានរយៈពេលរហូតដល់២០ទៅ៣០នាទី ទើបដល់ចំណុចកំពូល។ បើប្រើថ្នាំ តើអាចទៅរួចដែរឬទេ? តើថ្នាំនោះមានឈ្មោះអ្វី ហើយអាចរកទិញនៅកន្លែងណាបាន? ហើយវាអាចប៉ះពាល់ដល់សុខភាពដែរឬទេ?
2 . ខ្ញុំចង់ព្យាបាលរោគឆាប់ចេញទឹកកាមនេះ តើអាចទៅរួចដែរឬទេ? បើអាច តើមានថ្នាំអ្វីដែលអាចប្រើការបាន? តើមានដុកទ័រណាដែលមានជំនាញខាងផ្នែកនេះដែរឬទេ នៅភ្នំពេញ(សូមផ្ដល់ជាអាសយដ្ឋាន)?
3 . ខ្ញុំទាំងពីរនាក់មិនទាន់ចង់បានកូននៅពេលនេះទេ ប្រពន្ធខ្ញុំក៏មិនចង់ប្រើថ្នាំការពារដែរ ហើយខ្ញុំក៏អត់ចង់ប្រើស្រោមអនាម័យដែរ។ ដោយយោងទៅលើរដូវប្រពន្ធរបស់ខ្ញុំ តើពេលណាដែលយើងរួមរ័កហើយមិនមានកូន?
4. បើប្រពន្ធខ្ញុំប្រើថ្នាំការពារ តើថ្នាំអ្វីដែលល្អជាងគេ? ហើយវាប៉ះពាល់ដែរឬអត់ ពេលដែលយើងសម្រេចចិត្ដថាចង់បានកូន?
យើងខ្ញុំសូមអរគុណទុកជាមុននូវរាល់ដំបូន្មានដែលខាងទស្សនាវដ្ដីផ្ដល់ឱ្យយើងខ្ញុំទាំងពីរនាក់។
ប្ដីប្រពន្ធ នៅភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ តាងនាមឱ្យទស្សនាវដ្ដី សុខភាពយើង ខ្ញុំបាទសូមអរគុណលោក និងភរិយាដែលបានគាំទ្រស្នាដៃរបស់យើងខ្ញុំ។ ខ្ញុំបានយល់ហើយនូវបញ្ហារបស់លោក ប៉ុន្ដែខ្ញុំមិនមានព័ត៌មានថា លោក និងភរិយាមានអាយុប៉ុន្មាន និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀត។ ទោះជាបែបនេះក្ដី វេជ្ជបណ្ឌិតយើងសូមឆ្លើយនឹងលោកដូចតទៅ ដោយសង្ខេបជាពីរចម្លើយតែប៉ុណ្ណោះ មួយទាក់ទងនឹងការឆាប់ចេញទឹកកាម ហើយមួយទៀតទាក់ទងនឹងការពន្យារកំណើត។
1 . វិធីទប់ទល់ការឆាប់ចេញទឹកកាម ៖ ទាក់ទងនឹងការលើកឡើងដោយផ្អែកលើសៀវភៅផ្សេងៗនេះ ដែលអះអាងថាការរួមភេទ ឈានដល់ចំណុចកំពូលត្រូវប្រើរយៈពេលពី២០ទៅ៣០នាទីនោះ មិនអាចជាការពិត១០០%នោះទេ។ តាមពិតការចេញទឹកកាម ឬការ ឈានដល់សេចក្ដីសុខដល់កំពូលខាងផ្លូវភេទរបស់មនុស្ស ទោះជាបុរសក្ដីស្ដ្រីក្ដី មិនអាស្រ័យទៅលើពេលវេលានោះទេ តែវាអាស្រ័យទៅនឹងផ្លូវចិត្ដផ្លូវអារម្មណ៍ និងស្ថានភាពសុខភាពរាងកាយឯណោះវិញនោះទេ។ ជាអាទិ ការឆាប់ចេញទឹកកាមចែកចេញជាពីរប្រភេទ គឺប្រភេទទី១ និងប្រភេទទី២។ ការឆាប់ចេញទឹកកាមប្រភេទទី១ ច្រើនបណ្ដាលមកពីកត្ដាផ្លូវចិត្ដផ្លូវអារម្មណ៍ ដែលច្រើនតែកើតតាំង ពីរពេលរួមភេទគ្រាដំបូង។ រីឯការឆាប់ចេញទឹកកាមប្រភេទទី២ ជាករណីកម្រ ច្រើនតែបណ្ដាលមកពីមូលហេតុផ្លូវកាយ តែក៏អាចមកពីមូលហេតុផ្លូវចិត្ដផ្លូវអារម្មណ៍ផងដែរ មានសភាពធម្មតា តែក្រោយមកក៏ឆាប់ចេញទឹកកាមភ្លាមតែម្ដង។
ឆាប់ចេញទឹកកាមមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។ ករណីលោកប្រហែលជាករណីឆាប់ចេញទឹកកាមប្រភេទទី១។ បំណងដែលលោកចង់ទៅពិគ្រោះផ្នែកផ្លូវភេទ ពិតជាបំណងល្អបំផុតដែលត្រូវធ្វើ ប៉ុន្ដែអភ័ព្វណាស់នៅប្រទេសខ្មែរយើង មិនទាន់មានអ្នកជំនាញត្រឹមត្រូវ ហើយក៏មិនទាន់មានមន្ទីរពេទ្យឬគ្លីនិកណាមួយទទួលព្យាបាលបញ្ហានេះនៅឡើយទេ។ តាមក្បួនវេជ្ជសាស្ដ្រមានវិធីព្យាបាលដោយថ្នាំពេទ្យសម្រាប់ទប់ទល់នឹងការឆាប់ចេញទឹកកាម ដូចជាថ្នាំស្ពឹកលាប ឬចាក់បញ្ចូលទៅក្នុងប្រដាប់ភេទជាដើម។ ប៉ុន្ដែករណីលោកមិនចាំបាច់ដល់ប្រើថ្នាំព្យាបាលនោះទេ ខ្ញុំសូមអភ័យទោសមិនអាចជម្រាបអំពីថ្នាំនេះបានទេ ព្រោះមានលក្ខណៈ វេជ្ជសាស្ដ្រខ្លាំងពេក។ វិធីទប់ស្កាត់ការឆាប់ចេញទឹកកាមតាមបែបធម្មជាតិជាវិធីសាស្ដ្រប្រសើរបំផុត ព្រោះថាគ្មានផលអាក្រក់ ហើយវាអាចជួយកែតម្រូវសកម្មភាពផ្លូវភេទឡើងវិញបាន។ វិធីប្រសើរនោះគឺវិធីគ្រប់គ្រងវិញ្ញាណ ដែលមានវិធីពីរយ៉ាង គឺវិធីផ្អាក-សម្រុក និងវិធីច្របាច់ក្បាលលិង្គ។ បើលោកធ្លាប់អានទស្សនាវដ្ដី សុខភាពយើង សូមលោកបើកទំព័រទស្សនាវដ្ដី សុខភាពយើង លេខ០០៤, ០០៥ និងលេខ០០៦ ដែលចេញផ្សាយកាលពីឆ្នាំ២០០៦ លោកនឹងបានឃើញអត្ថបទទាក់ទងនឹង“ឆាប់ចេញទឹកកាម” ដែលនិពន្ធចងក្រងដោយលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។
2 . វិធីពន្យារកំណើត ៖ ការពន្យារកំណើត ឬមិនទាន់ចង់បានកូនមានវិធីសាស្ដ្រជាច្រើន។ អ្វីដែលលោកនិយាយអំពីការលេបថ្នាំទប់ ស្កាត់ការមានកូន និងការប្រើស្រោមអនាម័យ គឺពិតជាវិធីមិនមែនតាមបែបធម្មជាតិឡើយ។ ប្រពន្ធលោកមិនចង់លេបថ្នាំពន្យារកំណើត រីឯលោកមិនចង់ប្រើស្រោមអនាម័យដែលវិធីទាំងពីរនេះសុទ្ធតែមានប្រសិទ្ធភាព។ ម្នាក់ៗសុទ្ធតែមានជម្រើស និងហេតុផលរៀងៗខ្លួន។ ប្រហែលជាលោកចង់សំដៅទៅរកវិធីពន្យារកំណើតាមបែបធម្មជាតិហើយមើលទៅ។ មានវិធីពីរបីដែលអាចធ្វើបាន ប៉ុន្ដែមិនសូវជាធានាប្រសិទ្ធភាពប៉ុន្មានទេ គឺវិធីរាប់ថ្ងៃបង្កកំណើត(តមរួមភេទចំថ្ងៃបង្កកំណើត) បាញ់ទឹកកាមចេញក្រៅ(ចាក់ទឹកក្រៅ ពាង) និងវិធីតាមដានកំដៅខ្លួន(តមរួមភេទពេលប្ដូរកំដៅខ្លួន)។ ខ្ញុំសូមរំលឹកថាវិធីបែបធម្មជាតិទាំងនេះត្រូវអនុវត្ដយ៉ាងម៉ត់ចត់បំផុត ជួននៅតែអាចមានកូនបានទៀត។ ហេតុនេះសូមលោកអ្នកទាំងពីរនាក់នាំគ្នាទៅជួបគ្រូពេទ្យជំនាញខាងពន្យារកំណើត។
ករណីពីរនាក់ប្ដីប្រពន្ធរបស់លោក ខ្ញុំគិតថាមានជម្រើសល្អម្យ៉ាង គឺការរួមភេទដោយប្រើស្រោម ព្រោះវាអាចជួយបានទាំងពីរករណីរបស់លោក ទាំងទប់ស្កាត់ការឆាប់ចេញទឹកកាម និងទប់ស្កាត់ការមានកូនដែលមិនទាន់ចង់បាន។ សូមលោកនិងភរិយាទទួល សុភមង្គល និងសំណាងល្អ។ បើលោកមិនអស់ចិត្ដអាចសរសេរសំបុត្រមកទស្សនាវដ្ដី សុខភាពយើងជាថ្មី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply