ហាត់​កីឡាជួយ​សុខភាព តែអាច​បង្កជម្ងឺ

ការហាត់​កីឡា​គឺជាការ​ធ្វើចលនា​រាងកាយ​មួយ ដែល​ជំរុញឱ្យ​អ្នកហាត់​បញ្ចេញ​សារធាតុពុល​តាមរយៈ​ការបែក​ញើស​ចេញ មក​ខាងក្រៅ។ ការ​លេង​កីឡា​បាន​ត្រឹមត្រូវ​តាមក្បួន​ខ្នាត​មាន​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព​រាងកាយ។ ផ្ទុយទៅ​វិញ​បើយើង​មិនបាន​យល់​ពីការ​ហាត់ឱ្យ​មាន​លក្ខណៈ​ប្រសើរ​នោះទេ វាក៏អាច​បង្កឱ្យ​អ្នកហាត់​មានជម្ងឺ​ដោយ​មិន​ដឹងខ្លួន​ផងដែរ។ តើអ្នក​ហាត់កី ឡាអាច​ប្រឈម​នឹងការ​កើត​ជម្ងឺ​អ្វីខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ឡុង ស៊ីវ៉ាន់ ប្រធាន​ក្លឹប​កីឡា​វីអាយភី បានចូល​ខ្លួនមក​បកស្រាយ​នូវចម្ងល់​ទាំងអស់​នេះតាម​រយៈ​ទស្សនាវដ្ដី  សុខភាពយើង​ដើម្បី​ឱ្យ​ប្រិយមិត្ដ​អ្នកអាន​បានស្វែង​យល់ពី​ផលប៉ះ​ពាល់​ទាំងនោះ។

អត្ថ​ប្រយោជន៍​នៃការ​ហាត់​កីឡា

ទោះបីជា​លោកអ្នក​មួយចំនួន​នៅមិន​ទាន់យល់​ដឹង​ច្រើន​ពីសារៈ​ប្រយោជន៍​នៃការ​ហាត់​កីឡា​យ៉ាងណា​ក៏ដោយ ក៏បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ដ​ក្រុង​ភាគច្រើន​បានស្វែង​យល់ ព្រមទាំង​បាន​អនុវត្ដន៍​នូវការ​ហាត់​ប្រាណនេះ​ច្រើនគួរ​ឱ្យកត់​សម្គាល់​ផង ដែរ។ ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​បន្ដិចម្ដងៗ​យ៉ាង​នេះអាច​ធ្វើឱ្យ​លោកអ្នក​មាន​សុខភាព​រាងកាយ​ល្អមាំមួន។ ការហាត់​កីឡា​មានសារៈ ប្រយោជន៍​ណាស់​សម្រាប់​សុខភាព​រាងកាយ​ជា​ពិសេស​វាអាច​ធ្វើឱ្យ​លោកអ្នក​អាចកាត់​បន្ថយ​អាការ​ជម្ងឺ​របស់ខ្លួន​បានមួយ​កម្រិត (ហាត់រយៈ​ពេលយូរ)។ ការហាត់​ប្រាណ​តាមក្បួន​ខ្នាត​ត្រឹមត្រូវ​ប្រកប​ដោយ​សុវត្ថិភាព មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​អាការ​ជម្ងឺ​ប៉ុណ្ណោះ ទេ ថែមទាំង​ជួយទប់​ស្កាត់​និងធ្វើ​ឱ្យចៀស​ផុតពី​ជម្ងឺ​ផ្សេងៗ​ទៀត​ផង។

កត្ដា​បង្ក​បញ្ហា​ពេល​ហាត់​កីឡា

មាន​កត្ដាជា​ច្រើន​ដែល​បង្កឱ្យ​អ្នកហាត់​កីឡា​មានជម្ងឺ​ដោយមិន​ដឹងខ្លួន​បានដោយ​ងាយ។ ការធ្វេស​ប្រហែស ឬការ​មិនយល​ដឹងច្បាស់​ពីវិធី​សាស្ដ្រ​ហាត់​កីឡា ឬសារៈ​ប្រយោជន៍​នៃសម្លៀក​បំពាក់​ហាត់កីឡា​នោះ វាអាច​ធ្វើឱ្យ​លោកអ្នក​ប្រឈមមុខ​នឹងជម្ងឺនា ពេល​អនាគត។

  • ការហាត់​ទាំងគំហុក ការរត់​លឿន ឬធ្វើ​ចលនា​ខ្លាំងពេក ឬក្នុង​កាលៈ​ទេសៈ​ណាដែល​អ្នកហាត់​មិនព្រម​ឈប់​សម្រាក​ខ្លះ​នោះវា​អាចធ្វើ​ឱ្យ​បេះដូង​មាន​ចលនា​ញាប់​ខុសពី​ធម្មតា ដែល​អាចបង្ក​ឱ្យអ្នក​ហាត់​ជួបប្រទះ​នូវជម្ងឺ​គាំងបេះ​ដូងបាន។ ប្រសិនបើ​អ្នក​ហាត់​នោះមាន​បញ្ហា​ជម្ងឺ​បេះដូង​ស្រាប់ វាអាច​បណ្ដាលឱ្យ​អ្នកជម្ងឺ​ស្លាប់​ក៏សឹងតែ​មាន​ផងដែរ។
  • សម្លៀក​បំពាក់​ហាត់​កីឡា ៖ ការស្លៀក​ពាក់​ក៏មាន​សារៈ​សំខាន់​ណាស់ដែរ​ក្នុងការ​បញ្ចៀស​ជម្ងឺ​ផ្សេងៗ​បាន។ ការ​ហាត់​កីឡា​ដោយ​មិនមាន​ឯកសណ្ឋាន​(ខោអាវ និង​ស្បែក​ជើង)​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេក​ទេស អាចបង្ក​ឱ្យអ្នក​ហាត់​មាន​បញ្ហា​មួយចំនួន ដូចជា​រលាក​ឆ្អឹងក្បាល​ជង្គង់​ចង្កេះ ឆ្អឹងខ្នង​ជាដើម។ លោកអ្នក​មួយចំនួន​មិនសូវ​យល់ដឹង​ពីសារៈ​ប្រយោជន៍​នៃ​សេម្លៀក​បំពាក់​កីឡា ប៉ុន្មានទេ។ ពួកគាត់​ច្រើនតែ​យកខោ​អាវ​និង​ស្បែកជើង​ណាចាស់ៗ ឬក៏​សម្លៀក​បំពាក់​មិនមាន​គុណភាព​តាម​ស្ដង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​សម្រាប់​រក្សា​សុខភាព​រាងកាយ​យកមក​ប្រើក្នុង​ការហាត់។
  • ហាត់កីឡា​មិនស្រប​តាម​កម្លាំង ការហាត់​កីឡា​ប្រភេទ​កាយ​សម្ព័ន្ធ​ដែលមិន​មានគ្រូ​បង្ហាត់​បង្រៀន​ត្រឹមត្រូវ ជួនកាល​លោកអ្នក​ហាត់​ប្រើប្រាស់​ឧបករណ៍​លើស​ចំណុះ​ទម្ងន់ មិន​សមស្រប​ទៅនឹង​កម្លាំង ឬ​រូបរាង​របស់ខ្លួន ឬការ​ហាត់​ដើម្បី​ចង់បាន​សាច់ដុំ​ឱ្យ មានភាព​ស្រស់​សង្ហានោះ​ក៏វាអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ដូចជា​ធ្វើឱ្យ​អ្នកហាត់​មានអាការ​ឈឺ​សន្លាក់​ដៃជើង ជាប់​សរសៃ ឈឺខ្លួន​ប្រាណ ឈឺសាច់ដុំ​ជួនកាល​អាចធ្វើ​ឱ្យអ្នក​ហាត់​បែកសាច់​ដុំក៏មាន​ដែរ។

វិធី​បញ្ចៀស​បញ្ហា​នៅពេល​ហាត់​កីឡា

ដើម្បី​ហាត់កីឡា​ប្រកប​ដោយ​សុវត្ថិភាព ជាដំបូង​យើង​ត្រូវធ្វើ​កាយវិការ​រត់តិចៗ​ជាមុន​សិន ដើម្បី​ឱ្យរាងកាយ​យើងអាច​ទទួល​បាន​កម្ដៅ​គ្រប់គ្រាន់។ កាយ​វិការ​ទាំង​អស់នោះ​អាចធ្វើ​ឱ្យចលនា​សរសៃ​ឈាម​រត់បាន​ស្រួល។ ជាពិសេស​គួរតែ​ដក​ដង្ហើមឱ្យ បានច្រើន​ដង​ដើម្បី​ឱ្យបេះ​ដូង​លោត​តាម​ចង្វាក់​បានល្អ ដែល​ជាបច្ច័យ​មួយក្នុង​ការហាត់​ប្រាណ​ឱ្យទទួល​នូវអត្ថ​ប្រយោជន៍​បានច្រើន។ បន្ទាប់មក​ការជ្រើស​រើស​ឧបករណ៍​កីឡា​ឬការ​ជ្រើសរើស​ប្រភេទ​កីឡា​ដែល​សមស្រប​ទៅនឹង​កម្លាំង​ក៏ជា​កត្ដា​មួយធ្វើ​ឱ្យអ្នក​ហាត់ឆ្លង ផុត​ពីជម្ងឺ​ផ្សេងៗ​ដែលបង្ក​ពីការ​ហាត់​កីឡា​មិនស្រប​តាម​លក្ខណៈ​បច្ចេក​ទេស។ វិធីហាត់​កីឡា​ដែល​សមស្រប​បំផុត​សម្រាប់​អ្នកហាត់ នោះ គឺការ​រត់តិចៗ​នៅពេល​ព្រឹកព្រលឹម​ស្រាងៗ​ជាប្រចាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រការ​គួរប្រតិបត្ដិ​នៅពេល​ហាត់កីឡា

ដើម្បី​ហាត់កីឡា​ប្រកប​ដោយ​សុវត្ថិភាព សុខភាព​រាងកាយ យើងគួរ​តែអនុវត្ដន៍​នូវ​វិធីសាស្ដ្រ​មួយចំនួន​ដើម្បី​ឈាន​ទទួល​បាននូវ​អត្ថប្រយោជន៍​នៃការ​ហាត់​កីឡា។

  • សូម​ហាត់កីឡា​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​អាយុ ភេទ កម្លាំង និង​ស្ថានភាព​សុខភាព​របស់​អ្នក​ហាត់​ផ្ទាល់។ ជាងនេះ​ទៅ​ទៀត​ត្រូវមាន​គ្រូជំនាញ​បង្ហាត់​បង្រៀន​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស។ ពេលនោះ​លោកអ្នក​នឹងទទួល​បាននូវ​សារៈ​ប្រយោជន៍​ជា ច្រើន​ពីការ​ហាត់​កីឡា​ព្រមទាំង​អាចចៀស​ផុតពី​ជម្ងឺ​តម្កាត់​ផ្សេងៗ​ដែល​មករាត​ត្បាត​ថែម​ទៀតផង។
  • សូម​ជ្រើសរើស​សម្លៀក​បំពាក់​ឱ្យបាន​ត្រឹមត្រូវ​ព្រោះវា​មានសារៈ​សំខាន់​ណាស់​ក្នុងការ​ហាត់​កីឡា។ រាល់ការ​ហាត់​កីឡា​មិន​ថាកីឡា​នោះ​ជាប្រភេទ​កីឡា​អ្វីនោះ​ទេ អ្នកហាត់​គួរតែ​ពាក់អាវ​យឺត​ដើម្បី​ងាយ​ស្រួល​ស្រូប​ញើស​ចេញពី​រាងកាយ​បានល្អ។ ពេល​អាវ​ប្រឡាក់​ជោគជាំ​ទៅដោយ​ញើស អ្នកហាត់​គួរតែ​ផ្លាស់​ប្ដូរអាវ​នោះ​ចេញ​ពាក់អាវ​ថ្មីជំនួស ដើម្បី​ងាយស្រួល​ឱ្យញើស​នោះ​ចេញ​មក ខាងក្រៅ​កាន់តែ​ច្រើន​ថែម​ទៀត។ ការធ្វើ​ដូចនេះ​ដើម្បី​ជំរុញ​ឱ្យសារ​ធាតុពុល​នៅក្នុង​ខ្លួន​ចេញមក​ក្រៅឱ្យ​បានច្រើន និង​ធ្វើឱ្យ​ស្បែក របស់​យើង​មានភាព​ស្រស់​ស្អាត។ ម្យ៉ាង​ទៀត​ចំពោះ​ខោគួរ​តែជ្រើស​យក​ខោខ្លី​ជើងធំ​(ត្រឹមក្បាល​ជង្គង់) ឬ​ខ្លីជាង​នេះបន្ដិច ដើម្បី​ងាយ ស្រួល​ក្នុងការ​ធ្វើចលនា​រាងកាយ​ព្រម​ទាំងងាយ​ស្រួលឱ្យ​ខ្យល់​ចេញចូល​បាន​គ្រប់គ្រាន់។ ជាពិសេស​លោកអ្នក​គួរតែ​ជ្រើសរើស​ស្បែក ជើង​ប៉ាតា​(ស្បែក​ជើង​ហាត់​កីឡា)​ដែលមាន​សារធាតុ​ទប់ខ្យល់​នៅ​បរិវេណ​ប្រអប់​ជើង​ដើម្បី​ងាយស្រួល​ក្នុងការ​ទ្រទម្ងន់​រាងកាយ នៅ ពេល​ធ្វើចលនា​លោត ឬរត់​បានដោយ​សុវត្ថិភាព។

ដំបូន្មាន​អ្នកជំនាញ

សុខភាពល្អ​មាំមួន​មិនអាច​យកលុយ​មកទិញ​បាន​នោះទេ។ កីឡា​មានសារៈ​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព​រាងកាយ។ ដើម្បី​បាន​សុខភាព​រឹងមាំ សូម​ស្វែងរក​ការហាត់​កីឡា​ឱ្យត្រឹម​ត្រូវ​តាម​បច្ចេកទេស មិនគួរ​បណ្ដោយខ្លូន​ឱ្យមាន​ជម្ងឺដល់​ថ្នាក់​ព្យាបាល មិនជា​ហើយ​ទើប​ស្វះស្វែង​រកការ​ហាត់​កីឡា​តាម​ក្រោយ​នោះទេ។ លោកអ្នក​គួរយល់​ឱ្យច្បាស់​ពីការ​ហាត់កីឡា ជាពិសេស​បច្ចេកទេស ហាត់​កីទ្បា​ត្រឹមត្រូវ​ដើម្បីឱ្យ​មាន​សុខភាពល្អ​ដោយមិន​ធ្វើឱ្យ​ប៉ះពាល់ដល់​សរីរាង្គ​កាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *