យើងតែងឮថា បងប្អូនអ៊ីស្លាមកាត់ចុងលិង្គកូនប្រុសរបស់គាត់ តើបែបណាទៅ? ពេលកើតមក ក្មេងប្រុសមានលិង្គដែលគ្របដណ្ដប់ដោយស្បែក ដែលគ្របជិតក្បាលលិង្គ ជួនមិនអាចទាញ ឬវែកឃើញក្បាលលិង្គឡើយ។ បើដល់ពេលពេញវ័យហើយ ស្បែកនោះនៅតែ គ្របដណ្ដប់ក្បាលលិង្គដដែល បង្កឱ្យពិបាកជុះនោម ដូចជានោមឈឺ នោមចេញតិច ប៉ោងក្បាលលិង្គពេលនោមជាដើម។ ក្បាលលិង្គស្បែកគ្រប ជិតរំខានការរួមភេទ តែអាចព្យាបាលដោយវិធីវះកាត់បាន។
![ក្បាលលិង្គស្បែកគ្រប់ជិត អាចវះកាត់ព្យាបាលបាន](http://www.healthcambodia.com/wp-content/uploads/2012/03/១១-ក្បាលលិង្គស្បែកគ្រប-3-235x300.jpg)
ក្បាលលិង្គស្បែកគ្របជិត ជាអ្វី?
ស្បែកគ្របក្បាលលិង្គ ជាបន្ទះស្បែកដែលគ្របពីលើក្បាលលិង្គ។ ស្បែកនេះអាចគ្របដណ្ដប់ក្បាលលិង្គជិតតែម្ដង ឬអាចគ្របត្រឹម ពាក់កណ្ដាល។ បុរសភាគច្រើនមានស្បែកគ្របក្បាលលិង្គក្រឡិត ឬពន្លាត់ចុះឡើងបាន និងបាញ់ទឹកនោមចេញតាមប្រហោងក្បាលលិង្គជាធម្មតា។ ប៉ុន្ដែទោះជាករណីណាក៏ដោយ នៅក្បាលលិង្គប៉ែកខាងក្រោមមានបង្ហៀរ ភ្ជាប់ក្បាលលិង្គទៅនឹងស្បែកគ្របក្បាលលិង្គ។
ជាទូទៅស្បែកគ្របក្បាលលិង្គ មានទំហំប្រហោងធំដែលអាចឱ្យពន្លាត់ពីមុខទៅក្រោយលើក្បាលលិង្គ រហូតហួសគន្លាក់ក្បាល លិង្គ។ កាលបើប្រហោង ឬបំពង់ស្បែកក្បាលលិង្គតូចជ្រុល ដែលមិនអាចពន្លាត់ទៅក្រោយគន្លាក់ក្បាលលិង្គបាន បែបនេះហៅថាក្បាលលិង្គ ស្បែកគ្របជិត។ ជម្ងឺនេះច្រើនតែកើតតាំងពីកំណើត ហើយក៏អាចកើតមានដោយប្រការណាមួយផងដែរ ដូចជាជម្ងឺរលាកស្បែកក្បាលលិង្គ ជាដើម។
ព្រោះថាក្មេងប្រុស ដែលទើបតែកើតមកមានលិង្គគ្របដណ្ដប់ដោយស្បែក ដែលគ្របដណ្ដប់ក្បាលលិង្គ ស្ទើរតែមើលក្បាលលិង្គមិន ឃើញ។ ហើយជួនកាលខំបើកពន្លាត់មើល ក៏មើលមិនឃើញដែរ។ ជួនស្បែកក្បាលលិង្គ ស្អិតជាប់ទៅនឹងក្បាលលិង្គតែម្ដង។ អាការមិន ប្រក្រតីពីកំណើតបែបនេះ ប្រជាពលរដ្ឋខ្មែរនិយមហៅថា លិង្គមិនក្រឡិត។ លិង្គរបស់កុមារតូចៗភាគច្រើនមានសភាពបែបនេះ។ ពេលដែល គេពេញវ័យ ស្បែកលិង្គនេះចាប់ផ្ដើមរួញចេញក្បាលលិង្គច្បាស់ នេះជាសភាពក្ដក្រឡិត ឬលិង្គក្រឡិត ដែលជាលក្ខណៈធម្មតារបស់មនុស្ស ប្រុស។ ទោះបីជាលិង្គនោះក្រឡិតក្ដី មិនក្រឡិតក្ដី វាមិនមែនជាជម្ងឺធ្ងន់ធ្ងរទេ។ តែបើក្បាលលិង្គស្បែកគ្របជិតខ្លាំង ដែលបង្កផលប៉ះពាល់ អាក្រក់ផ្សេងៗ ដាច់ខាតតម្រូវឱ្យមានវិធានការវេជ្ជសាស្ដ្រ ឬធ្វើការវះកាត់ស្បែកនោះចេញជាបន្ទាន់។
![ក្បាលលិង្គស្បែកគ្រប់ជិត អាចវះកាត់ព្យាបាលបាន](http://www.healthcambodia.com/wp-content/uploads/2012/03/១១-ក្បាលលិង្គស្បែកគ្រប-2-229x300.jpg)
មូលហេតុបណ្ដាលឱ្យមានជម្ងឺក្បាលលិង្គស្បែកគ្របជិត
កុមារ ៖ ភាពមិនប្រក្រតីស្បែកគ្របក្បាលលិង្គនេះ ច្រើនតែកើតមានពីកំណើតតែម្ដង។ កុមារខ្វះអនាម័យ ដែលឪពុកម្ដាយ មិន ជួយសម្អាត អាចមានការរលាកក្បាលលិង្គ ដែលជាដើមហេតុនៃជម្ងឺក្បាលលិង្គស្បែកគ្របជិតផងដែរ។
មនុស្សពេញវ័យ ៖ ការរលាកក្បាលលិង្គ និងស្បែកគ្របក្បាលលិង្គដោយសារកង្វះអនាម័យ ឬដោយសារជម្ងឺទឹកនោមផ្អែម បង្ក ការស្អិតជាប់ ដែលមានរូបភាពជាជម្ងឺក្បាលលិង្គស្បែកគ្របជិត កើតនៅពេលវ័យចាស់។ ម្យ៉ាងទៀត ជម្ងឺស្បែកក្បាលលិង្គឡើងរឹង និង ក្រាស់ជាងមុនបាត់បង់ភាពយឺតកន្ដ្រាក់ ក៏អាចបង្កបញ្ហានេះបានដែរ។ ជួនកាល ការប៉ះទង្គិចដែលបណ្ដាលមកពីការប៉ុនប៉ងពន្លាត់ស្បែកក្បាល លិង្គដែលមានប្រហោងរាងតឹងបន្ដិច មកក្រោយ ជាហេតុនាំឱ្យប្រហោងស្បែកក្បាលលិង្គនេះ ជាប់នៅនឹងគន្លាក់ ឬកលិង្គ បន្ទាប់មកចាប់ផ្ដើម ហើម និងឈឺផ្សា។ បើមានបញ្ហានេះ សូមរួសរាន់ទៅជួបអ្នកជំនាញ ដើម្បីទាញមកសភាពដើមវិញដោយដៃទទេ និងដោយប្រើថ្នាំស្ពឹក។
ករណីមួយទៀត ជួនបណ្ដាលមកពីការឈឺចាប់ពេលលិង្គឡើងរឹង ឬពេលរួមភេទ ជាពិសេសពាក់ព័ន្ធទៅនឹងបង្ហៀរក្បាលលិង្គដែល ប៉ោងទៅដោយផ្នត់ជាលិកាមុយកឺនៅចន្លោះក្បាលលិង្គ និងគល់ស្បែកក្បាលលិង្គ។ ពេលរួមភេទដំបូង ផ្នត់នេះរំកិលទេរទៅក្រោយ ហើយ មានដាច់ហូរឈាម បែបនេះបង្កការគាំងផ្នត់នេះ និងមានការឈឺចាប់ពេលលិង្គឡើងរឹង ដែលតម្រូវឱ្យធ្វើការវះកាត់ប្រើថ្នាំស្ពឹក។
![ក្បាលលិង្គស្បែកគ្រប់ជិត អាចវះកាត់ព្យាបាលបាន](http://www.healthcambodia.com/wp-content/uploads/2012/03/១១-ក្បាលលិង្គស្បែកគ្រប-1-216x300.jpg)
រោគសញ្ញាបណ្ដាលមកពីក្បាលលិង្គស្បែកគ្របជិត
– បើចង់ពន្លាត់ស្បែកគ្របក្បាលលិង្គមកក្រោយ មិនអាចធ្វើទៅបានហួសពីគន្លាក់ក្បាលលិង្គទេ ថែមទាំងបង្កការឈឺជាខ្លាំង។ ហើយស្បែកគ្របក្បាលលិង្គក៏មិនអាចពន្លាត់ទៅលើតួលិង្គបានដែរ។
– ពេលជុះនោមម្ដងៗ ស្បែកគ្របក្បាលលិង្គឡើងប៉ោងដោយទឹកនោម
– ចរន្ដទឹកនោមបាញ់ចេញមិនស្មើ និងបាចសាច ដូចទឹកដែលចេញពីទុយយោច្របាច់ក្បាល
– ប្រសិនបើស្បែកនោះគ្របស្ទើរតែជិតក្បាលលិង្គតែម្ដង អាចបង្កការរលាក ឬដំបៅក្បាលលិង្គ
– អាចមានការបង្ករោគនៅនឹងក្បាលលិង្គ ជួនមានសភាពធ្ងន់ធ្ងរ បើរាល់ពេលនោមរួច មិនបានលាងសម្អាតត្រឹមត្រូវ
– កុមារអាចមានស្បែកគ្របក្បាលលិង្គនេះ នៅរហូតដល់ពេញវ័យ ជួនពួកគាត់ទ្រាំនោមពិបាក និងនោមម្ដងៗឈឺផ្សាជាដើម។
ប្រការគួរប្រតិបត្ដិ
កុមារ ៖ ចំពោះកុមារជាកូនរបស់លោកអ្នក បើចង់ចៀសវាងជម្ងឺនេះ លោកអ្នកអាចជួយលាងសម្អាតដោយទឹកក្ដៅជារៀងរាល់ ថ្ងៃ។ ហើយគួរតែបង្ហាត់កូនឱ្យចេះធ្វើអនាម័យដោយខ្លួនឯងជាប្រចាំផង។ ក្នុងករណីមានរលាក ឬពិបាកនោម សូមលោកអ្នកកុំអាលជ្រួល ច្រាលអី បើកូនរបស់លោកអ្នកអាយុក្រោម៥ឆ្នាំ។ ផ្ទុយទៅវិញ បើលើសពី៥ឆ្នាំហើយ ត្រូវនាំកូនរបស់លោកអ្នកទៅមន្ទីរពេទ្យ ឬទៅជួប គ្រូពេទ្យជំនាញជាបន្ទាន់។ វិធីព្យាបាលដោយវះកាត់មួយដែលងាយស្រួល និងគ្មានគ្រោះថ្នាក់ អាចធ្វើឡើង។
មនុស្សពេញវ័យ ៖ បើលោកអ្នកមានក្បាលលិង្គស្បែកគ្របជិត ដាច់ខាតមិនត្រូវខំពន្លាត់ឡើយ។ ប្រសិនបើប្រហោងស្បែកគ្រប ក្បាលលិង្គរាងតឹងបន្ដិចបន្ដួច ឬពិបាកពន្លាត់ នោះលោកអ្នកអាចធ្វើការពន្លាត់បន្ដិចម្ដងៗដោយប្រុងប្រយ័ត្នរៀងរាល់ពេលងូតទឹកក្ដៅ ប្រយោជន៍ពង្រីក ទំហំប្រហោងស្បែកក្បាលលិង្គ។ ប្រសិនបើការធ្វើបែបនេះ បង្កការឈឺចាប់ខ្លាំង ដាច់ខាតត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ ជំនាញ។ ប៉ុន្ដែដាច់ខាត មិនត្រូវខំពន្លាត់មួយទំហឹងខ្លាំងពេកទេ ព្រោះវាអាចបណ្ដាលឱ្យស្បែកក្បាលលិង្គទៅទើរលើតួលិង្គ ហើយមិនអាចទាញ ទៅចុងក្បាលលិង្គវិញបាន។ ប្រការនេះជាករណីសង្គ្រោះបន្ទាន់។
![ក្បាលលិង្គស្បែកគ្រប់ជិត អាចវះកាត់ព្យាបាលបាន](http://www.healthcambodia.com/wp-content/uploads/2012/03/១១-ក្បាលលិង្គស្បែកគ្រប-4-255x300.jpg)
វិធីព្យាបាលក្បាលលិង្គស្បែកគ្របជិត
វិធីព្យាបាលប្រសើរបំផុតមានតែមួយគត់ គឺជាការវះកាត់ស្បែកគ្របក្បាលលិង្គចោលមួយចំណែក(ស្បែក និងមុយកឺ) ហើយច្រើន តែធ្វើទៅលើស្បែកគ្របក្បាលលិង្គ ដែលមានប្រហោងតូចចង្អៀតជ្រុល។ បើការវះកាត់នេះធ្វើបានល្អត្រឹមត្រូវ ជម្ងឺក្បាលលិង្គស្បែកគ្របជិត មិនអាចរើឡើងវិញឡើយ។
កុមារ ៖ ការវះកាត់ធ្វើនៅមន្ទីរពេទ្យ មិនទាន់មានការកំណត់អាយុត្រូវធ្វើពិតប្រាកដទេ។ ប៉ុន្ដែជាទូទៅ កុមារត្រូវចេះថែទាំខ្លួន សិន។ មុនធ្វើការវះកាត់ គ្រូពេទ្យចាប់ផ្ដើមចាក់ថ្នាំស្ពឹក ដើម្បីកុំឱ្យឈឺចាប់។ ក្រោយពេលវះកាត់រួច អ្នកជម្ងឺត្រូវលាងសម្អាត និងរុំបង់សំឡីជា រៀងរាល់ថ្ងៃ អាចដល់ទៅ៨ថ្ងៃ។
មនុស្សវ័យ ៖ ការវះកាត់ក៏ត្រូវធ្វើនៅមន្ទីរពេទ្យដែរ អាចប្រើថ្នាំសណ្ដំឱ្យសន្លប់ និងដោយប្រើថ្នាំស្ពឹក។ របៀបវះកាត់របស់មនុស្ស ធំ និងកុមារមិនខុសគ្នាទេ។ ប៉ុន្ដែមនុស្សធំជាសះស្បើយ ចន្លោះពី៣ ទៅ៤សប្ដាហ៍។ បើចង់រួមភេទ អ្នកជម្ងឺអាចចាប់ផ្ដើមនៅសបា្ដហ៍ទី៤ ប៉ុន្ដែ ច្រើនតែបង្កការដាច់រលាត់ចេញឈាម។ ប្រសើរបំផុត សូមទុកឱ្យរបួសស្នាមសះស្បើយល្អ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply