ការលេងកីឡាជួយឱ្យមានសុខភាពរាងកាយមាំមួន និងរក្សាបាននូវភាពស្វាហាប់តាមលក្ខណៈធម្មជាតិ។ សូមព្យាយាម អនុវត្ដឱ្យបានទៀងទាត់ តែវាក៏អាស្រ័យទៅលើពេលវេលា កម្លាំងដែលលោកអ្នកមាន និងចំណង់ចំណូលចិត្ដរបស់លោកអ្នកដែលចង់ ហាត់ដែរ។ កីឡាវាយតែន្ននីស ជាកីឡាលំដាប់អន្ដរជាតិមួយដែលមានប្រយោជន៍ដល់ការថែរក្សានូវភាពគង់វង្ស រឹងមាំ និងភាពស្វាហាប់នៃកាយសម្បទា។ សូមស្វែងយល់អំពីកីឡាមួយនេះដូចតទៅ។
![កីឡាវាយតែន្នីស](http://www.healthcambodia.com/wp-content/uploads/2012/03/២៣-កីឡា-2-273x300.jpg)
លោក យី សារិន ជាគ្រូបង្វឹកក្រុមកីឡាវាយកូនបាល់ជម្រើសជាតិ បានណែនាំឱ្យមានការហ្វឹកហាត់តាមក្បួន ទើបសុខភាព រាងកាយយើងមានភាពរឹងប៉ឹងមាំមួន ហើយបច្ចេកទេសវាយមានភាពរីកចម្រើនឆាប់រហ័សតាមតម្រូវការដែលយើងចង់បាន។
កីឡាវាយតែន្នីស ជាអ្វី?
កីឡាវាយតែន្នីសមានដើមកំណើតមកពីប្រទេសអង់គ្លេស ហើយត្រូវបាននាំចូលមកដល់កម្ពុជានៅទសវត្សរ៍ទី៥០ តែប្រជាពលរដ្ឋខ្មែរហៅកីឡានេះជាខេមរភាសាថាកីឡាវាយកូនបាល់។ ពេលដំបូង ការលេងកីឡាវាយកូនបាល់ប្រើត្រឹមតែរ៉ឺកែតឈើប៉ុណ្ណោះ ។ ក្រោយមកមានការប្រើរ៉ឺកែតអាលុយមីញ៉ូម រ៉ឺកែតជាតិស្នែង និងបច្ចុប្បន្នរ៉ឺកែតជាតិទីតានីញ៉ូម។ ការវិវឌ្ឍន៍នៃឧបករណ៍នីមួយៗ មានជំនួយយ៉ាងខ្លាំងដល់ការវាយ និងសន្ទុះល្បឿននៃគ្រាប់បាល់។ រ៉ឺកែតខ្នាតថ្មីដែលមានលក្ខណៈស្ដង់ដាដែលត្រូវបានជ្រើសយកមកប្រើនេះមានទម្ងន់៣,៥០ក្រាម(៣ខាំកន្លះ)។ កីឡាវាយកូនបាល់មានការប្រកួតរហូតដល់ទៅ៧វិញ្ញាសារនៅក្នុងការប្រកួតកីឡាអូឡាំពិច។ ឧបរកណ៍សម្រាប់លេងកីឡានេះមានត្រឹមរ៉ឺកែត និងកូនបាល់ ដោយត្រូវប្រកួតនៅក្នុងតារាងដែលបានកំណត់នៅក្នុងមាត្រដ្ឋាន មួយច្បាស់លាស់។
អត្ថប្រយោជន៍កីឡាវាយកូនបាល់
កីឡានេះមានប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ ដូចជាអាចជួយឱ្យរក្សាបាននូវកាយវិការស្វាហាប់ រឹងប៉ឹង និងមាំមួន ព្រោះការលេងកីឡាវាយកូនបាល់ត្រូវការប្រើជើង ចលនាចង្កេះ និងការរត់ច្រើន។ វាអាចជួយបង្កើនការដើរបានយូរ និងអាចជួយ សម្រកខ្លាញ់។ កីឡាវាយកូនបាល់មានប្រយោជន៍ដល់ការប្រើប្រាស់ភ្នែក និងដៃបានល្អ ពិសេសការប្រើខួរក្បាលច្រើនដើម្បីវាយឱ្យ ឈ្នះគូប្រកួត។ វាមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ គ្រាន់តែការលេងតម្រូវឱ្យអ្នកលេងត្រូវឈរនៅទីតាំងមួយចំហៀងម្នាក់ ហើយមាន សុវត្ថិភាពជាងកីឡាផ្សេងទៀត។ អាចមានបញ្ហាតិចតួចខ្លះដែរសម្រាប់ការលេងរហូតដល់ហត់ពេក រត់ដួល ថ្លោះដៃជើង ឬគ្រាប់បាល់ ហោះបុកត្រូវជាដើម ដែលទាំងនេះជាហេតុចៃដន្យ តែវាមិនងាយបង្កឱ្យមានការឈ្លោះទាស់ទែងគ្នាទេ។ ពេលប្រកួត កីឡាករមានពេលសម្រាកដើម្បីហូបទឹកពេលហត់។ ការប្រកួតត្រូវធ្វើឡើងនៅលើទីលានមួយដែលស្អាត។ ចលនាដងខ្លួនត្រូវបានស្ថាបនារាល់ពេល លេង ហើយវាជាទូតនៃការរាប់អានគ្នាទៀតផង។
របៀបហាត់កីឡាវាយកូនបាល់
សម្រាប់អ្នកដែលចង់ហាត់កីឡានេះ គួរមានគ្រូបង្ហាត់ណែនាំ ទើបមិនឆ្គង មិនទើសទែង រក្សាការវាយត្រូវតាមបច្ចេកទេស និងងាយស្រួលក្នុងការលេង ហើយបើពូកែនឹងអាចជក់ចិត្ដ។ ការលេងដោយមិនមានចំណេះដឹងខ្លះៗទាក់ទងទៅនឹងកីឡាដែលអ្នកចង់ លេង អាចមិនទៅមុខ ឬមិនសូវទទួលបាននូវលទ្ធផលល្អ។ បច្ចុប្បន្ន កីឡាវាយកូនបាល់ត្រូវបានអនុញ្ញាតឱ្យក្មេងអាយុចាប់ពី៨ឆ្នាំអាច ហាត់លេងបានដែរ តែត្រូវមានរបៀបលេង ការហ្វឹកហាត់ និងឧបករណ៍លេងផ្សេងខុសពីមនុស្សធំ។ ជាធម្មតា ពួកគេអាចលេងរ៉ឺកែតមីនីតែន្នីស(រ៉ឺកែតធុនតូច) បាល់ធុនស្រាល និងហាត់លេងរបៀបមីនីតែន្នីស ដោយមិនចាំបាច់លេងក្នុងតារាងទេ។ ការលេងរបស់ ពួកគេនៅក្នុងវ័យនេះ គ្រាន់តែហាត់ដើម្បីឱ្យចេះស្គាល់បាល់ ស្គាល់រ៉ឺកែត ចេះកុងត្រូលបាល់ ពិសេសរៀនប្រើភ្នែក និងដៃតែប៉ុណ្ណោះ។
កីឡានេះមានការកំណត់តារាងហ្វឹកហាត់ និងរបៀបលេងខ្លះៗដែរ ដូចជាបើកុមារអាយុចាប់ពី៨ទៅ១០ឆ្នាំ គឺពួកគេហាត់ លេងធម្មតា ដើម្បីឱ្យស្គាល់បាល់រ៉ឺកែត ទិសបាល់ជាដើម។ កាលណាក្មេងអាយុបាន១០ឆ្នាំ ពួកគេអាចចូលមកលេងនៅក្នុងតារាងបាន។ ពោលគឺក្មេងអាយុចាប់ពី១០ទៅ១២ឆ្នាំ ពួកគេល្មមអាចកាន់រ៉ឺកែត និងចាប់ផ្ដើមហាត់ពីបច្ចេកទេសបានមានការវាយស្ដាំ-ឆ្វេងសឺវ៉ីសស្មាត់វាឡេជាដើម។ កម្លាំងកាយសម្បទាត្រូវហាត់រហូតដល់ទៅថ្នាក់កម្រិតល្បឿនលឿន មិនចេះហត់ ហើយស្វាហាប់។ បច្ចេកទេសនៃការវាយ ទាមទារការធ្វើចលនាឱ្យត្រូវតាមក្បួន។ ហាត់ប្រើតិចនិច ឬយុទ្ធវិធីដើម្បីវាយឱ្យបានល្អ។ ជារួមកីឡាវាយកូន បាល់មានបីចំណុចដែលខ្លាំង គឺបច្ចេកទេស កម្លាំងកាយ យុទ្ធវិធី(តិចនិច)។ ចំណែកការហ្វឹកហាត់បច្ចេកទេសមាន៩វិធី គឺវាយខាងស្ដាំ -ឆ្វេង វាយវាឡេស្ដាំ-ឆ្វេង ស្មាត់ស្ដាំ-ឆ្វេង វាយស្មាត់ពាក់កណ្ដាល វាយសឺវ៉ីស និងវាយរឺតួ(វាយបក)។
សម្រាប់ការហាត់ដើម្បីសុខភាព អាចលេងនៅពេលព្រឹកជាការល្អព្រោះវាមិនសូវក្ដៅ ឬក្ដៅល្មម។ តែសម្រាប់អ្នកហាត់ជាអាជីពគួរហាត់នៅពេលថ្ងៃក្ដៅ ដោយអាចឱ្យងាយស៊ាំជាមួយនឹងកម្ដៅថ្ងៃ ព្រោះពេលចេញទៅប្រកួតនៅលើឆាកអន្ដរជាតិ នៅពេល ថ្ងៃត្រង់ចាប់ពីម៉ោង១០ទៅ វាក្ដៅស្ទើរមិនលោះថ្ងៃ។ សម្រាប់អ្នកអាជីព ទាមទារហាត់ជាមួយនឹងកម្ដៅថ្ងៃ ហាត់យូរទៅធម្មតាតែ សម្រាប់អ្នកមិនធ្លាប់ អាចថប់ដង្ហើម។ ការហាត់លេងកីឡានេះជាអាជីព ទាមទារឱ្យមានតម្រូវការខាងកម្ពស់ មាឌធំ និងកម្លាំងខ្លំាង ព្រោះបើមានមាឌតូចនាំឱ្យងាយចាញ់ប្រៀបដៃគូ។ កីឡានេះទាមទារកាយសម្បទាមាំមួន ព្រោះអាចបញ្ជាឱ្យបាល់រត់តាមចិត្ដចង់។ ពេលហាត់ដំបូង ចលនាអាចយឺត ដូចជាខ្លាចបាល់ជាដើម តែបើហាត់ដិតដល់ ឬយូរទៅលែងខ្លាចហើយ។ ហាត់ត្រឹមមួយឆ្នាំ គឺអាច លេងបានល្អហើយ តែអ្នកអាជីពដែលពូកែវិញ ត្រូវហាត់រហូតដល់ទៅ៧ឆ្នាំ។
![កីឡាវាយតែន្នីស](http://www.healthcambodia.com/wp-content/uploads/2012/03/២៣-កីឡា-1-290x300.jpg)
របៀបលេងកីឡាវាយកូនបាល់
លក្ខខ័ណ្ឌកំណត់នៃការលេងកីឡាប្រភេទនេះតាមកម្រិតស្ដង់ដា។
- កុមារអាយុចាប់ពី១២ ទៅ១៤ឆ្នាំ អាចចូលរួមប្រកួតកីឡាវាយកូនបាល់ជាលក្ខណៈជាតិ និងអន្ដរជាតិវ័យក្មេង។
- កុមារអាយុចាប់ពី១៤ ទៅ១៦ឆ្នាំ អាចប្រកួតជាលក្ខណៈអន្ដរជាតិវ័យក្មេង។
- អាយុចាប់ពី១៦ឆ្នាំឡើងទៅ អាចប្រកួតជាលក្ខណៈអន្ដរជាតិលំដាប់ពិភពលោកបាន។
- លក្ខខ័ណ្ឌនៃការប្រកួតនៅអាស៊ី លេងត្រឹមតែពីរសែតប៉ុណ្ណោះ(ឈ្នះ២-០គឺចប់) បើវាយផ្ដាច់។ វាយឈ្នះ៤បាល់ជាប់គ្នា ទើបបានមួយពិន្ទុ ហើយ៦ពិន្ទុស្មើមួយសែត ដោយមិនកំណត់ពីថេរវេលានៃការប្រកួត។ បើការប្រកួត គ្រាប់បាល់គូប្រកួតសងខាងមានលក្ខណៈស្វិតស្វាញការប្រកួតអាចអូសបន្លាយឈានដល់២ទៅ៣ម៉ោង។
- នៅលើពិភពលោក គេលេងរហូតដល់ទៅ៥សែតក្នុងមួយប្រកួត បើអាចឈ្នះ៣សែតដាច់ជាប់គ្នាទើបបានចប់។ បើឈ្នះ ២-១មិនទាន់ចាញ់ទេ បើឈ្នះ គឺលទ្ធផល៣-២ ត្រូវវាយរហូតសែតទី៥។ ការប្រកួតអាចឈានរហូតដល់ទៅ៤ម៉ោង។
ប្រការដែលត្រូវប្រតិបត្ដិ និងចៀសវាង
អ្នកដែលលេងកីឡាដើម្បីសុខភាព ឬដើម្បីជាអាជីព គួរចងចាំនូវប្រការមួយចំនួន។
- អាចក្រោកពីដំណេកពេលម៉ោង៥កន្លះ ឬ៦ព្រឹក ប្រសិនបើលោកអ្នកចង់ចាប់ផ្ដើមហាត់ដើម្បីសុខភាព។
- សូមសម្រាកឱ្យបានត្រឹមត្រូវ ទទួលទានឱ្យបានគ្រប់គ្រាន់ ហាត់ឱ្យបានទៀងទាត់តាមកាលវិភាគរបស់អ្នកជំនាញ។
- អាចមានការលើកទម្ងន់ និងលេងកីឡាផ្សេងទៀតដែលអាចជួយឱ្យរាងកាយមានភាពរឹងមាំ។
- គួរមានការសម្រាកខ្លះ ដោយមិនចាំបាច់តែហាត់រាល់ថ្ងៃទេ ព្រោះវានាំឱ្យឆាប់ធុញ។
- គួរមានការហាត់ប្រើភ្នែក ហើយហ្វឹកហាត់បច្ចេកទេសនៃការវាយជាមូលដ្ឋាន។
- សូមធ្វើការហាត់កម្ដៅសាច់ដុំជាមុនសិន មុនពេលចូលក្នុងតារាង ឬរាល់ពេលមុនធ្វើការប្រកួត។
- សូមកុំពិសាគ្រឿងស្រវឹងច្រើនពេក ដែលនាំឱ្យមានការប៉ះពាល់ដល់ខួរក្បាល និងរាងកាយ។
ដំបូន្មានអ្នកជំនាញ
គួរមានគ្រូបង្ហាត់បង្ហាញឱ្យបានត្រឹមត្រូវមុនលេងកីឡានេះ។ ប្រសិនបើលោកអ្នកមិនដែលធ្លាប់លេងកីឡាវាយកូនបាល់ទេ នោះ មានតែអ្នកជំនាញទេដែលអាចណែនាំលោកអ្នកឱ្យឆាប់ចេះលេង និងលេងបានត្រឹមត្រូវ។ សូមកុំសម្រាកច្រើនពេកដោយមិន មានការលេងកីឡា ព្រោះងាយធ្វើឱ្យរាងកាយទន់ជ្រាយ ស្ពឹកស្រពន់ មិនរហ័ស ឬមិនស្វាហាប់។ សូមងាកមកចាប់អារម្មណ៍លេងកីឡាខ្លះៗ ព្រោះកីឡាអាចជួយឱ្យសុខភាពល្អ កាយសម្បទានៅគង់វង្សបានយូរជាងការបំប៉នដោយថ្នាំប៉ូវ។ កីឡាប្រភេទវាយតែន្នីស អាចលេងបានរហូតដល់វ័យចាស់ ដោយការប្រកួតជាលក្ខណៈជួបជុំ ជាលក្ខណៈទាក់ទំនាក់ទំនងគ្នា ឬជាលក្ខណៈមិត្ដភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply