តើ​ត្រូវ​ធ្វើដូច​ម្តេច​ទើប​ដឹង​ថា​ខ្ញុំ​កើត​មាន​ជម្ងឺ​ខ្សោយ​បេះដូង?

នៅ​ពេល​មាន​អារម្មណ៍​ថា​អួលៗ​មិន​ធម្មតា​នៅ​ប៉ែក​ខាង​ឆ្វេង​បេះ​ដូង​មាន​អារម្មណ៍​ញាប់​ញ័រ ឆាប់​ហត់​អស់​កម្លាំង​ខ្លាំង​នៅ​ពេល​រត់ ឬ​ដើរ​ផ្លូវ​ឆ្ងាយ ឬក៏​លេង​កីឡា​ណា​មួយ​ឆាប់​ហត់​ខ្លាំង និង​មាន​អាការៈ​ញ័រ ឬ​ចុក​ដើម​ទ្រូង​ផ្នែកខាង​ឆ្វេង ឬ​ជួន​កាល​ពេល​និយាយ​ម្តងៗ​មាន​អារម្មណ៍​ឆាប់​ហត់ និង​អស់​កម្លាំង​ខ្លាំង​ជា​ដើម សុទ្ធ​តែ​ជា​រោគ​សញ្ញាដែល​នាំ​ឲ្យ​លោក​អ្នក​មាន​ហានិ​ភ័យ​ទាក់​ទង​ទៅ​នឹង​សុខ​ភាព។

រូបភាពគេហទំព័រសុខភាពកម្ពុជា

គេហទំព័រ សុខភាពកម្ពុជា បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត លី គាត ដែល​សព្វ​ថ្ងៃ បម្រើការ​នៅ​មន្ទី​ពេទ្យ​កាល់​មែត។ សូម​ចូល​រួម​តាម​អាន​ជា​មួយ​នឹង​គេហ​ទំព័រ​យើង​ខ្ញុំ​ដូច​តទៅ៖

ជម្ងឺ​ខ្សោយ​បេះ​ដូង​ពិត​ប្រាកដ ឬ​ជម្ងឺ​ដែល​ទាក់​ទង​នឹង​សាច់​ដុំ​នៃ​បេះដូង​ជា​គ្រោះ​ថ្នាក់​មួយ​កើត​មាន​ចំពោះ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ត្រូវ​រង​ការ​ឈឺ​ចាប់​ដោយ​ចលនា​នៃ​សសៃ​ឈាម​បេះ​ដូង​រត់​មិន​បាន​ស្រួល។ កាល​ណា​សសៃ​ឈាម​ក្រហម ឬ​ដែល​ហៅ​ម្យ៉ាង​ទៀត​ថា សសៃ​អាក​ទែ ដែល​មាន​ផ្គត់​ផ្គង់​ឈាម​ឲ្យ​បេះ​ដូង​មាន​សភាព​តូច​ត្បៀត​នោះ វា​មិន​អាច​នាំ​យក​ឈាម​ដែល​មាន​អុក​ហ្ស៊ី​សែន​មក​ចិញ្ចឹម​សាច់​ដុំ​បេះដូង​បាន​គ្រប់​គ្រាន់​ឡើយ។ ដូច្នោះ​សាច់​ដុំ​នេះ​កំពុង​ជួប​នូវ​ការ​ឈឺ​ចាប់​ហើយ។ បើ​ដឹង​ខ្លួន​ច្បាស់​ថា​កើត​មាន​ជម្ងឺ​នេះ​ហើយ​ ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។

1. រោគ​សញ្ញា​គួរឲ្យ​បារម្ភ៖ ជម្ងឺ​បេះដូង​ខ្សោយ​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​អ្នក​ជម្ងឺ។ តាម​បែប​ផែន​របស់​ជម្ងឺ​នេះ​ចាប់​ផ្តើម​កើត​ចេញ​ពី​ការ​ឈឺចាប់​នៅ​ក្នុង​ដើម​ទ្រូង គឺ​នៅ​ខាង​ក្រោយ​ឆ្នឹង​សន្ទះ​ទ្រូង​តែ​ម្តង។ បន្ទាប់​មក​ជម្ងឺ​នេះ​ក៏តោង​ជាប់​ក្នុង​ខ្លួន​ប្រាណ​អ្នក​ជម្ងឺ​រួច​រីក​រាល​ដាល​ទៅ​ដល់​ដៃ។ ជម្ងឺ​នេះ​ចាប់​ធ្វើ​ទុក​ដៃ​ឆ្វេង​មុន បន្ទាប់​មក​ដៃស្តាំ​រួច ឈាន​ទៅរក​ខ្នង។ ក្នុង​ករណី​នេះ​មិន​ត្រូវ​រារែក​ឡើយ​ដោយ​លោក​អ្នក​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​បេះដូង​យ៉ាង​រួសរាន់​បំផុត។

2. រោគ​សញ្ញា​ផ្សេងៗ៖ ការ​ដើរ​មិន​សម​ហេតុ​ផល​នៃ​ចង្វាក់​បេះដូង ដែល​បេះដូង​ហាក់​ដូចជា​លោត​ញាប់​រន្ថាន់​ជាងមុន​បង្ក​ជា​ដំណើ​រលោត​កញ្ឆក់​ម្តងៗ។ ជា​ញឹក​ញាប់​សភាព​ដើរ​មិន​ធម្មតា​របស់​បេះដូង​កើត​មាន​ក្រោយ​ពេល​ខឹង​ខ្លាំង ឬ​ផឹក​ការហ្វេ​ច្រើន​ហួស​ហេតុ។ លោកអ្នក​មិន​ចាំបាច់​ភ័យ​ព្រួយ​ទេ ពីព្រោះ​នេះ​មិន​មែន​ជា​រោគ​សញ្ញា​ជម្ងឺ​បេះដូង​នោះ​ទេ។ ដូច្នេះ​លោកអ្នក​ត្រូវ​ការ​សម្រាក ហើយ​បើ​មិន​បាត់​ទេ លោកអ្នក​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ។

3.ការ​មាន​អារម្មណ៍​ឈឺ​ចាប់៖  ការ​ឈឺ​ចាប់​នៅ​ផ្តុំ​បេះដូង​អាច​បណ្តាល​មក​ពី​ការ​ឈឺ​ចាប់​នៅ​ចន្លោះ​ឆ្អឹង​ជំនីរ មក​ពី​សន្លាក់​ឆ្អឹង​ជំនីរ និង​មក​ពី​រោគ​សសៃ​ប្រសាទ។ អ្នក​ជម្ងឺ​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ពេល​សង្កត់ ដើម​ទ្រូង ប៉ុន្តែ​មិន​មែន​ឈឺ​ទ្រូង​គ្រប់​ពេល​នោះ​ទេ គឺ​អាស្រ័យ​ទៅ​លើ​ចលនា​ខ្លះ។ ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​មិន​ត្រូវ​ធ្វេស​ប្រហែស​ទេ គួរ​ទៅ​ឲ្យ​លោក​គ្រូពេទ្យ​ពិនិត្យ​ផង​ដែរ។

4. ការ​ឈឺ​ចាប់​នៅ​លើ​ផ្នែក​រំលាយ​អាហារ៖ មនុស្ស​បរិភោគ​ច្រើន​អាច​នាំការ​ឈឺ​ចាប់​ដល់​ទ្រូង​ត្រង់​ផ្គុំ​បេះដូង។ ជម្ងឺ​នេះ​គ្មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ជម្ងឹ​ខ្សោយ​បេះដូង​ខ្លះ​អាច​រក​ឃើញ​ដោយ​សារ​បញ្ហា​រំលាយ​អាហារ​ផងដែរ។ ដំណើរ​ការ​កន្រ្ទាក់​សាច់ដុំ អាច​បង្ក​ជា​ជម្ងឺ​ញ័រ​បេះដូង​និង​ការ​ឈឺ​ចាប់​នៅ​ត្រង់​បេះដូង។ គេ​មាន​ការ​លំបាក​បែង​ចែក​ឲ្យ​ដឹង​ថា មួយ​ណា​ជា​ជម្ងឺ​កន្ទ្រាក់​សាច់ដុំ ហើយ​មួយ​ណា​ជា​ជម្ងឺ​បេះដូង​ណាស់។ ហេតុ​នេះ​ហើយ​លោកអ្នក​ត្រូវ​ទៅ​ឲ្យ​លោក​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​នៅ​ពេល​កើត​មាន​កា​ឈឺ​ចាប់។

ដំបូន្មាន​អ្នក​ជំនាញ

ការ​រស់​នៅ​មិន​ថា​ជម្ងឹ​ណា​មួយ​នោះ​ទេ សុទ្ធតែ​សំខាន់​ដូចៗ​គ្នា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល។ ប៉ុន្តែ​ការ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​បេះដូង គឺ​ជា​ប្រការ​ដ៏ល្អ​មួយ​សម្រាប់​សុខភាព​របស់​អស់​លោកអ្នក។ ចូរ​ចងចាំ​ថា​នៅ​ពេល​ដែល​លោកអ្នក​មាន​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ជម្ងឺ​បេះដូង លោកអ្នក​គួរ​គប្បី​ទៅ​ពិគ្រោះ ឬ​ពិនិត្យ​តាម​ដាន​រោគ​សញ្ញា​ទាំង​នោះ​ជាមួយ​វេជ្ជ​បណ្ឌិត​ដែល​មាន​ជំនាញ​ច្បាស់​លាស់​លើ​បញ្ហា​រោគ​បេះដូង។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០២ ឧសភា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *