នៅជាមួយទីតាំងដែលស្ថិតនៅចំកណ្ដាលមុខ ច្រមុះបានធ្វើឱ្យរង្វង់ភ្រ័ក្ដកាន់តែមានសម្រស់ថែមទៀត។ គ្មានអ្វីស្អាតស្មើ បើសិនជាសុភាពនារីមានច្រមុះមួយខ្ពស់ ហើយត្រង់។ រង្វង់មុខទោះបីជាស្អាតយ៉ាងណាក៏ដោយ បើសិនអ្នកនាងកញ្ញាមានច្រមុះរីកធំ ខើចអាចប្រែជាអាក្រក់មើលទៅវិញ។ ចំណុចនេះ អាចបញ្ជាក់បានថាច្រមុះក៏ជាមូលដ្ឋានកំណត់សម្រស់របស់វង់ភ្រ័ក្ដដែរ។
![របៀបផាត់ម្សៅលើច្រមុះ](http://www.healthcambodia.com/wp-content/uploads/2012/03/២-របៀបផាម្សៅច្រមុះ-275x300.jpg)
ដើម្បីជាជំនួយដល់សុភាពនារីទាំងអស់ក្នុងការតុបតែងច្រមុះឱ្យសក្ដិសម ទស្សនាវដ្ដី សុខភាពយើង សូមលើកមកជម្រាប ជូនសុភាពនារីទាំងទ្បាយពីវិធីក្នុងការតុបតែងច្រមុះដោយការជួបសម្ភាសន៍ជាមួយលោកស្រី លីរ៉ា នីរ៉ាន់ អ្នកជំនាញនៅហាងសម្រស់ ភ្នំពេញ។
បច្ជេកទេសតុបតែងច្រមុះ
ការផាត់ម្សៅនៅលើច្រមុះក៏ត្រូវមានរបៀបផាត់ ឬលាប ដូចជាការផាត់ម្សៅនៅកន្លែងផ្សេងទៀតនៃមុខដែរ។ ស្បែក ច្រមុះច្រើនរអិលជាងស្បែកមុខ។ ដូចនេះសុភាពនារីទាំងទ្បាយត្រូវប្រើក្រែមស្ងួតដើម្បីលាបមុខមុនពេលផាត់ម្សៅ។ ករណីដែល ច្រមុះធំ និងរីក គួរតែប្រើម្សៅពណ៌ដាក់សងខាងច្រមុះតាមបណ្ដោយច្រមុះ។ បើសិនជាសុភាពនារីមានច្រមុះវែង គប្បីប្រើម្សៅលាប ថ្ពាល់ពណ៌ផ្កាឈូក ផាត់ច្រមុះឱ្យក្រាស់បន្ដិច។ ក្នុងករណីដែលអ្នកនាងកញ្ញាមានច្រមុះមិនសូវខ្ពស់ គួរតែលាបម្សៅត្រង់ច្រមុះពណ៌ស ឬក៏ពណ៌ទឹកប្រាក់ឱ្យក្រាស់នៅសងខាងច្រមុះ រួមជាមួយនឹងពណ៌សូកូទ្បាត្រង់ខ្ទង់ច្រមុះ ទើបមើលឃើញច្រមុះខ្ពស់។ ទោះបីជាយ៉ាង ណាសម្រាប់អ្នកនាងកញ្ញាដែលមានច្រមុះកំពិតនោះ ពិតជាពិបាករកវិធីតុបតែងខ្លាំងណាស់។ បច្ចុប្បន្ននេះដោយសារការរីកចម្រើន ផ្នែកវិស័យកែសម្ផស្សនោះ មានផលិតផលសម្រាប់វះកាត់បង្កើនកម្ពស់ និងរូបរាងរបស់ច្រមុះ ដោយបានផលិតនូវច្រមុះជ័រដែលដូចគ្នា បេះបិទនឹងច្រមុះធម្មតា ឬក៏អាចធ្វើច្រមុះពិតមួយតែម្ដងដោយយកសាច់ដៃ ឬពោះជាដើមមកវះកាត់ច្នៃប្រឌិត។
វិធីថែរក្សាច្រមុះ
បន្ថែមពីលើរបៀបផាត់ម្សៅលើខ្ទង់ច្រមុះនោះ ក៏ត្រូវយកចិត្ដទុកដាក់ផងដែរ ចំពោះការថែរក្សាច្រមុះ។ ច្រមុះមិនត្រឹមតែ មានសារៈសំខាន់ផ្នែកសោភ័ណភាពប៉ុណ្ណោះទេ ច្រមុះអាចប៉ះពាល់នូវសុខភាពរាងកាយទៀតផង។ ប្រការល្អ សូមប្រុងប្រយ័ត្នរាល់ ការប៉ះទង្គិចផ្សេងៗនៅលើច្រមុះ។ ក្រៅពីការឈឺចាប់ និងឈាមចេញតាមច្រមុះនោះ មានករណីធ្ងន់ធ្ងរ ដូចជាការបាក់ច្រមុះតែម្ដង ជាដើម។
ដំបូន្មានអ្នកជំនាញ
ត្រូវប្រុងប្រយ័ត្នក្នុងការតុបតែងច្រមុះ បើអ្នកនាងកញ្ញាមិនប្រាកដក្នុងចិត្ដទេ សូមរកអ្នកជំនាញដើម្បីតុបតែង ព្រោះថាបើ តុបតែងមិនបានល្អអាចធ្វើឱ្យអាក្រក់លើសដើមក៏ថាបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply