ប៉ែន ចំរុង គ្រឿងញៀន​ប៉ះពាល់​សុខភាព

លោក ប៉ែន ចំរុង គឺជាតារា​សម្ដែង​ដ៏មាន​ប្រជាប្រិយភាព ដក់ជាប់ក្នុង​អារម្មណ៍​របស់​ទស្សនិក​ជន និង​ជាពិធីករ​ដ៏មានថ្វី មាត់ វោហារខ្ពស់ ផ្អែមល្ហែម រូបសម្រស់​ស្រស់សង្ហា ពិសេស​ស្នាមញញឹម​ដ៏មាន​ស្នេហ៍។ លោកអ្នក​ធ្លាប់ស្គាល់​តាមរយៈ​ភាពយន្ដ ចម្រៀង​ខារ៉ាអូខេ និង​តាមរយៈ​កម្មវិធី​តន្ដ្រី​យុវវ័យ​របស់​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥។ ទោះជា​ស្ថិតក្នុង​ភាពមមាញឹក​ខ្លាំងក្នុង​អាជីព ជាអ្នក​សម្ដែង និង​ពិធីករយ៉ាង​ណាក្ដី ក៏លោក ប៉ែន ចំរុង នៅតែ​មានរូបរាង​ស្រស់​សង្ហា សុខភាព​ល្អមាំមួន ដែលធ្វើ​ឱ្យទស្សនិកជន​មាន ការចាប់​អារម្មណ៍​ពីអាថ៌​កំបាំង​ក្នុងការ​ថែរក្សា​រូបរាងឱ្យ​នៅតែស្រស់​សង្ហា។
រូបភាពទស្សនាវដ្តីសុខភាពយើង

អាថ៌កំបាំង​ទាំងនេះ​លោក ប៉ែន ចំរុង ពេញចិត្ដ​នឹងរៀបរាប់​ជូនដល់មិត្ដ​អ្នកអាន​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ទុកជា ការស្វែង​យល់ និង​សម្រាប់​ជ្រើសរើស​វិធីល្អៗ​ដើម្បីរក្សា​សុខភាព និង​រូបសម្រស់ឱ្យ​នៅតែស្រស់​សង្ហា។

ការថែរក្សាស្បែកមុខ

ការរក្សា​ស្បែកមុខ​មានសារៈ​សំខាន់​ណាស់​សម្រាប់​តារាសម្ដែង។ ចំរុង​តែងតែ​អនុវត្ដ​ដោយគ្រាន់​តែប្រើសាប៊ូ ឬហ្វូមលាង មុខជាមួយ​នឹងទឹក​ក្ដៅឧណ្ហៗ​នៅពេល​ព្រឹក។ រាល់ពេល​ចេញ​ទៅសម្ដែង លោកក៏​មានលាប​ឡេការពារ​កម្ដៅថ្ងៃ និង​ឡេទ្រនាប់​ស្បែក មុននឹង​ផាត់មុខ​ដើម្បីកុំ​ឱ្យជាតិ​ម្សៅជ្រាបចូល​ស្បែកមុខ នាំឱ្យ​ស្បែកមុខងាយ​រងប្រតិកម្ម​ផ្សេងៗ។

ការថែរក្សា​ស្បែកដងខ្លួន

ជាមួយ​នឹងរូបរាង​ស្រស់សង្ហា លោកក៏តែង​តែយក​ចិត្ដទុកដាក់​ទៅលើ​ការរក្សា​ស្បែក​ដងខ្លួន ជាពិសេស​ជម្ងឺសើ​ស្បែក កន្ទ្ទួល រមាស់​ជាដើម ពិសេស​គឺភាព​ជ្រីវជ្រួញ​របស់​ស្បែក។ លោកតែងតែ​លាងសម្អាត​ខ្លួនជាមួយ​សាប៊ូដុសខ្លួន​ជាប្រចាំ បន្ទាប់មក​លាបឡេ ការពារ​កម្ដៅថ្ងៃ និងឡេ​ជំនួយ​ស្បែក​នៅពេល​ចេញទៅ​សម្ដែង។ ម្យ៉ាងទៀត​ដើម្បីការពារ​កុំឱ្យស្បែក​ឆាប់ជ្រីវជ្រួញ លោកតែង​ហាត់ កីឡា និង​ទទួលទាន​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​បន្ដឹង​ស្បែក និង​ជួយឱ្យ​ស្បែក​ស្រស់​ស្អាត។

ការថែរក្សាសក់

លោក​ប្រើប្រេង​លាបសក់​នៅពេល​ចូលរួម​ក្នុងកម្មវិធី និង​ការសម្ដែង​ផ្សេងៗ ដែល​ធ្វើឱ្យងាយ​កើត​អង្គែ និង​បាក់តេរី​ដែលធ្វើ ឱ្យខូច​សក់ និង​ស្បែក​ក្បាល។ ដើម្បី​ការពារ និង​បំបាត់បញ្ហា​ទាំងអស់​នេះ លោក​ឧស្សាហ៍​លាងសម្អាត​សក់​ដ៏ក្រាស​របស់ខ្លួន​ជាមួយនឹង ផលិតផល​ដែលត្រូវ​នឹង​ស្បែក​ក្បាល ពិសេស​អាចជួយ​ចិញ្ចឹម​សរសៃ​សក់។ ប៉ុន្ដែ​ក្នុងពេល​ដែលលោក​ទំនេរពី​ការងារ​សម្ដែង ឬ​កម្មវីធី លោកតែងតែ​ទុកសក់​ឱ្យនៅទំនេរ​ដោយមិន​លាបប្រេង ឬ​លាបក្រែម​ឡើយ។ ពិសេស​លោក​ទទួលទាន​អាហារ​ដែលមាន​វីតាមីន​ជំនួយ សរសៃសក់។

ការថែរក្សា​សុខភាពមាត់​ធ្មេញ

មិនខុស​ពីតារា​ផ្សេងៗ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅដែរ​ទេក្នុង​ការរក្សា​មាត់ធ្មេញ លោក​ដុសសម្អាត​ជាប្រចាំ​យ៉ាងតិច​បីដង​ក្នុង មួយថ្ងៃ ពិសេស​ក្រោយពី​ទទួលទាន​អាហារ ជាមួយ​នឹង​ផលិត​ផល ឬ​ថ្នាំដុស​ធ្មេញ​ដែលមាន​ជាតិអំបិល​អាចជួយ​ឱ្យធ្មេញ​រឹងមាំ។ អ្វី ដែល​សំខាន់​ផងដែរ លោក​ជ្រើសរើស​ការសម្អាត​ធ្មេញ​ដោយប្រើ​អំបោះ​ដើម្បីទាក់​កម្ទេច​កម្ទីរ​អាហារ និង​ប្រើទឹក​ថ្នាំខ្ពុលមាត់។ លោក ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បីផ្ដល់​ប្រឹក្សា ពិនិត្យ និង​សម្អាត​ធ្មេញ​ជាញឹក​ញាប់។

ការថែរក្សាភ្នែក

ចំរុង​គ្រាន់តែ​ជ្រើសរើស​អាហារ​ដែលមាន​ប្រយោជន៍​សម្រាប់ភ្នែក ដូចជា​អាហារ ឬ​ផ្លែឈើ​ដែលមាន​ជាតិវីតាមីន​អាឱ្យ​បានច្រើន និង​គេងឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កុំឱ្យភ្នែក​ប្រែទៅ​ជាល្អក់​មើល​មិនច្បាស់ រូងខូង និង​មានជាំ​ខ្មៅត្រង់​ត្របក​ភ្នែក។

ការ​ទទួលទាន​អាហារ

ទោះជា​ស្ថិតក្នុង​ភាពមមាញឹក​យ៉ាងណា​ក៏ដោយ ក៏លោក​ទទួលទាន​អាហារ​ទៀងទាត់​ពេលវេលា ដើម្បី​ការពារ​សុខភាព។ លោក​ក៏ត្រូវ​ទទួលទាន​ទឹកជំនួស ប្រសិន​បើមិន​បានទទួល​ទាន​អាហារ​តាមការ​កំណត់។ លោក​បានជ្រើសរើស​ប្រភេទ​អាហារ​ដែលមាន គុណ​ប្រយោជន៍​ចំពោះ​សុខភាព និង​ជួយ​ទ្រទ្រង់​រាងកាយ។

ការហាត់កីឡា

ការហាត់​កីឡា​មានសារៈ​សំខាន់​ណាស់​សម្រាប់​សុខភាព​រាងកាយ និង​ជាជំនួយ​ដល់ស្បែក ហើយ​កីឡា​ដែលតារា​រូបសង្ហា​នេះ ជ្រើសរើស​មានច្រើន​ប្រភេទ ដូចជាការ​លើក​ដុំដែក ហែលទឹក រត់ចម្ងាយ ធាក់កង់ វាយបាវ​ខ្សាច់​ជាដើម។ លោក​ចូលចិត្ដ​ហែលទឹក ជាងគេ ព្រោះ​ការហែលទឹក​អាចជួយ​ឱ្យមាន​រូបរាង​ស្រស់សង្ហា រាងកាយ​មាំមួន និង​ស្បែក​ស្រស់​ស្អាត។ ដោយ​សារមមាញឹក​ក្នុងការ សម្ដែង លោកពុំ​មានពេល​វេលា​គ្រប់គ្រាន់​ក្នុងការ​ហ្វឹកហាត់​ច្រើន និង​ទៀតទាត់​ឡើយ។ ទោះបី​ជាយ៉ាងនេះ​ក៏ដោយ ក៏លោក​នៅតែ ឆ្លៀត​ឱកាស​ក្នុងការ​ហាត់​កីឡា​ដើម្បី​សុខភាព​របស់​លោកដែរ។

ការទទួលទានដំណេក

ការទទួលទាន​ដំណេក​ប្រយោជន៍​សម្រាប់​សុខភាព និង​សម្រស់ ព្រោះបើ​គេងមិន​បាន​គ្រប់គ្រាន់ទេ វាអាច​មានផល​ប៉ះពាល់ យ៉ាងខ្លាំង​ទៅលើ​សុខភាព និង​សកម្មភាព​ប្រចាំថ្ងៃ។ ក្នុង​អាជីព​ជាអ្នក​សិល្បៈ​មិនអនុញ្ញាត​ឱ្យលោក​សម្រាក​គ្រប់គ្រាន់​ឡើយ ប៉ុន្ដែ លោកក៏​នៅតែរក​ឱកាស​បន្ដិចបន្ដួច​ដើម្បី​សម្រាក ឬ​ធ្វើសមាធិ​ឱ្យអារម្មណ៍​ស្ងប់ និង​កាត់បន្ថយ​ភាពហត់​នឿយ​ដែល​បណ្ដាល​មកពីការ គេងមិន​គ្រប់គ្រាន់។

បណ្ដាំផ្ញើរបស់ប៉ែន ចំរុង

សូម​ប្រជាពលរដ្ឋ​មេត្ដាយកចិត្ដ​ទុកដាក់​ទៅលើ​បញ្ហា​សុខភាព​ឱ្យបាន​ខ្លាំង។ បើមិន​បានថែទាំ​សុខភាព សូមកុំបំផ្លាញ​សុខភាព ដោយការ​ប្រើប្រាស់​គ្រឿងញៀន​ផ្សេងៗ​ដែលមាន​ផលប៉ះ​ពាល់​ដល់សុខភាព និង​អនាគត។ ដើម្បី​ឱ្យរាង​កាយ​មាន​សុខភាពល្អ មិនមែន ជាការ​លំបាក​ឡើយដោយ​គ្រាន់តែ​ទទួលទាន​អាហារ និង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ បើអាច​ធ្វើបាន គួរហាត់​កីឡាជា​ប្រចាំ។

ប្រវត្ដិសង្ខេប

  • ឈ្មោះ ៖ ប៉ែន ចំរុង
  • អាយុ ៖ ២៥ ឆ្នាំ
  • កម្ពស់ ៖ ១,៧២ម៉ែត្រ
  • បងប្អូន ៖ ៤នាក់(ជាកូនពៅ)
  • ឪពុកឈ្មោះ ៖ ប៉ែន រឿត (កសិករ)
  • ម្ដាយឈ្មោះ ៖ អ៊ីវ សាមិត្ដ (មេផ្ទះ)
  • ប្រឡូកក្នុងសិល្បៈ ៖ ឆ្នាំ២០០៣
  • បច្ចុប្បន្ន ៖ ជាតារាសម្ដែង និងពិធីករ
  • បំណងថ្ងៃអនាគត ៖ ធ្វើជាអ្នកជំនួញ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *