មុនអាចរីករាលដាលធំ បើសិនមិនព្យាបាល ឬទប់ស្កាត់ទាន់ពេល។ មុនអាចនាំឱ្យរលាកស្បែក ពកតូចៗ ឬធំៗ អាចនាំឱ្យ មុខមានស្លាកស្នាម ឬអាចកើតជាមុខខ្មូត ដែលនាំឱ្យចោទជាបញ្ហា ដូចជាប៉ះពាល់ដល់ផ្លូវចិត្ដ អារម្មណ៍ បញ្ហាចូលសង្គម នាំឱ្យស្ដ្រេស្ស ខ្មាស់គេ មិនមានទំនុកចិត្ដលើខ្លួនឯងជាដើម។ ស្បែកមុខខ្លួនកើតមុនអាចក្លាយជាខ្ទុះ ផ្លែ ជាំ ឬកន្ទួលរមាស់ពេញខ្លួនប្រាណជាដើម។ ការកេះ ឬញេចមុនដោយមិនមានអនាម័យ ឬតាមក្បួនខ្នាតវានាំឱ្យប៉ោង ជាំ ក្លាយ ហើមមុខជាដើម។
លោកអ្នកបានអានរួចមកហើយនូវអត្ថបទ“មូលហេតុកើតមុន” ដែលបានចេញផ្សាយនៅលេខ០១២ និងអត្ថបទ“វិធីបង្ការជម្ងឺមុន”ចេញផ្សាយនៅលេខ០១៣។ ដោយឡែកសម្រាប់លេខនេះ លោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យព្រះកុសុមៈ បន្ដបកស្រាយជម្រាបជូនលោកអ្នកខ្លះៗអំពីវិធីព្យាបាលមុននៅលើស្បែក ជាពិសេសនៅលើ មុខ។
លក្ខណៈទូទៅនៃជម្ងឺមុន
មុនជាធម្មតាច្រើនកើតលើមនុស្សចាប់ពីអាយុជិតពេញវ័យ(បុរសអាយុ១៥ឆ្នាំ នារីអាយុ១៣ឆ្នាំ)ដែលអាចបណ្ដាលមកពីការរលាកនៃរន្ធរោម ឬរន្ធញើស គួបផ្សំជាមួយនឹងការស្ទះនៃសារធាតុខ្លាញ់នៅក្នុងរន្ធរោម។ ហើយមុនច្រើនបាត់ទៅវិញនៅពេល យើងអាយុលើសពី៣៧ឆ្នាំំ។ ប៉ុន្ដែបើមុនកើតដោយសារការប្រតិកម្មជាមួយនឹងសារធាតុណាមួយ វាមិនងាយបាត់ទៅវិញទេ។ មុនខ្លះ មានក្បាល ឬគ្រាប់ខ្មៅ ខ្លះសមិនមានក្បាលទេ(ករណីស្ទះក្រពេញវាជ្រៅ) ខ្លះមានក្បាល ហើយមានខ្ទុះ។ មុនច្រើនរាលដាលឡើង ដោយសារការប្រើគ្រឿងសម្អាង ឡេលាប ថ្នាំចាក់ ឬលេបជាដើម ហើយមានប្រតិកម្មជាមួយនឹងស្បែកទើបធ្វើឱ្យចេញមុន។ មុន ងាយក្នុងការធ្វើរោគវិនិច្ឆ័យតាមរយៈភ្នែកទទេ តែពិបាកក្នុងការព្យាបាល។
ប្រការយល់ដឹងទាក់ទងនឹងព្យាបាលជម្ងឺមុន
ជាទូទៅការព្យាបាលមុនតាមក្បួនវេជ្ជសាស្ដ្រមានដូចជាការព្យាបាលដោយយកថ្នាំមកលាបនៅលើស្បែកឱ្យបានទៀងទាត់ តែត្រូវការពេលយូរបន្ដិចដើម្បីឱ្យមុនរាប។ ថ្នាំនឹងជ្រាបចូលក្នុងក្រពេញស្បែក ហើយសម្អាតក្រពេញដែលស្ទះ។ ថ្មីៗនេះមានម៉ាស៊ីន សម្រាប់បូមមុនជួយកុំឱ្យរន្ធស្បែកស្ទះ។ គ្រូពេទ្យនឹងចាប់ផ្ដើមសួរអ្នកជម្ងឺអំពីរយៈពេលដែលគាត់ឡើងមុន អ្វីដែលគាត់បានប្រើប្រាស់ រហូតមកដល់ពេលជួបពេទ្យ(ថ្នាំ)។ បន្ថែមទៅលើការសួរនាំ គ្រូពេទ្យនឹងពិនិត្យទៅលើស្បែកមុខគាត់ មានកន្ទួលព្រឿងៗ ពកមាន គ្រាប់មុន ស ឬខ្មៅជាដើម។ បើមុខរបស់អ្នកកើតមុនដោយសារសម្បូរជាតិខ្លាញ់ សូមសម្អាតមុខឱ្យអស់ជាតិខ្លាញ់ និងត្រូវលាងមុខ ឱ្យបានស្អាតជាប្រចាំ(សូមអានអត្ថបទវិធីលាងសម្អាតមុខដែលចេញផ្សាយកាលពីលេខទី១០ ខែវិច្ឆិកា ២០០៦)។ សូមយកចិត្ដទុក ដាក់ការពារ និងព្យាបាលមុនខណៈពេលដែលវានៅស្រាល។ ការព្យាបាលមុនតាមក្បួនវេជ្ជសាស្ដ្រត្រូវចំណាយពេលជាមធ្យមប្រហែលពី៨ទៅ១២សប្ដាហ៍(២ទៅ៣ខែ)។ ចំពោះករណីធ្ងន់ធ្ងរត្រូវចំណាយពេលព្យាបាលរហូតដល់ទៅ៦ខែ។ ប្រជាពលរដ្ឋភាគច្រើន ធ្វើការព្យាបាល និងការពារមុនដោយការនិយមប្រើប្រាស់ក្បួន ឬផលិតផលតាមគ្នា ដោយមិនសូវទទួលការប្រឹក្សាជាមួយនឹងអ្នក ជំនាញ ឬគ្រូពេទ្យទេ។ វិធីព្យាបាលតែមួយមិនមែនសុទ្ធតែសក្ដិសមសម្រាប់ជម្ងឺអ្នកទាំងអស់គ្នាទេ។
វិធីព្យាបាលជម្ងឺមុន ៖
- ការព្យាបាលមុនដោយផលិតផលលាយ ៖ សព្វថ្ងៃមានផលិតផលដែលប្រើលាបទៅលើស្បែកដែលមានមុន។ បើករណី មុនស្រាលឬតិច គ្រូពេទ្យព្យាបាលតាមរយៈការប្រើថ្នាំលាប មានដូចជាពពួកចែល វីតាមីន ថ្នាំផ្សះជាដើម។ ជួនកាលពេលប្រើដំបូង វាអាចធ្វើឱ្យស្បែករោល និងរំខានមួយរយៈ(បណ្ដោះអាសន្ន)។ តែបើមានបញ្ហា ល្អបំផុតគួរមានការពិនិត្យតាមដានដោយគ្រូពេទ្យ ជំនាញ។
- ការព្យាបាលមុនបន្ទាប់ ៖ ការព្យាបាលអាចមានថ្នាំលេបលាយជាមួយនឹងថ្នាំលាប។ ករណីមុនចេញខ្លាំង ឬច្រើនធ្ងន់ធ្ងរ ប៉ះឈឺពិបាកទ្រាំ ឬមានខ្ទុះជាដើម គ្រូពេទ្យនឹងឱ្យថ្នាំគ្រាប់សម្រាប់លេបជាប្រភេទថ្នាំផ្សះ ឬថ្នាំលាបលើមុន។ ដោយឡែកស្ដ្រីដែល ច្រើនតែឡើងមុនពេលមានរដូវ គ្រូពេទ្យអាចឱ្យប្រើថ្នាំប្រភេទអ័រម៉ូន។ ការប្រើប្រាស់ថ្នាំទៅតាមគ្រូពេទ្យណែនាំ អាចមានប្រសិទ្ធ ភាព និងសក្ដិសមជាងការជ្រើសរើសថ្នាំដោយខ្លួនឯង។
- ករណីមុនធ្ងន់ធ្ងរមែនទែន ៖ គឺករណីមុនមិនឆ្លើយតបទៅនឹងការព្យាបាលរបស់គ្រូពេទ្យតាមក្បួនវេជ្ជសាស្ដ្រ គ្រូពេទ្យនឹង ប្រើថ្នាំខ្លាំងមានតែគ្រូពេទ្យឯកទេសទេដែលមានសិទ្ធិប្រើ និងអនុញ្ញាតឱ្យអ្នកប្រើបាន។ ការប្រើថ្នាំខ្លាំងអាចមានផលប៉ះពាល់ច្រើន ដូចជាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃជាដើម ដូច្នេះទាមទារការសាកសួរ និងពិនិត្យល្អិតល្អន់។ នៅពេលដែលត្រូវប្រើថ្នាំគ្រាប់ដើម្បី ព្យាបាលមុន គ្រូពេទ្យនឹងតាមដានយ៉ាងត្រឹមត្រូវ ជាពិសេសមុននឹងចាប់ផ្ដើមប្រើថ្នាំពេទ្យ ត្រូវមានការពិនិត្យឈាម(ដូចជារករោគ ថ្លើម ជាតិខ្លាញ់ ឈឺក្បាលជាដើម) និងពិនិត្យរោគស្ដ្រី(មិនមានគភ៌)។
- ការព្យាបាលបែបធម្មជាតិ ៖ ឆ្លើយតបទៅនឹងការព្យាបាលមុនដោយការប្រើប្រាស់ឱសថធម្មជាតិ មានដូចជាបិតផ្លែឈើ ជាដើមតាមក្បួនវេជ្ជសាស្ដ្រ មិនទាន់មានការអះអាងថាមានប្រសិទ្ធភាព ឬសក្ដិសមសម្រាប់គ្រប់ជំពូកស្បែករបស់អ្នកប្រើប្រាស់ទេ។ ជួនកាលវាអាចជួយបាន តែជួនកាលក៏មិនអាចជួយបានដែរ។
ដំបូន្មានអ្នកជំនាញ
សូមចាំថាមានតែខ្លួនលោកអ្នកផ្ទាល់ទេដែលគិតគូរច្រើនជាងគេអំពីខ្លួនលោកអ្នក។ ត្រូវយល់ដឹងឱ្យបានច្បាស់ និងត្រឹមត្រូវ នៅមុនពេលដែលអ្នកសម្រេចចិត្ដជ្រើសរើសនូវផលិតផលណាមួយយកមកប្រើប្រាស់ ពិសេសប្រើនៅលើមុខ ព្រោះវាមិនមែនសុទ្ធតែ សក្ដិសមសម្រាប់ស្បែកលោកអ្នករាល់គ្នាទេ។ គួរមានការព្យាបាលឱ្យបានត្រឹមត្រូវ និងស្វែងយល់អំពីបញ្ហាដែលកើតមាននៅលើមុខ របស់លោកអ្នកឱ្យបានច្បាស់លាស់ជាមុន។ សូមកុំព្យាយាមប្រើប្រាស់ផលិតផលដោយប្រថុយប្រថាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply