និយាយពីការស្លៀកពាក់គ្មាននរណាមួយមិនចេះនោះទេ។ ប៉ុន្ដែការជ្រើសរើសសម្លៀកបំពាក់ឱ្យសក្ដិសមពេលវេលានិង ស្ថានភាពនោះ មិនប្រាកដថាលោកអ្នកអាចមានចំណេះដឹងគ្រប់គ្នានោះទេ។ សម្លៀកបំពាក់មិនមែនសុទ្ធតែអាចពាក់យ៉ាងណាក៏បាន នោះទេ ជាពិសេសសម្លៀកបំពាក់សម្រាប់អ្នកបំពេញការងារនៅក្នុងការិយាល័យ។ តើជ្រើសរើសសម្លៀកបំពាក់បែបណាទើបសម រម្យ?
ដើម្បីជំនួយដល់លោកអ្នកក្នុងការជ្រើសរើសសម្លៀកបំពាក់ពេលបំពេញការងារនោះ លោកស្រី សាពណ៌ នាយិកាសាលា បង្ហាញម៉ូតសាពណ៌ បកស្រាយជម្រាបជូនលោកអ្នកតាមរយៈទស្សនាវដ្ដី សុខភាពយើង។
សម្លៀកបំពាក់សមរម្យ
ពាក្យចាស់មួយឃ្លាពោលថា “មាន់ល្អដោយសាររោម មនុស្សស្អាតដោយសារសម្លៀកបំពាក់”។ ហេតុដូចនេះទើបមនុស្ស យើងម្នាក់ៗខិតខំចំណាយប្រាក់ជាប្រចាំសម្រាប់ការស្លៀកពាក់ដើម្បីឱ្យបានសមរម្យក្នុងសង្គម។ សម្លៀកបំពាក់អាចស្រស់ស្អាតសក្ដិ សមជាមួយដងខ្លួនបានត្រូវពឹងផ្អែកទៅលើការតាក់តែង និងច្នៃប្រឌិតរបស់អ្នកពាក់និងស្ថានភាពទូទៅ។ សម្លៀកបំពាក់ត្រូវបានបែង ចែកទៅតាមប្រភេទជាច្រើន ដូចជាសម្លៀកបំពាក់ការិយាល័យ សម្លៀកបំពាក់ដើរកម្សាន្ដសម្លៀកបំពាក់ចូលរួមក្នុងកម្មវិធីសម្លៀក បំពាក់នៅផ្ទះជាដើម។
សម្លៀកបំពាក់ការិយាល័យ
លោកអ្នកបានជ្រាបខ្លះរួចមកហើយតាមប្រធានបទដែលបានចេញផ្សាយកាលពីលេខ០១២ និងលេខ០១៣ស្ដីពីសម្លៀក បំពាក់ប្រចាំថ្ងៃ។ ដោយឡែកសម្រាប់លេខនេះលោកអ្នកនឹងបានជ្រាបកាន់តែលម្អិតបន្ថែមទៀតអំពីសម្លៀកបំពាក់ការិយាល័យ។ សម្រាប់លោកអ្នកជាបុគ្គលិកតាមស្ថាប័ននានាការជ្រើសរើសសម្លៀកបំពាក់អាស្រ័យទៅតាមតម្រូវការរបស់ស្ថាប័ននោះផងដែរ។
1. សម្រាប់អ្នកបម្រើការងាររាជការ ៖ បើលោកអ្នកជាទាហាន នគរបាលឬបម្រើការនៅតាមក្រសួងមន្ទីរដែលតម្រូវ ឱ្យមានឯកសណ្ឋានលោកអ្នកចាំបាច់ត្រូវតែគោរពតាម។ ផ្ទុយទៅវិញបើស្ថាប័នមិនបានតម្រូវទេនោះលោកអ្នកជាបុរសគួរតែជ្រើស រើសខោវែងពណ៌ខ្មៅ ទឹកប៊ិច ខៀវជាដើម។ រីឯអាវវិញមិនគួរមានពណ៌ឆើតឆាយពេកទេ អាចប្រើពណ៌សផ្ទៃមេឃ ទឹកប៊ិចជាដើម។ ចំណែកស្ដ្រីវិញ គួរប្រើសំពត់បត់វែង និងអាវដៃវែងឬដៃខ្លីមានកបើក(កឌុប)ដែលមានលក្ខណៈស្ទើររាងស្ទើររលុង ហើយដាក់ពីក្នុង សំពត់ទើបមើលទៅថ្លៃថ្នូរសមនឹងមុខនាទីរបស់លោកស្រីអ្នកនាង។
2. សម្រាប់អ្នកបម្រើការងារក្រុមហ៊ុន ៖ លោកអ្នកប្រាកដជាមិនមានការលំបាកក្នុងការជ្រើសរើសសម្លៀកបំពាក់ទេ ព្រោះជាទូទៅក្រុមហ៊ុនតម្រូវឱ្យមានឯកសណ្ឋាន ដើម្បីងាយស្រួលដល់ការបំពេញការងារ។ ឯកសណ្ឋានសម្រាប់ស្ដ្រីអាចជាសំពត់ខ្លី ឬខោ ជាមួយអាវធំសម្រាប់ស្ដ្រីដោយមានពណ៌ទៅតាមការរៀបចំរបស់ក្រុមហ៊ុន។ ចំណែកបុរសក៏ដូចគ្នាដែរមិនមានអ្វីគួរឱ្យបារម្ភ ទេ។
របៀបជ្រើសរើសសម្លៀកបំពាក់ការិយាល័យ
ស្ថាប័នមួយចំនួនមិនទាមទារឱ្យមានការស្លៀកពាក់ទៅតាមឯកសណ្ឋានអ្វីទេ ឱ្យតែមានលក្ខណៈសមរម្យជាអ្នកបំពេញការ ងារទៅបានហើយ តែក៏មិនត្រូវឡូយឆាយហួសហេតុពេកទេ។ ចំពោះស្ដ្រីការស្លៀកពាក់ដោយសេរីបែបនេះអាចមានការលំបាកទៅ វិញទេ ព្រោះមិនអាចកំណត់ថាបែបណាល្អ។ លោកស្រីអ្នកនាងកញ្ញាគួរជ្រើសរើសសម្លៀកបំពាក់ឱ្យបានសក្ដិសមនឹងដងខ្លួន និងពណ៌ សម្បុរស្បែករបស់លោកស្រីអ្នកនាងកញ្ញាផងដែរ។
- បើលោកស្រីអ្នកនាងកញ្ញាមានកម្ពស់មិនខ្ពស់ គួរជ្រើសរើសអាវធំដែលពុំមានក្បាច់ក្បូរអ្វីច្រើនហើយមានឡេវត្រឹមតែ១ ឬ២ប៉ុណ្ណោះ វាសក្ដិសមណាស់ទៅហើយ។
- បើលោកស្រីអ្នកនាងកញ្ញាមានក្បាលពោះ គួររកអាវណាដែលមានរាងធម្មតាៗកជ្រៅហើយដៃវែងបន្ដិចដើម្បីកុំឱ្យឃើញក្បាលពោះធំពេក។ អាវមិនត្រូវមានក្បូរក្បាច់អ្វីនៅត្រង់ពោះដែលទាក់ទាញភ្នែកនោះទេ ព្រោះវាធ្វើឱ្យក្បាលពោះរឹតតែលេច ច្បាស់។
- បើលោកស្រីអ្នកនាងកញ្ញាមានរាងខ្ពស់វិញនោះត្រូវរកអាវណាដែលមានសាច់ក្រណាត់រឹតបន្ដិចដើម្បីពាក់ទៅឱ្យមាន រាងចង្កេះ និងក្បូរក្បាច់ដើម្បីជួយដល់រាងកាយស់លោកស្រីអ្នកនាងកញ្ញាផង។ ក្នុងករណីដែលលោកស្រីអ្នកនាងកញ្ញាមានស្មាតូច អាចទ្រាប់អេប៉ុងស្មាបន្ថែមដើម្បីឱ្យមើលទៅសក្ដិសមនឹងដងខ្លួន។
- បើលោកស្រីអ្នកនាងកញ្ញាមានរូបរាងទាប គួរជ្រើសរើសអាវជេកគេតណាដែលមានកជ្រៅហើយមានរន្ធឡេវរាងវែង តូចតែគ្មានហោប៉ៅលើទេ ដើម្បីឱ្យដើមទ្រូងមានរាងសមសួនគួរឱ្យចង់គយគន់។ ការិយាល័យធ្វើការមួយចំនួនតម្រូវឱ្យមានសម្លៀកបំ ពាក់បែបស៊ិចស៊ីបន្ដិច ដូចជាកន្លែងបង្ហាញម៉ូត កន្លែងកម្សាន្ដនាពេលរាត្រីជាដើម។
សម្រាប់បុរស រឿងសម្លៀកបំពាក់់បំពេញការងារគ្មានបញ្ហាចោទទេព្រោះមិនមានលក្ខណៈសាំញ៉ាំច្រើនដូចស្ដ្រីឡើយ។ ទោះបីយ៉ាងណាក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ មិនត្រូវខ្ជីខ្ជាទេ។ គ្រប់សម្លៀកបំពាក់សម្រាប់ការងារចាំបាច់ត្រូវបោកអ៊ុតឱ្យបានស្អាតល្អ ជាប្រចាំ មិនត្រូវប្រើឡូកឡំជាមួយសម្លៀកបំពាក់ដ៏ទៃទៀតទេ។
ដំបូន្មានអ្នកជំនាញ
ទោះជាស្ថិតក្នុងលំដាប់ការងារប្រភេទណាក៏ដោយ ការជ្រើសរើសសម្លៀកបំពាក់ឱ្យបានសមរម្យអាចលើកតម្កើងតម្លៃសោភ័ណភាព និងកិត្ដិយសរបស់លោកអ្នកបាន។ សម្លៀកបំពាក់អាចបញ្ជាក់ឋានៈតួនាទី និងភាពថ្លៃថ្នូរបស់លោកអ្នកបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply