សរសៃឈាមមានតួនាទីសំខាន់បំផុតសម្រាប់នាំឈាមទៅចែកចាយគ្រប់ផ្នែកទាំងអស់នៃសព៌ាង្គកាយ ជាពិសេសសរសៃឈាមដែលភ្ជាប់ខួរក្បាលជាផ្នែកមួយមិនអាចខ្វះបាន។ ដាច់សរសៃឈាមខួរក្បាល បើតាមស្ដាប់ទៅក៏ដឹងថាពិតជាគួរឱ្យភ័យខ្លាច និង តក់ស្លុត។ ជម្ងឺនេះភាគច្រើនកើតឡើងលើមនុស្សវ័យចំណាស់ដែលបង្កនូវគ្រោះថ្នាក់បំផុត ជួនកាលអាចបណ្ដាលឱ្យបាត់បង់ជីវិតក្នុង រយៈពេលដ៏ខ្លី។ តើដាច់សរសៃឈាមខួរក្បាលបណ្ដាលមកពីមូលហេតុអ្វី? មានគ្រោះថ្នាក់យ៉ាងណាខ្លះ?
លោកវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសជម្ងឺប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត នឹងស្រាយបំភ្លឺជូនមិត្ដអ្នកអាន ឱ្យបានស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។
មូលហេតុដាច់សរសៃឈាមខួរក្បាល
ដាច់សរសៃឈាមខួរក្បាល ឬហៅថាជម្ងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាប្រភេទជម្ងឺដ៏ធ្ងន់ធ្ងរ និងមានគ្រោះថ្នាក់បំផុត ដែលអាចសម្លាប់មនុស្សបានក្នុងមួយប៉ប្រិចភ្នែក។ មូលហេតុចម្បងនៃជម្ងឺនេះ គឺបណ្ដាលមកពីការស្ទះសរសៃឈាម និងការដាច់ សរសៃឈាម។
- ការស្ទះសរសៃឈាមខួរក្បាល ៖ មានអត្រាពី៨០ទៅ៨៥ភាគរយ បណ្ដាលមកពីជម្ងឺសរសៃឈាមដែលទាក់ទងទៅនឹង វ័យ។ មនុស្សកាន់តែមានវ័យចំណាស់ សរសៃឈាមរួមត្បៀតតូច ធ្វើឱ្យចរន្ដឈាមដែលបញ្ជូនទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់ និងមាន ការចុះថយ។ ក្រៅពីនេះ ខ្លាញ់រុំសរសៃឈាម និងជម្ងឺបេះដូងក៏ជាមូលហេតុនាំឱ្យស្ទះសរសៃឈាមដែរ។
- ការដាច់សរសៃឈាមខួរក្បាល ៖ មានអត្រាពី១៥ទៅ២០ភាគរយដែលភាគច្រើនកើតឡើងដោយសារជម្ងឺលើសឈាម និងការប៉ះទង្គិចផ្សេងៗ។ ការដាច់សរសៃឈាមអាចកើតឡើងទាំងក្នុង និងក្រៅខួរក្បាល ដែលបណ្ដាលមកពីកត្ដាធំៗពីរយ៉ាង។ ករណីទី១ គឺជាកត្ដាដែលមិនអាចប្រែប្រួល ឬបង្ការបានគឺជាបញ្ហានៃអាយុកាល ពណ៌សម្បុរ ជនជាតិ ពូជសាសន៍ ឬហ្សែនជាដើម។ កត្ដាមួយទៀតជាករណីដែលអាចការពារ និងព្យាបាលបាន ដូចជាជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម កំណើនជាតិខ្លាញ់ខ្ពស់ក្នុង សរសៃឈាម(ខ្លាញ់រុំសរសៃឈាម) ដែលបានមកពីការទទួលទានស្រា បារី គ្រឿងញៀនជាដើម។
រោគសញ្ញាដាច់សរសៃឈាមខួរក្បាល
រោគសញ្ញាមួយចំនួនដែលគួរឱ្យកត់សម្គាល់មានដូចជាប្រព័ន្ធសរសៃប្រសាទជាដើមបង្ហាញឱ្យឃើញតាមរយៈការចុះខ្សោយនូវចលនា ឬស្ពឹក ធ្ងន់ៗភ្លាមៗនៅលើមុខ ដៃជើង និងមួយចំហៀងខ្លួន។ ដាច់សរសៃឈាមខួរក្បាលច្រើនកើតមានចំពោះមនុស្សវ័យ ចំណាស់ និងតិចតួចចំពោះមនុស្សវ័យកណ្ដាល។ វាបានផ្ដល់ជារោគសញ្ញាមួយចំនួនគួរឱ្យកត់សម្គាល់ ជាពិសេសរោគសញ្ញាដែលពាក់ ព័ន្ធនឹងវិបត្ដិប្រព័ន្ធប្រសាទ។
- ការចុះខ្សោយនូវចលនា ឬស្ពឹកធ្ងន់ៗភ្លាមៗនៅលើមុខ ដៃជើង និងមួយចំហៀងខ្លួន
- ភ្នែកមើលឃើញពុំច្បាស់ ឬងងឹតភ្លាមៗ ជាពិសេសភ្នែកតែម្ខាង
- ភ្លាមៗ អ្នកជម្ងឺពិបាកនិយាយ ឬស្ដាប់បាន តែពុំអាចនិយាយកើត ឬស្ដាប់ពុំយល់អ្វីដែលយើងនិយាយ
- ឈឺក្បាលខ្លាំងភ្លាមៗខុសពីធម្មតាដោយពុំមានមូលហេតុច្បាស់លាស់់
- ភ្លាមៗពិបាកដើរ ឬជួនកាលដួលភ្លាមៗតែម្ដង ជាពិសេសអាចរួមផ្សំជាមួយរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញា ទាំងអស់ខាងលើ។
វិធីព្យាបាលការដាច់សរសៃឈាមក្នុងខួរក្បាល
ដាច់សរសៃឈាមខួរក្បាលជាជម្ងឺបន្ទាន់ដែលចាំបាច់ត្រូវជួយសង្គ្រោះបន្ទាន់។ គេអាចព្យាបាលដោយឱសថ និងធ្វើចលនា ក្នុងករណីធ្ងន់ធ្ងរចាំបាច់ត្រូវធ្វើការវះកាត់។ រីឯបញ្ហាស្ទះសរសៃឈាមខួរក្បាលមិនមានការព្យាបាលដោយការវះកាត់នោះទេ លើក លែងតែស្ទះសរសៃឈាមធំៗត្រង់កញ្ចឹងកទើបគេវះកាត់ដើម្បីបកកំណកខ្លាញ់ចេញ។ បច្ចុប្បន្ននេះមានការដាក់ដែកនៅត្រង់នោះថែម ទៀត ប៉ុន្ដែមានតែនៅបរទេសប៉ុណ្ណោះ។ ម្យ៉ាងទៀតប្រសិនបើការដាច់សរសៃឈាមខួរក្បាលផ្នែកខាងក្រៅ អាចធ្វើការវះកាត់ ដោយពេទ្យជំនាញ។ ផ្ទុយទៅវិញការដាច់សរសៃឈាមខួរក្បាលផ្នែកខាងក្នុងចាំបាច់ត្រូវព្យាបាលដោយការប្រើប្រាស់ឱសថ។
ការថែទាំអ្នកជម្ងឺដាច់សរសៃឈាមខួរក្បាល
អ្នកនៅជុំវិញអ្នកជម្ងឺមានតួនាទីសំខាន់ក្នុងការមើលថែទាំ ទំនុកបម្រុងការហូបចុក និងបង្ហាត់បង្រៀនដើរ (ការព្យាបាល ដោយចលនា) ជាពិសេសតាមការណែនាំពីគ្រូពេទ្យ។ មិនតែប៉ុណ្ណោះក្រុមគ្រួសារគួរផ្ដល់កម្លាំងចិត្ដដល់អ្នកជម្ងឺ ព្រោះវាជាកត្ដាសំខាន់ ដែលមិនអាចអត់បាន។
វិធីបង្ការការដាច់សរសៃឈាមខួរក្បាល
ពុំមានវិធីទប់ស្កាត់ ឬវិធានការការពារជាក់លាក់មួយរយភាគរយនោះទេ ព្រោះជាប្រភេទជម្ងឺដែលវិវឌ្ឍទៅតាមអាយុ កាលរបស់មនុស្ស។ ប៉ុន្ដែមានវិធានការមួយចំនួនក្នុងការទប់ស្កាត់បញ្ហាការដាច់សរសៃឈាមខួរក្បាលនោះ គឺការទប់ស្កាត់ និងព្យា បាលជម្ងឺលើសឈាម និងជម្ងឺទឹកនោមផ្អែមឱ្យបានត្រឹមត្រូវ និងចៀសវាងការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាដែលវិធីនេះមានឯក សារខ្លះអះអាងថាមានប្រសិទ្ធភាពរហូតដល់ទៅ៤០ភាគរយឯណោះ។ ចំពោះលោកអ្នកដែលមានបញ្ហាកំណើនជាតិខ្លាញ់ ឬខ្លាញ់រុំ សរសៃឈាមត្រូវព្យាបាលជាបន្ទាន់ ព្រោះងាយធ្វើឱ្យកើតមានការដាច់សរសៃឈាមខួរក្បាល។ អ្វីដែលចាំបាច់សូមលោកអ្នកបញ្ឈប់ ការជក់បារី ពិសាស្រា និងគ្រឿងញៀនផ្សេងៗ។ សូមទទួលទានរបបអាហារត្រឹមត្រូវដើម្បីទប់ស្កាត់ការធាត់ជ្រុលពេក និងធ្វើឱ្យជាតិ ខ្លាញ់កើនឡើង និងសូមលោកអ្នកហាត់កីឡាឱ្យបានយ៉ាងហោចណាស់ពី២០ទៅ៣០នាទីក្នុងមួយថ្ងៃ។
ផលវិបាកនៃការដាច់សរសៃឈាមខួរក្បាល
ដាច់សរសៃឈាមខួរក្បាលជាជម្ងឺមួយដ៏មានគ្រោះថ្នាក់បំផុត ដែលអាចធ្វើឱ្យអ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន និងស្លាប់បាត់ បង់ជីវិតតែម្ដង។ វាផ្ដល់នូវផលវិបាកយ៉ាងច្រើន ដូចជាធ្វើឱ្យអ្នកជម្ងឺពិការ និយាយមិនបាន ស្ដាប់មិនឮ ខូចអារម្មណ៍ វង្វេងវង្វាន់ ប្រកាច់ជាដើម។
ដំបូន្មានអ្នកជំនាញ
ដាច់សរសៃឈាមខួរក្បាលជាជម្ងឺមួយធ្ងន់ធ្ងរណាស់។ សូមលោកអ្នកប្រញាប់ស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើ លោកអ្នកសង្ស័យ ឬកើតមាននូវរោគសញ្ញាខ្លះៗដូចដែលបានជម្រាបជូនខាងលើ។ ជម្ងឺនេះបណ្ដាលមកពីជម្ងឺផ្សេងៗជាអ្នកបង្ក ដូច នេះសូមលោកអ្នកព្យាបាលជម្ងឺមូលហេតុទាំងនោះជាមួយគ្រូពេទ្យជំនាញដើម្បីចៀសវាងដំណាក់កាលដាច់សរសៃឈាមខួរក្បាល។ ស្វែងរកការព្យាបាលកាន់តែរហ័ស អត្រាស្លាប់ និងពិការភាពត្រូវបានកាត់បន្ថយកាន់តែមានតិច។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply