ទិវានៃ “ក្តីស្រឡាញ់” ឬដែលហៅថាថ្ងៃវ៉ាឡិនថាញ (Valentine) គឺជាថ្ងៃរំលឹកដល់ការស្លាប់របស់បុព្វជិតសាសនាគ្រឹស្ដជនជាតិរ៉ូម៉ាំង ដែលត្រូវបានគេកាត់ទោសប្រហារជីវិត ដោយសារបុព្វហេតុ ការពារទំនាក់ទំនងស្នេហា។ ថ្ងៃវ៉ាឡិនថាន ត្រូវបានយុវជន ឬប្រជាពលរដ្ឋខ្មែរមួយចំនួន ហៅថាថ្ងៃបុណ្យសង្សារ ហើយបានចាត់ទុកជាថ្ងៃរំលឹក ឬក៏បង្ហាញការស្រឡាញ់ និងសេចក្ដីស្នេហាចំពោះនរណាម្នាក់។ វប្បធម៌នេះ បានសាបព្រោះមកលើយុវជនខ្មែរ ប្រមាណជាជិត១ទសវត្សចុងក្រោយនេះ។ នៅថ្ងៃទី១៤ ខែកុម្ភៈ យុវជននាំគ្នាទិញផ្កា ឬរៀបចំវត្ថុអនុស្សាវរីយ៍ ដើម្បីជូនដល់គូសង្សារនៅថ្ងៃនោះផងដែរ។ ពេលជនម្នាក់ហុចផ្កា ឬអំណោយឱ្យដល់អ្នក តើអ្នកត្រូវធ្វើសំណងដែរទេ? ហើយតើសំណងនេះជាអ្វីទៅ?
![ថ្ងៃបុណ្យសង្សារ ឆក់យកព្រហ្មចារីយ៍យុវតីខ្មែរ?](http://www.healthcambodia.com/wp-content/uploads/2012/02/02670069-300x199.jpg)
ថ្ងៃបុណ្យសង្សារ ឬថ្ងៃនៃសេចក្ដីស្រឡាញ់
Valentine’s Day អានជាភាសាអង់គ្លេសថាថ្ងៃវ៉ាឡិនថាន ជាភាសាបារាំងថាថ្ងៃវ៉ាឡង់តាំង ហើយដែលត្រូវបានប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវវ័យខ្មែរខ្លះនិយម ហៅថាថ្ងៃបុណ្យសង្សារ។ សូម្បីតែការដាក់ឈ្មោះថ្ងៃនេះ នៅមានការចម្រូងចម្រាស់គ្នានៅឡើយដែរ អ្នកខ្លះទៀត សូមឱ្យហៅថាថ្ងៃ ឬទិវានៃសេចក្ដីស្រឡាញ់ ឬថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។ ពាក្យដែលចម្រូងចម្រាស់គឺថ្ងៃឬថ្ងៃបុណ្យ? សេចក្ដីស្រឡាញ់ ឬស្នេហា?
តើថ្ងៃវ៉ាឡិនថាន ឬថ្ងៃបុណ្យសង្សារមានប្រវត្ដិដូចម្ដេច ?
មានរឿងរ៉ាវជាច្រើនដែលបាននិទានទាក់ទងនឹងថ្ងៃរំលឹកខួបវ៉ាឡិនថាននេះ។ ប៉ុន្ដែយើងសូមលើកយករឿងរ៉ាវមួយដែលកើតទ្បើងនៅទី ក្រុងរ៉ូម ប្រទេសអ៊ីតាលី។ តាំងពីយូរយារមកហើយ នៅក្នុងរជ្ជកាលគ្រប់គ្រងដោយស្ដេចក្លូឌីយឹស(Claudius) ប្រទេសពោរពេញដោយការបង្ហូរឈាម។ ស្ដេចក្លូឌីយឹស ចង់បង្កើនកម្លាំងទ័ពដើម្បីធ្វើចម្បាំង ហើយក៏បានធ្វើការអំពាវនាវឱ្យយុវជនស្ម្រ័គចិត្ដធ្វើជាកងទ័ព។ ប៉ុន្ដែការអំពាវនាវនេះមិន ទទួលបានជោគជ័យទេ។ ក្លូឌីយឹសខ្ញាល់យ៉ាងខ្លាំង ហើយក៏ចេញបម្រាមមិនឱ្យមានការរៀបអាពាហ៍ពិពាហ៍ទ្បើយ។ ព្រោះព្រះអង្គយល់ថា ដោយសារ មូលហេតុស្នេហា ទើបធ្វើឱ្យយុវជនទាំងនោះពុំព្រមចាកចេញពីប្រពន្ធ និងក្រុមគ្រួសាររបស់គេ។ គ្រានោះបុព្វជិតវ៉ាឡិនថាន បានរៀបចំពីធីមង្គលការ ឱ្យដល់យុវជន និងយុវនារីដោយស្ងាត់កំបាំងអស់ជាច្រើនគូ។ ដំណឹងនេះ បានលេចលឺដល់ក្លូឌីយឹស។ ក្លូឌឺយឹសក៏បញ្ជាឱ្យចាប់ខ្លួនបុព្វជិតវ៉ាឡិនថាន យកទៅកាត់ទោសប្រហារជិវីត ដោយកាត់ក្បាល។ បុព្វជិតវ៉ាឡិនថាយ ត្រូបានកាត់ទោសប្រហារជិវីតនៅថ្ងៃទី ១៤ កុម្ភះ គ្រឹះស្តសករាជ២៦៩។ ក្នុងឆ្នាំ២៦៩ សម្តេចសង្ឈជីឡេសឹស(Pope Gelasius) បានរៀបចំឲ្យមានពិធីរំលឹកថ្ងៃស្លាប់នេះ ដើម្បីផ្តល់កិត្តិយសដល់បុព្វជិតវាឡិនថាន។ ចាប់តាំងពីពេលនោះមកថ្ងៃរំលឹកនេះបានក្លាយជាថ្ងៃដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប៉ែកមស្ចឹមប្រទេស។ កំនាព្យ ពាក្យពេចន៏ស្នេហា បាច់ផ្កា និងអំណោយផ្សេងៗ ត្រូវបានគូរស្នេហ៏នីមួយៗរៀបចំឲ្យគ្នាទៅវិញទៅមកដើម្បីបញ្ចក់ពីភក្តីភាពចំពោះស្នេហា។
អំពីអត្ថន័យថ្ងៃវ៉ាលីនថាន ឬថ្ងៃបុណ្យសង្សាចំពោះយុវវ័យខ្មែរ
នៅពេលជួបសាកសួរជាមួយក្រុមយុវវ័យមួយក្រុម ទើបយើងដឹងថា ក្នុងចំណោមពួកគេភាគច្រើនមិនបានដឹងពីប្រវត្តិ ឬអត្ថន័យយ៉ាងណានោះទេ គ្រាន់តែឃើញគេធ្វើ ក៏ធ្វើតាមទៅ។ យុវវ័យខ្លះគ្រាន់តែដឹងថានេះជាថ្ងៃបុណ្យសង្សារ។ អ្នកដែលមានសង្សារត្រូវតែជូនកាដូ ឬផ្កាឲ្យគ្នាដើម្បីបញ្ចក់ពីការស្រឡាញ់។ យុវជនខ្លះទៀតយល់ថានេះជាឱកាសល្អដែលគេអាចសារភាពស្នេហ៏ ដោយគ្រាន់តែទិញកាដូ ឬផ្កាមួយបាច់ជូនចំពោះនារីដែលគេស្រឡាញ់។ បើនាងព្រមទទួលនោះ គឺមានន័យថានាងព្រមទទួលយករូបគេហើយ។ ដូច្នេះហើយ ទើបយើងឃើញមានការដាក់លក់ផ្កាជាហូរហែរតាមដងផ្លូវនៅថ្ងៃទី១៣និង១៤ កុម្ភះ។ មិនត្រឹមតែនៅប្រទេសកម្ពុជានោះទេ នៅបណ្តាប្រទេសជិតខាងក៏ទទួលយកឲឥទ្ធពលនេះផងដែរ។ តាមការអះអាងទេសចរមួយចំនួន ដែលបានធ្វើដំណើរកំសាន្តនៅប្រទេសថៃកាលពីឆ្នាំកន្លងទៅ បានឲ្យដឹងថាសឹងតែគ្រប់សណ្ឋាគារទាំងអស់នៅក្នុងប្រទេស ត្រូវបានគូរស្នេហ៏កក់បន្ទប់ស្ទើរតែពេញអស់ ហើយមានហូរហៀរដល់តាមផ្ទះសំណាក់ទៀតផង។ តាមរយៈព័ត៌មាននេះអាចបញ្ចក់បានថា ការរួមភេទបានធ្វើឡើងនៅសឹងតែគ្រប់គូរស្នេហ៏ទាំងអស់។
![ថ្ងៃបុណ្យសង្សារ ឆក់យកព្រហ្មចារីយ៍យុវតីខ្មែរ?](http://www.healthcambodia.com/wp-content/uploads/2012/02/DSCb_01161-199x300.jpg)
តើមានផលប៉ះពាល់អ្វីខ្លះចំពោះយុវវ័យខ្មែរ នៅក្នុងឱកាសថ្ងៃវ៉ាឡិនថាន ឬថ្ងៃបុណ្យសង្សារ?
សម័យកាលចេះតែវិវត្ដន៍ទៅមុខ ទម្លាប់នៃការប្រព្រឹត្ដក៏មានការផ្លាស់ប្ដូរដែរ។ ពីមុនយុវវ័យខ្មែរ ព្យាយាមលាក់កំបាំងទំនាក់ទំនងស្នេហា ដោយមិនចង់ទទួលនូវការរិះគន់សើចយំពីអ្នកដទៃ។ ប៉ុន្ដែយុគសម័យថ្មីនេះ អ្នកខ្លះបានបន្លឺពាក្យថា យុវវ័យដែលគ្មានស្នេហាប្រៀបដូចជាផ្កាដែល ក្រៀមគ្មានលំអង។ ជាពិសេសយុវតី នៅពេលដែលក្មេងស្រីជាច្រើននៅជុំវិញពួកគេ ក្នុងដៃមានកាន់ផ្កាកុលាប ឬកាដូដោយទឹកមុខញញឹមញញែម ហើយបណ្ដើរគ្នាត្រសងទៅកាន់កន្លែងញុំាអាហារកំសាន្ដ រីឯខ្លួនបែរជាពុំមាននរណាជូនអ្វីនោះ បែរជាទទួលអារម្មណ៍ថាគ្មានអ្នកណាចាប់អារម្មណ៍ នឹងខ្លួន។
ប្អូនស្រី រដ្ឋា អាយុ១៨ឆ្នាំ បានឱ្យដឹងថានាងមិនដែលបានទទួលកាដូ ឬបាច់ផ្កាពីបុរសណាម្នាក់ក្នុងថ្ងៃបុណ្យសង្សារទេ។ អារម្មណ៍បែបនេះ ធ្វើឱ្យនាងគិតថានាងប្រហែលជាមិនស្អាតទើបមិនអាចទាក់ទាញអ្នកណាបាន។ ប៉ុន្ដែនាងក៏សប្បាយចិត្ដដែរ ដោយសារនាងមិនចាំបាច់ត្រូវចេញទៅញុំាអីតាមការអញ្ជើញពីម្ចាស់អំណោយ ដែលនាងគិតថាអាចនឹងមានការរិះគន់ពីអ្នកជិតខាង ។
ប្អូនស្រី ផល្លា ជាជាងអ៊ុតសក់នៅផ្សារអូរឬស្សីបានឱ្យដឹងថា នាងតែងចេញទៅញុំាអាហារនៅខាងក្រៅជាមួយគូស្នេហ៍ បន្ទាប់ពីការជូន អំណោយឱ្យគ្នាទៅវិញទៅមក។ ហើយនាងបានសង្កេតឃើញគូស្នេហ៍ខ្លះមិនបានត្រឡប់មកផ្ទះវិញភ្លាមទេ គឺពួកគេបង្ហួសទៅរកកន្លែងស្នាក់នៅបន្ដិច សិនមុននឹងត្រឡប់មកផ្ទះ។
ផ្ទុយទៅវិញប្អូនប្រុស កត្ដា អាយុ២១ឆ្នាំ ជានិស្សិតសកលវិទ្យាល័យបៀលប្រាយ ថ្ងៃបុណ្យនេះជាឱកាសល្អដែលយើងអាចបង្ហាញការ ស្រឡាញ់ថ្នាក់ថ្នម និងយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក មិនថាចំពោះតែយុវវ័យ ឬក៏អ្នករៀបការហើយនោះទេ។ ពោលគឺមិនមានអ្វីអាក្រក់ ប៉ះពាល់ដល់ប្រពៃណីទេ ឱ្យតែយើងប្រាកដថាយើងមិនបានរួមភេទមុនរៀបការ។
![ថ្ងៃបុណ្យសង្សារ ឆក់យកព្រហ្មចារីយ៍យុវតីខ្មែរ?](http://www.healthcambodia.com/wp-content/uploads/2012/02/002001251-198x300.jpg)
ចំណែកប្អូនប្រុស សន ប៉េងសុង អាយុ២០ឆ្នាំ ឱ្យដឹងថាវាពិតជាមានផលប៉ះពាល់ចំពោះយុវតីមួយចំនួន ដែលឆាប់ចិត្ដទន់ងាយរំភើបជា មួយអំណោយបន្ដិចបន្ដួច ឆាប់ជឿសំដីសង្សារ ហើយក៏លង់ខ្លួនដល់ថយក្រោយលែងកើត។ យកល្អ គួរជូនអំណោយក្នុងនាមជាមិត្ដភក្ដិវិញប្រសើរជាង ព្រោះថាយើងក៏អាចជូនអំណោយទៅកាន់អ្នក ដែលយើងពេញចិត្ដ ដូចជាមនុស្សក្នុងក្រុមគ្រួសារជាដើម ។
ប្អូនស្រីណាវី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យវត្ដកោះបានឱ្យដឹងថា ថ្ងៃបុណ្យសង្សារក៏មានអត្ថន័យសំខាន់ដែរ ហើយគេប្រារឰធ្វើសឹងជា ទូទៅទៅហើយ។ នាងគិតថាមានការប៉ះពាល់ដល់ប្រពៃណីតិចតួច ត្រង់ថាប្រពៃណីខ្មែរហាមឃាត់មិនឱ្យយុវតីមានគូសង្សារ ប៉ុន្ដែគេមិនអាចរារាំង សេចក្ដីស្នេហាបានទេ ព្រោះថានេះជារឿងធម្មជាតិ។ នាងតែងតែបានទទួលអំណោយនៅថ្ងៃនេះ បើទោះបីមានភាពអៀនអន់ក្នុងចំណោមមិត្ដភក្ដិ ប៉ុន្ដែ វាធ្វើឱ្យនាងអារម្មណ៍រំភើបរីករាយ ។
ទោះជាយ៉ាងណាក៏ដោយថ្ងៃបុណ្យសង្សារ ឬថ្ងៃវ៉ាឡិនថាន ពិតជាទីពេញនិយមរបស់យុវវ័យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោម សិស្សសាលា និងនិស្សិត។ កាដូអនុស្សាវរីយ៍ ផ្កាកុលាប និងលិខិតជូនពរលក់ដាច់យ៉ាងច្រើននៅក្នុងថ្ងៃនោះ។ ហើយក៏មានយុវតីមិនតិចដែរ ដែលបូជា ខ្លួនប្រាណដើម្បីជាសក្ខីភាពតបស្នងនោះ។
បើទោះបីជាពុំមានការអង្កេតច្បាស់លាស់ចំពោះបញ្ហានេះក៏ដោយ ក៏លទ្ធផលនៃការអង្កេតថ្មីៗទាក់ទងនឹងការរួមភេទរបស់យុវវ័យដែល លើកឡើងដោយលោកវេជ្ជ. វេង ថៃ គឺជាកណ្ដឹងអង្រួនអាណាព្យាបាល មាតាបិតា និងយុវវ័យឱ្យងាកមកចាប់អារម្មណ៍ និងផ្ដោតការប្រុងប្រយ័ត្ន ចំពោះទង្វើយុវវ័យស្ដីអំពីទំនាក់ទំនងស្នេហា ។
យុវតីគួរពិចារណាថា តើការទទួលអំណោយរបស់អ្នកទាមទារនូវសំណងដែរឬទេ? ហើយតើការទូទាត់នោះ អាចឈានដល់កម្រិតណា? អំណោយទាំងនោះវាអាចនឹងមានតម្លៃទេ ប្រសិនបើគេប្រើវាដើម្បីល្បួងលួងលោមយកខ្លួនប្រាណអ្នក? តែប្រសិនបើអ្នកពុំអាចទប់ទល់នឹងចំណង់ផ្លូវ ភេទរបស់គូសង្សារបានទេនោះ មិនត្រូវភ្លេចស្រោមអនាម័យទេ ព្រោះវាជួយការពារអាយុជីវិតអ្នកបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply