បច្ចេកវិទ្យាទំនើបអាចជួយសម្រួលបន្ទុករបស់មនុស្សបានមួយចំណែក។ ដោយសារការមមាញឹកនឹងភារកិច្ចប្រចាំថ្ងៃនាំឱ្យ លោកអ្នកមិនមានពេលទំនេរសម្រាប់ហាត់ប្រាណគ្រប់គ្រាន់។ ម៉ាស៊ីនធាក់កង់សម្រាប់ហាត់ប្រាណអាចជួយសម្រួលការលំបាកនេះ ចំពោះលោកអ្នកបាន។ ប៉ុន្ដែលោកអ្នកចាំបាច់ត្រូវដឹងអំពីវិធីធាក់កង់លើម៉ាស៊ីននេះដើម្បីទទួលបានលទ្ធផលល្អក្នុងការហាត់។
លោក ហៀក រ៉ាននី គ្រូបង្ហាត់កីឡានៅសណ្ឋាគារកាំបូឌីយ៉ាណាបានបកស្រាយជូនលោកអ្នកអានឱ្យជ្រាបពីកីឡាធាក់កង់ លើម៉ាស៊ីន តាមរយៈបទសម្ភាសជាមួយទស្សនាវដ្ដី សុខភាពយើង។
ធាក់កង់លើម៉ាស៊ីន ជាអ្វី?
ធាក់កង់លើម៉ាស៊ីនជាកីឡាមួយប្រភេទដែលហាត់តាមប្រព័ន្ធបច្ចេកទេស។ ក្នុងនោះការបញ្ជាល្បឿននិងការកំណត់ទិស គោលដៅប្រើដោយប្រព័ន្ធស្វ័យប្រវត្ដិ។ លោកអ្នកត្រូវហាត់ធាក់កង់តាមល្បឿនពីតិចរហូតដល់ល្មម។ ហើយនៅពេលឈប់ លោកអ្នក
ត្រូវឈប់ដោយសន្សឹមៗ មិនអាចឈប់ដោយគំហុកបានទេ។ កីឡាធាក់កង់លើម៉ាស៊ីនសមស្របសម្រាប់លោកអ្នកដែលរវល់នឹង ការងារ មិនមានពេលវេលាទៅហាត់នៅខាងក្រៅ។ កីឡាប្រភេទនេះងាយអនុវត្ដដោយគ្រាន់តែលោកអ្នកកំណត់ទម្ងន់់ដងខ្លួន កំណត់ ចម្ងាយល្បឿនជាដើម។ ការវាស់កម្លាំងសកម្មភាពរត់ត្រូវបានបង្ហាញតាមក្រោយបន្ទាប់ពីបានកំណត់ដោយម៉ាស៊ីនធាក់កង់ និងធ្វើ តាមការណែនាំឱ្យធាក់របស់ម៉ាស៊ីនដោយប្រព័ន្ធស្វ័យប្រវត្ដិ។
របៀបធាក់កង់លើម៉ាស៊ីន
ជំហ៊ានដំបូងលោកអ្នកត្រូវកម្ដៅសាច់ដុំជាមុនសិន ដោយហាត់ពត់ខ្លួនប្រាណពត់ដៃពត់ជើងឱ្យបានចំនួន៣ទៅ៥នាទី មុន ឡើងលើម៉ាស៊ីនធាក់កង់។ ការអនុវត្ដន៍បែបនេះអាចជួយឱ្យរលាសរសៃ ចៀសវាងការរមួលក្រពើសាច់ដុំឆាប់ក្ដៅនិងចៀសវាងការ រលាកសាច់ដុំ។ សម្រាប់អ្នកទើបតែហាត់ដំបូង គួរធាក់កង់ម៉ាស៊ីនចំនួន១៥នាទីបានហើយ។ ការហាត់នេះផងដែរ លោកអ្នកគួរជ្រើស រើសសម្ភារៈចាំបាច់មួយចំនួន ដូចជាស្បែកជើងកីឡាមានខ្យល់ចេញចូល ខោអាវកីឡាជាដើមដែលអាចសម្រួលឱ្យការហាត់បានទទួល លទ្ធផលល្អ និងមិនធ្វើអោយឈឺចាប់ក្បាលជង្គង់ ឈឺភ្លៅ ឈឺកំភួនជើងឈឺបាតជើងជាដើម។ នៅថ្ងៃបន្ទាប់ លោកអ្នកអាចធាក់កង់ លើម៉ាស៊ីនឱ្យបាន២០ទៅ៣០នាទី។ ការចាប់ផ្ដើមដំបូងត្រូវធាក់កង់ដោយល្បឿនតិចៗ រួចទើបបន្ថែមល្បឿនជាសន្សឹមៗ ហើយពេល បញ្ឈប់ត្រូវបន្ថយល្បឿនមកតិចវិញ។ លោកអ្នកមិនត្រូវឈប់ដោយល្បឿនលឿនភ្លាមទេព្រោះអាចប៉ះពាល់ដល់ចលនាបេះដូងរត់ មិនស្មើ។ សម្រាប់ការហាត់ធាក់កង់អាចចាប់ផ្ដើមពីអាយុ១០ឆ្នាំឡើងទៅព្រោះបើហាត់នៅក្មេងពេកអាចមានផលវិបាកច្រើន ជា ពិសេសប៉ះពាល់ដល់ការលូតលាស់នៃរាងកាយ។ ពេលវេលាសមស្របសម្រាប់ការហាត់គឺចាប់ពីពេលក្រោកពីដំណេកដោយពោះទទេ មិនទាន់បានទទួលទានអ្វីសោះ ព្រោះវេលាអាចជួយឱ្យស្រកទម្ងន់លឿន។ កីឡាបែបនេះត្រូវរត់ត្រឹមតែមួយម៉ោង ដោយបូករួមទាំង ការកម្ដៅសាច់ដុំ និងការធាក់កង់លើម៉ាស៊ីន។
អត្ថប្រយោជន៍ពីការធាក់កង់លើម៉ាស៊ីន
ការហាត់លើឧបករណ៍ធាក់កង់នេះផ្ដល់ផលប្រយោជន៍ជាច្រើន ដូចជាជួយឱ្យខ្យល់ដកដង្ហើមបានស្រួលជួយធ្វើឱ្យសួតដើរ បានល្អ ជួយសម្រកក្បាលពោះ ជួយសម្រកទម្ងន់ ធ្វើឱ្យចលនាបេះដូងរត់បានល្អ ជួយសម្រកខ្លាញ់ក្នុងបេះដូងជួយឱ្យរូបរាងសមសួន កម្លាំងជើងខ្លាំង សម្រកសាច់ភ្លៅ និងកំភួនជើង។ ដើម្បីឱ្យការហាត់អាចជួយសម្រកទម្ងន់បានលោកអ្នកគួរតែកំណត់ចលនាខ្លួននៅ ពេលធាក់កង់លើម៉ាស៊ីន ជាពិសេសកំណត់របបចំណីអាហារឱ្យបានត្រឹមត្រូវ។
ផលប៉ះពាល់នៃការហាត់ធាក់កង់លើម៉ាស៊ីន
ជាធម្មតា ការហាត់មិនត្រឹមត្រូវតែងតែបង្កឱ្យមានផលវិបាកខ្លះ ដូចជាធាក់យូរពេកនាំឱ្យឈឺក្បាលជង្គង់ចុកកំភួនជើង រោយភ្លៅ ប្រសិនបើមិនប្រើស្បែកជើងធ្វើឱ្យឈឺបាតជើងជាដើម។ សម្រាប់អ្នកដែលធាត់ខ្លាំងពេកមិនគួរធាក់ដោយដាក់ល្បឿន លឿនពេកទេ ព្រោះអាចប៉ះពាល់ដល់ចលនាបេះដូង ឬអាចធ្វើឱ្យស្ទះ ក្រោយពេលហាត់ក៏មានដែរ។
ការធាក់កង់លើម៉ាស៊ីនត្រូវបានកំណត់ជាស្វ័យប្រវត្ដិនៅក្នុងប្រព័ន្ធរបស់ម៉ាស៊ីនរួចទៅហើយ។ លោកអ្នកគ្រាន់តែបញ្ជា ឬ កំណត់លក្ខខណ្ឌទម្ងន់ដងខ្លួន ចម្ងាយ នោះវានឹងចេញតារាងតួលេខ និងរបៀបនៃការធាក់កង់ឬដំណើរការហាត់ដោយស្វ័យប្រវត្ដិ។ កីឡានេះទាមទារឱ្យមានការអត់ធ្មត់ច្រើន និងឧស្សាហ៍ហាត់ ព្រោះការខកខានហាត់ច្រើនដងឬហាត់មិនទៀងទាត់នាំឱ្យទម្ងន់ដងខ្លួន ឡើងលឿន ជាពិសេសអាចធ្វើឱ្យសាច់ភ្លៅ កំភួនជើង ក្បាលពោះទន់ជ្រាយផងដែរ។
ដំបូន្មានអ្នកប្រឹក្សា
អ្នកលេងកីឡាសម្រាប់ត្រៀមទៅប្រកួតក្ដី និងហាត់ដើម្បីសុខភាពក្ដី គួរតែបញ្ចៀសឱ្យឆ្ងាយពីគ្រឿងស្រវឹង។ ការទទួល ទានគ្រឿងស្រវឹង ធ្វើឱ្យខូចសុខភាពយ៉ាងឆាប់រហ័ស។ ម្យ៉ាងទឹកចិត្ដអ្នកកីឡាគប្បីគិតថាប្រសិនបើសុខភាពរឹងមាំជ័យជំនះនឹងកើត មានតាមក្រោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply