នៅរដូវក្ដៅ ការវិវឌ្ឍន៍នៃជម្ងឺមានលក្ខណៈធ្ងន់ធ្ងរជាងរដូវដែលមានអាកាសធាតុត្រជាក់ ពិសេសជម្ងឺដែលទាក់ទងទៅនឹងដុំសាច់បំពង់ក ដែលខ្មែរយើងភាគច្រើននិយមហៅថាជម្ងឺដុះសាច់បំពង់ក។ វាអាចមានការយល់ច្រឡំបន្ដិច បើសិនជាយើងស្ដាប់មួយភ្លែតពីឈ្មោះនៃជម្ងឺដុះសាច់បំពង់កនេះ វាហាក់បីដូចជាធ្ងន់ធ្ងរណាស់។
![ខ្ញុំដុះសាច់បំពង់ក](http://www.healthcambodia.com/wp-content/uploads/2012/03/១៤-ខ្ញុំដុះសាច់បំពង់ក-2-267x300.jpg)
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាន៍ជាមួយលោកវេជ្ជបណ្ឌិត សុខ សំអាត ជាប្រធានផ្នែកព្យាបាលជម្ងឺច្រមុះបំពង់ក ត្រចៀក នៃមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីបកស្រាយចម្ងល់។
សាច់បំពង់ក ឬសាច់អាមីដាល់ ជាអ្វី?
សាច់អាមីដាល់ជាសរីរាង្គមួយដែលមានទំហំប៉ុនកូនដៃចំនួនពីរអមក្រឡើតនៅក្នុងមាត់។ សាច់អាមីដាល់នេះ មានតួនាទី សំខាន់ណាស់នៅក្នុងការទប់ទល់រាល់ការយ៊ាយីពីសំណាក់ពពួកមេរោគផ្សេងៗ ដែលបានឆ្លងកាត់តាមបំពង់ក និងរន្ធច្រមុះ។ សាច់ អាមីដាល់នេះក៏មានប្រយោជន៍ផងដែរ សម្រាប់ការពារនូវមេរោគផ្សេងៗដែលចូលមកក្នុងខ្លួន វាមានការទំនាក់ទំនងគ្នាតាំងពីច្រមុះ រហូតដល់បំពង់ក។ ជាធម្មជាតិ សាច់អាមីដាល់ច្រើនតែរីកមាឌនៅពេលមានអាកាសធាតុត្រជាក់ ដើម្បីបន្ថយខ្យល់ត្រជាក់ និងការពារ ខ្យល់ត្រជាក់ពេកដែលចូលទៅក្នុងរាង្គកាយ។
ជម្ងឺដុះសាច់បំពង់ក ជាអ្វី?
ប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែធ្លាប់ឮពីជម្ងឺដុះសាច់បំពង់កនេះ តែវាជាពាក្យហៅរបស់ប្រជាពលរដ្ឋសាមញ្ញ។ តាមពិត ទៅជម្ងឺនេះ មិនមែនជាការដុះសាច់បន្ថែមថ្មីនៅក្នុងបំពង់កដូចដែលពួកគាត់គិតស្មាននោះទេ វាជាការរលាករ៉ាំរ៉ៃនៃសាច់អាមីដាល់ ដែលមានស្រាប់នៅក្នុងបំពង់ក។
មូលហេតុជម្ងឺរលាកសាច់អាមីដាល់
តាមរយៈការផ្លាស់ប្ដូរអាកាសធាតុ សាច់អាមីដាលក៏មានការប្រែប្រួលខ្លះដែរ។ វារងការរលាកភាគច្រើនមកពីមជ្ឈដ្ឋានជុំ វិញដែលមិនល្អ និងអាចចម្លងគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈខ្យល់ដកដង្ហើមបាន។ បញ្ហាខ្វះអនាម័យមាត់ធ្មេញនាំឱ្យមានការ រលាកមាត់ ច្រមុះ និងបំពង់ក។ ក្នុងករណីរាង្គកាយគ្មានប្រព័ន្ធការពារ ឬប្រព័ន្ធការពារខ្សោយ ងាយបង្កជម្ងឺផ្សេងៗ និងមានការពិបាក ក្នុងការព្យាបាល។
– ការរលាកសាច់អាមីដាល់ដោយវីរុស ៖ វីរុសមានច្រើនប្រភេទ ដែលភាគច្រើនកើតលើកូនក្មេង(៦០%ទៅ៧៥%) និង មនុស្សពេញវ័យ(៧៥%ទៅ៩៥%)។
– ការរលាកសាច់អាមីដាល់ដោយបាក់តេរី ៖ វាច្រើនកើតនៅលើមនុស្សជំទង់ប្រហែល១០ ទៅ២៥% និងលើកូន ក្មេងដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ(២៥%ទៅ៤០%)។
![ខ្ញុំដុះសាច់បំពង់ក](http://www.healthcambodia.com/wp-content/uploads/2012/03/១៤-ខ្ញុំដុះសាច់បំពង់ក-3-230x300.jpg)
រោគសញ្ញាជម្ងឺរលាកសាច់អាមីដាល់
ការរលាកសាច់អាមីដាល់ស្ដែងចេញជាអាការរោគជាច្រើន ដូចជាឈឺក ស្ងួតក្រហាយបំពង់ក គ្រុនក្ដៅ ពិបាកលេបអាហារ ហើមបំពង់ក ស្អកក ចេញកូនកណ្ដុរនៅគល់ថ្គាមជាដើម។ តែការវិនិច្ឆ័យរោគបង្ហាញថាតើវាជាប្រភេទជម្ងឺរលាកស្រួចស្រាវរ៉ាំរ៉ៃ ឬ រលាកធ្ងន់ធ្ងរបានច្បាស់លាស់ ទាល់តែមានការវិភាគលើរោគសញ្ញា និងការធ្វើតេស្ដពីសំណាក់គ្រូពេទ្យជំនាញ។ ដោយមូលហេតុចម្បង នៃការរលាកបណ្ដាលមកពីមេរោគពីរប្រភេទ គឺប្រភេទវីរុស និងប្រភេទបាក់តេរី ដូច្នេះរោគសញ្ញាក៏មានលក្ខណៈខុសគ្នាដែរ។
– ការរលាកសាច់អាមីដាល់ដោយវិរុស ៖ រោគសញ្ញាដំបូង គឺវាចាប់ផ្ដើមដោយសន្សឹមៗ មានអាការ ដូចជាហូរសម្បោរ ក្អក ឈឺសាច់ដុំ ឈឺបំពង់ក រលាកភ្នែក និង ពងបែកក្នុងមាត់ជាដើម។ អាការហូរសម្បោរខ្លះអាចជាអាការធម្មតាមិនមែនជាអាការ ជម្ងឺទេ។
– ការរលាកសាច់អាមីដាល់ដោយបាក់តេរី ៖ វាមានអាការ ដូចជាឈឺកខ្លាំង គ្រុនក្ដៅខ្លាំង ហូរសម្បោរច្រើន និងមានលេច ចេញនូវកូនកណ្ដុរនៅផ្នែកបំពង់កដែលមានអាការឈឺខ្លាំងជាងធម្មតាជាដើម។
ពេលអាការរលាកឈានដល់ដំណាក់កាលធ្ងន់ធ្ងរ វាអាចនឹងនាំឱ្យកខ្ទុះ ឬអាប់ហ្សែនៅជុំវិញបំពង់ក និងបង្កឱ្យមានខ្ទុះពិបាក នៅក្នុងការទទួលទានបាយ ឈឺសន្លាក់ដៃជើង អាចរលាកទៅដល់តម្រងនោម រលាកច្រមុះ ឬត្រចៀកជាដើម។ ការរលាកសាច់អាមី ដាល់នេះក៏នាំឱ្យមានការពិបាកនៅក្នុងការទទួលទានដំណេកដែរ។ សម្រាប់រដូវក្ដៅនេះ គ្រប់ជម្ងឺបំពង់កដែលមានជាយូរមក មានអា ការឈឺចាប់ជាងរដូវត្រជាក់ ព្រោះថាបំពង់កដែលឈឺត្រូវប្រឈមមុខទៅនឹងការស្ងួតក ស្លែសដែលនៅជាប់កនឹងស្ងួតជាដើម។ បើធ្លាប់ ឈឺពីមុន វាអាចក្លាយជាអាការរ៉ាំរ៉ៃ និងរឹតឈឺចាប់ខ្លាំងឡើង។ កម្រិតស្រួចស្រាវងាយនឹងក្លាយទៅជាកម្រិតរ៉ាំរ៉ៃ។
វិធីបង្ការជម្ងឺរលាកសាច់អាមីដាល់
ជាធម្មតា ប្រសិនបើយើងមានសុខភាពរាងកាយល្អ រាល់ជម្ងឺផ្សេងៗដែលអុកឡុកត្រូវប្រយុទ្ធនឹងជាតិអង់ទីគ័រប្រឆាំងដោយ ស្វ័យប្រវត្ដិ។ មានន័យថាសព៌ាង្គកាយអាចព្យាបាលបានដោយខ្លួនឯងក្នុងរយៈពេលពីបីថ្ងៃទៅមួយសប្ដាហ៍តែប៉ុណ្ណោះ។ ការប៉ះពាល់នូវ មេរោគ និងវីរុសនានា ធ្វើឱ្យប្រព័ន្ធកោសិកានៃសាច់អាមីដាល់នេះរីកមាឌ នេះជាប្រតិកម្មធម្មតាក្នុងការបង្កើតអង់ទីគ័រ(ភាពស៊ាំ) របស់រាងកាយ ដើម្បីការពារទប់ទល់នឹងមេរោគនានា។ ការការពាររាងកាយពេលមានការផ្លាស់ប្ដូរអាកាសធាតុ ក៏ជាកត្ដាចាំបាច់មួយ ដែរ។ សូមយកចិត្ដទុកដាក់លើកត្ដាអនាម័យព្រមគ្នា តាំងពីរន្ធច្រមុះ មាត់ ដល់បំពង់ក ព្រោះបញ្ហារលាកច្រមុះអាចនឹងរាលដាលដល់ បំពង់ក។ ពិសេសពេលបំពង់កមានបញ្ហារលាកខ្លាំងក្លា យើងមិនគួរទទួលទានអាហារណាដែលមានលក្ខណៈក្ដៅពេក ឬក៏ត្រជាក់ពេក នោះទេ។
ការព្យាបាលជម្ងឺរលាកសាច់អាមីដាល់
ការព្យាបាលផ្អែកទៅលើប្រភេទមេរោគ ជាវីរុស ឬជាបាក់តេរី ព្រោះរបៀបព្យាបាលផ្សេងពីគ្នា។ ការធ្វើតេស្ដកំហាក និង ការវិភាគរកមូលហេតុនៃការរលាកបំពង់ក ជួយសម្រួលដល់ការព្យាបាល។ បើរលាកដោយវីរុស ការព្យាបាលរលាកសាច់អាមីដាល់ ងាយស្រួលប្រើថ្នាំទប់ទល់។ ជាឧទាហរណ៍ ប្រសិនបើអ្នកជម្ងឺហៀរសម្បោរ យើងប្រើថ្នាំទប់ហៀរសម្បោរ បើក្ដៅខ្លួន ត្រូវប្រើថ្នាំក្ដៅ ខ្លួន តែមិនចាំបាច់ដល់ថ្នាក់ប្រើថ្នាំផ្សះ ឬអង់ទីប៊ីយ៉ូទិកឡើយ។ ករណីឆ្លងដោយសារពួកបាក់តេរី ត្រូវប្រើថ្នាំផ្សះ ឬអង់ទីប៊ីយ៉ូទិកខ្លះ ដែរ ដើម្បីការពារផលវិបាកដោយចៃដន្យ។ ករណីដែលត្រូវធ្វើការវះកាត់ លុះត្រាតែសាច់អាមីដាល់មានអាការរ៉ាំរ៉ៃ រលាកយូរ ឬរីកធំ ពេក ពិបាកនៅក្នុងការដកដង្ហើមពេលគេងយប់ ពិសេសក្នុងករណីកើតលើកុមារ។ រាល់ការវិនិច្ឆ័យរោគ និងការសម្រេចទាំងឡាយ គួរ តែធ្វើឡើងដោយគ្រូពេទ្យជំនាញ ទើបជាការល្អ។
ត្រូវធ្វើការវះកាត់ចេញ ពេលសាច់អាមីដាលរលាក ឬរីកប៉ោងធំជ្រុលដែលបណ្ដាលឱ្យមានបញ្ហាពិបាកដកដង្ហើម និងអាការ ឈឺចាប់ខ្លាំងពេក។ ជាធម្មតាបើនិយាយដល់ការវះកាត់ដុះសាច់បំពង់ក គេតែងតែវះកាត់សាច់អាមីដាល់នេះឯង។
ដំបូន្មានអ្នកជំនាញ
សម្រាប់មាតាដែលនិយមចូលចិត្ដជួយទំពារអាហារឱ្យម៉ដ្ឋបញ្ចុកកូន ឬជួយផ្លុំអាហារឱ្យត្រជាក់មុនឱ្យកូនញុំា គួរតែគិតគូរពី បញ្ហាអនាម័យផង។ បើករណីមាត់យើងមានការរលាត់ ឬរលាក វានាំឱ្យមេរោគងាយនឹងជ្រាបចូលទៅក្នុងខ្លួនកុមារណាស់។ ពេល មានជម្ងឺ ចាំបាច់ត្រូវទៅជួបគ្រូពេទ្យជំនាញខាងជម្ងឺច្រមុះបំពង់កឱ្យទាន់ពេលវេលា ដើម្បីទទួលការព្យាបាលចៀសវាងការក្លាយជាជម្ងឺ រ៉ាំរ៉ៃ។ បើទុកយូរពេក មិនងាយព្យាបាលជាទេ តែបើថ្មីៗ ងាយស្រួលនៅក្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply