ក្បាលលិង្គ​ស្បែកគ្រប់ជិត អាចវះកាត់​ព្យាបាលបាន

យើងតែង​ឮថា បងប្អូន​អ៊ីស្លាម​កាត់ចុង​លិង្គ​កូនប្រុស​របស់គាត់ តើបែប​ណាទៅ? ពេលកើត​មក ក្មេងប្រុស​មាន​លិង្គ​ដែល​គ្របដណ្ដប់​ដោយ​ស្បែក ដែលគ្រប​ជិតក្បាល​លិង្គ ជួនមិន​អាចទាញ ឬវែក​​​ឃើញ​​​ក្បាល​លិង្គឡើយ។ បើដល់​ពេលពេញ​វ័យហើយ ស្បែកនោះ​នៅតែ គ្របដណ្ដប់​ក្បាលលិង្គ​ដដែល បង្កឱ្យ​ពិបាក​ជុះនោម ដូចជា​នោមឈឺ នោមចេញ​តិច ប៉ោងក្បាល​លិង្គពេល​នោម​ជាដើម។ ក្បាលលិង្គ​ស្បែកគ្រប ជិតរំខាន​ការ​រួមភេទ តែអាច​ព្យាបាល​ដោយវិធី​វះកាត់​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្បាលលិង្គ​ស្បែក​គ្របជិត ជាអ្វី?

ស្បែកគ្រប​ក្បាលលិង្គ ជាបន្ទះ​ស្បែកដែល​គ្របពី​លើក្បាល​លិង្គ។ ស្បែកនេះ​អាចគ្រប​ដណ្ដប់ក្បាល​លិង្គជិត​តែម្ដង ឬអាច​គ្របត្រឹម ពាក់​កណ្ដាល។ បុរស​ភាគច្រើន​មានស្បែក​គ្របក្បាល​លិង្គ​ក្រឡិត ឬពន្លាត់​ចុះឡើង​បាន និងបាញ់ទឹក​នោមចេញ​តាមប្រហោង​ក្បាលលិង្គ​ជាធម្មតា។ ប៉ុន្ដែទោះ​ជាករណី​ណាក៏ដោយ នៅក្បាល​លិង្គប៉ែក​ខាងក្រោម​មានបង្ហៀរ ភ្ជាប់ក្បាល​លិង្គទៅ​នឹងស្បែក​គ្របក្បាល​លិង្គ។

ជាទូទៅ​ស្បែកគ្រប​ក្បាលលិង្គ មានទំហំ​ប្រហោងធំ​ដែលអាច​ឱ្យពន្លាត់​ពីមុខ​ទៅក្រោយ​លើក្បាល​លិង្គ រហូតហួស​គន្លាក់​ក្បាល លិង្គ។ កាលបើ​ប្រហោង ឬបំពង់​ស្បែកក្បាល​លិង្គតូច​ជ្រុល ដែលមិន​អាចពន្លាត់​ទៅក្រោយ​គន្លាក់ក្បាល​លិង្គបាន បែបនេះ​ហៅថា​ក្បាលលិង្គ ស្បែក​គ្របជិត។ ជម្ងឺនេះ​ច្រើនតែ​កើតតាំង​ពីកំណើត ហើយក៏​អាចកើត​មានដោយ​ប្រការ​ណាមួយ​ផងដែរ ដូចជា​ជម្ងឺរលាក​ស្បែកក្បាល​លិង្គ ជាដើម។

ព្រោះថា​ក្មេងប្រុស ដែលទើប​តែកើត​មកមាន​លិង្គគ្រប​ដណ្ដប់​ដោយស្បែក ដែលគ្រប​ដណ្ដប់ក្បាល​លិង្គ ស្ទើរតែ​មើលក្បាល​លិង្គមិន ឃើញ។ ហើយជួន​កាលខំ​បើក​ពន្លាត់មើល ក៏មើល​មិនឃើញ​ដែរ។ ជួនស្បែក​ក្បាលលិង្គ ស្អិតជាប់​ទៅនឹង​ក្បាលលិង្គ​តែម្ដង។ អាការ​មិន ប្រក្រតី​ពីកំណើត​បែបនេះ ប្រជាពលរដ្ឋ​ខ្មែរ​និយម​ហៅថា លិង្គមិន​ក្រឡិត។ លិង្គរបស់​កុមារតូចៗ​ភាគច្រើន​មានសភាព​បែបនេះ។ ពេលដែល គេ​ពេញវ័យ ស្បែកលិង្គ​នេះចាប់​ផ្ដើមរួញ​ចេញក្បាល​លិង្គច្បាស់ នេះជា​សភាពក្ដ​ក្រឡិត ឬលិង្គក្រឡិត ដែលជា​លក្ខណៈ​ធម្មតា​របស់មនុស្ស ប្រុស។ ទោះបី​ជាលិង្គ​នោះ​ក្រឡិតក្ដី មិន​ក្រឡិតក្ដី វាមិនមែន​ជាជម្ងឺ​ធ្ងន់ធ្ងរទេ។ តែបើ​ក្បាលលិង្គ​ស្បែកគ្រប​ជិតខ្លាំង ដែលបង្ក​ផល​ប៉ះពាល់ អាក្រក់​ផ្សេងៗ ដាច់ខាត​តម្រូវឱ្យ​មាន​វិធាន​ការ​វេជ្ជសាស្ដ្រ ឬធ្វើការ​វះកាត់​ស្បែកនោះ​ចេញជា​បន្ទាន់។

រូបភាពទស្សនាវដ្តីសុខភាពយើង (ក្បាលលិង្គស្បែកគ្របជិត)

មូលហេតុ​បណ្ដាលឱ្យ​មានជម្ងឺ​ក្បាលលិង្គ​ស្បែក​គ្របជិត

កុមារ ៖ ភាពមិន​ប្រក្រតី​ស្បែកគ្រប​ក្បាលលិង្គ​នេះ ច្រើនតែ​កើតមាន​ពីកំណើត​តែម្ដង។ កុមារ​ខ្វះអនាម័យ ដែល​ឪពុកម្ដាយ មិន ជួយសម្អាត អាចមាន​ការរលាក​ក្បាលលិង្គ ដែលជា​ដើមហេតុ​នៃជម្ងឺ​ក្បាលលិង្គ​ស្បែកគ្រប​ជិតផងដែរ។

មនុស្ស​ពេញវ័យ ៖ ការរលាក​ក្បាលលិង្គ និងស្បែក​គ្របក្បាល​លិង្គដោយ​សារកង្វះ​អនាម័យ ឬដោយសារ​ជម្ងឺទឹក​នោមផ្អែម បង្ក ការស្អិតជាប់ ដែលមាន​រូបភាព​ជាជម្ងឺ​ក្បាលលិង្គ​ស្បែក​គ្របជិត កើតនៅ​ពេលវ័យ​ចាស់។ ម្យ៉ាងទៀត ជម្ងឺស្បែក​ក្បាលលិង្គ​ឡើងរឹង និង ក្រាស់ជាង​មុន​បាត់បង់​ភាពយឺត​កន្ដ្រាក់ ក៏អាចបង្ក​បញ្ហានេះ​បានដែរ។ ជួនកាល ការប៉ះ​ទង្គិចដែល​បណ្ដាលមក​ពីការ​ប៉ុនប៉ង​ពន្លាត់​ស្បែក​ក្បាល លិង្គដែល​មាន​ប្រហោង​រាងតឹង​បន្ដិច មកក្រោយ ជាហេតុ​នាំឱ្យ​ប្រហោង​ស្បែកក្បាល​លិង្គនេះ ជាប់នៅ​នឹងគន្លាក់ ឬកលិង្គ បន្ទាប់មក​ចាប់ផ្ដើម ហើម និងឈឺផ្សា។ បើមាន​បញ្ហានេះ សូមរួសរាន់​ទៅជួប​អ្នកជំនាញ ដើម្បីទាញ​មកសភាព​ដើមវិញ​ដោយដៃ​ទទេ និងដោយ​ប្រើថ្នាំស្ពឹក។

ករណី​មួយទៀត ជួនបណ្ដាល​មកពីការ​ឈឺចាប់​ពេលលិង្គ​ឡើងរឹង ឬពេល​រួមភេទ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​បង្ហៀរក្បាល​លិង្គដែល ប៉ោង​ទៅដោយ​ផ្នត់ជាលិកា​មុយកឺ​នៅចន្លោះ​ក្បាលលិង្គ និងគល់ស្បែក​ក្បាលលិង្គ។ ពេល​រួមភេទ​ដំបូង ផ្នត់នេះ​រំកិលទេរ​ទៅក្រោយ ហើយ មានដាច់​ហូរឈាម បែបនេះ​បង្កការ​គាំងផ្នត់​នេះ និងមាន​ការ​ឈឺចាប់​ពេលលិង្គ​ឡើងរឹង ដែលតម្រូវ​ឱ្យធ្វើ​ការវះកាត់​ប្រើថ្នាំ​ស្ពឹក។

រូបភាពទស្សនាវដ្តីសុខភាពយើង (ក្បាលលិង្គកាត់ស្បែករួច)

រោគសញ្ញា​បណ្ដាលមក​ពីក្បាលលិង្គ​ស្បែកគ្រប​ជិត

– បើចង់ពន្លាត់​ស្បែកគ្រប​ក្បាលលិង្គ​មកក្រោយ មិនអាច​ធ្វើទៅ​បានហួស​ពីគន្លាក់​ក្បាលលិង្គទេ ថែមទាំង​បង្កការ​ឈឺជាខ្លាំង។ ហើយស្បែក​គ្របក្បាល​លិង្គក៏មិន​អាចពន្លាត់​ទៅលើ​តួលិង្គ​បានដែរ។

–  ពេលជុះនោមម្ដងៗ ស្បែកគ្រប​ក្បាលលិង្គ​ឡើងប៉ោង​ដោយ​ទឹកនោម

–  ចរន្ដទឹកនោម​បាញ់ចេញ​មិនស្មើ និងបាចសាច ដូចទឹក​ដែលចេញ​ពីទុយយោ​ច្របាច់ក្បាល

–  ប្រសិនបើស្បែកនោះគ្របស្ទើរតែ​ជិតក្បាល​លិង្គតែម្ដង អាចបង្កការ​រលាក ឬដំបៅ​ក្បាលលិង្គ

–  អាចមានការ​បង្ករោគនៅ​នឹងក្បាលលិង្គ ជួនមាន​សភាព​ធ្ងន់ធ្ងរ បើរាល់​ពេល​នោមរួច មិនបាន​លាងសម្អាត​ត្រឹមត្រូវ

–  កុមារអាចមានស្បែកគ្រប​ក្បាលលិង្គនេះ នៅរហូតដល់​ពេញវ័យ ជួនពួកគាត់​ទ្រាំនោម​ពិបាក និងនោមម្ដងៗ​ឈឺផ្សា​ជាដើម។

ប្រការគួរ​ប្រតិបត្ដិ

កុមារ ៖ ចំពោះកុមារ​ជាកូន​របស់​លោកអ្នក បើចង់​ចៀសវាង​ជម្ងឺនេះ លោកអ្នក​អាចជួយ​លាងសម្អាត​ដោយទឹក​ក្ដៅជា​រៀងរាល់ ថ្ងៃ។ ហើយ​គួរតែ​បង្ហាត់កូន​ឱ្យចេះ​ធ្វើអនាម័យ​ដោយខ្លួនឯង​ជាប្រចាំ​ផង។ ក្នុងករណី​មានរលាក ឬពិបាក​នោម សូមលោកអ្នក​កុំអាល​ជ្រួល ច្រាលអី បើកូន​របស់​លោកអ្នក​អាយុក្រោម​៥ឆ្នាំ។ ផ្ទុយទៅវិញ បើលើសពី​៥ឆ្នាំហើយ ត្រូវនាំកូន​របស់​លោកអ្នក​ទៅ​មន្ទីរពេទ្យ ឬទៅជួប គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់។ វិធី​ព្យាបាល​ដោយវះកាត់​មួយដែល​ងាយស្រួល និងគ្មាន​គ្រោះថ្នាក់ អាចធ្វើ​ឡើង។

មនុស្ស​ពេញវ័យ ៖ បើលោកអ្នក​មានក្បាល​លិង្គស្បែក​គ្របជិត ដាច់ខាត​មិនត្រូវ​ខំពន្លាត់​ឡើយ។ ប្រសិនបើ​ប្រហោង​ស្បែកគ្រប ក្បាលលិង្គ​រាងតឹង​បន្ដិចបន្ដួច ឬពិបាក​ពន្លាត់ នោះលោកអ្នក​អាចធ្វើ​ការពន្លាត់​បន្ដិចម្ដងៗ​ដោយ​ប្រុងប្រយ័ត្ន​រៀងរាល់​ពេលងូត​ទឹកក្ដៅ ប្រយោជន៍​ពង្រីក ទំហំ​ប្រហោង​ស្បែកក្បាល​លិង្គ។ ប្រសិន​បើការ​ធ្វើបែប​នេះ បង្កការ​ឈឺចាប់ខ្លាំង ដាច់ខាត​ត្រូវតែ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជំនាញ។ ប៉ុន្ដែ​ដាច់ខាត មិនត្រូវ​ខំពន្លាត់​មួយទំហឹង​ខ្លាំងពេកទេ ព្រោះវា​អាចបណ្ដាល​ឱ្យស្បែក​ក្បាលលិង្គ​ទៅទើរ​លើតួលិង្គ ហើយមិន​អាចទាញ ទៅចុង​ក្បាលលិង្គ​វិញបាន។ ប្រការនេះ​ជាករណី​សង្គ្រោះ​បន្ទាន់។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​ព្យាបាល​ក្បាលលិង្គ​ស្បែកគ្រប​ជិត

វិធីព្យាបាល​ប្រសើរ​បំផុតមានតែ​មួយគត់ គឺជាការ​វះកាត់​ស្បែកគ្រប​ក្បាលលិង្គ​ចោលមួយ​ចំណែក​(ស្បែក និងមុយកឺ) ហើយច្រើន តែធ្វើ​ទៅលើ​ស្បែកគ្រប​ក្បាលលិង្គ ដែលមាន​ប្រហោង​តូចចង្អៀត​ជ្រុល។ បើការវះកាត់​នេះធ្វើ​បានល្អ​ត្រឹមត្រូវ ជម្ងឺក្បាល​លិង្គស្បែក​គ្របជិត មិនអាច​រើឡើង​វិញឡើយ។

កុមារ ការវះកាត់​ធ្វើនៅ​មន្ទីរពេទ្យ មិនទាន់​មានការ​កំណត់អាយុ​ត្រូវធ្វើ​ពិត​ប្រាកដទេ។ ប៉ុន្ដែ​ជាទូទៅ កុមារ​ត្រូវចេះ​ថែទាំ​ខ្លួន សិន។ មុនធ្វើ​ការវះកាត់ គ្រូពេទ្យ​ចាប់ផ្ដើម​ចាក់ថ្នាំ​ស្ពឹក ដើម្បីកុំ​ឱ្យឈឺចាប់។ ក្រោយពេល​វះកាត់រួច អ្នកជម្ងឺ​ត្រូវលាង​សម្អាត និងរុំបង់​សំឡីជា រៀងរាល់ថ្ងៃ អាចដល់​ទៅ៨ថ្ងៃ។

មនុស្សវ័យ ការវះកាត់​ក៏ត្រូវធ្វើ​នៅមន្ទីរពេទ្យ​ដែរ អាចប្រើ​ថ្នាំសណ្ដំ​ឱ្យសន្លប់ និងដោយ​ប្រើថ្នាំ​ស្ពឹក។ របៀប​វះកាត់​របស់មនុស្ស ធំ និងកុមារ​មិនខុសគ្នា​ទេ។ ប៉ុន្ដែមនុស្ស​ធំជាសះស្បើយ ចន្លោះពី៣ ទៅ៤សប្ដាហ៍។ បើចង់​រួមភេទ អ្នកជម្ងឺ​អាចចាប់​ផ្ដើមនៅសបា្ដហ៍​ទី៤ ប៉ុន្ដែ ច្រើនតែ​បង្កការ​ដាច់រលាត់​ចេញឈាម។ ប្រសើរ​បំផុត សូមទុក​ឱ្យរបួសស្នាម​សះស្បើយល្អ។ 

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *