ជម្ងឺមិនឆ្លង គឺជាជម្ងឺដ៏កាចសាហាវមួយ ដែលបានឆក់យកជីវិតរបស់មនុស្សអស់ជាជាច្រើនលាននាក់ នៅក្នុងមួយឆ្នាំៗ។ ជម្ងឺនោះរួមមានដូចជា ជម្ងឺសសៃឈាម និងបេះដូង ជម្ងឺសួតរុំាំរ៉ៃ មហារីក ទឹកនោមផ្អែម និងជម្ងឺប្រព័ន្ធរំលាយអាហារជាដើម។ ការរស់នៅមានជាអាទិ៍ ការទទួលទានអាហារមិនត្រឹមត្រូវកង្វះការហាត់ប្រាណ ការប្រើបំពានគ្រឿងស្រវឹង និងការជក់បារី គឺជាគ្រោះថ្នាក់ដ៏ចម្បងនៃអត្រា អ្នកស្លាប់ដោយសារជម្ងឺមិនឆ្លងនេះ។

កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១២ អង្គការខាណា បានរៀបចំប្រារព្ធទិវាពណ៌ស្វាយអង្គការខាណា លើកទីមួយ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ ស្តីអំពីការកើនឡើងជម្ងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិអង្គការខាណា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា មានអាយុក្រោម៦០ឆ្នាំជាច្រើននាក់ បានស្លាប់ដោយសារជម្ងឺមិនឆ្លង។ ជម្ងឺមិនឆ្លងនេះ បានកើតមានចំពោះប្រជាពលរដ្ឋកម្ពុជា ដែលមានអាយុចន្លោះពី ២៥ ទៅ៦៥ឆ្នាំ ដែលអ្នកជម្ងឺទាំងនោះកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។ លោកវេជ្ជបណ្ឌិតបានបន្តថា“ភស្ដុតាងវិទ្យាសាស្ដ្រ បានបង្ហាញឲ្យឃើញថា ជម្ងឺសរសៃឈាម និងបេះដូង ជម្ងឺសួតរ៉ាំរ៉ៃ មហារីក និងជម្ងឺទឹកនោមផ្អែម មានជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹងឥរិយាបថ នៃការរស់នៅ មានជាអាទិ៍ ការទទួលទានអាហារមិនត្រឹមត្រូវ កង្វះការហាត់ប្រាណ កាប្រើ គ្រឿងស្រវឹង និងការជក់បារី”។
ចំនួនអ្នកស្លាប់ដោយសារជម្ងឺមិនឆ្លងនៅកម្ពុជា
នៅក្នុងប្រទេសកម្ពុជា មរណភាពដែលបណ្ដាលមកពីជម្ងឺមិនឆ្លង មានប្រមាណជា ៤៧ភាគរយ ក្នុងឆ្នាំ២០១០។ ក្នុងនោះ ជម្ងឺសរសៃឈាមបេះដូង ២១ ភាគរយ ជម្ងឺមហារីក ៧ភាគរយ ជម្ងឺសួតរ៉ាំរ៉ៃ ៥ភាគរយ ជម្ងឺទឹកនោមផ្អែម ៣ភាគរយ ជម្ងឺប្រព័ន្ធរំលាយអាហារ និងជម្ងឺមិនឆ្លងផ្សេងទៀត រួមបញ្ចូលគ្នាទទួលខុសត្រូវ ១១ភាគរយ។ បន្ថែមលើនេះ ចំនួនអ្នកស្លាប់ដោយជម្ងឺឆ្លងមាន ៤៦ភាគរយ និង ស្លាប់ដោយសាររងរបួសពីគ្រោះថ្នាក់មានប្រមាណ ៧ភាគរយ ផងដែរនៅកម្ពុជា។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា នៅក្នុងពិភពលោក អ្នកស្លាប់ដោយសារជម្ងឺទូទៅមានរហូតដល់ទៅ ៥៧លាននាក់ កាលពីឆ្នាំ២០០៨។ ក្នុងនោះ ៣៦លាននាក់ ស្លាប់ដោយសារជម្ងឺមិនឆ្លង ជាពិសេសស្លាប់ដោយជម្ងឺសរសៃឈាមបេះដូង ជម្ងឺទឹកនោមផ្អែម ជម្ងឺមហារីក និងជម្ងឺសួតរ៉ាំរ៉ៃ។
របាយការណ៍នៃចំនួនអ្នកស្លាប់ដោយសារជម្ងឺមិនឆ្លង
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា នៅលើពិភពលោកមានមនុស្ស ៦ លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការជក់បារី។ ហើយនៅឆ្នាំ២០២០ ការស្លាប់នេះ អាចឡើងដល់ ៧,៥ លាននាក់ ក្នុងមួយឆ្នាំៗ។ ក្នុងនោះមនុស្សប្រហែល ៣,២ លាននាក់ បានស្លាប់ដោយសារការមិនបានធ្វើលំហាត់កាយជាទៀងទាត់ និង២,៣ លាននាក់ ស្លាប់ដោយសារការប្រើគ្រឿងស្រវឹងលើសកំណត់។ ហើយមនុស្ស៧,៥ លាន បានស្លាប់ដោយសារការឡើងសម្ពាធឈាមខ្ពស់ បង្កដោយជម្ងឺសរសៃឈាមបេះដូង និងមនុស្សប្រហែល ២,៨ លាននាក់ផ្សេងទៀត ស្លាប់ដោយសារការលើសទម្ងន់ និងធាត់ជ្រុលជាដើម។ ជាពិសេស មនុស្សប្រហែល ២,៦ លាននាក់ ស្លាប់ដោយសារខ្លាញ់ក្នុងសរសៃឈាមឡើងខ្ពស់ និងមនុស្សប្រហែល ២ លាននាក់ បានស្លាប់ដោយជម្ងឺមហារីក ជារៀងរាល់ឆ្នាំ។
ជម្ងឺមិនឆ្លងអាចកើនឡើងខ្ពស់ចំនួន១៥%
តាមការប៉ាន់ប្រមាណទុកជាមុន បានបង្ហាញឲ្យដឹងថា នៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០២០ មរណភាពដោយសារជម្ងឺមិនឆ្លងអាចកើនឡើងរហូតដល់ ១៥ ភាគរយ ដែលអាចស្មើនឹងមនុស្ស ៤៤ លាននាក់ត្រូវស្លាប់នៅក្នុងពិភពលោក រាប់ទាំងបណ្ដាប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ផងដែរ។ ជាពិសេសជាងនេះទៅទៀត អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា មានមនុស្ស ១០០ លាននាក់ បានធ្លាក់ខ្លួនក្រីក្រ ព្រោះតែការចំណាយទៅលើសេវាសុខភាពដោយផ្ទាល់ និងមិនផ្ទាល់។
លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព បានមានប្រសាសន៍បន្ថែមថា “អន្តរាគមន៍ល្អបំផុត មានដូចជា ការការពារប្រជាពលរដ្ឋកុំឲ្យជក់បារី ឬហាមឃាត់ការជក់បារីនៅទីសាធារណៈ ហាមការផ្សព្វផ្សាយបារី និងសុរាជាសាធារណៈ និងដាក់បន្ដឹងពន្ធអាករលើស្រា និងបារី ជាពិសេសការលើកកម្ពស់ការយល់ដឹងដល់ប្រជាពរដ្ឋអំពីរបបអាហារដែលត្រឹមត្រូវ និងការហាត់ប្រាណជាទៀងទាត់”។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២៤ មេសា ឆ្នាំ ២០១២
Leave a Reply