វ័យកាន់តែចាស់ ស្ដ្រីច្រើនតែងកើតមានជម្ងឺស្បូន រីឯបុរសវិញ មានជម្ងឺប្រូស្ដាត។ បុរសដែលមានអាយុចាប់ពី៥០ឆ្នាំបា្លយ អាចចាប់មានការរីកប៉ោងប្រូស្ដាត ឬជម្ងឺដុំសាច់ប្រូស្ដាត។ ហើយចាប់ពីអាយុ៦៥ឆ្នាំទៅ មានបុរសប្រមាណជា៥០% មានជម្ងឺដុំសាច់ប្រូស្ដាតនេះ។ អត្រាភាគរយនេះអាចកើនឡើងដល់ទៅ ៩០% នៅពេលបុរសមានអាយុចាប់ពី៨០ឆ្នាំឡើង។ បុរសអឺរ៉ុបមានអត្រាការរីកប៉ោងប្រូស្ដាត ឬជម្ងឺដុំសាច់ប្រូស្ដាតនេះ ច្រើនជាងបុរសអាស៊ី។
ជម្ងឺដុំសាច់ប្រូស្ដាត ជាអ្វី?
សរីរាង្គប្រូស្ដាត ជាក្រពេញមួយប្រភេទ ដែលមានតួនាទីសំខាន់នៅក្នុងមុខងារផ្លូវភេទរបស់បុរស។ វាបញ្ចេញមកក្រៅនូវវត្ថុរាវម្យ៉ាង ដែលសម្បូរទៅ ដោយសារធាតុចិញ្ចឹម និងការពារស្ពែមម៉ាតូសូអ៊ីដ(មេជីវិតឈ្មោល)។ ប្រូស្ដាតមានទីតាំងនៅក្រោមបោ្លកនោម ហើយក្ដោបគល់បង្ហូរនោម។ គេអាចតាមដាន និង ពិនិត្យមើលសណ្ឋានប្រូស្ដាត តាមរយៈការលូកស្ទាបតាមទ្វារលាមក។
ទំហំរបស់ប្រូស្ដាត ចាប់ផ្ដើមកើនឡើងរីករឹតតែធំ ចាប់ពីវ័យ៥០ឆ្នាំបា្លយឡើងទៅ។ វ័យ ឬអាយុកាលកាន់តែជ្រាលជ្រេទៅ ប្រូស្ដាតក្លាយជាទីជម្រក របស់ដុំសាច់ (ដុំសាច់ធម្មតា ឬដុំសាច់មហារីក)។ តាមការស្រាវជ្រាវ មានបុរសអាយុលើសពី៦៥ឆ្នាំ ប្រមាណជា ៥០% ទទួលរងការវាយប្រហារពីរោគនេះ។
ដំណើរការមុខងាររបស់ប្រូស្ដាត និងទំហំវា អាស្រ័យទៅលើលំនឹងជាតិអ័រម៉ូនភេទបុរស។ ការបាត់លំនឹងក្នុងការផលិតអ័រម៉ូនភេទទាំងនេះ អាចជាដើមហេតុនៃការរីកប៉ោងខុសប្រក្រតីរបស់ប្រូស្ដាត ដែលហៅថាជម្ងឺដុំសាច់ប្រូស្ដាតនេះ។ សូមកុំច្រឡំជម្ងឺដុំសាច់ប្រូស្ដាត និងជម្ងឺមហារីកប្រូស្ដាត អ្នកខ្លះកើតដុំសាច់តែ គ្មានមហារីក អ្នកខ្លះទៀតកើតមហារីកតែគ្មានដុំសាច់ប្រូស្ដាត។
ជម្ងឺដុំសាច់ប្រូស្ដាត មានរោគសញ្ញាអ្វីខ្លះ?
ដោយសារមានទីតាំងនៅកៀកបង្កើយនឹងបោ្លកនោម ការរីកធំនៃទំហំប្រូស្ដាតបង្កផលប៉ះពាល់ទៅដល់មុខងារផ្លូវនោម ដូចជាល្បឿនទឹកនោមបាញ់ ខ្សោយ និងយឺតជាងមុន ជុះនោមញឹកជាងមុន និងទប់មិនឈ្នះ ជាទូទៅងើបនោមពេលយប់ញឹកញាប់ ជួនចង់តែទៅនោម តែនោមមិនអស់ទឹកនោមពីក្នុងបោ្លក នោម នោមយូរមានសល់ទឹកនោមហូរតិចៗទៀតពេលនោមជិតឈប់ជាដើម។
រោគសញ្ញាទាំងនេះរឹតតែធ្ងន់ធ្ងរ ទៅតាមពេលវេលា។ វាអាចបង្កផលអាក្រក់ជាច្រើន ដូចជារលាកផ្លូវនោមដោយមានគ្រុនក្ដៅខ្លួន ក្រហល់ក្រហាយ ពេលជុះនោម ឈឺចង្កេះ នោមមានទឹកនោមល្អក់ ឬលាយឈាមជាដើម។
កើតជម្ងឺដុំសាច់ប្រូស្ដាត ធ្វើដូចម្ដេចទៅ?
បើលោកអ្នកមានបញ្ហាដូចរោគសញ្ញា ដែលបានរៀបរាប់មកនេះ។ សូមរួសរាន់ទៅពិគ្រោះជម្ងឺជាមួយអ្នកជំនាញ ឬអ្នកឯកទេសខាងជម្ងឺផ្លូវនោម យ៉ាង ហោចណាស់ក៏ជាគ្រូពេទ្យជម្ងឺទូទៅដែរ ប្រយោជន៍ទទួលបានការពិនិត្យ និងវិភាគរកតុល្យភាពសព្វគ្រប់។ គ្រូពេទ្យនឹងពិនិត្យជម្ងឺ ដោយលូកស្ទាបប្រូស្ដាតតាមទ្វារលាមក ឆ្លុះអេកូសាស្ដ្រ វិភាគទឹកនោម និងវិភាគឈាម(រាប់កម្រិតជាតិអៀរ៉េ ជាតិក្រេអាទីនីនជាដើម)។
បើសង្ស័យថា ខ្លាចច្រឡំគ្នារវាងដុំសាច់ធម្មតា និងមហារីក គេអាចពិនិត្យវិភាគឈាមបន្ថែម ដោយរកជាតិអង់ទីហ្សែនពិសេសរបស់ប្រូស្ដាត និងដោយ វិធីច្រឹបសាច់ប្រូស្ដាតយកទៅវិភាគជាដើម។
ក្នុងករណីបង្ករោគរលាកផ្លូវនោម សូមរួសរាន់ទៅជួបគ្រូពេទ្យឱ្យបានលឿនបំផុត ប្រយោជន៍ឆាប់ទទួលបានការព្យាបាលដោយថ្នាំប្រឆាំងបាក់តេរី (ដែល ប្រជាពលរដ្ឋខ្មែរនិយមហៅថាថ្នាំផ្សះ)។
ការតាមដានវេជ្ជសាស្ដ្រយ៉ាងសាមញ្ញមួយមុខ ជាការគ្រប់គ្រាន់ហើយ បើសិនរោគសញ្ញាទាំងនេះមិនមានកម្រិតធ្ងន់ធ្ងរ។ ប៉ុន្ដែបើរោគសញ្ញាទាំងនោះរឹត តែធ្ងន់ធ្ងរទៅៗបង្កការរំខាន នោះគ្រូពេទ្យនឹងអាចចាប់ផ្ដើមព្យាបាលដោយប្រើប្រាស់ឱសថ ជួនអាចធ្វើការវះកាត់ទៀតផង។ ការព្យាបាលដោយវះកាត់ គឺជាការវះកាត់យកដុំសាច់នោះចេញ ប៉ុន្ដែមិនមែនកាត់សរីរាង្គប្រូស្ដាតចោលនោះទេ។ ការវះកាត់នេះ មិនប៉ះពាល់ដល់បុរិសលក្ខណៈ(លក្ខណៈភេទបុរស) និងមិនបង្កឥទ្ធិពល អាក្រក់ដល់ការរួមភេទឡើយ។
ដំបូន្មានគួរប្រតិបត្ដិ
– ក្នុងករណីពិបាកជុះនោម ដូចជានោមយូរ នោមចេញមិនអស់ជាដើម លោកអ្នកមិនគួរគប្បីទុកស្ថានភាពរ៉ាំរ៉ៃ ដែលបង្កផលអាក្រក់ដល់បោ្លកនោមនោះ ទេ ត្រូវរួសរាន់សាកសួរដំបូន្មាន ឬពិគ្រោះជម្ងឺជាមួយគ្រូពេទ្យព្យាបាល។
– ការអង្គុយយូរ បង្កឱ្យប្រូស្ដាតស្លាក់ឈាម។ ដូច្នេះ ចូរឧស្សាហ៍ហាត់ប្រាណ និងដើរ ឬរត់ត្រឹកៗជាប្រចាំ។
– ចំណីអាហារដែលបណ្ដាលឱ្យមានការរលាកក្រហាយមួយចំនួន បង្កផលប៉ះពាល់ដល់បោ្លកនោមនេះជាដើមចមបង្កើនការរីក ប៉ោងទំហំប្រូស្ដាតផងដែរ។ ដូច្នេះលោកអ្នកមិនត្រូវបរិភោគចំណីអាហារ ឬភេសជ្ជៈមួយចំនួន ដូចជាជាតិកាហ្វេអ៊ីន(កាហ្វេ តែ ភេសជ្ជៈកូឡា) ស្ករសុកកូឡា ម្ហូបអាហារគ្រឿងទេស ច្រើនជាដើម។
– ចូរទម្លាប់ទទួលទានដំណេកផ្អៀងមួយចំហៀង ប្រសើរជាងដេកផ្ងារ។
– ជម្ងឺដុំសាច់ប្រូស្ដាត តម្រូវឱ្យមានការពិនិត្យតាមដាន និងវិភាគវេជ្ជសាស្ដ្រជាប្រចាំ។ សូមជម្រាបថាជម្ងឺដុំសាច់ប្រូស្ដាត ខុសពីជម្ងឺមហារីកប្រូស្ដាត។ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកជម្ងឺមហារីកប្រូស្ដាតមកជម្រាបជូននៅពេលក្រោយ។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply