អាសន្ន​រោគ​ជាជម្ងឺឆ្លង​យ៉ាង​ទាន់ហន់

រាករូស​អាចជា​មូលហេតុ​នៃជម្ងឺ​មួយ​ដ៏កាច​សាហាវ ហើយ​ដែល​លោកអ្នក​មួយចំនួន​ពុំមានការ​ចាប់អារម្មណ៍ និងយកចិត្ដទុកដាក់​នោះឡើយ។ ប៉ុន្ដែវា​អាចធ្វើ​ឱ្យអ្នក​ជម្ងឺស្លាប់​បាត់បង់​ជីវិត​ក្នុងរយៈ​ពេលមួយ​ដ៏ខ្លី គឺត្រឹម​តែ២ទៅ៣​ម៉ោងតែ​ប៉ុណ្ណោះ។ ហើយ រាករូស​បែប​ជម្ងឺ​អាសន្ន​រោគជា​ប្រភេទជម្ងឺ​ឆ្លងដ៏មាន​គ្រោះថ្នាក់​ទៀតផង។ តើជម្ងឺ​អាសន្ន​រោគ​អាចព្យាបាល​បានទេ? ផ្ដល់នូវ​គ្រោះ ថ្នាក់យ៉ាង​ណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

ជួប​ជាមួយ​លោកវេជ្ជ​បណ្ឌិត ហ៊យ គឹមហេង អ្នក​ឯកទេស​រោគកុមារ​នៃមន្ទីរ​ពេទ្យ​កុមារជាតិ ដែល​ចូលរួម​ស្រាយ​បំភ្លឺអំពី បញ្ហា​នេះជូន​មិត្ដ​អ្នកអាន​ដើម្បី​ស្វែងយល់​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

អាសន្ន​រោគ ជាអ្វី?

អាសន្ន​រោគ​ជាជម្ងឺឆ្លង​មួយប្រភេទ​ដ៏កាច​សាហាវ ដែល​អាចឆ្លង​ពីមនុស្សម្នាក់​ទៅមនុស្ស​ម្នាក់​ទៀតបាន​ដោយងាយ។ លោក ឡា​ប៉េសុន​អ្នកចិត្ដ​វិទូបានផ្ដល់​និយមន័យថា រាល់​ជម្ងឺរាក​ណាដែល​ធ្វើឱ្យមានការ​ស្លាប់​បាត់បង់​ជីវិតក្នុងរ​យៈពេល​ត្រឹមតែ​២ទៅ៣​ម៉ោង នោះ គឺជាជម្ងឺ​អាសន្ន​រោគ។

មូលហេតុ​ជម្ងឺអាសន្ន​រោគ

ជម្ងឺ​អាសន្នរោគ​ជាជម្ងឺឆ្លង​ដ៏កាច​សាហាវ​ដែលអាច​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ជីវិត​មនុស្ស។ ក្នុងនោះ​ផងដែរ វាក៏​បណ្ដាល​មកពី មូលហេតុ​ចម្បង​ពីរយ៉ាង​ដែលធ្វើ​ឱ្យកើត​មានជម្ងឺនេះ។

1. មូល​ហេតុ​ចម្បង គឺបណ្ដាល​មកពី​ការបរិភោគ​ចំណី​អាហារ​ដែល​មានមេរោគ​វីប្រ៊ីយ៉ុង​កូឡេរិក។

2. ជម្ងឺ​អាសន្នរោគ​ក៏អាចបណ្ដាល​មកពី​កត្ដា​កង្វះ​អនាម័យ​ដែរ ដូចជាការ​មិនបាន​លាង​សម្អាតដៃ​មុនពេល​ទទួល​ទានអា ហារ កង្វះ​អនាម័យ​ក្នុងការ​ទទួលទាន កង្វះ​អនាម័យ​ក្នុងការរស់​នៅជាដើម។

រោគសញ្ញា​ជម្ងឺអាសន្ន​រោគ

អាសន្ន​រោគបាន​ផ្ដល់នូវ​រោគសញ្ញា​ពិសេស​មួយចំនួន​សម្រាប់​ជាការ​កត់សម្គាល់។

  • ដំណាក់​កាលដំបូង មានការ​ហើម​ពោះ និង​បត់ជើង​ញឹកញាប់។ មានរាក​ខុសប្លែក​ពីរាក​ដទៃ​ច្រើនដង និងសុទ្ធ​តែទឹក ហើយ​មានសន្ទុះ​ខ្លាំងដែល​ខ្មែរយើង​និយម​ហៅថាបាញ់​ដូចទុយ​យ៉ូទឹក។ សភាព​របស់​លាមក​មានសណ្ឋាន​ដូចទឹក​អង្ករ ហើយ​មានក្លិន ឆ្អាប។
  • ដំណាក់​កាលបន្ទាប់ អ្នកជម្ងឺ​មានអាការ​ក្អួតចង្អោរ​ខ្លាំងញឹក​ញាប់។ រាល់អ្វីៗ​ដែលទទួល​ទាន​ចូលទៅ​ត្រូវក្អួត​ចេញវិញ ទាំងអស់ ពេលខ្លះ​ក្អួតដោយ​ឯងៗ រហូតដល់​មានទឹក​កំអួតពណ៌​លឿង​ថែម​ទៀតផង។ សញ្ញា​ទាំងពីរនេះ​តែងដើរ​ទន្ទឹមគ្នា​ជានិច្ច។
  • ដំណាក់​កាលចុង​ក្រោយ អ្នកជម្ងឺ​នឹងបង្ហាញ​នូវរោគ​សញ្ញា​ពិសេស (សញ្ញាកង្វះ​ជាតិទឹក) គឺភ្នែក​ឡើងរូង ត្រជាក់ខ្លួន ចុករោយ​ជើងដៃ ឬសាច់ដុំ និង​រហូតដល់​សន្លប់​បាត់បង់​ស្មារតី​តែម្ដង។

វិធីព្យាបាល​ជម្ងឺអាសន្ន​រោគ

ប្រការ​សំខាន់​បំផុត ត្រូវបញ្ជូន​អ្នកជម្ងឺ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ព្រោះ​ជម្ងឺ​អាសន្នរោគ​អាចធ្វើឱ្យ​លោកអ្នក​ស្លាប់តែ​ក្នុង រយៈពេល​ត្រឹមតែ២​ទៅ៣ម៉ោង​តែប៉ុណ្ណោះ។ ជាធម្មតា រាកនឹង​ធ្វើឱ្យ​អ្នកជម្ងឺ​បាត់បង់​ជាតិ​ទឹកច្រើន​ពីក្នុងខ្លួន។ ដូចនេះ​នៅពេល​មាន រោគ​សញ្ញា​ណាមួយ​នៃជម្ងឺ​អាសន្ន​រោគ ត្រូវឱ្យ​អ្នកជម្ងឺ​ទទួលទាន​ទឹកឱ្យ​បានច្រើន និងញឹក​ញាប់​ដើម្បី​បង្គ្រប់​ជាតិទឹក​ដែល​បាត់បង់​ទៅ នោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការ​គួរប្រតិបត្ដិ ពេលកើត​អាសន្នរោគ

មានប្រការ​មួយចំនួន​ដែល​លោកអ្នក​គួរប្រតិបត្ដិ​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ចៀសវាង​ការចម្លង​នៃជម្ងឺ​អាសន្នរោគ ជាពិសេសនៅ ពេល​មានការ​រាតត្បាត​ជម្ងឺ​អាសន្នរោគ។

  • ត្រូវផ្ដល់​ជាតិទឹក​ឱ្យអ្នក​ជម្ងឺឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ចៀសវាង​បញ្ហាកង្វះ​ជាតិទឹក​នៅក្នុងខ្លួន
  • អ្នកជម្ងឺ​ត្រូវបន្ទោរ​បង់ក្នុង​បង្គន់​ឱ្យបាន​ត្រឹមត្រូវ
  • មិនត្រូវ​ប្រើប្រាស់​របស់រួមគ្នា​ជាមួយ​អ្នកជម្ងឺ ពិសេស​មិនត្រូវ​ទទួលទាន​ចំណី​អាហារ​ដែលសល់​ពីអ្នកជម្ងឺ។

វិធីបង្ការ​ជម្ងឺអាសន្ន​រោគ

ជម្ងឺ​អាសន្ន​រោគ​កើតឡើង​ដោយ​មេរោគ​វីប្រ៊ីយ៉ុង​កូឡេរិក​ដែលមាន​នៅលើ​ចំណីអាហារ​ពុំមាន​អនាម័យ​ត្រឹមត្រូវ។ ដូចនេះ ដើម្បី​បង្ការ​កុំឱ្យ​កើតមាន​ជម្ងឺនេះ​ឡើង លោកអ្នក​គួរធ្វើ​អនាម័យ​ឱ្យបានល្អ ដូចជា​អនាម័យ​ខ្លួនប្រាណ បរិស្ថាន ចំណី​អាហារ​ជាដើម ជាពិសេស​អនាម័យ​ចំណីអាហារ​តែម្ដង។

អនាម័យ​ខ្លួនប្រាណ ៖ ត្រូវលាង​សម្អាតខ្លួន​ប្រាណឱ្យ​បានស្អាត ពិសេសគឺដៃ មុននឹង​ចាប់កាន់​របស់ ឬចំណី​អាហារ និង​ក្រោយ​ពេល​បន្ទោរ​បង់រួច។

អនាម័យ​បរិស្ថាន ៖ សម្អាត​បរិវេណផ្ទះ​ឱ្យបានស្អាត កុំឱ្យ​មាន​ភក់ជ្រាំ សម្រាម។ គួរធ្វើ​បង្គន់ឱ្យ​បានត្រឹមត្រូវ សូមបន្ទោរ បង់ក្នុង​បង្គន់​អនាម័យ ចៀសវៀង​ការបន្ទោរ​បង់ពាស​វាលពាស​កាលដែល​ជាឱកាស​ក្នុងការ​ចម្លងជម្ងឺ។

អនាម័យ​ចំណីអាហារ ៖ ចំណីអាហារ​ត្រូវចម្អិន​ឱ្យឆ្អិនល្អ និងគ្រប​ទុកឱ្យ​មាន​របៀប កុំឱ្យ​រុយរោម ព្រោះរុយ​ជាកត្ដា​ចម្លង មេរោគ​សំខាន់​បំផុត។ ចំណែក​ឯទឹក​ក៏ដូចគ្នា​ដែរ ត្រូវដាំឱ្យ​បានឆ្អិនល្អ​មុននឹង​បរិភោគ និងត្រូវ​ដឹងថាទឹក​នោះមាន​ប្រភពមក​ពីណា ហើយ​បរិវេណ​ជំរុញទឹក​នោះមាន​អនាម័យ​ដែរឬទេ?

បច្ចុប្បន្ន​ដោយសារ​ការយល់ដឹង​ច្រើន​អំពី​សុខភាព និងការ​ថែរក្សា​បរិស្ថាន​មានកម្រិត​ប្រសើរ​ធ្វើឱ្យ​ការរីក​រាលដាល​នៃជម្ងឺ អាសន្ន​រោគ​ត្រូវបាន​កាត់​បន្ថយ និងស្ទើរ​តែពុំមាន​សោះ​សម្រាប់​អ្នករស់​នៅទីក្រុង ឬទីប្រជុំជនធំៗ។ ប៉ុន្ដែ​ក៏នៅមាន​ប្រទេស​មួយចំនួន នៅលើ​ពិភពលោក​នៅតែ​ជួបប្រទះ​នូវបញ្ហា​នេះ។

ដំបូន្មាន​អ្នកប្រឹក្សា

ជម្ងឺ​អាសន្ន​រោគបង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ជីវិត​របស់​លោកអ្នក។ ដូចនេះ​សូមលោក​អ្នកប្រញាប់​ប្រញាល់​ទៅកាន់ មន្ទីរ​ពេទ្យ​ដើម្បី​ទទួល​យកការ​ព្យាបាល​ជាបន្ទាន់។ ម្យ៉ាង​ទៀត​សូមលោកអ្នក​ជ្រាបថា​ជម្ងឺ​អាសន្នរោគ​នេះជា​ជម្ងឺឆ្លង ហើយអាច​ចម្លង ពីមនុស្ស​ម្នាក់​ទៅមនុស្សម្នាក់​ទៀតបាន​ដោយងាយ។ សូមលោក​អ្នករស់នៅ​មានអនាម័យ​ដើម្បី​បញ្ចៀស​ពីការចម្លង​នៃជម្ងឺ​អាសន្ន រោគ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *