វិធី​វះកាត់​មាត់​ឆែប

ជម្ងឺ​ឆែបមាត់​និងឆែប​ក្រអូម​មាត់​ច្រើនតែ​កើតមាន​លើ​កុមារពី​កំណើត ដែលមាន​អត្រា​កុមារ​ម្នាក់ក្នុង​ចំណោម​កុមារ​៧៥០​នាក់នៅ​ប្រទេស​អភិវឌ្ឍន៍ ហើយ​អត្រានេះ​បានកើន​ឡើងដល់​ម្នាក់ក្នុង​ចំណោម​កុមារ​៥០០​នាក់ក្នុង​ទ្វីបអាស៊ី។ ជម្ងឺនេះ​មិនត្រឺម តែប៉ះ​ពាល់ដល់​សម្ផស្ស​ប៉ុណ្ណោះ​ទេ តែអាច​ធ្វើឱ្យ​កុមារ​និយាយ​មិនបាន​ច្បាស់ល្អ និងខ្មាស​អៀន​ដែលអាច​ធ្វើឱ្យ​អត្ដចរិត​របស់​គេប្រែ ប្រួលបាន។ បច្ចុប្បន្ន​នេះកុមារ​ដែលមាន​ជម្ងឺឆែប​មាត់ និងឆែប​ក្រអូម​មាត់​អាចបាន​ទទួល​ការវះ​កាត់ដោយ​ឥតបង់​ប្រាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ម៉ុក ធាវី នាយក​កម្មវិធី​វះកាត់​របស់​អង្គការ​អ៊ុបពើ​រ៉េហ្សុន​ស្មាយ ដែលមាន​ទីស្នាក់​ការនៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត​ស្ដីពីវិ​ធីវះ​កាត់​ព្យាបាល​មាត់ឆែប​ជូន​លោកអ្នក​បាន​ទទួល ជ្រាប។

មាត់ឆែប​ជាអ្វី?

ជម្ងឺ​មាត់ឆែប​កើតមាន​ចំពោះ​គភ៌នៅ​ដំណាក់​កាលលូត​លាស់ក្នុង​ផ្ទៃម្ដាយ​នាសបា្ដហ៍​ទី៦-៧។ កុមារ​អាចឆែប​បបូរ​មាត់ម្ខាង ឬសង​ខាង តិចឬ​ច្រើនទៅ​តាម​កម្រិត។ ក្នុងនោះ​អត្រា​ឆែប​បបូរ​មាត់​កើតមាន​លើក្មេង​ប្រុស​ច្រើនជាង​ក្មេងស្រី។ ផ្ទុយទៅ​វិញក្មេង​ស្រី មាន​ករណី​ឆែប​ក្រអូម​មាត់ច្រើន​ជាងក្មេង​ប្រុស។ កុមារ​ដែលឆែប​មាត់អាច​មានផល​ប៉ះពាល់​ទៅលើ​ការបៅ​ដោះ ការ​និយាយ ធ្មេញ ច្រើនដុះ​មិនត្រង់​ល្អ មាន​អត្ដចរិត​ខ្មាសអៀន​ច្រើន មិនចង់​និយាយ​ស្ដី​និងបាត់​បង់នូវ​ភាពក្លា​ហាន។

មូលហេតុ​មាត់ឆែប

តាមរយៈ​ការ​ស្រាវជ្រាវ​បានបង្ហាញ​ថា មូលហេតុ​ដែលបង្ក​ជម្ងឺមាត់​ឆែបមាន​ប្រមាណ​ពី៣៣%​ទៅ៣៦%​ហើយច្រើន​បណ្ដាល​មកពី​កត្ដា​តំណពូជ តាមរយៈ​ហ្សែនឬ​សែនរបស់​ឪពុក​ម្ដាយ​និងប្រមាណ​៦៤%​ទៅ៦៧​%ទៀត​អាចមក​ពីកត្ដា​ខាងក្រៅ​ដែលទប់​បង្អាក់ការ​វិវត្ដ​របស់​ទារក នៅពេល​មានគភ៌​ឱ្យមាន​លក្ខណៈ​ខុស​ប្រក្រតី។ កត្ដា​ទាំងនោះ​មាន ៖

  • ម្ដាយ​កំពុង​ពពោះ​ក្នុងត្រី​មាសទី​១បាន​ប្រើប្រាស់​ឱសថ​មួយចំនួន ដូចជា​ថ្នាំប្រ​ឆាំងនឹង​ប្រកាច់ ឬថ្នាំ​ជម្ងឺឆ្កួត​ជ្រូក​ថ្នាំ​ព្យាបាល​មហារីក ជក់​បារី ទទួល​ទាន​សុរា​ជាដើម។
  • ម្ដាយ​ឆ្លង​វីរុស និងមាន​ជម្ងឺមួយ​ចំនួន ដូចជា​ស្អូច ដែលធ្វើ​ឱ្យ​ទារក​កើតមិន​គ្រប់​លក្ខណៈ​ពី​កំណើត
  • កង្វះ​អាហា​រូបត្ថម្ភ​នៅពេល​ស្ដ្រីព​ពោះ ដូចជា​វីតា​មីនបេ​១២ អាស៊ីត​ហ្វូលិក​ជាដើម
  • ប្រើកាំ​រស្មី​វិទ្យុ​សកម្ម​ទៅលើ​ម្ដាយដែល​ពពោះ អាចធ្វើ​ឱ្យ​ទារក​កើតមក​មិនគ្រប់​លក្ខណៈ​បានដែរ។

ការព្យា​បាលវះ​កាត់មាត់​ឆែប

ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​វះកាត់ កុមារ​មាត់ឆែប​ចាំបាច់​ត្រូវមាន​សុខភាព​ល្អ អាយុ​ចាប់ពី​២ខែ​កន្លះ​និងមាន​ទម្ងន់​លើស ពីប្រាំ​គីឡូ​ក្រាមឡើង​ទៅ។ ជាទូទៅ​ការវះ​កាត់ត្រូវ​ធ្វើឡើង​ឱ្យបាន​មុនពេល​កុមារ​ចូលរៀន​ព្រោះ​ជម្ងឺនេះ​ទាក់ទិន​សំខាន់​ទៅនឹង​ការ បញ្ចេញ​សម្លេង ការ​ស្ដាប់ ពិសេស​អត្ដ​ចរិត។ ម្យ៉ាង​ទៀត​ក្នុង​វ័យនេះ​កុមារ​កំពុង​មានការ​លូតលាស់​ឆាប់​រហ័ស​ទាំង​ប្រាជ្ញា​ស្មារតី និង​សព៌ាង្គ​កាយ។

  • វិធីវះ​កាត់មាត់​ឆែប កុមារ​ត្រូវមក​ចុះឈ្មោះ​នៅថ្ងៃ​ដំបូង​ដោយ​ទទួល​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពីក្រុម​គ្រូពេទ្យ​ឯកទេស ផ្នែក​សណ្ដំ​កុមារ ត្រចៀក ច្រមុះ ធ្មេញ វះកាត់ និងពិនិត្យ​ឈាម មុននឹង​ធ្វើការ​វះកាត់​នៅថ្ងៃ​បន្ទាប់។ ការវះ​កាត់ធ្វើ​យ៉ាងណា​ធានា ឱ្យបាន​បបូរ​មាត់ស្មើ មិនខើច​ឬវៀច បន្ថយ​ស្លាក​ស្នាម​បញ្ឈប់​ការឈ្លក់​ចំណី​អាហារ​តាមរន្ធ​ច្រមុះ​ផ្នែកខាង​ក្នុង និងកែ​រន្ធច្រមុះ​ឱ្យបាន ស្មើល្អ​ដូច​ធម្មតា។ ការវះ​កាត់មាន​រយៈពេល​ពី៤៥​ទៅ៩០​នាទី។
  • ក្រោយ​ការវះ​កាត់ អ្នកជម្ងឺ​ទទួល​បាននូវ​ការថែ​ទាំពី​ក្រុម​គ្រូពេទ្យ​រហូត​ដល់ដឹង​ខ្លួនមាន​ស្មារតី​នឹងនរ​ឡើងវិញ​មុននឹង បញ្ជូនទៅ​បន្ទប់​សម្រាក​ព្យាបាល។ អ្នកជម្ងឺ​ទទួល​បាននូវ​ការថែ​ទាំមុខ​របួស​ថ្នាំព្យា​បាលក្នុង​មន្ទីរ​ពេទ្យក្នុង​រយៈពេល​១ឬ​២ថ្ងៃ។ ក្រោយ​វះកាត់​១សប្ដាហ៍ អ្នកជម្ងឺ​ត្រូវវិល​ត្រឡប់​មកជួប​គ្រូពេទ្យ​វិញ ដើម្បី​កាត់អំបោះ​ឬធ្នេ​និង​ទទួល​ការណែ​នាំពីរ​បៀបប្រើ​ប្រាស់ ឱសថ និង​របៀប​អនាម័យ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​វិបាកនៃ​ការវះ​កាត់​ព្យាបាល

ពុំមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្ដាល​មកពី​ការវះ​កាត់ទេ លើកលែង​ករណី​ខ្លះអាច​មានហូរ​ឈាមតាម​មុខរបួស​១-២ថ្ងៃ​ឬមាន ការ​ចម្លងរោគ​ដែល​បង្កឱ្យ​មានខ្ទុះ​លើមុខ​របួស បើសិន​ជាការ​ថែទាំ​មុខរបួស​មិនបាន​ដិតដល់​និងមាន​អនាម័យ​ត្រឹមត្រូវ។

អត្ថ​ប្រយោជន៍​នៃការ​វះកាត់​ព្យាបាល

កុមារ​ឆែបមាត់​នឹង​ទទួល​បានអត្ថ​ប្រយោជន៍​សំខាន់​ៗជា​ច្រើន​ក្រោយ​វះកាត់។

  • សម្ផស្ស ក្រោយ​ការវះ​កាត់ កុមារ​អាចផ្លាស់​ប្ដូរមុខ​មាត់ថ្មី លែងមាន​ការខ្មាស​អៀន​និងអាច​ញញឹម​ដូចកុមារ​ដទៃ ទៀត
  • ការ​និយាយ ៖ បើឆាប់​ទទួល​បានការ​វះកាត់ កុមារ​អាចរៀន​និយាយ​បានច្បាស់​នៅក្នុង​វ័យសិក្សា
  • ការ​បរិភោគ​អាហារ ៖ អាច​បៅដោះ​ម្ដាយដោយ​ងាយ​ស្រួល បរិភោគ​ចំណី​អាហារ​មិនឈ្លក់ និងមិន​បាក់ទឹក​ដោះ​ឬខ្វះ អាហា​រូបត្ថម្ភ
  • ដំណុះ​ធ្មេញ បបូរ​មាត់ឆែប​ធ្វើឱ្យ​ធ្មេញមុខ​ដុះលយ​ចេញមក​ក្រៅ។ ដូច្នេះ​ការដេរ​ភ្ជិត​បបូរ​មាត់ឆែប​ធ្វើឱ្យ​បបូរ​មាត់មាន កម្លាំង​ទប់ធ្មេញ​ឱ្យដុះ​ត្រង់ជួរ បើសិន​ការវះ​កាត់​ប្រព្រឹត្ដ​ទៅក្នុង​កំឡុង​ពេល​ធ្មេញដុះ​លូតលាស់
  • អត្ដ​ចរិត ៖ ការ​ផ្លាស់ប្ដូរ​មុខមាត់​ល្អជា​ថ្មីឡើង​វិញមាន​អត្ថ​ប្រយោជន៍​ធំធេង​ទៅលើ​កុមារ។ គេលែង​ឯកោ​ពុំមាន​ការ​ចំអក ឬបន្ដុះបង្អាប់​ពីមិត្ដ​ភក្ដិ គ្មានការ​ខ្មាស​អៀន កុមារ​អាចចូល​រួមរៀន​សូត្រ ឬ​សកម្ម​ភាព​សង្គមដូច​មនុស្ស​ដទៃ​ទៀត។

វិធី​បង្ការ​មាត់ឆែប

ដើម្បី​បង្ការ​ជម្ងឺ​ឆែប​បបូរ​មាត់ នៅ​អំឡុង​ពេលមាន​ផ្ទៃពោះ ម្ដាយ​ត្រូវ​ទទួល​ទាន​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់។ ព្រោះ​ទារក​ក្នុងផ្ទៃ​ចាំបាច់​ត្រូវ​ទទួល​យកគ្រប់​ជីវជាតិ​ទាំង​ឡាយ ដែល​ម្ដាយ​បាន​បរិភោគ​ដើម្បី​ការវិវត្ដ​សព៌ាង្គ​កាយ​និងខួរ​ក្បាល​បាន គ្រប់​លក្ខណៈ។ អ្នកម្ដាយ​ដែល​កំពុង​ពពោះ​មិនគួរ​ប្រើប្រាស់​ឱសថ​គ្មានវេជ្ជ​បញ្ជា​និងមិន​គួរឆ្លុះ​ថតដោយ​កាំរស្មី​អ៊ិចក្នុង​អំឡុង​ត្រីមាស ទី១នៃ​គភ៌ទេ។

ដំបូន្មាន​អ្នក​ប្រឹក្សា

អង្គការ​អ៊ុបពើ​រ៉េហ្សុន​ស្មាយមាន​កម្មវិធី​វះកាត់​ឆែប​បបូរ​មាត់ ឆែប​ក្រអូម​និង​ពិការ​ភាព​ផ្សេងៗ​ពីកំណើត​ជូន​ប្រជា​ពលរដ្ឋ ។ គ្រប់​សេវាកម្ម​ទាំងការ​យកចិត្ដ​ទុកដាក់​ព្យាបាល​ពីក្រុម​គ្រូពេទ្យ ថ្នាំ​សង្កូវ អាហារ​ហូបចុក​និងការ​ស្នាក់នៅ​ក្នុងមន្ទីរ​ពេទ្យ គឺ​មិនបង់ ប្រាក់ទេ។ សូមអស់​លោកលោក​ស្រីមេត្ដា​នាំបុត្រ​ធីតា​មក​ទទួល​ការវះ​កាត់ព្យា​បាល​ដែលមាន​ទីតាំង​នៅក្នុង​មន្ទីរ​ពេទ្យមិត្ដ​ភាពខ្មែរ សូវៀត។ ឆាប់ឡើង​ដើម្បី​ស្នាម​ញញឹម និង​អនាគត​កូន​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *