![ប៉ែន ចំរុង គ្រឿងញៀនប៉ះពាល់សុខភាព](http://www.healthcambodia.com/wp-content/uploads/2012/04/១២-ប៉ែនចំរ៉ុង1-269x300.jpg)
អាថ៌កំបាំងទាំងនេះលោក ប៉ែន ចំរុង ពេញចិត្ដនឹងរៀបរាប់ជូនដល់មិត្ដអ្នកអានតាមរយៈទស្សនាវដ្ដី សុខភាពយើង ទុកជា ការស្វែងយល់ និងសម្រាប់ជ្រើសរើសវិធីល្អៗដើម្បីរក្សាសុខភាព និងរូបសម្រស់ឱ្យនៅតែស្រស់សង្ហា។
ការថែរក្សាស្បែកមុខ
ការរក្សាស្បែកមុខមានសារៈសំខាន់ណាស់សម្រាប់តារាសម្ដែង។ ចំរុងតែងតែអនុវត្ដដោយគ្រាន់តែប្រើសាប៊ូ ឬហ្វូមលាង មុខជាមួយនឹងទឹកក្ដៅឧណ្ហៗនៅពេលព្រឹក។ រាល់ពេលចេញទៅសម្ដែង លោកក៏មានលាបឡេការពារកម្ដៅថ្ងៃ និងឡេទ្រនាប់ស្បែក មុននឹងផាត់មុខដើម្បីកុំឱ្យជាតិម្សៅជ្រាបចូលស្បែកមុខ នាំឱ្យស្បែកមុខងាយរងប្រតិកម្មផ្សេងៗ។
ការថែរក្សាស្បែកដងខ្លួន
ជាមួយនឹងរូបរាងស្រស់សង្ហា លោកក៏តែងតែយកចិត្ដទុកដាក់ទៅលើការរក្សាស្បែកដងខ្លួន ជាពិសេសជម្ងឺសើស្បែក កន្ទ្ទួល រមាស់ជាដើម ពិសេសគឺភាពជ្រីវជ្រួញរបស់ស្បែក។ លោកតែងតែលាងសម្អាតខ្លួនជាមួយសាប៊ូដុសខ្លួនជាប្រចាំ បន្ទាប់មកលាបឡេ ការពារកម្ដៅថ្ងៃ និងឡេជំនួយស្បែកនៅពេលចេញទៅសម្ដែង។ ម្យ៉ាងទៀតដើម្បីការពារកុំឱ្យស្បែកឆាប់ជ្រីវជ្រួញ លោកតែងហាត់ កីឡា និងទទួលទានចំណីអាហារឱ្យបានគ្រប់គ្រាន់ដើម្បីបន្ដឹងស្បែក និងជួយឱ្យស្បែកស្រស់ស្អាត។
ការថែរក្សាសក់
លោកប្រើប្រេងលាបសក់នៅពេលចូលរួមក្នុងកម្មវិធី និងការសម្ដែងផ្សេងៗ ដែលធ្វើឱ្យងាយកើតអង្គែ និងបាក់តេរីដែលធ្វើ ឱ្យខូចសក់ និងស្បែកក្បាល។ ដើម្បីការពារ និងបំបាត់បញ្ហាទាំងអស់នេះ លោកឧស្សាហ៍លាងសម្អាតសក់ដ៏ក្រាសរបស់ខ្លួនជាមួយនឹង ផលិតផលដែលត្រូវនឹងស្បែកក្បាល ពិសេសអាចជួយចិញ្ចឹមសរសៃសក់។ ប៉ុន្ដែក្នុងពេលដែលលោកទំនេរពីការងារសម្ដែង ឬកម្មវីធី លោកតែងតែទុកសក់ឱ្យនៅទំនេរដោយមិនលាបប្រេង ឬលាបក្រែមឡើយ។ ពិសេសលោកទទួលទានអាហារដែលមានវីតាមីនជំនួយ សរសៃសក់។
ការថែរក្សាសុខភាពមាត់ធ្មេញ
មិនខុសពីតារាផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែរទេក្នុងការរក្សាមាត់ធ្មេញ លោកដុសសម្អាតជាប្រចាំយ៉ាងតិចបីដងក្នុង មួយថ្ងៃ ពិសេសក្រោយពីទទួលទានអាហារ ជាមួយនឹងផលិតផល ឬថ្នាំដុសធ្មេញដែលមានជាតិអំបិលអាចជួយឱ្យធ្មេញរឹងមាំ។ អ្វី ដែលសំខាន់ផងដែរ លោកជ្រើសរើសការសម្អាតធ្មេញដោយប្រើអំបោះដើម្បីទាក់កម្ទេចកម្ទីរអាហារ និងប្រើទឹកថ្នាំខ្ពុលមាត់។ លោក ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីផ្ដល់ប្រឹក្សា ពិនិត្យ និងសម្អាតធ្មេញជាញឹកញាប់។
ការថែរក្សាភ្នែក
ចំរុងគ្រាន់តែជ្រើសរើសអាហារដែលមានប្រយោជន៍សម្រាប់ភ្នែក ដូចជាអាហារ ឬផ្លែឈើដែលមានជាតិវីតាមីនអាឱ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យភ្នែកប្រែទៅជាល្អក់មើលមិនច្បាស់ រូងខូង និងមានជាំខ្មៅត្រង់ត្របកភ្នែក។
ការទទួលទានអាហារ
ទោះជាស្ថិតក្នុងភាពមមាញឹកយ៉ាងណាក៏ដោយ ក៏លោកទទួលទានអាហារទៀងទាត់ពេលវេលា ដើម្បីការពារសុខភាព។ លោកក៏ត្រូវទទួលទានទឹកជំនួស ប្រសិនបើមិនបានទទួលទានអាហារតាមការកំណត់។ លោកបានជ្រើសរើសប្រភេទអាហារដែលមាន គុណប្រយោជន៍ចំពោះសុខភាព និងជួយទ្រទ្រង់រាងកាយ។
ការហាត់កីឡា
ការហាត់កីឡាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងជាជំនួយដល់ស្បែក ហើយកីឡាដែលតារារូបសង្ហានេះ ជ្រើសរើសមានច្រើនប្រភេទ ដូចជាការលើកដុំដែក ហែលទឹក រត់ចម្ងាយ ធាក់កង់ វាយបាវខ្សាច់ជាដើម។ លោកចូលចិត្ដហែលទឹក ជាងគេ ព្រោះការហែលទឹកអាចជួយឱ្យមានរូបរាងស្រស់សង្ហា រាងកាយមាំមួន និងស្បែកស្រស់ស្អាត។ ដោយសារមមាញឹកក្នុងការ សម្ដែង លោកពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ច្រើន និងទៀតទាត់ឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកនៅតែ ឆ្លៀតឱកាសក្នុងការហាត់កីឡាដើម្បីសុខភាពរបស់លោកដែរ។
ការទទួលទានដំណេក
ការទទួលទានដំណេកប្រយោជន៍សម្រាប់សុខភាព និងសម្រស់ ព្រោះបើគេងមិនបានគ្រប់គ្រាន់ទេ វាអាចមានផលប៉ះពាល់ យ៉ាងខ្លាំងទៅលើសុខភាព និងសកម្មភាពប្រចាំថ្ងៃ។ ក្នុងអាជីពជាអ្នកសិល្បៈមិនអនុញ្ញាតឱ្យលោកសម្រាកគ្រប់គ្រាន់ឡើយ ប៉ុន្ដែ លោកក៏នៅតែរកឱកាសបន្ដិចបន្ដួចដើម្បីសម្រាក ឬធ្វើសមាធិឱ្យអារម្មណ៍ស្ងប់ និងកាត់បន្ថយភាពហត់នឿយដែលបណ្ដាលមកពីការ គេងមិនគ្រប់គ្រាន់។
បណ្ដាំផ្ញើរបស់ប៉ែន ចំរុង
សូមប្រជាពលរដ្ឋមេត្ដាយកចិត្ដទុកដាក់ទៅលើបញ្ហាសុខភាពឱ្យបានខ្លាំង។ បើមិនបានថែទាំសុខភាព សូមកុំបំផ្លាញសុខភាព ដោយការប្រើប្រាស់គ្រឿងញៀនផ្សេងៗដែលមានផលប៉ះពាល់ដល់សុខភាព និងអនាគត។ ដើម្បីឱ្យរាងកាយមានសុខភាពល្អ មិនមែន ជាការលំបាកឡើយដោយគ្រាន់តែទទួលទានអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ បើអាចធ្វើបាន គួរហាត់កីឡាជាប្រចាំ។
ប្រវត្ដិសង្ខេប
- ឈ្មោះ ៖ ប៉ែន ចំរុង
- អាយុ ៖ ២៥ ឆ្នាំ
- កម្ពស់ ៖ ១,៧២ម៉ែត្រ
- បងប្អូន ៖ ៤នាក់(ជាកូនពៅ)
- ឪពុកឈ្មោះ ៖ ប៉ែន រឿត (កសិករ)
- ម្ដាយឈ្មោះ ៖ អ៊ីវ សាមិត្ដ (មេផ្ទះ)
- ប្រឡូកក្នុងសិល្បៈ ៖ ឆ្នាំ២០០៣
- បច្ចុប្បន្ន ៖ ជាតារាសម្ដែង និងពិធីករ
- បំណងថ្ងៃអនាគត ៖ ធ្វើជាអ្នកជំនួញ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply