ថ្ពាល់ខួចជួយឱ្យសម្រស់ធម្មជាតិកាន់តែស្រស់ស្អាត ពិសេសរាល់ពេលបញ្ចេញស្នាមញញឹម និងសំណើចគឺធ្វើឱ្យមានចំណាប់អារម្មណ៍ និងរឹងរឹតតែមានមន្ដស្នេហ៍ថែមទៀត។ ដូច្នេះហើយបានជាសុភាពបុរស និងសុភាពនារីទាំងឡាយតែងតែព្យាយាម រកគ្រប់មធ្យោបាយ ដើម្បីកែលំអសម្រស់របស់ខ្លួនតាមវិធីផ្សេងៗ។ មិនថ្វីទេបច្ចេកទេសវេជ្ជសាស្ដ្រអាចជួយលោកអ្នកបានតាមរយៈ ការវះកាត់ ប្រសិនបើលោកអ្នកពុំមានថ្ពាល់ខួចពីកំណើត ឬមានដែរតែមិនសូវស្អាត។
ទស្សនាវដ្ដី សុខភាពយើង សូមបកស្រាយវិធីធ្វើឱ្យថ្ពាល់ខួច តាមរយៈការផ្ដល់ប្រឹក្សាពីលោកវេជ្ជបណ្ឌិត លីវអានអ្នកឯក ទេសផ្នែកជម្ងឺទូទៅ និងសម្ផស្សប្រចាំគ្លីនិក លីវ អាន។
ថ្ពាល់ខួចសំដៅថ្ពាល់ដែលមានសណ្ឋានខូងចូលក្នុងផ្ទៃសាច់បន្ដិច លើថ្ពាល់តែម្ខាង ឬទាំងសងខាង។ ថ្ពាល់ខួចអាចមានតាំង ពីកំណើតមកស្រាប់ ជួនកាលវាមិនបញ្ចេញរាងច្បាស់ទេ ប្រសិនបើផ្ទៃមុខមិនមានសភាពប្រែប្រួល។ លុះពេលញញឹម ឬសើច ទើបវា បង្ហាញសណ្ឋានខួច ប៉ុន្ដែមានលោកអ្នកមួយចំនួនមានថ្ពាល់ខួចស្ថិតនៅជាប្រក្រតីរហូតទោះមិនញញឹមក៏ដោយ។
វិធីវះកាត់ធ្វើឱ្យថ្ពាល់ខួច
ការសម្រេចចិត្ដទទួលយកការវះកាត់ថ្ពាល់ខួច សូមស្វែងយល់នូវចំណុចមួយចំនួនជាមុនសិន។
- មុនវះកាត់ ៖ ជាដំបូងលោកអ្នកត្រូវទទួលពិនិត្យសុខភាពជាមុនសិន បើមិនមានអ្វីជាបញ្ហាទេអ្នកជំនាញចាប់ផ្ដើមវះ កាត់ដោយត្រូវរកឱ្យឃើញនូវទីតាំងដែលត្រូវធ្វើឱ្យខួច បន្ទាប់មកទើបលាងសម្អាតសម្លាប់មេរោគ និងចាក់ថ្នាំស្ពឹកដើម្បីកាត់បន្ថយ ការឈឺចាប់់នៅពេលវះកាត់។
- ពេលវះកាត់ ៖ អ្នកជំនាញនឹងប្រើប្រាស់សម្ភារៈដែលបានត្រៀមទុក ដោយសម្លាប់មេរោគរួចជាស្រេច។ សាច់ថ្ពាល់ផ្នែក ក្នុងមួយចំណែកតូច នឹងត្រូវវះកាត់ចោល។ បើមានឈាមហូរចេញនឹងប្រើថ្នាំសម្រាប់ឃាត់ឈាម។ ការវះកាត់ត្រូវចំណាយពេលយ៉ាង យូរ២០នាទីប៉ុណ្ណោះ អ្នកជំនាញនឹងដេរភ្ជិតព្រមទាំងចាក់ថ្នាំដើម្បីកាត់បន្ថយការឈឺចាប់ក្រោយពេលវះកាត់។
- ក្រោយវះកាត់ ៖ ថ្ពាល់នឹងលេចចេញរូបរាងខួចដ៏ស្រស់ស្អាត ក្នុងអំឡុងពេលពី៣ទៅ៦ខែក្រោយមក។ ក្រោយវះកាត់ លោកអ្នកគួរតមអាហារមួយចំនួន ដូចជាសាច់មាន់ គោ គ្រឿងសមុទ្រ ត្រកួនជាដើមប្រយោជន៍កុំឱ្យមានការលេចចេញជាផ្លែសាច់ ឬមុខរបួសក្រជាសះស្បើយ។
ករណីមិនគួរធ្វើការវះកាត់ថ្ពាល់ខួច
វ័យក្រោម១៦ឆ្នាំ មិនគួរធ្វើការវះកាត់ទេ លើកលែងតែករណីចាំបាច់បំផុត ព្រោះក្នុងដំណាក់កាលនេះពុំទាន់មានសុខភាព រឹងប៉ឹងនៅឡើយ។ រីឯវ័យលើសពី៤០ឡើងទៅ ក៏មានផលមិនសូវល្អដែរព្រោះនៅវ័យនេះសុខភាពលោកអ្នកចាប់ផ្ដើមទ្រុឌទ្រោម និងលក្ខខណ្ឌខ្លះផ្សេងទៀត ដែលមិនអាចធ្វើការវះកាត់បាន ដូចជាលោកអ្នកមានជម្ងឺបេះដូង ហឺត ថ្លើមទឹកនោមផ្អែម អេដស៍ ឬផ្ទុកមេរោគអេដស៍ បរិមាណឈាមមិនគ្រប់គ្រាន់ជាដើម។
ដំបូន្មានអ្នកជំនាញ
ការប្រឹងប្រែងធ្វើឱ្យថ្ពាល់ខួចនេះជាអត្ថប្រយោជន៍សម្រាប់ផ្នែកសម្ផស្សដែលអាចលើកសម្រស់ធម្មជាតិបានមួយកម្រិត ទៀត ព្រោះសំណើច និងស្នាមញញឹមពោរពេញទៅដោយមន្ដស្នេហ៍ គួរជាទីទាក់ទាញនៃភ្នែកមនុស្សនៅជុំវិញខ្លួន។ ប៉ុន្ដែលោកអ្នក គួរដឹងដែរថា បើលោកអ្នកទៅរកសេវាដែលពុំមានជំនាញច្បាស់លាស់ថ្ពាល់របស់លោកអ្នកអាចមិនខួចស្អាតដូចប្រាថ្នា ផ្លែសាច់ វៀច មាត់ ឬឆ្លងជម្ងឺផ្សេងៗជាពុំខានឡើយ។
អ្វីដែលបានរៀបរាប់ជូនខាងលើនេះ គ្រាន់តែជាចំណេះដឹងសម្រាប់លោកអ្នកពិចារណាតែប៉ុណ្ណោះ។ សូមលោកអ្នកជ្រើស រើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply