ធម្មជាតិបានផ្ដល់ឱ្យនូវអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សធ្វើការប្រាស្រ័យទាក់ទងគ្នានៅក្នុងគ្រួសារក៏ដូចជាក្នុងសង្គម។ ក្រៅពីបាន មើលឃើញដឹងពីការបានប៉ះ ស្រង់យកក្លិន និងស្គាល់នូវរសជាតិ ការបានស្ដាប់ឮជាកត្ដ្កាចាំបាច់មួយដែលមនុស្សត្រូវការបំផុត។ យើងអាចឮសម្លេងនៃការសន្ទនា តន្ដ្រី និងឮព្រឹត្ដិការណ៍ទាំងឡាយជុំវិញខ្លួនបានដោយសារត្រចៀក។ ដូច្នេះត្រចៀកគឺចាំបាច់ណាស់ក្នុងការបម្រើផលប្រយោជន៍ឱ្យមនុស្សពាក់ព័ន្ធនឹងការស្ដាប់។ តើយើងគប្បីធ្វើយ៉ាងដូចម្ដេច ដើម្បីឱ្យត្រចៀករបស់យើងអាចស្ដាប់ឮបាន យូរអង្វែង?
តាមរយៈទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង នឹងបង្ហាញជូនប្រិយមិត្រអ្នកអានស្វែងយល់បន្ថែមពីបញ្ហាទាក់ទងនឹងត្រចៀកដោយការប្រឹក្សាពីលោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ប្រធានផ្នែកជម្ងឺត្រចៀកច្រមុះបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។
មូលហេតុនាំឱ្យត្រចៀកកើតរោគថ្លង់
ត្រចៀកជាអាយតនៈមួយក្នុងចំណោមអាយតនៈប្រាំផ្សេងទៀតដែលជាទីប្រជុំ ជាលំនៅនៃអារម្មណ៍ គឺភ្នែក ច្រមុះ អណ្ដាត កាយ និងមនោ។ ត្រចៀកមានតួនាទីផ្សេងក្រៅពីអាយតនៈទាំងប្រាំខាងដើម គឺសម្រាប់ត្រង់រងនូវសម្លេង និងបញ្ជូនសម្លេងដែលបាន ទទួលទៅខួរក្បាល។ ត្រចៀកចែកចេញជាបីផ្នែក គឺផ្នែកក្រៅ ផ្នែកកណ្ដាល និងផ្នែកក្នុង។ ត្រចៀកអាចខូច ឬថ្លង់ដោយប្រការផ្សេង ៗ ដូចជាតំណពូជប៉ះឬទះត្រូវត្រង់សៀតផ្កាធ្ងន់ធ្ងរ ញើសសម្បោរគំហុក កើតអំបៅអំបែក ខ្វារអាចម៍ត្រចៀកប៉ះដល់ត្រចៀក កណ្ដាល ឬដោយឧបករណ៍មិនស្អាត រលាកត្រចៀកការប្រើប្រាស់ថ្នាំប្រភេទខ្ល្លះ មានជម្ងឺទឹកនោមផ្អែម ខ្សោយតម្រងនោម ជម្ងឺពកក ជម្ងឺខួរក្បាលជាដើម។
ប្រភេទរោគថ្លង់
ការថ្លង់របស់ត្រចៀកចែកចេញជាបីយ៉ាង។
- ថ្លង់ដោយខូចត្រចៀកក្រៅ និងត្រចៀកកណ្ដាល ៖ ជាទូទៅការខូចបែបនេះអាចធ្វើការព្យាបាលបានខ្លះ ដោយការចាក់ថ្នាំជំនួយកោសិកា។ តែក្នុងករណីខូចធ្ងន់ធ្ងរ រហូតថ្លង់មិនអាចជួយបានដែរ។
- ថ្លង់ដោយខូចត្រចៀកក្នុង ៖ កាន់តែពិបាករកវិធីសាស្ដ្រជួយ បើអាចជួយបានក្នុងកម្រិតតិចតួចបំផុត។
- ថ្លង់ដោយខូចត្រចៀកក្រៅ ត្រចៀកកណ្ដាល និងត្រចៀកក្នុងរួមគ្នា ៖ ខូចក្នុងលក្ខណៈនេះ ភាគច្រើនគឺធ្លាក់ចូលដល់ការ ថ្លង់កម្រិតធ្ងន់មិនអាចស្ដាប់បាននោះទេ។ ករណីខូចស្រាលមានតិចតួចបំផុត។
កុមារ និងវ័យចំណាស់ងាយរងនូវការថ្លង់ជាទីបំផុត ព្រោះកុមារមានសុខភាពនៅមិនទាន់រឹងប៉ឹង ឯកោសិកាសម្រាប់ចាប់សម្លេងរបស់ត្រចៀកក៏នៅទន់ជ្រាយងាយនឹងបាក់ខូចណាស់។ ដូច្នេះវ័យនេះងាយរងនូវការខូចត្រចៀក ឬបណ្ដាលឱ្យថ្លង់ដោយឥទ្ធិពល ការប៉ះទង្គិចនិងសម្លេងពីខាងក្រៅបំផុត។ ចំណែកវ័យចំណាស់ក៏ឆាប់ខូចដែរ ព្រោះកោសិកាចាប់សម្លេងក្នុងត្រចៀកចាស់ទ្រុឌទ្រោម ងាយបាក់ ងាយស្លាប់និងងាយរងនូវគ្រោះថ្នាក់ផ្សេងៗ។ ដូច្នេះត្រចៀកមនុស្សចាស់ងាយថ្លង់ណាស់ ទោះកម្រិតស្រាល កម្រិតមធ្យម ឬកម្រិតធ្ងន់ក៏ដោយ។ ដោយឡែកមនុស្សវ័យកណ្ដាលក៏អាចខូចត្រចៀកបានដែរ ប៉ុន្ដែមនុស្សវ័យនេះមានសុខភាពមាំមួន នោះ កោសិកាចាប់សម្លេងក៏មានថាមពលរឹងមាំនាំឱ្យភាពធន់នឹងឥទ្ធិពលខាងក្រៅក៏មានលក្ខណៈល្អប្រសើរជាងកុមារ និងមនុស្សចំណាស់ ដែរ។
កម្រិតរោគថ្លង់
សម្លេងអាចជះឥទ្ធិពលបណ្ដាលឱ្យត្រចៀកខូចឬថ្លង់បាន ដូចជាក្នុងករណីសម្លេងខ្លាំងដោយផ្ទុះអ្វីមួយ ផ្ទុះគ្រាប់រំសេវផ្សេងៗគោះឬដំអ្វីខ្លាំងៗក្បែរត្រចៀក ស្រែកដាក់ត្រចៀក សម្លេងម៉ាស៊ីនខ្លាំងៗក្នុងរោងចក្រ ស្ដាប់ម៉ាញ៉េឮខ្លាំងៗ សម្លេងធុងបាសជាដើម។ ម្យ៉ាងទៀតបើក្នុងមួយថ្ងៃបានឮសម្លេងប្រាំបីម៉ោងនូវកម្រិតអាំងតង់ស៊ីតេពី៨៥ទៅ៩០ដេស៊ីបែល នោះត្រចៀកយើងនឹងប្រឈមការ កើតជម្ងឺថ្លង់។
ផ្នែកវេជ្ជសាស្ដ្របានបែងចែកកម្រិតថ្លង់ជាបី គឺថ្លង់កម្រិតស្រាល ថ្លង់កម្រិតមធ្យម និងថ្លង់កម្រិតធ្ងន់
1. ថ្លង់កម្រិតស្រាល ឬធ្ងន់ត្រចៀក ៖ គឺជាការភ្លាត់ ឬបាក់កោសិកាចាប់សម្លេង(រោមតូចៗបំផុត) នៃត្រចៀកក្នុងមួយចំនួន តិចដែលធ្វើឱ្យការចាប់សម្លេង និងបញ្ជូនសម្លេងទៅខួរក្បាលកាន់តែខ្សោយ។ ការស្ដាប់ឮតិចខុសប្រក្រតីភាព។ ថ្លង់កម្រិតនេះអាច មានថ្នាំប្រើជំនួយខ្លះប្រសិនបើឆាប់មករកសេវាជំនាញ ដើម្បីសង្គ្រោះទាន់ពេលវេលា។
2. ថ្លង់កម្រិតមធ្យម ៖ ថ្លង់កម្រិតនេះគឺកោសិកាចាប់សម្លេងផ្នែកខាងក្នុង បាក់ ឬងាប់កាន់តែច្រើន ដែលធ្វើឱ្យការចាប់ សម្លេងនិងបញ្ជូនសម្លេងទៅខួរក្បាលកាន់តែខ្សោយ និងធ្វើឱ្យកម្រិតនៃការស្ដាប់ឮក៏កាន់តែខ្សោយទៅៗដែរ។ ដំណាក់កាលនេះកម្រិតថ្លង់មានតែផ្លូវទៅមុខប៉ុណ្ណោះ ព្រោះកោសិកាចាប់សម្លេងនោះដែលបាក់ ឬងាប់ហើយនោះ មិនដុះឡើងវិញ ហើយក៏មិនអាច ព្យាបាលឱ្យដុះសារជាថ្មីបានដែរ។
3. ថ្លង់កម្រិតធ្ងន់ ៖ នេះជាដំណាក់កាលចុងក្រោយ ដែលកោសិកាចាប់សម្លេងស្ទើរតែបាត់បង់ទាំងស្រុង ឬងាប់់អស់រលីងតែ ម្ដង។ ថ្លង់កម្រិតនេះជួនកាលអាចដាច់ទាំងសរសៃប្រសាទទី៨ ដែលមានការពាក់ព័ន្ធយ៉ាងសំខាន់ទៅនឹងការបញ្ជូនសម្លេងនៃត្រចៀក ទៅខួរក្បាល។ រយៈកាលនេះ អាចនិយាយបានថាត្រចៀកមិនអាចស្ដាប់បានអ្វីទាំងអស់។
ដោយឡែកសម្លេងខ្លាំងក៏អាចធ្វើឱ្យដាច់រហែកក្រដាសត្រចៀកផងដែរ។ ប្រសិនបើដាច់រហែកតិច កម្រិតថ្លង់ក៏អាចតិច។ បើ ដាច់រហែកធំកម្រិតថ្លង់កាន់តែធ្ងន់ទៅតាមនោះដែរ។ ប៉ុន្ដែបើត្រឹមតែដាច់ក្រដាសត្រចៀក ជាទូទៅមិនមានការថ្លង់ចូលក្នុងកម្រិត ធ្ងន់ធ្ងរនោះទេ។
វិធីបង្ការរោគថ្លង់
- គួរសម្អាតត្រចៀកដោយក្រណាត់សើមទន់ៗ ឬប្រើសំឡីត្បារថ្នមៗ និងមិនត្រូវលូកជ្រៅពេកទេ
- បើទឹកចូលត្រចៀក ត្រូវឆាប់រកវិធីយកចេញឱ្យល្អបំផុត
- ចៀសវាងការប៉ះទង្គិចធ្ងន់ធ្ងរទៅលើបរិវេណត្រចៀក
- ប្រសិនមានសត្វល្អិតចូល ត្រូវឆាប់សម្លាប់វាដោយវិធីផ្សេងៗដែលអាចធ្វើបាន ហើយសឹមយកសំឡីត្បារចេញ។ បើយកមិន បានត្រូវទៅរកអ្នកជំនាញដើម្បីជួយអន្ដរាគមន៍ជាបន្ទាន់
- មិនត្រូវញើសសម្បោរគំហុក ព្រោះប៉ះពាល់ដល់ក្រដាសត្រចៀក បើក្រដាសត្រចៀកដាច់រហែកត្រូវញាត់សំឡីពេលងូតទឹក
- មិនត្រូវព្យាយាមនៅកន្លែងដែលមានសម្លេងខ្លាំង ឬលេងស្រែកដាក់ត្រចៀក ឬប្រើឧបករណ៍ផ្សេងៗពញ្ញាក់ក្បែរត្រចៀក ទេ
- នៅតាមបណ្ដាមន្ទីរពេទ្យមួយចំនួនមានឧបករណ៍វាស់កម្រិតថ្លង់ត្រចៀក ហើយអាចមានឧបករណ៍បំពងសម្លេងសម្រាប់ ពាក់នៅត្រចៀកជាជំនួយការស្ដាប់ដល់អ្នកថ្លង់។
ដំបូន្មានអ្នកជំនាញ
បើកម្រិតនៃការស្ដាប់កាន់តែខ្សោយ ត្រូវឆាប់ទៅរកអ្នកជំនាញឬគ្រូពេទ្យព្យាបាល ដើម្បីប្រឹក្សា និងព្យាបាល មិនត្រូវទិញថ្នាំប្រើស្មានៗដោយចិត្ដឯង ឬឮគេថានោះឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply