មិនមាននរណាម្នាក់ចាកផុតពីស្នាមទាំងឡាយដែលមាននៅលើស្បែកគ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ ត្រអកជាជម្ងឺ ស្បែកមួយប្រភេទដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើផ្នែកសុខភាព និងសោភ័ណភាពរបស់លោកអ្នក។ ត្រអកអាចរាលដាលគ្រប់ កន្លែងសព្វសព៌ាង្គកាយបង្កជាជម្ងឺផ្សេងទៀត ប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ តើគួរធ្វើយ៉ាងណានៅពេលមានត្រអក?
លោកអ្នកសូមទទួលជ្រាបអំពីបញ្ហាផ្សេងៗរបស់ជម្ងឺត្រអកនៅលើស្បែកនេះតាមរយៈការបកស្រាយរបស់លោកវេជ្ជ បណ្ឌិត ឡា ភៀវ អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគ ជាមួយទស្សនាវដ្ដី សុខភាពយើង។
ត្រអក ជាអ្វី?
ត្រអកជាប្រភេទជម្ងឺសើស្បែកម្យ៉ាងដែលមានផលប៉ះពាល់ទៅដល់ស្រទាប់ស្បែកខាងលើអេពីឌែម និងឌែម។ ត្រអកកើត ឡើងដោយសារប្រតិកម្មរបស់អ្នកជម្ងឺទៅនឹងរបស់អ្វីមួយ។ ត្រអកកើតមាននៅតាមទីកន្លែងលើសព៌ាង្គកាយដែលប៉ះពាល់ជាមួយ សារធាតុដែលធ្វើឱ្យមានប្រតិកម្ម។
រោគសញ្ញាត្រអក
ជំហានដំបូងជម្ងឺត្រអកបណ្ដាលឱ្យអ្នកជម្ងឺមានលេចចេញជាកន្ទួលរមាស់ឡើងក្រហម បើក្នុងករណីធ្ងន់ធ្ងរអាចធ្វើឱ្យមាន ហៀរចេញនូវទឹករងៃ និងបង្ករោគទៅជាខ្ទុះ។ ជម្ងឺត្រអកនេះបើទុកមិនព្យាបាលរយៈពេលយូរ ធ្វើឱ្យស្បែកដែលកើតត្រអកនោះ ក្លាយជាក្រិន។
មូលហេតុត្រអក
មូលហេតុបង្កជម្ងឺត្រអកត្រូវបានគេបែងចែកជាពីរយ៉ាង។
- កត្ដាខាងក្នុង៖ ដោយសារហ្សែននៅក្នុងរាងកាយតាំងពីកំណើត
- កត្ដាខាងក្រៅ៖ ច្រើនកើតមានឡើងចំពោះលោកអ្នកដែលបំពេញការងារជាមួយសារធាតុគីមី ដូចជាកម្មករសំណង់ មានប្រតិកម្មជាមួយនឹងស៊ីម៉ងត៍ អ្នកធ្វើការតាមរោងចក្រក្រណាត់ប្រតិកម្មជាមួយលម្អង ឬកម្ទេចក្រណាត់ជាដើម។ មានលោកអ្នក ខ្លះមានប្រតិកម្មជាមួយគ្រឿងអលង្ការ ស្បែកជើង ក្បាលខ្សែក្រវាត់ដែកជាដើម។
ការព្យាបាលត្រអក
ការព្យាបាលជម្ងឺត្រអកចាំបាច់ត្រូវធ្វើឡើងជាមួយគ្រូពេទ្យជំនាញតាមរយៈថ្នាំលាបនៅលើស្បែកទៅតាមទីតាំងកើតជម្ងឺ អាយុរបស់អ្នកជម្ងឺនិងទៅតាមប្រភេទស្បែក។ ក្រៅពីនេះបើអ្នកជម្ងឺរមាស់ខ្លាំងនោះ គ្រូពេទ្យនឹងឱ្យប្រើប្រាស់ថ្នាំលេប ដើម្បីបំបាត់ ការមាស់។ ត្រអកមិនមែនជាប្រភេទជម្ងឺឆ្លងទេ ប៉ុន្ដែលោកអ្នកអាចឆ្លងពីអ្នកជម្ងឺត្រអកនូវជម្ងឺផ្សេងទៀតតាមរយៈទឹករងៃដែលហូរ ចេញពីត្រអកនោះ ប្រសិនបើអ្នកជម្ងឺនោះមានកើតជម្ងឺថ្លើម ឬជម្ងឺអេដស៍។
ផលវិបាកនៃត្រអក
ក្នុងករណីដែលលោកអ្នកមើលស្រាលមិនប្រញាប់ទៅទទួលការព្យាបាលនោះ ជម្ងឺត្រអកអាចរាលដាលកាន់តែច្រើនឡើង។ ជាឧទារហណ៍បើលោកអ្នកមានត្រអកនៅត្រង់ដៃ ហើយលោកអ្នកមិនព្យាបាល នោះត្រអកនឹងរាលដាលឡើងដល់ក្លៀក និងដងខ្លួន។ ពេលខ្លះកំពុងតែមានជម្ងឺត្រអក ហើយប្រើថ្នាំខុសទៀត ពេលនោះត្រអកនឹងមានប្រតិកម្មកាន់តែខ្លាំងនាំឱ្យអ្នកជម្ងឺរបកស្បែកពេញ ខ្លួនក៏មានដែរ។
វិធីការពារត្រអក
ត្រអកក៏ដូចជាជម្ងឺសើស្បែកដ៏ទៃទៀតដែរបើលោកអ្នកមានអនាម័យខ្លួនប្រាណគ្រប់គ្រាន់ និងចៀសវាងមិនប៉ះពាល់ជាមួ យសារធាតុទាំងឡាយណាដែលមានប្រតិកម្មជាមួយស្បែករបស់លោកអ្នក នោះលោកអ្នកប្រាកដជាចៀសមិនផុតពីកើតជម្ងឺនេះទេ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកមួយចំនួននៅពេលមានជម្ងឺត្រអកតែងតែទៅរកទិញថ្នាំមកប្រើដោយខ្លួនឯង នេះជាប្រការខុសឆ្គងមួយ។ ដូច ដែលជម្រាបជូនខាងលើថាដើមចមនៃជម្ងឺត្រអកមានច្រើន ដូចនេះលោកអ្នកត្រូវរកឱ្យឃើញទើបអាចព្យាបាលជា ហើយបញ្ឈប់ទង្វើ ទាំងឡាយដែលនាំឱ្យកើតត្រអក។ ចំពោះការប្រើប្រាស់ថ្នាំមិនចំទិសដៅក៏អាចធ្វើឱ្យស្បែករបស់លោកអ្នកខូចផងដែរ។ ស្បែកដែល ខូចរបស់លោកអ្នក បើក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យជំនាញគ្មានលទ្ធភាពព្យាបាលឱ្យមានសភាពដូចដើមវិញបានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply