យក់ ឋិតរដ្ឋា សុខភាព និង​សម្រស់ ដើរ​ទន្ទឹមគ្នា

តើឱ្យ​អូនក្បត់​បងម្ដេច​ទៅ? គឺជា​ចម្រៀង​មួយបទ​ដែលធ្វើឱ្យ​អ្នកនាង យក់ ឋិតរដ្ឋា ក្លាយជា​តារា​ចម្រៀង​មួយ​លេខធ្លោ រហូត​មកដល់​បច្ចុប្បន្ន។ ក្រៅពី​សម្លេង​ស្រួយ​ស្រទន់ ពីរោះ រដ្ឋា​ក៏មាន​សម្រស់​ស្រស់ស្អាត​មិនចាញ់​តារា​ចម្រៀង​និងតារា​សម្ដែង​ដទៃ ទៀត​ដែរ។ ក្នុង​អាជីព​ជាអ្នក​ចម្រៀង រដ្ឋាមាន​ការ​មមាញឹក​ជាខ្លាំង​ក្នុងការ​ថតឱ្យ​ផលិតកម្ម​ក្នុងស្រុក និង​ផលិតកម្ម​ក្រៅ​ប្រទេស។ ទោះបី​ជាយ៉ាង​នេះក្ដី រដ្ឋាមិន​ភ្លេចពី​ការ​ថែរក្សា​សុខភាព និង​សម្រស់​របស់​អ្នកនាង​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នកនាង​យក់ ឋិតរដ្ឋា បានចូល​ខ្លួនមក​បកស្រាយ​នូវរឿងរ៉ាវ​ផ្សេងៗ​ដែល​ទាក់ទង​អំពីវិធី​ថែរក្សា​សម្រស់ និង​ថែរក្សា​រូបរាងកាយ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ជូនមិត្ដ​អ្នកអានឱ្យ​បានជ្រាប។

ប្រវត្ដិ​មុនឈាន​ចូលវិស័យ​សិល្បៈ

ទោះបីជា​អ្នកនាង យក់ ឋិតរដ្ឋា មានស្វាមី​ក៏ពិតមែន​តែភាព​ស្រស់ស្អាត​និងការ​គាំទ្រ​របស់​ទស្សនិកជន​នៅតែ​មាន​ចំពោះ អ្នកនាង​ជានិច្ច។ ពេល​ចាប់ផ្ដើម​ឈានលើ​មាគ៌ា​សិល្បៈ​ដំបូង រដ្ឋាកំពុង​សិក្សា​នៅថ្នាក់​ទី១០។ ដោយ​កង្វះខាត​ក្នុងការ​សិក្សា​ក៏ដូចជា ក្នុង​ក្រុមគ្រួសារ​នោះ​ធ្វើឱ្យ​រដ្ឋា​សម្រេច​ចិត្ដ​ចូលច្រៀង​នៅតាម​ភោជនីយដ្ឋាន​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញនា​ឆ្នាំ២០០៤។ បន្ទាប់​មក ទើបនាង​ប្រែក្លាយ​ពីអ្នក​ចម្រៀង​តាម​ភោជនីយដ្ឋាន​មកច្រៀង​ជាក្រុម​វិញ គឺក្រុម​អ៊ីវី​ដោយ​មាន​សមាជិក​៤នាក់ ហើយ​ពេលនោះ​រដ្ឋា បាន​សម្រេចចិត្ដ​ឈប់រៀន​នៅថ្នាក់​ទី១២។ ក្រោយមក​ដោយសារ​សមាជិក​ក្រុមម្នាក់ៗ​មាន​ការ​មមាញឹក​រៀងៗខ្លួន ទើប​បំបែក​ក្រុមគ្នា ហើយ​អ្នកនាងក៏​បានច្រៀង​ឱ្យផលិតកម្ម​រស្មីស្ទឹង​សង្កែ។ ឥឡូវ​អ្នកនាង​ច្រៀង​នៅ​ផលិតកម្ម អេសអេសប៊ី។

វិធី​ថែរក្សា​សម្រស់

រដ្ឋាជា​អ្នក​ចម្រៀង​មួយរូប​ដែលមាន​ការពេញ​និយម​សម្រាប់​យុវនារី ហើយក៏​ធ្លាប់សម្ដែង​ជាតារា​ភាពយន្ដ​ទៀតផង។ ទោះ បីជារដ្ឋា​មិនមែន​ជាតារា​សម្ដែង​ភាពយន្ដ​ជាប្រចាំ​ក៏ដោយ​តែរដ្ឋា​តែងតែ​យកចិត្ដ​ទុកដាក់​យ៉ាង​សំខាន់​ក្នុងការ​ថែរក្សា​សម្រស់ និងសុខ ភាព ព្រោះ​រដ្ឋាយល់​ថាចំណុច​ទាំងពីរ​នេះត្រូវ​ដើរទន្ទឹម​គ្នា។

  • ការថែរក្សា​សក់ សក់រដ្ឋា​ត្រូវរងនូវ​ការគាប និង​តុបតែង​ស្ទើរតែ​រៀងរាល់​ថ្ងៃ​ដូចនេះ​ទើប​សក់រដ្ឋា​មិនសូវ​មានសុខភាព ល្អប៉ុន្មាន​ឡើយ។ ចំពោះ​អ្នកនាង​រដ្ឋា វិធីថែ​រក្សាសក់​គឺការ​ជ្រើសរើស​សាប៊ូឱ្យ​ត្រូវជាមួយ​សរសៃសក់​និង​ស្បែក​ក្បាល ជាពិសេស​មាន បន្ថែម​សារធាតុ​ជួយ​បន្ទន់​សក់។ ក្នុងរយៈ​ពេល២ថ្ងៃ រដ្ឋាក​ក់សក់ម្ដង​ហើយ​មួយសប្ដាហ៍​នាងអប់​សក់ម្ដង។ នៅពេល​ចេញ​សម្ដែង ប្រសិនបើ​មានពេល​វេលា​ច្រើន នាង​ចូលចិត្ដ​តុបតែង​សក់ដោយ​ខ្លួនឯង​ផ្ទាល់។ បើពេល​វេលាខ្លី រដ្ឋាទៅ​ហាងឱ្យ​អ្នកជំនាញ​តុបតែង​ជូន។
  • ការ​ថែរក្សា​ភ្នែក រដ្ឋាមិន​សូវយកចិត្ដ​ទុកដាក់​ក្នុងការ​ថែរក្សា​ភ្នែក​ប៉ុន្មានទេ។ នាងតែង​ថតនៅ​ក្នុងស្ទូឌីយ​និង​ច្រៀង នៅតាម​ភោជនីយដ្ឋាន​នៅពេល​យប់ មិនសូវ​ប្រឈមមុខ​នឹងពន្លឺ​ថ្ងៃក៏ដូច​ចំណាំង​របស់​ភ្លើង​ហ្វារ​នោះទេ។ នៅពេល​មាន​កម្មវិធី​ចេញ ទៅថត​នៅខាង​ក្រៅ រដ្ឋាតែង​ពាក់វ៉ែនតា​ការពារ​កម្ដៅថ្ងៃ។
  •  ការ​ថែរក្សា​រោម​ចិញ្ចើម រោមភ្នែក បបូរមាត់ អ្នកនាង​រដ្ឋា​ស្រឡាញ់​រោមចិញ្ចើម​ក្រាស់​ប៉ុន្ដែ​រោម​ចិញ្ចើម​របស់​អ្នកនាង មិនក្រាស់​ដូចជាការ​ដែល​អ្នកនាង​ស្រឡាញ់​ឡើយ។ ហេតុនេះ​ហើយទើប​អ្នកនាង​មិន​ចូលចិត្ដ​កោរចិញ្ចើម​ទាំងអស់​ទេ​គឺកោរ​តែខាង ក្រោម​ប៉ុណ្ណោះ ព្រោះធ្វើ​ឱ្យងាយ​ស្រួល​ក្នុងការ​គូសពេល​តុបតែង​ខ្លួន។ ចំពោះ​រោមភ្នែក​រដ្ឋា​តែងតែ​ប្រើថ្នាំ​បណ្ដុះ​រោម​ភ្នែក ពេលមាន កម្មវិធី​ទើប​លាប ឬពត់​រោមភ្នែក​ជាក្រោយ។ ម្យ៉ាងវិញ​ទៀត អ្នកនាង​រដ្ឋា​ចូលចិត្ដ​បបូរមាត់​បែប​ធម្មជាតិ​មិន​ចូលចិត្ដ​លាបក្រែម​នោះ ទេ។ ករណី​ចាំបាច់​ដែលត្រូវ​លាបគឺ​ពេលឡើង​ច្រៀង​និងថត​ខារ៉ាអូខេ​ដោយ​អ្នកនាង​ត្រូវ​លាប​បបូរមាត់​ឱ្យស៊ីជា​មួយ​សម្លៀក​បំពាក់់។
  • ការថែរក្សា​ធ្មេញ ធ្មេញ​រដ្ឋា​មាន​សុខភាព​ល្អ និង​រឹងមាំ តែទោះ​ជាយ៉ាង​ណាក៏ដោ​រយៈ​ពេល៦ខែ​ជាទៀង​ទាត់​នាង តែង​ទៅ​ពិនិត្យ​សុខភាព ដើម្បី​ការពារ​មិនឱ្យ​មានបញ្ហា​ចំពោះ​ធ្មេញ។
  • ការ​ថែរក្សា​ស្បែក ការតុប​តែង​ជាប្រចាំ​ធ្វើឱ្យ​ស្បែក​របស់​អ្នកនាង​មានការ​ប៉ះទង្គិច​ជាមួយ​គ្រឿង​សម្អាង។ ដើម្បី​ចៀសវាង​នូវបញ្ហា​ទាំងនេះ មុនពេល​តុបតែ​ងផ្ទៃមុខ​អ្នកនាង​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ​មួយជាន់​សិន​ហើយ​ទើបផាត់​ម្សៅជា​ក្រោយ។ ម្យ៉ាង ទៀត​រដ្ឋា​ចូលចិត្ដ​ផាត់មុខ​ដោយ​ខ្លួនឯង​នៅពេល​មាន​កម្មវិធី។ រីឯស្បែក​ខ្លួនវិញ​មួយ​សប្ដាហ៍​អ្នកនាង​រដ្ឋា​ប្រើសាប៊ូ​ខាត់ម្ដង ហើយ​ប្រើ ឡេការពារ​ជាប្រចាំ ដើម្បី​ឱ្យស្បែក​មាន​សំណើម​ល្អ។

ការ​ថែរក្សា​សុខភាព

រដ្ឋា​ទទួលទាន​ដំណេក​ទៀងទាត់ ក្នុងមួយ​ថ្ងៃ៨ម៉ោង​ដើម្បី​ជួយដល់​សុខភាព និង​សម្រស់។ រដ្ឋា​មិន​ចូលចិត្ដ​គេងថ្ងៃ​ឡើយ ព្រោះនាង​ខ្លាចមាន​ទម្លាប់​មិនល្អ។ រដ្ឋា​ចូលចិត្ដ​ទទួលទាន​ប្រហុក​ណាស់​ទោះបី​ជា​នាង​ជាអ្នក​ចម្រៀង​ដែលត្រូវ​ការ​ថែរក្សា​សម្លេងក៏ ដោយ​ក៏រដ្ឋា​មិនតម​ដែរ។ ក្រៅពី​ប្រហុក អ្នកនាង​ទទួលទាន​បន្លែច្រើន​ជាងអាហារ​ផ្សេងៗ​ព្រោះ​បន្លែ​អាចជួយ​ទប់ស្កាត់​នូវជម្ងឺ​ទាំង ឡាយ និង​ជួយការពារ​ប្រព័ន្ធរាង​កាយខាង​ក្នុងក៏​ដូចជា​សម្រស់​ខាង​ក្រៅ។ ដោយ​សារ​មាន​ការងារ​មមាញឹក រដ្ឋា​បាន​ជ្រើស​រើស​យក ការហាត់​ប្រាណ ដូចជា​រាំតាម​ចង្វាក់​ភ្លេង ហាត់​តាម​ទូរទស្សន៍​ជាដើម។ ប្រសិនបើ​មាន​ពេល​វេលា​គ្រប់​គ្រាន់ រដ្ឋា​តែងឆ្លៀត​ទៅហាត់ នៅក្លឹប​ខាងក្រៅ ដើម្បី​បន្ធូរភាព​តានតឹង។ ជារៀង​រាល់ឆ្នាំ​១ឆ្នាំម្ដង​រដ្ឋាតែង​ទៅពិនិត្យ​សុខភាព​រាងកាយ​ម្ដង។

បំណង​សម្រាប់​ថ្ងៃអនាគត

ចាប់​តាំង​ពីរដ្ឋា​ផ្ដើមអាជីព​ជាតារា​ចម្រៀង​មក ទោះបី​មានអ្នក​គាំទ្រ​អ្នកនាង​ច្រើន​ក៏ដោយ​ក៏សម្រាប់​ថ្ងៃ​អនាគត​រដ្ឋាមាន គម្រោង​បើក​ហាង​កែសម្ផស្ស ព្រោះ​អ្នកនាង​ចង់បាន​អាជីវកម្ម​មួយពិត​ប្រាកដ ដើម្បី​ជួយ​សម្រួល​ក្នុងក្រុម​គ្រួសារ។ អ្វីដែល​សំខាន់ បំផុត​នោះ អ្នកនាង​ចង់បម្រើ​ក្នុង​វិស័យ​សិល្បៈ​ជារៀង​រហូតឱ្យ​តែ​ទស្សនិកជន​នៅគាំទ្រ​រូប​អ្នកនាង។

បណ្ដាំ​ផ្ញើ​របស់​យក់ ឋិតរដ្ឋា

លោកអ្នក​ដែលចង់​បាន​សម្រស់​ស្រស់​ស្អាត គួរតែ​ទទួលទាន​អារហារ​ឱ្យបាន​គ្រប់គ្រាន់ និងទៀង​ទាត់​ពេល​វេលា។ គប្បី​ត្រូវ អនុវត្ដន៍​នូវការ​ហាត់​ប្រាណ​ឱ្យបាន​ច្រើន​ទើបល្អ​នោះជម្ងឺ​ក៏មិន​អាចមក​បៀតបៀន​រូបរាង​កាយ​របស់​លោកអ្នក​បានដែរ។ ជាពិសេស ត្រូវមាន​ការសម្រាក ហើយ​ដើរ​កម្សាន្ដ​ដើម្បី​បន្ធូរ​ការងារ​ស្មុគ​ស្មាញ។

ចំណុច​ដែល​លើក​មកជម្រាប​ជូនខាង​លើនេះ​ជាការ​យល់​ឃើញ និង​អនុវត្ដ​ផ្ទាល់​របស់​អ្នកនាង យក់​ឋិតរដ្ឋា​ប៉ុណ្ណោះ។ សូម លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យក​ទៅអនុវត្ដន៍​តាមនូវ​ចំណុច​ណាដែល​យល់ឃើញ​ថាត្រឹមត្រូវ។

ប្រវត្ដិ​រូបសង្ខេប

  • ឈ្មោះពិត ៖ យក់ ឋិតរដ្ឋា
  • ឈ្មោះក្រៅ ៖ អាស្រស់
  • អាយុ ៖ ២២ឆ្នាំ
  • កម្ពស់ ៖ ១,៥២ម៉ែត្រ
  • ទម្ងន់ ៖ ៤៥គីឡូ
  • ទំហំទាំង៣ ៖ ៣៤, ២៧, ៣៣
  • មានបងប្អូន ៖ ៤នាក់ ស្រី២ ប្រុស២ (ជាកូនទី៣)
  • ស្រុកកំណើត ៖ ទីក្រុងភ្នំពេញ
  • ស្ថានភាពគ្រួសារ ៖ រៀបការរួច

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *