ស្ថិតនៅក្នុងវ័យជិត៤០ឆ្នាំ ឯកឧត្ដម ជុំ កុសល ជាពិធីករជើងចាស់ដែលឈរក្នុងអាជីពនេះអស់រយៈពេលជាង១០ឆ្នាំទៅ ហើយ តែឯកឧត្ដមនៅតែឈរក្នុងលំដាប់ជួរមុខខាងសំនួនវោហារប្រកបដោយសុជីវធម៌ ការអប់រំដល់មជ្ឍដ្ឋានខាងក្រៅ និងមិន និយាយច្រើនឥតប្រយោជន៍ដូចពិធីករមួយចំនួនឡើយ។ ហេតុនេះហើយការគាំទ្រចំពោះឯកឧត្ដមនៅតែមានរហូត ទោះបីនៅពេល នេះ ឯកឧត្ដមបានទទួលនូវការផ្ដល់កិត្ដិយសយ៉ាងថ្លៃថ្លាពីសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នូវតំណែងជាទីប្រឹក្សាផ្ទាល់របស់ សម្ដេចក៏ដោយ។ ការខិតខំបំពេញការងារជារឿងចាំបាច់ដែលត្រូវបំពេញ ក្រៅពីនោះការថែរក្សាសុខភាពរាងកាយក៏ឯកឧត្ដមយក ចិត្ដទុកដាក់ខ្លាំងណាស់ដែរ មិនខុសនឹងពាក្យចាស់ពោលថា“ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី”។
![ជុំ កុសល ទម្លាប់ល្អនាំមកនូវសុខភាពល្អ](http://www.healthcambodia.com/wp-content/uploads/2012/03/១២-ជុំកុសល-240x300.jpg)
សម្រាប់ឯកឧត្ដម ជុំ កុសល ការទទួលទានចំណីអាហារ ការលេងកីឡា និងការបញ្ចេញពលកម្ម គឺជាអត្ថិភាពនៅក្នុងការ ថែរក្សាសុខភាពរូបរាងកាយ។ ឯកឧត្ដមក៏បានបង្ហើបប្រាប់ទស្សនាវដ្ដី សុខភាពយើង ថាគ្រប់ផ្នែកនៃសព៌ាង្គកាយទាំងអស់សុទ្ធតែ សំខាន់ ដូច្នេះត្រូវយកចិត្ដទុកដាក់ថែរក្សា។
ការថែរក្សាស្បែកមុខ និងស្បែកខ្លួន
ឯកឧត្ដមមិនមានការថែរក្សាអ្វីជាពិសេសទេ គ្រាន់តែលុបលាងមុខឱ្យស្អាតនៅពេលព្រឹក ពេលថ្ងៃត្រង់ និងពេលយប់ជា មួយទឹកស្អាតធម្មតាតែប៉ុណ្ណោះ។
មានទូរទស្សនិកជនមួយចំនួនយល់ថាឯកឧត្ដមបានទៅកែសម្បុរស្បែកឱ្យស។ តាមពិតឯកឧត្ដមមានស្បែកសតាំងពីកំណើត មិនមានការកែប្រែអ្វីទាំងអស់ ព្រោះអ្នកម្ដាយរបស់ឯកឧត្ដមក៏មានស្បែកសដែរ។ ទោះបីជាយ៉ាងណា ដើម្បីរក្សាសុខភាពស្បែកក៏ដូច ជាជម្រះនូវភាពកខ្វក់នៅលើស្បែក ក្នុងមួយខែឯកឧត្ដមតែងតែទៅរកអ្នកជំនាញដើម្បីសម្អាតស្បែកម្ដង។
ការថែរក្សាសក់
តាមធម្មតាឯកឧត្ដមចូលចិត្ដប្រើសាប៊ូកក់សក់មួយប្រភេទដែលសក្ដិសមជាមួយនឹងសរសៃសក់របស់ឯកឧត្ដម។ ជាទម្លាប់ ឯកឧត្ដមតែងតែកក់សក់រាល់ពេលងូតទឹក ជាពិសេសពេលព្រឹក។
ការថែរក្សាសុខភាពមាត់ធ្មេញ
ក្នុងមួយថ្ងៃ ឯកឧត្ដមដុសសម្អាតធ្មេញ៣ដង ជាពិសេសបន្ទាប់ពីទទួលទានចំណីអាហារទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីជួយការពារធ្មេញឱ្យមានសុខភាពល្អ។ ជាទៀងទាត់ រៀងរាល់៦ខែម្ដង ឯកឧត្ដមតែងតែទៅរកគ្រូពេទ្យជំនាញដើម្បីសម្អាត ធ្មេញ។ ចំពោះប្រភេទថ្នាំដុសធ្មេញ ក៏ដូចជាសមាសធាតុផ្សំនៅក្នុងថ្នាំដុសធ្មេញមិនចោទជាបញ្ហាសម្រាប់ឯកឧត្ដមទេ ព្រោះទោះថ្នាំ ដុសធ្មេញប្រភេទអ្វីក៏មិនធ្វើឱ្យធ្មេញរបស់ឯកឧត្ដមមានបញ្ហាដែរ។
ការថែរក្សាភ្នែក
ឯកឧត្ដមមិនមានសំណាងគ្រប់គ្រាន់ចំពោះភ្នែកទាំងគូទេ ព្រោះនៅពេលនេះភ្នែករបស់ឯកឧត្ដមព្រិលមើលអ្វីមិនសូវច្បាស់ ទេ ទាល់តែប្រើវ៉ែនតា ទើបអាចមើលឃើញច្បាស់បាន។
ការថែរក្សាសុខភាពរាងកាយ
ឯកឧត្ដមជាអ្នកដែលមានសុខភាពល្អ ព្រោះឯកឧត្ដមកម្រនឹងមានជម្ងឺណាស់ បើមានត្រឹមតែផ្ដាសាយធម្មតាពីរ ឬបីថ្ងៃតែ ប៉ុណ្ណោះ នឹងជាសះស្បើយហើយ ដោយមិនចាំចំណាយពេលព្យាបាលយូរឡើយ។ ជាទម្លាប់រៀងរាល់ព្រឹកពេលភ្ញាក់ពីដំណេក ឯកឧត្ដម តែងតែទទួលទានទឹកឆ្អិនមួយកែវ ជាពិសេសមុននឹងចាប់ផ្ដើមធ្វើសកម្មភាពផ្សេងៗប្រចាំថ្ងៃ។ ទម្លាប់ទទួលទានទឹកច្រើន ធ្វើឱ្យតម្រង នោមរបស់ឯកឧត្ដមមិនដែលមានបញ្ហាអ្វីឡើយ សូម្បីតែទឹកមូត្រក៏មិនមានបញ្ហាអ្វីដែរ។ ឯកឧត្ដមយល់ថាការទទួលទានទឹកច្រើនពិត ជាមានគុណប្រយោជន៍សម្រាប់សុខភាពរាងកាយ ជាពិសេសទៅលើប្រព័ន្ធតម្រងនោម។ ជាងនេះទៅទៀត ឯកឧត្ដមមិនទទួលទាន ទឹកកកឡើយ ព្រោះឯកឧត្ដមយល់ថាការទទួលទានទឹកកកធ្វើឱ្យងាយកើតជម្ងឺផ្ដាសាយ និងជម្ងឺខាងផ្នែកច្រមុះបំពង់ក ដូចជារលាក ឬដុះសាច់បំពង់កជាដើម។ ជារៀងរាល់៦ខែម្ដង ឯកឧត្ដមតែងតែទៅពិនិត្យសុខភាពទូទៅជាប្រចាំក្រែងមានបញ្ហាអ្វីកើតឡើង ដោយ មិនមានរោគសញ្ញាឱ្យដឹងជាមុន។
ការទទួលទានចំណីអាហារ
ដោយសារនៅពីក្មេងឯកឧត្ដមធ្លាប់មានបញ្ហាឈឺក្រពះ ធ្វើឱ្យឯកឧត្ដមរៀងចាលមិនហ៊ានទទួលទានអ្វីផ្ដេសផ្ដាសឡើយ។ ជាងនេះទៅទៀត ទោះបីជាមានការរវល់យ៉ាងណាក៏ដោយ ក៏ឯកឧត្ដមត្រូវតែទទួលទានចំណីអាហារទៀងទាត់ពេលមិនដែលរំលង មួយពេលឡើយ ទោះមិនបានពេញ១០០% ក៏បានត្រឹម៥០ទៅ៦០% ឬក៏ទទួលទានចំណីអាហារជាប្រភេទអាហារសម្រន់ក៏បាន។ ថ្វី ត្បិតតែឯកឧត្ដមដឹងថាការទទួលទានបន្លែច្រើនធ្វើឱ្យរាងកាយមានសុខភាពមាំមួន និងស្បែកភ្លឺថ្លាយ៉ាងណាក៏ដោយ ក៏ឯកឧត្ដមមិន មានចំណូលចិត្ដទទួលទានបន្លែឆៅដែរ។ ចំណីអាហារដែលឯកឧត្ដមចូលចិត្ដងាយបំផុតជាអាហារប្រភេទក្រៀមក្រោះ មានត្រី សាច់ អាំង ឬសាច់ចៀន យកមកស្រូបជាមួយទឹក បើមិនដូច្នោះទេ ជាសម្លបែបខ្មែរ ដូចជាសម្លម្ជូរត្រកួនជាដើម ជាការគ្រប់គ្រាន់ហើយ។
ការហាត់ប្រាណ និងកីឡា
ពេលព្រឹកជារៀងរាល់ថ្ងៃ ឯកឧត្ដមតែងតែចំណាយពេលយ៉ាងតិច១០នាទីក្នុងការហាត់ប្រាណដើម្បីសុខភាពរាងកាយ។ កីឡាជាជម្រើសរបស់ឯកឧត្ដម គឺការហាត់តាមកាយវិការអាវង់ដើមី្បបញ្ចេញញើស ក៏ដូចជាបញ្ចេញជាតិពុលចេញពីរាងកាយ។ ដោយ សារមិនមានពេលវេលាគ្រប់គ្រាន់ នៅពេលល្ងាចឯកឧត្ដមមិនបានហាត់កីឡាទេ។
ការទទួលទានដំណេក
ជាធម្មតា ឯកឧត្ដមតែងតែទទួលដំណេកយ៉ាងគ្រប់គ្រាន់ គឺ៨ម៉ោងជាទៀងទាត់កម្រខកខានណាស់។ ក្នុងករណីមានធុរៈ ត្រូវក្រោកពីព្រលឹមនោះ ឯកឧត្ដមឆាប់ចូលទទួលទានដំណេកពីព្រលប់ គឺធ្វើយ៉ាងណាឱ្យគ្រប់៨ម៉ោងក្នុងមួយយប់។ ព្រោះការទទួល ទានដំណេកមិនបានគ្រប់គ្រាន់ធ្វើឱ្យគ្មានថាមពលសម្រាប់បំពេញការងារ និងធ្វើឱ្យថមថយនូវភាពស្រស់ស្អាតស្បែកមួយផ្នែកទៀត ផង។ ជាងនេះទៅទៀត បើមានពេលវេលាគ្រប់គ្រាន់ ក្រោយអាហារថ្ងៃត្រង់ឯកឧត្ដមឆ្លៀតពេលពី១០ទៅ១៥នាទី ដើម្បីសម្រាក កាយ។
បណ្ដាំផ្ញើរបស់ឯកឧត្ដម ជុំ កុសល
សូមផ្ដាំផ្ញើដល់មិត្ដអ្នកអានសូមទទួលទានចំណីអាហារណាដែលមានអនាម័យ និងមានគុណប្រយោជន៍ដល់រាងកាយ ជាពិសេសត្រូវទទួលទានទឹកឱ្យបានច្រើន ហើយមានអនាម័យ និងហាត់ប្រាណឱ្យបានទៀងទាត់ ព្រោះវាសំខាន់ណាស់នៅក្នុងជីវភាពរស់នៅរបស់យើង។ ហាត់ប្រាណជួយឱ្យសុខភាពបានរឹងមាំ និងអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួន។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ជុំ កុសល
- កម្ពស់ ៖ ១.៦៥ ម៉ែត្រ
- ស្រុកកំណើត ៖ ខេត្ដក្រចេះ
- ចាប់អាជីពការងារ ៖ ឆ្នាំ១៩៩៧
- ការងារបច្ចុប្បន្ន ៖ ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងជាអ្នកគ្រប់គ្រង់ការផលិតកម្មវិធីរបស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ស៊ី ធី អ៊ិន
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply