នៅពេលមានអារម្មណ៍ថាអួលៗមិនធម្មតានៅប៉ែកខាងឆ្វេងបេះដូងមានអារម្មណ៍ញាប់ញ័រ ឆាប់ហត់អស់កម្លាំងខ្លាំងនៅពេលរត់ ឬដើរផ្លូវឆ្ងាយ ឬក៏លេងកីឡាណាមួយឆាប់ហត់ខ្លាំង និងមានអាការៈញ័រ ឬចុកដើមទ្រូងផ្នែកខាងឆ្វេង ឬជួនកាលពេលនិយាយម្តងៗមានអារម្មណ៍ឆាប់ហត់ និងអស់កម្លាំងខ្លាំងជាដើម សុទ្ធតែជារោគសញ្ញាដែលនាំឲ្យលោកអ្នកមានហានិភ័យទាក់ទងទៅនឹងសុខភាព។
គេហទំព័រ សុខភាពកម្ពុជា បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត លី គាត ដែលសព្វថ្ងៃ បម្រើការនៅមន្ទីពេទ្យកាល់មែត។ សូមចូលរួមតាមអានជាមួយនឹងគេហទំព័រយើងខ្ញុំដូចតទៅ៖
ជម្ងឺខ្សោយបេះដូងពិតប្រាកដ ឬជម្ងឺដែលទាក់ទងនឹងសាច់ដុំនៃបេះដូងជាគ្រោះថ្នាក់មួយកើតមានចំពោះមនុស្សទាំងឡាយណាដែលត្រូវរងការឈឺចាប់ដោយចលនានៃសសៃឈាមបេះដូងរត់មិនបានស្រួល។ កាលណាសសៃឈាមក្រហម ឬដែលហៅម្យ៉ាងទៀតថា សសៃអាកទែ ដែលមានផ្គត់ផ្គង់ឈាមឲ្យបេះដូងមានសភាពតូចត្បៀតនោះ វាមិនអាចនាំយកឈាមដែលមានអុកហ្ស៊ីសែនមកចិញ្ចឹមសាច់ដុំបេះដូងបានគ្រប់គ្រាន់ឡើយ។ ដូច្នោះសាច់ដុំនេះកំពុងជួបនូវការឈឺចាប់ហើយ។ បើដឹងខ្លួនច្បាស់ថាកើតមានជម្ងឺនេះហើយ ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។
1. រោគសញ្ញាគួរឲ្យបារម្ភ៖ ជម្ងឺបេះដូងខ្សោយបង្កគ្រោះថ្នាក់ខ្លាំងចំពោះអ្នកជម្ងឺ។ តាមបែបផែនរបស់ជម្ងឺនេះចាប់ផ្តើមកើតចេញពីការឈឺចាប់នៅក្នុងដើមទ្រូង គឺនៅខាងក្រោយឆ្នឹងសន្ទះទ្រូងតែម្តង។ បន្ទាប់មកជម្ងឺនេះក៏តោងជាប់ក្នុងខ្លួនប្រាណអ្នកជម្ងឺរួចរីករាលដាលទៅដល់ដៃ។ ជម្ងឺនេះចាប់ធ្វើទុកដៃឆ្វេងមុន បន្ទាប់មកដៃស្តាំរួច ឈានទៅរកខ្នង។ ក្នុងករណីនេះមិនត្រូវរារែកឡើយដោយលោកអ្នកត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងបេះដូងយ៉ាងរួសរាន់បំផុត។
2. រោគសញ្ញាផ្សេងៗ៖ ការដើរមិនសមហេតុផលនៃចង្វាក់បេះដូង ដែលបេះដូងហាក់ដូចជាលោតញាប់រន្ថាន់ជាងមុនបង្កជាដំណើរលោតកញ្ឆក់ម្តងៗ។ ជាញឹកញាប់សភាពដើរមិនធម្មតារបស់បេះដូងកើតមានក្រោយពេលខឹងខ្លាំង ឬផឹកការហ្វេច្រើនហួសហេតុ។ លោកអ្នកមិនចាំបាច់ភ័យព្រួយទេ ពីព្រោះនេះមិនមែនជារោគសញ្ញាជម្ងឺបេះដូងនោះទេ។ ដូច្នេះលោកអ្នកត្រូវការសម្រាក ហើយបើមិនបាត់ទេ លោកអ្នកត្រូវទៅមន្ទីរពេទ្យ។
3.ការមានអារម្មណ៍ឈឺចាប់៖ ការឈឺចាប់នៅផ្តុំបេះដូងអាចបណ្តាលមកពីការឈឺចាប់នៅចន្លោះឆ្អឹងជំនីរ មកពីសន្លាក់ឆ្អឹងជំនីរ និងមកពីរោគសសៃប្រសាទ។ អ្នកជម្ងឺមានអារម្មណ៍ថាឈឺចាប់នៅពេលសង្កត់ ដើមទ្រូង ប៉ុន្តែមិនមែនឈឺទ្រូងគ្រប់ពេលនោះទេ គឺអាស្រ័យទៅលើចលនាខ្លះ។ ទោះជាយ៉ាងណាក្តី អ្នកមិនត្រូវធ្វេសប្រហែសទេ គួរទៅឲ្យលោកគ្រូពេទ្យពិនិត្យផងដែរ។
4. ការឈឺចាប់នៅលើផ្នែករំលាយអាហារ៖ មនុស្សបរិភោគច្រើនអាចនាំការឈឺចាប់ដល់ទ្រូងត្រង់ផ្គុំបេះដូង។ ជម្ងឺនេះគ្មានលក្ខណៈធ្ងន់ធ្ងរទេ ប៉ុន្តែជម្ងឹខ្សោយបេះដូងខ្លះអាចរកឃើញដោយសារបញ្ហារំលាយអាហារផងដែរ។ ដំណើរការកន្រ្ទាក់សាច់ដុំ អាចបង្កជាជម្ងឺញ័របេះដូងនិងការឈឺចាប់នៅត្រង់បេះដូង។ គេមានការលំបាកបែងចែកឲ្យដឹងថា មួយណាជាជម្ងឺកន្ទ្រាក់សាច់ដុំ ហើយមួយណាជាជម្ងឺបេះដូងណាស់។ ហេតុនេះហើយលោកអ្នកត្រូវទៅឲ្យលោកគ្រូពេទ្យពិនិត្យព្យាបាលនៅពេលកើតមានកាឈឺចាប់។
ដំបូន្មានអ្នកជំនាញ
ការរស់នៅមិនថាជម្ងឹណាមួយនោះទេ សុទ្ធតែសំខាន់ដូចៗគ្នាដែលត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាល។ ប៉ុន្តែការយកចិត្តទុកដាក់ថែរក្សាបេះដូង គឺជាប្រការដ៏ល្អមួយសម្រាប់សុខភាពរបស់អស់លោកអ្នក។ ចូរចងចាំថានៅពេលដែលលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងជម្ងឺបេះដូង លោកអ្នកគួរគប្បីទៅពិគ្រោះ ឬពិនិត្យតាមដានរោគសញ្ញាទាំងនោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់លើបញ្ហារោគបេះដូង។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០២ ឧសភា ឆ្នាំ ២០១២
Leave a Reply