មនុស្សយើងពេលដែលមានវ័យចំណាស់ អ្វីៗទាំងអស់តែងតែមានភាពផ្លាស់ប្ដូរជានិច្ច ទាំងទង្វើ ទាំងពាក្យសម្ដី ទាំងអាកប្បកិរិយា អត្ដចរិត អារម្មណ៍ឆាប់ឆេវឆាវជាច្រើន មានភាពខុសស្រឡះកាលពីមុន។ កូនចៅ ឬអ្នកដែលរស់នៅជាមួយ ភាគច្រើនតែងតែមានអារម្មណ៍មិនពេញចិត្ដ និងមានការធុញទ្រាន់ជាខ្លាំងនៅពេលរស់នៅជាមួយនឹងមនុស្សចាស់។
![បញ្ហាអាកប្បកិរិយាពេលវ័យចំណាស់](http://www.healthcambodia.com/wp-content/uploads/2012/01/15-2-copy2-300x238.jpg)
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកស្រីវេជ្ជបណ្ឌិត ចក ធីតា ឯកទេសខាងវិកលវិទ្យា និងជាអនុប្រធានកម្មវិធី ជាតិសម្រាប់សុខភាពផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
អាកប្បកិរិយាមនុស្សវ័យចំណាស់
អាកប្បកិរិយារបស់មនុស្សវ័យចំណាស់ជាអាកប្បកិរិយាទាំងឡាយណា ដែលមនុស្សចាស់បានសម្ដែងចេញមកខាងក្រៅឱ្យ យើងឃើញ។ នៅពេលណាដែលគាត់សប្បាយចិត្ដ គាត់សម្ដែងអាកប្បកិរិយាសប្បាយដែរ ហើយពេលណាដែលគាត់មានការធុញទ្រាន់ ពិបាកចិត្ដ ឬមានអារម្មណ៍ស្មុគស្មាញ នោះប្រាកដជាអាកប្បកិរិយាចេញមកបែបមិនសប្បាយចិត្ដ រអ៊ូច្រើន មួម៉ៅខឹងសម្បាជាដើម។ តាមការពិតអាកប្បកិរិយាទាំងនេះមិនថាក្មេង ឬក៏មនុស្សមានវ័យចំណាស់ទេ ច្រើនស្ដែងចេញមកក្រៅបានគ្រប់ពេលវេលាទាំងអស់។ គ្រាន់តែឥរិយាបថក្មេងភាគច្រើនគេមានការលេងសើច មានឱកាសលំហែអារម្មណ៍ ឬបន្ធូរអារម្មណ៍ជាងមនុស្សចាស់។ មនុស្សដែល មានវ័យចំណាស់គាត់ច្រើនតែមានអារម្មណ៍គិត គាត់តែងតែគិតច្រើនគ្រប់រឿងរ៉ាវទាំងអស់ ដែលគាត់បានដឹងពីមុនៗមក។ ហើយគាត់នៅតែគិតគូរចំពោះគ្រួសារគាត់ជានិច្ច ទោះបីពេលនេះគាត់មិនអាចធ្វើអ្វីបានក៏ដោយ គាត់តែងបារម្ភអំពីកូនចៅគ្រប់ពេលវេលាផងដែរ។
មូលហេតុដែលធ្វើឱ្យមនុស្សវ័យចំណាស់មានបញ្ហាអាកប្បកិរិយា
មានមូលហេតុជាច្រើន ដែលធ្វើឱ្យមនុស្សដែលមានវ័យចំណាស់មានអាកប្បកិរិយាដូចនេះ អាការបែបនេះដោយសារតែ គាត់បាត់លទ្ធភាពរកប្រាក់កាក់ ដើរហើរទៅណាមកណាមិនបានដូចពីវ័យក្មេង ពេលនេះគាត់ត្រូវពឹងទាំងស្រុងលើកូនៗ។ ហើយបើ ប៉ះកូនណាដែលចិត្ដបាននោះមិនអីទេ តែបើប៉ះកូនណាចិត្ដមិនបានវិញនោះ ពិតជាធ្វើឱ្យមានការពិបាកចិត្ដខ្លាំងណាស់ មានអារម្មណ៍ មួយតូចចិត្ដនឹងខ្លួនឯង អស់សង្ឃឹមជាដើម។ ទាំងនេះជាមូលហេតុធ្វើឱ្យមានអាកប្បកិរិយាមិនសមរម្យចំពោះកូនចៅ ឬអាចនិយាយ ច្រើន រអ៊ូច្រើន ហើយពេលខ្លះទៀតនោះអាចគ្រវែងចោលវត្ថុនានាដែលនៅជិតទៀតផង។
មានកត្ដាមួយទៀតក៏អាចមកអំពីកូនចៅដែលមិនបានគិតគូរពីរូបគាត់ មិនរវល់យកចិត្ដទុកដាក់ចំពោះរូបគាត់ ទង្វើទាំង នេះបានធ្វើឱ្យគាត់មិនសប្បាយចិត្ដ នាំគ្នាគិតថា គាត់រស់នៅឯកោតែម្នាក់ឯង អស់សង្ឃឹម ធ្លាក់ទឹកចិត្ដជាដើម។ល។
ផលពិបាកនៃអាកប្បកិរិយាមនុស្សចាស់
លោកអ្នកដឹងហើយថាមនុស្សចាស់តែងតែមានអាកប្បកិរិយាឆេវឆាវ ឆាប់ខឹង ចិត្ដច្រើន និងចង់ធ្វើអ្វីទៅតាមខ្លួនបាន រៀបចំ មិនគិតពីចិត្ដអ្នកដទៃ(កូនចៅដែលរស់នៅជាមួយ)។ អារម្មណ៍ទាំងនេះដូចជាតូចចិត្ដ ពីព្រោះមិនអាចរកប្រាក់ចំណូលបាន នៅតែផ្ទះ កត្ដាទាំងនេះធ្វើឱ្យមានការមួម៉ៅច្រើន សម្ដែងនូវអារម្មណ៍មិនសប្បាយចិត្ដចេញមកខាងក្រៅ តាមរយៈកាយវិការ។
នៅពេលមនុស្សចាស់មានអាកប្បកិរិយា ឬក៏ពាក្យសម្ដីណាដែលមិនសមរម្យនោះ មានផលប៉ះពាល់ចំពោះអ្នករស់នៅជា មួយ កូនចៅមិនពេញចិត្ដ ធុញទ្រាន់នឹងគាត់ និងមានពេលខ្លះទៀតអាចនឹងស្ដីបន្ទោសឱ្យគាត់ទៀតផង ដែលធ្វើឱ្យគាត់ស្មុគស្មាញ ក្នុងចិត្ដ ពិបាកចិត្ដ គិតថាកូនចៅមិនយល់ចិត្ដរបស់គាត់ គ្មានអ្នកគិតពីគាត់ កូនចៅចិត្ដមិនបាន មិនយកចិត្ដទុកដាក់ចំពោះរូបគាត់ ជាដើម។
ដំណោះស្រាយ
វិធីដោះស្រាយក៏ដូចជាសំណូមពរទៅដល់អ្នកដែលមានគ្រួសារ ហើយមានមនុស្សចាស់រស់នៅជាមួយ។ ត្រូវយល់ចិត្ដគ្នា ទៅវិញទៅមកទាំងមនុស្សចាស់ និងកូនចៅ។ លោកអ្នកគួរតែសិក្សាពីចិត្ដរបស់គាត់ថា តើគាត់មានអាកប្បកិរិយាប្លែកមកពីមូលហេតុ អ្វី តើគាត់ចង់បានអ្វី ព្យាយាមយកចិត្ដទុកដាក់ចំពោះគាត់ឱ្យបានច្រើន គិតពីគាត់ ផ្ដល់សិទ្ធិសេរីភាពឱ្យគាត់ឱ្យបានគ្រប់គ្រាន់ជាដើម។ ចំណាយពេលវេលានៅជាមួយគាត់ឱ្យបានច្រើន អាចធ្វើឱ្យគាត់មានអារម្មណ៍កក់ក្ដៅបាន និងមានភាពរីករាយក្នុងចិត្ដ ដោយគិត ថាកូនចៅចេះគិតគូរពីរូបគាត់ កូនចៅមិនបំភ្លេចគាត់ទេ ធ្វើឱ្យគាត់មានអារម្មណ៍សុខស្រួល ជាពិសេសលើកទឹកចិត្ដ និងជូនគាត់ដើរ កម្សាន្ដខ្លះ ចេញទៅខាងក្រៅឃើញគេឃើញឯងខ្លះ និងធ្វើឱ្យគាត់មានអារម្មណ៍ស្រស់ថ្លាផងដែរ។
ដំបូន្មានអ្នកជំនាញ
ជាទូទៅមនុស្សចាស់តែងតែមានអាកប្បកិរិយាដូចនេះស្ទើរតែគ្រប់គ្នាទៅហើយ ដូចនេះលោកអ្នកត្រូវតែយកចិត្ដគាត់ គិតគូរពីគាត់ឱ្យបានច្រើន កុំធ្វើឱ្យគាត់មានការខឹងសម្បាច្រើន។ បើទង្វើមានលក្ខណៈធ្ងន់ធ្ងរ ហើយមិនអាចដោះស្រាយបាននោះ លោក អ្នកគួរតែទៅពិគ្រោះជាមួយអ្នកជំនាញ ដើម្បីផ្ដល់ប្រឹក្សាមួយយ៉ាងល្អសម្រាប់លោកអ្នកក្នុងការដោះស្រាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
![HM061-cover](http://hc.ohkhmer.com/wp/wp-content/uploads/2012/01/HM061-cover1.png)
Leave a Reply