កីឡាវាយ​តែន្នីស

ការលេង​កីឡា​ជួយឱ្យ​មានសុខភាព​រាងកាយ​មាំមួន និង​រក្សាបាន​នូវភាព​ស្វាហាប់​តាមលក្ខណៈ​ធម្មជាតិ។ សូម​ព្យាយាម អនុវត្ដ​ឱ្យបាន​ទៀងទាត់ តែវា​ក៏អាស្រ័យ​ទៅលើ​ពេលវេលា កម្លាំង​ដែល​លោកអ្នក​មាន និង​ចំណង់​ចំណូលចិត្ដ​របស់​លោកអ្នក​ដែលចង់ ហាត់ដែរ។ កីឡា​វាយតែន្ននីស ជាកីឡា​លំដាប់​អន្ដរជាតិ​មួយដែល​មានប្រយោជន៍​ដល់ការ​ថែរក្សា​នូវភាព​គង់វង្ស រឹងមាំ និងភាព​ស្វាហាប់​នៃកាយ​សម្បទា។ សូមស្វែង​យល់អំពី​កីឡាមួយនេះ​ដូចតទៅ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក យី សារិន ជាគ្រូ​បង្វឹក​ក្រុមកីឡា​វាយកូន​បាល់​ជម្រើសជាតិ បានណែនាំ​ឱ្យមានការ​ហ្វឹកហាត់​តាមក្បួន ទើប​សុខភាព រាងកាយ​យើងមាន​ភាពរឹងប៉ឹង​មាំមួន ហើយ​បច្ចេកទេស​វាយមាន​ភាពរីក​ចម្រើន​ឆាប់រហ័ស​តាម​តម្រូវការ​ដែលយើង​ចង់បាន។

កីឡា​វាយតែន្នីស ជាអ្វី?

កីឡា​វាយតែន្នីស​មានដើម​កំណើត​មកពី​ប្រទេសអង់គ្លេស ហើយត្រូវ​បាននាំ​ចូលមក​ដល់កម្ពុជា​នៅទសវត្សរ៍​ទី៥០ តែប្រជាពលរដ្ឋ​ខ្មែរហៅ​កីឡា​នេះជា​ខេមរភាសា​ថាកីឡា​វាយកូនបាល់។ ពេល​ដំបូង ការលេង​កីឡាវាយ​កូនបាល់​ប្រើត្រឹម​តែរ៉ឺកែត​ឈើប៉ុណ្ណោះ ។ ក្រោយមក​មានការ​ប្រើរ៉ឺកែត​អាលុយមីញ៉ូម រ៉ឺកែតជាតិ​ស្នែង និង​បច្ចុប្បន្ន​រ៉ឺកែតជាតិ​ទីតានីញ៉ូម។ ការវិវឌ្ឍន៍​នៃឧបករណ៍​នីមួយៗ មានជំនួយ​យ៉ាងខ្លាំង​ដល់ការវាយ និង​សន្ទុះ​ល្បឿន​នៃគ្រាប់បាល់។ រ៉ឺកែត​ខ្នាតថ្មី​ដែលមាន​លក្ខណៈ​ស្ដង់ដា​ដែលត្រូវ​បានជ្រើស​យកមក​ប្រើនេះ​មានទម្ងន់​៣,៥០ក្រាម​(៣ខាំកន្លះ)។ កីឡាវាយ​កូនបាល់​មានការ​ប្រកួត​រហូតដល់​ទៅ៧វិញ្ញាសារ​នៅក្នុងការ​ប្រកួត​កីឡាអូឡាំពិច។ ឧបរកណ៍​សម្រាប់​លេងកីឡា​នេះមាន​ត្រឹមរ៉ឺកែត និង​កូនបាល់ ដោយ​ត្រូវប្រកួត​នៅក្នុងតារាង​ដែលបាន​កំណត់​នៅក្នុង​មាត្រដ្ឋាន មួយច្បាស់​លាស់។

អត្ថប្រយោជន៍​កីឡាវាយ​កូនបាល់

កីឡានេះ​មានប្រយោជន៍​ច្រើនចំពោះ​សុខភាព​រាងកាយ ដូចជា​អាចជួយ​ឱ្យរក្សា​បាននូវកាយ​វិការស្វាហាប់ រឹងប៉ឹង និងមាំមួន ព្រោះការ​លេងកីឡា​វាយកូន​បាល់ត្រូវ​ការប្រើជើង ចលនាចង្កេះ និង​ការរត់​ច្រើន។ វាអាច​ជួយបង្កើន​ការដើរ​បានយូរ និង​អាចជួយ សម្រក​ខ្លាញ់។ កីឡា​វាយកូនបាល់​មានប្រយោជន៍​ដល់ការ​ប្រើប្រាស់​ភ្នែក និង​ដៃបានល្អ ពិសេស​ការប្រើ​ខួរក្បាល​ច្រើនដើម្បី​វាយឱ្យ ឈ្នះគូ​ប្រកួត។ វាមិន​មានគ្រោះថ្នាក់​អ្វីធ្ងន់ធ្ងរ​ទេ គ្រាន់​តែការលេង​តម្រូវឱ្យ​អ្នកលេង​ត្រូវឈរ​នៅទីតាំង​មួយចំហៀង​ម្នាក់ ហើយមាន សុវត្ថិភាព​ជាងកីឡា​ផ្សេងទៀត។ អាចមាន​បញ្ហាតិចតួច​ខ្លះដែរ​សម្រាប់​ការលេង​រហូតដល់​ហត់ពេក រត់ដួល ថ្លោះដៃជើង ឬ​គ្រាប់បាល់ ហោះបុក​ត្រូវជាដើម ដែលទាំង​នេះជាហេតុ​ចៃដន្យ តែវាមិន​ងាយបង្ក​ឱ្យមានការ​ឈ្លោះ​ទាស់ទែង​គ្នាទេ។ ពេលប្រកួត កីឡាករ​មានពេល​សម្រាក​ដើម្បីហូប​ទឹកពេលហត់។ ការប្រកួត​ត្រូវធ្វើឡើង​នៅលើទីលាន​មួយដែល​ស្អាត។ ចលនា​ដងខ្លួន​ត្រូវបាន​ស្ថាបនា​រាល់ពេល លេង ហើយវា​ជាទូត​នៃការរាប់​អានគ្នា​ទៀតផង។

របៀប​ហាត់កីឡា​វាយកូនបាល់

សម្រាប់​អ្នកដែល​ចង់ហាត់​កីឡានេះ គួរមាន​គ្រូបង្ហាត់​ណែនាំ ទើប​មិនឆ្គង មិនទើសទែង រក្សាការ​វាយត្រូវ​តាម​បច្ចេកទេស និង​ងាយស្រួល​ក្នុងការលេង ហើយ​បើពូកែ​នឹងអាច​ជក់ចិត្ដ។ ការលេង​ដោយមិន​មានចំណេះដឹង​ខ្លះៗទាក់ទង​ទៅនឹងកីឡា​ដែលអ្នកចង់ លេង អាចមិន​ទៅមុខ ឬ​មិនសូវ​ទទួលបាន​នូវលទ្ធ​ផលល្អ។ បច្ចុប្បន្ន កីឡាវាយ​កូនបាល់​ត្រូវបាន​អនុញ្ញាត​ឱ្យក្មេង​អាយុចាប់​ពី៨ឆ្នាំអាច ហាត់លេង​បានដែរ តែត្រូវ​មានរបៀប​លេង ការហ្វឹកហាត់ និង​ឧបករណ៍​លេងផ្សេង​ខុសពី​មនុស្សធំ។ ជាធម្មតា ពួកគេអាច​លេងរ៉ឺកែត​មីនីតែន្នីស​(រ៉ឺកែតធុនតូច) បាល់ធុន​ស្រាល និង​ហាត់លេង​របៀប​មីនីតែន្នីស ដោយមិន​ចាំបាច់​លេងក្នុង​តារាងទេ។ ការលេង​របស់ ពួកគេ​នៅក្នុង​វ័យនេះ គ្រាន់តែ​ហាត់ដើម្បី​ឱ្យចេះ​ស្គាល់បាល់ ស្គាល់រ៉ឺកែត ចេះកុង​ត្រូលបាល់ ពិសេស​រៀនប្រើភ្នែក និង​ដៃតែ​ប៉ុណ្ណោះ។

កីឡា​នេះមាន​ការកំណត់​តារាង​ហ្វឹកហាត់ និងរបៀប​លេងខ្លះៗដែរ ដូចជាបើ​កុមារអាយុ​ចាប់ពី​៨ទៅ​១០ឆ្នាំ គឺពួក​គេហាត់ លេង​ធម្មតា ដើម្បី​ឱ្យស្គាល់​បាល់រ៉ឺកែត ទិសបាល់​ជាដើម។ កាលណា​ក្មេងអាយុ​បាន១០ឆ្នាំ ពួកគេ​អាចចូល​មកលេង​នៅក្នុង​តារាងបាន។ ពោល​គឺក្មេង​អាយុចាប់ពី​១០ទៅ​១២ឆ្នាំ ពួកគេល្មម​អាចកាន់​រ៉ឺកែត និង​ចាប់ផ្ដើម​ហាត់ពី​បច្ចេកទេស​បានមាន​ការវាយ​ស្ដាំ-ឆ្វេង​សឺវ៉ីសស្មាត់​វាឡេ​ជាដើម។ កម្លាំង​កាយសម្បទា​ត្រូវហាត់​រហូតដល់​ទៅថ្នាក់​កម្រិត​ល្បឿនលឿន មិនចេះហត់ ហើយ​ស្វាហាប់។ បច្ចេកទេស​នៃការវាយ ទាមទារ​ការធ្វើ​ចលនាឱ្យ​ត្រូវតាមក្បួន។ ហាត់ប្រើ​តិចនិច ឬ​យុទ្ធវិធី​ដើម្បីវាយ​ឱ្យបានល្អ។ ជារួមកីឡា​វាយកូន បាល់មាន​បីចំណុច​ដែលខ្លាំង គឺបច្ចេកទេស កម្លាំងកាយ យុទ្ធវិធី​(តិចនិច)។ ចំណែក​ការហ្វឹក​ហាត់បច្ចេកទេស​មាន៩វិធី គឺវាយ​ខាងស្ដាំ -ឆ្វេង វាយវា​ឡេស្ដាំ-ឆ្វេង ស្មាត់ស្ដាំ-ឆ្វេង វាយស្មាត់​ពាក់កណ្ដាល វាយសឺវ៉ីស និងវាយ​រឺតួ(វាយបក)។

សម្រាប់​ការហាត់​ដើម្បីសុខភាព អាចលេង​នៅពេល​ព្រឹកជាការ​ល្អព្រោះ​វាមិនសូវក្ដៅ ឬ​ក្ដៅល្មម។ តែសម្រាប់​អ្នកហាត់​ជាអាជីព​គួរហាត់​នៅពេល​ថ្ងៃក្ដៅ ដោយអាច​ឱ្យងាយ​ស៊ាំជាមួយ​នឹងកម្ដៅថ្ងៃ ព្រោះពេល​ចេញទៅ​ប្រកួត​នៅលើឆាក​អន្ដរជាតិ នៅពេល ថ្ងៃត្រង់​ចាប់ពីម៉ោង​១០ទៅ វាក្ដៅស្ទើរ​មិនលោះថ្ងៃ។ សម្រាប់​អ្នកអាជីព ទាមទារ​ហាត់ជា​មួយនឹង​កម្ដៅថ្ងៃ ហាត់យូរ​ទៅធម្មតាតែ សម្រាប់​អ្នកមិនធ្លាប់ អាចថប់​ដង្ហើម។ ការហាត់​លេងកីឡា​នេះជាអាជីព ទាមទារ​ឱ្យមាន​តម្រូវការ​ខាងកម្ពស់ មាឌធំ និង​កម្លាំងខ្លំាង ព្រោះបើ​មានមាឌ​តូចនាំឱ្យ​ងាយចាញ់​ប្រៀបដៃគូ។ កីឡានេះ​ទាមទារ​កាយសម្បទា​មាំមួន ព្រោះអាច​បញ្ជាឱ្យបាល់​រត់តាម​ចិត្ដចង់។ ពេលហាត់​ដំបូង ចលនា​អាចយឺត ដូចជា​ខ្លាចបាល់​ជាដើម តែបើ​ហាត់ដិតដល់ ឬ​យូរទៅលែង​ខ្លាចហើយ។ ហាត់ត្រឹម​មួយឆ្នាំ គឺអាច លេងបាន​ល្អហើយ តែអ្នក​អាជីព​ដែល​ពូកែវិញ ត្រូវហាត់​រហូតដល់​ទៅ៧ឆ្នាំ។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀប​លេងកីឡា​វាយកូនបាល់

លក្ខខ័ណ្ឌ​កំណត់នៃ​ការលេង​កីឡា​ប្រភេទ​នេះតាម​កម្រិត​ស្ដង់ដា។

  • កុមារ​អាយុចាប់​ពី១២ ទៅ១៤ឆ្នាំ អាចចូលរួម​ប្រកួតកីឡា​វាយកូនបាល់​ជាលក្ខណៈ​ជាតិ និង​អន្ដរជាតិ​វ័យក្មេង។
  • កុមារ​អាយុចាប់​ពី១៤ ទៅ១៦ឆ្នាំ អាចប្រកួត​ជាលក្ខណៈ​អន្ដរជាតិ​វ័យក្មេង។
  • អាយុចាប់​ពី១៦ឆ្នាំ​ឡើងទៅ អាចប្រកួត​ជាលក្ខណៈ​អន្ដរជាតិ​លំដាប់ពិភព​លោកបាន។
  • លក្ខខ័ណ្ឌ​នៃការប្រកួត​នៅអាស៊ី លេងត្រឹម​តែពីរ​សែតប៉ុណ្ណោះ​(ឈ្នះ២-០គឺចប់) បើ​វាយផ្ដាច់។ វាយឈ្នះ​៤បាល់​ជាប់គ្នា ទើបបាន​មួយពិន្ទុ ហើយ៦​ពិន្ទុស្មើមួយ​សែត ដោយមិន​កំណត់ពី​ថេរវេលា​នៃការ​ប្រកួត។ បើការ​ប្រកួត គ្រាប់បាល់​គូប្រកួត​សងខាងមាន​លក្ខណៈ​ស្វិតស្វាញ​ការប្រកួត​អាចអូស​បន្លាយឈាន​ដល់២ទៅ​៣ម៉ោង។
  • នៅលើ​ពិភពលោក គេលេង​រហូតដល់​ទៅ៥សែត​ក្នុងមួយ​ប្រកួត បើអាច​ឈ្នះ៣សែត​ដាច់ជាប់​គ្នាទើប​បានចប់។ បើឈ្នះ ២-១មិន​ទាន់ចាញ់ទេ បើឈ្នះ គឺលទ្ធផល៣-២ ត្រូវវាយ​រហូត​សែតទី៥។ ការប្រកួត​អាចឈាន​រហូតដល់​ទៅ៤ម៉ោង។

ប្រការ​ដែលត្រូវ​ប្រតិបត្ដិ និង​ចៀសវាង

អ្នកដែល​លេងកីឡា​ដើម្បីសុខភាព ឬ​ដើម្បីជា​អាជីព គួរចង​ចាំនូវប្រការ​មួយចំនួន។

  • អាចក្រោក​ពីដំណេក​ពេលម៉ោង​៥កន្លះ ឬ​៦ព្រឹក ប្រសិនបើ​លោកអ្នក​ចង់ចាប់ផ្ដើម​ហាត់ដើម្បី​សុខភាព។
  • សូមសម្រាក​ឱ្យបាន​ត្រឹមត្រូវ ទទួលទាន​ឱ្យបាន​គ្រប់គ្រាន់ ហាត់ឱ្យ​បានទៀងទាត់​តាមកាល​វិភាគរបស់​អ្នកជំនាញ។
  • អាចមាន​ការលើក​ទម្ងន់ និង​លេងកីឡា​ផ្សេងទៀត​ដែលអាច​ជួយឱ្យ​រាងកាយ​មានភាព​រឹងមាំ។
  • គួរមាន​ការសម្រាក​ខ្លះ ដោយមិនចាំ​បាច់តែហាត់​រាល់ថ្ងៃទេ ព្រោះវានាំ​ឱ្យឆាប់ធុញ។
  • គួរមាន​ការហាត់​ប្រើភ្នែក ហើយហ្វឹក​ហាត់​បច្ចេកទេស​នៃការវាយ​ជាមូលដ្ឋាន។
  • សូមធ្វើ​ការហាត់​កម្ដៅសាច់ដុំ​ជាមុនសិន មុនពេល​ចូលក្នុង​តារាង ឬ​រាល់ពេល​មុនធ្វើ​ការប្រកួត។
  • សូមកុំពិសា​គ្រឿងស្រវឹង​ច្រើនពេក ដែលនាំ​ឱ្យមានការ​ប៉ះពាល់​ដល់ខួរក្បាល និង​រាងកាយ។

ដំបូន្មាន​អ្នកជំនាញ

គួរមាន​គ្រូបង្ហាត់​បង្ហាញ​ឱ្យបានត្រឹមត្រូវ​មុនលេង​កីឡានេះ។ ប្រសិន​បើលោកអ្នក​មិនដែល​ធ្លាប់លេង​កីឡាវាយ​កូនបាល់ទេ នោះ មានតែ​អ្នកជំនាញ​ទេដែលអាច​ណែនាំលោក​អ្នកឱ្យឆាប់​ចេះលេង និង​លេងបាន​ត្រឹមត្រូវ។ សូមកុំ​សម្រាកច្រើន​ពេកដោយមិន មានការ​លេងកីឡា ព្រោះងាយ​ធ្វើឱ្យរាង​កាយ​ទន់ជ្រាយ ស្ពឹកស្រពន់ មិនរហ័ស ឬ​មិនស្វាហាប់។ សូមងាក​មកចាប់​អារម្មណ៍​លេងកីឡា​ខ្លះៗ ព្រោះកីឡា​អាចជួយ​ឱ្យសុខភាពល្អ កាយសម្បទា​នៅគង់វង្ស​បានយូរ​ជាងការ​បំប៉ន​ដោយថ្នាំប៉ូវ។ កីឡា​ប្រភេទវាយ​តែន្នីស អាចលេង​បានរហូត​ដល់វ័យចាស់ ដោយ​ការប្រកួត​ជាលក្ខណៈ​ជួបជុំ ជាលក្ខណៈ​ទាក់ទំនាក់​ទំនងគ្នា ឬ​ជាលក្ខណៈ​មិត្ដភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *