លោកអ្នកពិតជាមានការងឿងឆ្ងល់ហើយមែនទេ ពេលដែលឮពាក្យថាឈាមក្ដៅ ឬជម្ងឺមេតាប៉ូលីក។ ជម្ងឺមេតាប៉ូលីកមិនមែនជាជម្ងឺតែមួយមុខនោះទេ គឺប្រជុំទៅដោយជម្ងឺច្រើនមុខ។ ប្រជាពលរដ្ឋមិនសូវដែលឮឈ្មោះមេតាប៉ូលីកនេះទេ ភាគតិចណាស់ ដែលធ្លាប់ឮ តែធ្លាប់ដឹងថាឈាមក្ដៅដែលជាពាក្យហៅតៗគ្នា។ ជម្ងឺមេតាប៉ូលីកមានលក្ខណៈស្មុគស្មាញ ព្រោះវាទាក់ទងទៅនឹងប្រ ភពរោគសញ្ញាជាច្រើននៅក្នុងខ្លួនរបស់មនុស្ស។ តើជម្ងឺមេតាប៉ូលីកប្រជុំទៅដោយជម្ងឺប្រភេទណាខ្លះ?

ដើម្បីស្វែងយល់ទាំងអស់គ្នាពីបញ្ហាឈាមក្ដៅ ឬជម្ងឺមេតាប៉ូលីក ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយ លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី អ្នកឯកទេសជម្ងឺទឹកនោមផ្អែម ក្រពេញអ័រម៉ូន និងមេតាប៉ូលីកនៃមន្ទីរពេទ្យកាល់ម៉ែត។
ជម្ងឺមេតាប៉ូលីក ជាអ្វី?
ជម្ងឺមេតាប៉ូលីកមិនមែនជាជម្ងឺតែមួយមុខនោះទេ ជាប្រជុំជម្ងឺច្រើនរួមគ្នាដោយសារការប៉ះពាល់ទៅលើមេតាប៉ូលីកនៅ ក្នុងខ្លួនមនុស្សម្នាក់ៗ។ មេតាប៉ូលីក គឺជាការសំយោគសារធាតុដើម្បីឱ្យដំណើរការក្នុងខ្លួនរបស់មនុស្សប្រព្រឹត្ដទៅបានបានល្អ និងធ្វើឱ្យ ជីវិតរស់នៅរបស់មនុស្សប្រកបដោយសុខុមាលភាព។ ធាតុសំខាន់ៗនៅក្នុងការធ្វើមេតាប៉ូលីកនោះរួមមានជាតិស្ករ ជាតិខ្លាញ់ ជាតិ សាច់(ប្រូតេអ៊ីន) វីតាមីន និងជាតិរ៉ែដែលមានជាតិដែក ស័ង្កសីជាដើម។ ជម្ងឺមេតាប៉ូលីកកើតមានដោយសារផលប៉ះពាល់ទៅលើ សារធាតុទាំងប៉ុន្មានដែលបានរៀបរាប់មកខាងលើនេះ។
មូលហេតុជម្ងឺមេតាប៉ូលីក
1. ជម្ងឺលើសជាតិស្ករ ៖ ការមិនសូវយកចិត្ដទុកដាក់ពីរបបអាហារប្រចាំថ្ងៃនិងការចូលចិត្ដទទួលទានជាតិស្ករខ្លាំងពេកជា ដើមហេតុធ្វើឱ្យលើសជាតិស្ករក្នុងឈាម។ របបអាហារមិនមានតុល្យភាព ដូចជាការបរិភោគសាច់សុទ្ធគ្មានបន្លែនិងផ្លែឈើជាដើម និងការមិនបានបញ្ចេញសកម្មភាព ឬធ្វើការហាត់ប្រាណ ធ្វើឱ្យទម្ងន់ឡើងខ្លាំង។
2. ជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម ៖ ការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននាំឱ្យធ្វើសំយោគហួសហេតុ បណ្ដាលឱ្យកើតទៅជាបញ្ហាលើសជាតិខ្លាញ់។ ការបរិភោគមិនប្រយ័ត្នប្រយែងបរិភោគច្រើនហួសហេតុជាពិសេសភេសជ្ជៈ ឬអាហារ ដែលផ្អែមពេក មិនបានធ្វើលំហាត់ប្រាណ មិនសូវបញ្ចេញសកម្មភាពជាដើមទាំងនេះអាចជាដើមចមនៃការលើសជាតិខ្លាញ់នៅក្នុង ឈាម។
3. ជម្ងឺលើសជាតិអាស៊ីតអ៊ុយរិច ៖ បណ្ដាលមកពីការផលិតលើស ឬបញ្ចេញចោលមិនបានល្អនៃអាស៊ីតអ៊ុយរិចដែលជា ផលិតផលចុងក្រោយនៃការធ្វើមេតាប៉ូលីក។ វាអាចបណ្ដាលឱ្យមានជម្ងឺម្យ៉ាងហៅថាជម្ងឺហ្គូតឬប្រគ្រីវដែលជាការដក់ឬការកក ជាតិអាស៊ីតអ៊ុយរិចនៅតាមសន្លាក់ ធ្វើឱ្យសន្លាក់ឈឺឬហើមច្រើនតែកើតទៅលើមនុស្សចាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ។
4. ជម្ងឺក្រពេញអ័រម៉ូន ៖ មូលហេតុចម្បងមកពីការមិនបរិភោគអាហារក្នុងរយៈពេលយូរជាពិសេសចំពោះអ្នកដែលចង់ បានរាងស្អាតដោយមិនបរិភោគសោះ ធ្វើឱ្យរាងកាយស្គមស្គាំងខ្លាំងមិនសមនឹងកម្ពស់របស់ខ្លួនគឺជាជម្ងឺម្យ៉ាងដែលស្ដែងចេញជាមាន វិបត្ដិផ្លូវចិត្ដ។

រោគសញ្ញាជម្ងឺមេតាប៉ូលីក
រោគសញ្ញានីមួយៗស្ដែងទៅតាមផលប៉ះពាល់នៃជម្ងឺនីមួយៗ
1. ជម្ងឺលើសជាតិស្ករ ៖ មានប្រជុំរោគសញ្ញាទឹកនោមផ្អែម។ អ្នកជម្ងឺមានអាការដូចជាឧស្សាហ៍បត់ជើងតូច(ច្រើនដង) ការឡើង ឬចុះទម្ងន់លឿន ការស្រេកទឹក មិនសូវស្រួលខ្លួនឧស្សាហ៍កោសខ្យល់ជាញឹកញាប់ជាដើមដែលជាបញ្ហាឈានទៅបង្កជម្ងឺ ទឹកនោមផ្អែម។
2. ជម្ងឺធាត់ ឬលើសជាតិខ្លាញ់ក្នុងសរសៃឈាម ៖ អ្នកជម្ងឺឈឺសន្លាក់ ចុកជើងពេលធ្វើដំណើរសម្ពាធឈាមលើស ឆាប់ ហត់នៅពេលកណ្ដាលយប់ អ្នកជម្ងឺឧស្សាហ៍ភ្ញាក់កណ្ដាលយប់ ថប់ដង្ហើមខ្លាំងជាដើម។ បើមានសញ្ញាទាំងនេះ អ្នកជម្ងឺគួរមានការ ប្រុងប្រយ័ត្ន និងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
3. ជម្ងឺលើសជាតិអាស៊ីតអ៊ុយរិច ៖ អ្នកជម្ងឺហើមជើង ឈឺមេជើង ហើមកជើង ក្ដៅឡើងក្រហម ដើរមិនរួចចុកជើងពេល យប់ ដែលគេឱ្យឈ្មោះថាជម្ងឺហ្គូត ឬប្រគ្រីវ។
4. ជម្ងឺក្រពេញអ័រម៉ូន ៖ វាបង្កឡើងដោយសារការបរិភោគតិចពេក ឬច្រើនពេក ដោយមិនពិចារណា។ ជាឧទាហរណ៍ អ្នក ជម្ងឺស្រីម្នាក់មិនបរិភោគអ្វីសោះ ធ្វើឱ្យមានរាងស្គមខ្លាំងពេក ប៉ះពាល់ទៅដល់អ័រម៉ូនស្ដ្រីធ្វើឱ្យស្ដ្រីនោះមានរដូវមិនទៀង បាត់បង់រដូវ ច្រើនខែច្រើនឆ្នាំ។ ជួនកាលវាអាចធ្វើឱ្យស្ដ្រីឈានដល់ការប៉ះពាល់ដល់សរសៃប្រសាទឬឆ្កួតតែម្ដង តែតាមពិតបណ្ដាលមកពីជម្ងឺមេ តាប៉ូលីក។
សរុបមករោគសញ្ញាទាំងអស់នេះប៉ះពាល់ទៅលើសារធាតុណាមួយនៅក្នុងសរីរាង្គរបស់មនុស្សដែលធ្វើមេតាប៉ូលីកនោះ។
ផលវិបាកជម្ងឺមេតាបូលីក
1. ជម្ងឺលើសជាតិស្ករ ៖ ប្រជុំសញ្ញាទឹកនោមផ្អែមអាចមានផលវិបាក ដូចជាការបំផ្លិចបំផ្លាញសរពាង្គកាយប៉ះពាល់ទៅ ដល់តម្រងនោម ភ្នែក បេះដូង សរសៃឈាម សរសៃប្រសាទជាដើម។
2. ជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម ៖ វាធ្វើឱ្យគ្រោះថ្នាក់ដល់បេះដូង សរសៃឈាម ស្ទះសរសៃឈាមស្លោកបេះដូង ខូចសរសៃខួរក្បាល ស្លាប់មួយចំហៀងខ្លួន លើសឈាមជាដើម។ អ្នកជម្ងឺមិនអាចធ្វើកិច្ចការងារបានយូរដោយសារឈឺឆ្អឹង និងទ្រ ទម្ងន់ខ្លួនមិនរួច ធ្វើឱ្យសន្លាក់មានការឈឺចុក សឹកសន្លាក់ជាដើម។ ជម្ងឺនេះច្រើនកើតទៅលើស្ដ្រីច្រើនជាងកើតលើបុរស។
3. ជម្ងឺលើសជាតិអាស៊ីតអ៊ុយរិច ៖ វាធ្វើឱ្យអ្នកជម្ងឺមានអាការពិបាកក្នុងការធ្វើចលនា យប់ឡើងងើបមិនរួចដើរមិនរួច ជាដើម អាចរហូតដល់ទៅមានពិការភាពក្នុងការងារទៀតផង។
4. ជម្ងឺក្រពេញអ័រម៉ូន ៖ វាធ្វើឱ្យប៉ះពាល់ដល់ក្រពេញអ័រម៉ូនជាពិសេសនៅក្នុងខ្លួនស្ដ្រី ហើយបាត់បង់ប្រព័ន្ធអ័រម៉ូនបាត់់រដូវ បាត់បង់អារម្មណ៍ផ្លូវភេទ ដែលបង្កបញ្ហានៅក្នុងសង្គមគ្រួសារជាដើម។
ការព្យាបាលជម្ងឺមេតាបូលីក
ការព្យាបាលត្រូវមើលទៅតាមរោគសញ្ញានីមួយៗនៃជម្ងឺ។
1. ជម្ងឺទឹកនោមផ្អែម ៖ ការព្យាបាលដោយចាក់ថ្នាំអាំងស៊ុយលីនត្រូវធ្វើពី១ទៅ៣ដងក្នុងមួយថ្ងៃប្រសិនណាបើថ្នាំគ្រាប់ ប្រើលែងមានប្រសិទ្ធិភាព ឬពេលប្រពន្ធ័សរីរាង្គក្នុងខ្លួនខូចធ្ងន់ធ្ងរ។ ដំណាលគ្នាផងដែរអ្នកជម្ងឺត្រូវបរិភោគអាហារឱ្យមានតុល្យភាព ត្រូវប្រកាន់ភ្ជាប់របបអាហារមានលំនឹងមិនសូវសម្បូរជាតិស្ករខ្លាំងពេក និងប្រៃពេក។ អ្នកជម្ងឺគួរធ្វើលំហាត់ប្រាណ ឬបញ្ចេញពលកម្ម ដូចជាការដើរក្នុងមួយថ្ងៃឱ្យបាន៣០នាទីជាដើម។
2. ជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម ៖ ត្រូវមានការព្យាបាលទៅតាមផ្នែកមួយៗ ដូចជាផ្នែកឆ្អឹងផ្នែកសរសៃឈាម ផ្នែកសួតជាដើម មានឧបករណ៍ ឬម៉ាស៊ីនសម្រាប់ធ្វើឱ្យប្រព័ន្ធដង្ហើមអ្នកជម្ងឺមានដំណើរការស្រួល។
3. ជម្ងឺលើសជាតិអាស៊ីតអ៊ុយរិច ៖ ពេលឈឺសន្លាក់ ត្រូវទៅជួបគ្រូពេទ្យជំនាញ ឬឯកទេសផ្នែកឆ្អឹងនិងសន្លាក់។
4. ជម្ងឺក្រពេញអ័រម៉ូន ៖ មានការពិបាកក្នុងការព្យាបាលត្រូវទាមទារឱ្យមានការជួបផ្ទាល់ជាមួយគ្រូពេទ្យឯកទេសខាងក្រ ពេញអ័រម៉ូន រួមទាំងផ្នែកចិត្ដសាស្ដ្រ បេះដូង និងសរសៃឈាមទៀតផង។ អ្នកជម្ងឺគប្បីបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ និងមាន តុល្យភាព មិនត្រូវតមអាហារហួសហេតុពេកនោះទេ។ ត្រូវបរិភោគឱ្យមានការកំណត់មួយច្បាស់លាស់មិនតិចពេកហើយក៏មិនច្រើន ពេកដែរ។
ដំបូន្មានអ្នកជំនាញ
ដើម្បីឱ្យជីវិតរស់បានស្រួល ទាមទារឱ្យមានការបរិភោគឱ្យមានកម្រិតដែលអាចទទួលយកបានទៅតាមការណែនាំពីសំ ណាក់គ្រូពេទ្យជំនាញ។ មិនត្រូវចូលចិត្ដបរិភោគអ្វីហួសហេតុពេកនោះដែរ ដូចជាការបរិភោគជាតិស្ករ ផឹកសុរាច្រើនការឡើងទម្ងន់ ខ្លាំង មិនមានការហាត់ប្រាណជាដើម។ សូមឱ្យមានការហាត់ប្រាណឱ្យបាន៣០នាទីរាល់ព្រឹកដើម្បីឱ្យដំណើរការក្នុងខ្លួនបានស្រួល យ៉ាងហោចណាស់៣ដងក្នុងមួយអាទិត្យ។ សូមឧស្សាហ៍ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ១ដងក្នុង១ខែ ឬ៣ខែម្ដងយ៉ាងយូរ ដើម្បី ពិនិត្យទៅលើប្រព័ន្ធជាតិស្ករ ជាតិខ្លាញ់ អាស៊ីតអ៊ុយរិច និងសម្ពាធឈាម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply